គណៈកម្មការរបស់អង្គការសហប្រជាជាតិ កំពុងអំពាវនាវឲ្យបង្កើតតុលាការមួយដើម្បីនាំពួកដែលរងការចោទប្រកាន់ថាជាឧក្រិដ្ឋជនសង្គ្រាមប្រឆាំងនឹងមនុស្សជាតិនៅក្នុងប្រទេសស៊ីរីមកកាត់ទោស។
គណៈកម្មការស៊ើបអង្កេតលើប្រទេសស៊ីរីរបស់អង្គការសហប្រជាជាតិ ប្រាប់ឲ្យដឹងថា វប្បធម៌និទណ្ឌភាពកំពុងរីកដូចផ្សិតនៅក្នុងប្រទេសនោះ។ គណៈកម្មការនោះបានប្រាប់ឲ្យដឹងទៀតថា អ្នកដែលបន្តរំលោភច្បាប់អន្តរជាតិគ្មានអ្វីដែលពួកគេខ្លាចញញើតទេ ហើយក៏គ្មានការបង្ហាញសញ្ញាថា ពួកគេនឹងត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនដែរ។
ចាប់តាំងពីគណៈកម្មការនោះត្រូវបានបង្កើតនៅឆ្នាំ២០១១មក គណៈកម្មការស៊ើបអង្កេតនោះ បានជំរុញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យបញ្ជូនអ្នកដែលរងការចោទប្រកាន់ជាឧក្រិដ្ឋជនសង្គ្រាមនៅក្នុងប្រទេសស៊ីរីទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ។ សកម្មភាពបែបនេះ ត្រូវបានរារាំងដោយការបោះឆ្នោតវ៉េតូពីប្រទេសរុស្ស៊ី ដែលគាំទ្រប្រធានាធិបតី Bashar al-Assad នៃប្រទេសស៊ីរី។
លោកស្រី Karen Abu Zayd សមាជិកគណៈកម្មការនោះបានប្រាប់វីអូអេថា ការនាំយករឿងក្តីនេះទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) មិនអាចធ្វើទៅបានទៀតហើយ។ លោកស្រី បាននិយាយថា គណៈកម្មការនោះកំពុងស្នើវិធីផ្សេងៗទៀតដូចជាការបង្កើតតុលាការដើម្បីនាំពួកឧក្រិដ្ឋជនឡើងតុលាការ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ គណៈកម្មការនោះបានធ្វើសេចក្តីលម្អិតពីការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសស៊ីរី នៅពេលដែលប្រទេសនោះ បានឈានចូលក្នុងជម្លោះឆ្នាំទី៥ហើយ៕