ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលខាធិការ​អង្គការ​សហប្រជាជាតិ​ព្រមាន​អំពី​ការាល​ដាលនៅ​​ក្នុង​តំបន់ដោយ​សារ​សង្រ្គាម​នៅស៊ីរី


អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon)
អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon)
ដោយ Lisa Schlein
អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ព្រមានអំពី ឥទ្ធិពលដ៏រីករាលដាល​ទៅក្នុង​ប្រទេស​ដែលមាន​ព្រំដែន​ជាប់ជាមួយ​ប្រទេសស៊ីរី (Syria) ប្រសិនបើ​អំពើ​ហិង្សាខាង​និកាយសាសនា​នៅទីនោះ​មិនបញ្ចប់ទេនោះ។ ថ្លែង​ទៅ​កាន់ក្រុម​អ្នកសារព័ត៌មាន​នៅក្នុង​ទីក្រុងហ្សឺណែវ​(Geneva) លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិបាន​និយាយ​ថា លោក​មាន​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ភាព​ដុនដាប​ដែល​នៅ​តែបន្តសម្រាប់​ស្ថានការ​នៅ​ស៊ីរី។
លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ កំពុង​ជំរុញ​ក្រុមមេដឹកនាំ​ពិភពលោក ជាពិសេស​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ និង​ក្រុមមេដឹកនាំ​ក្នុង​តំបន់ ឱ្យ​រួបរួមគ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយចំពោះជម្លោះ​នៅស៊ីរី​ប្រកបដោយ​ការបង្ហូរ​ឈាមនេះ។
លោក បាន មាន​ប្រសាសន៍​ថា មាន​ឳកាសនយោបាយ​តិចតួច​ណាស់ ដែល​នៅ​សេសសល់ ដើម្បី​បញ្ចប់​សង្រ្គាម ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​អស់រាប់​ម៉ឺននាក់ និង​បណ្តាលឱ្យ​ជនភៀស​ខ្លួន​ស៊ីរី ជិត​មួយ​លាននាក់ភៀសខ្លួនទៅកាន់​ប្រទេស​ជិតខាង។​
«ខ្ញុំ​ផ្ទាល់​មាន​ការឈឺចាប់​និង​ខ្វល់ខ្វាយយ៉ាងខ្លាំង ដោយសារ​តែ​ស្ថានភាព​នេះ​កំពុង​តែ​បន្ត​និង​ធ្លាក់​ចុះ​ដុនដាប។ យើង​នឹង​ឈានចូល​ដល់​ឆ្នាំ​ទីបី​នៅក្នុង​ពេល​ឆាប់ៗនេះ។ នៅក្នុង​រយៈពេល​តែ​ពីរ​សប្តាហ៍​ទៀត​តែប៉ុណ្ណោះ យើង​នឹង​ឈានចូល​ឆ្នាំ​ទីបី​នៃ​វិបត្តិ​នេះ។ តើយើង​ត្រូវមើល​ឃើញប្រជាពលរដ្ឋ​ត្រូវបាន​សម្លាប់ និង​ទទួលរង​គ្រោះថ្នាក់​របៀប​នេះ​រយៈពេល​ប៉ុន្មាន​ទៀត។»
លោក បាន និយាយ​ថា លោក​ស្វាគមន៍​យ៉ាងខ្លាំងក្លាចំពោះ​សំណើរ ដែល​ធ្វើឡើង​ដោយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​របស់ស៊ីរី លោក ម៉ូអាហ្ស៍ អាល់ខាទីប (Mouaz al-Khatib) ក្នុង​ការជួប​ជាមួយ​តំណាង​របស់​រដ្ឋាភិបាលស៊ីរី។ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​និយាយ​ថា លោក​មាន​ការលើក​ទឹកចិត្ត​ជាពិសេសដោយ​សារ​ឆន្ទៈ​របស់​រដ្ឋមន្រ្តី​ការបរទេស​ស៊ីរី លោក វ៉ាលីដ អាល់ម៉ូលឹម (Walid al-Muallem) ក្នុង​ការជួប​ជាមួយ​គណបក្ស​ប្រឆាំង។
«នេះ​គឺជា​ឱកាស​បើកចំហរ​ដ៏តូច​មួយ ហើយ​យើង​គាំទ្រ​យ៉ាងខ្លាំងក្លា ហើយ​ជំរុញ​ឱ្យ​ពួកគេ​ប្រើប្រាស់​ឱកាស​នេះ។ ឱកាស​នេះ​ប្រហែល​ជា​នឹង​ត្រូវ​បិទ​ក្នុង​ពេលឆាប់ៗនេះ។»
លោក បាន និយាយ​ថា វា​មាន​សារៈសំខាន់
​ក្នុងការបង្កើន​ជំនួយ​មនុស្ស​ធម៌​របស់​អង្គការ​សហប្រជាជាតិ ទៅឱ្យ​ជនភៀសខ្លួន​និង​ជន​បាត់បង់​ទីជម្រកក្នុង​ប្រទេស​ ចំនួន​រាប់លាន​នាក់ នៅក្នុង​កំឡុងពេល​អវត្តមាន​នៃការចរចា​នយោបាយ ឬ​ដំណោះស្រាយ​នយោបាយ​មួយ ដើម្បី​បញ្ចប់​សង្រ្គាម​នៅប្រទេសស៊ីរី។
លោក បាន និយាយ​ថា ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ កំពុងប្រឹង​ប្រែង​ឲ្យ​អស់​ពីសមត្ថភាពដើម្បី​ផ្តល់​ជំនួយ​ចាំបាច់​ទៅឱ្យ​ប្រជាពលរដ្ឋ​ទាំងនេះ ដែល​កំពុង​ត្រូវការ​ជំនួយ​យ៉ាងខ្លាំង។ ជាអកុសល លោក​និយាយ​ថា អង្គការសហប្រជាជាតិ​មាន​ធនធាន​មាន​កំណត់ ដែល​មិនគ្រប់គ្រាន់​សម្រាប់​ចំនួន​ប្រជាពលរដ្ឋ​ដ៏ច្រើន ដែល​កំពុង​ភៀសខ្លួន​ចេញ​ពីជម្លោះនេះទេ៕
ប្រែសម្រួល​ដោយ ឌី ខាំបូលី
XS
SM
MD
LG