ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អ.ស.ប.​​ប្រគល់​ផែនទី​កម្ពុជា​ដែល​នឹង​ផ្ទៀងផ្ទាត់​នៅ​ថ្ងៃ​ស្អែក​


មន្រ្តី​ជំនាញ​នៃ​គណៈកម្មការ​ព្រំដែន​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ ​បង្ហាញ​ទីតាំង​នៃ​តំបន់​ដែល​មាន​ការផ្ទុះ ​អំពើ​ហិង្សា​ក្បែរ​​ព្រំដែន​កម្ពុជា​និង​វៀតណាម​ក្នុង​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​អាទិត្យ​​សប្តាហ៍​មុន​ នៅ​ក្នុង​​សន្និសីទ​កាសែត​ដែល​បង្ហាញ​​ផែនទី​ដែល​​ប្រើ​បោះ​សម្រាប់​​​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ ​(នៅ​ វណ្ណារិន​/VOA​)​
មន្រ្តី​ជំនាញ​នៃ​គណៈកម្មការ​ព្រំដែន​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ ​បង្ហាញ​ទីតាំង​នៃ​តំបន់​ដែល​មាន​ការផ្ទុះ ​អំពើ​ហិង្សា​ក្បែរ​​ព្រំដែន​កម្ពុជា​និង​វៀតណាម​ក្នុង​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​អាទិត្យ​​សប្តាហ៍​មុន​ នៅ​ក្នុង​​សន្និសីទ​កាសែត​ដែល​បង្ហាញ​​ផែនទី​ដែល​​ប្រើ​បោះ​សម្រាប់​​​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ ​(នៅ​ វណ្ណារិន​/VOA​)​

​គណបក្ស​សង្គ្រោះ​ជាតិ​​​ថា អ្នក​តំណាង​រាស្ត្រ​ខ្លួន​​នឹង​​​ចូល​រួម​ដោយ​​​បាន​ត្រៀម​ឯក​សារ​យោង​និង​ផែន​ទីមួយ​ចំនួន​ទៅ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ផង​ដែរ។

រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បើក​ឲ្យ​មាន​ការ​ផ្ទៀងផ្ទាត់​ផែនទីដែល​ប្រើ​សម្រាប់បោះ​បង្គោល​ ព្រំដែន​កម្ពុជា-វៀតណាម​នា​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ​ខណៈ​ពេល​ដែល​ផែនទី​ជិត​២០​ផ្ទាំង​ពី​អង្គការ​សហ​ប្រជាជាតិ​និង​អ្នក​ជំនាញ​ពីរ​រូប​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​នោះ។​

អ្នកស្រី ​កុយ ពិសី​ អនុ​ប្រធាន​កិច្ចការ​ចម្រុះ​ព្រំដែន​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ​ផែន​ទី​ដែល​កម្ពុជា​ខ្ចីពី​អង្គការ​សហ​ប្រជាជាតិ​ ​ដែល​មាន​ចំនួន​១៨​ផ្ទាំង​និង​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ។ ហើយ​រដ្ឋាភិបាល​កម្ពុជា​នឹង​បើក​ឲ្យ​គ្រប់​ភាគី​ រួមទាំង​គណបក្ស​ជំទាស់​ ដែល​មាន​សំឡេង​ភាគ​តិច​ក្នុង​រដ្ឋសភា​ ​ចូលរួម​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ និង​ប្រៀបធៀប​អំពី​សុក្រិត្យភាព​នៃ​ផែន​ទី​ដែល​អង្គភាព​របស់​លោក​ស្រី​ប្រើ​ក្នុង​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​កន្លង​មក​នោះ។​

«មក​ហើយ​ មក​កាល​ពី​យប់​មិញ​ហ្នឹង​ ​ម៉ោង​ប្រហែល​១០:១២​នាទី។ ​គេ​មក​ដល់​យប់​មិញ​ចា៎!​ អ.ស.ប.​ហ្នឹង​គេ​មក​មាន​គ្នា​២នាក់​ មួយ​ខាង​អ្នក​ច្បាប់​ និង​ម្នាក់​ទៀត​ ដូច​ជា​រង​ខាងបណ្ណាល័យ​ គេ​ទុក​ផែន។​ ​គេ​មក​ពីរ​នាក់​ចា៎»។​

បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​បាន​ឡើង​កម្តៅ​សារ​ជា​ថ្មី​ បន្ទាប់​ពី​ប្រទេស​វៀតណាម​បាន​ជីក​ស្រះ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​នៅ​ខេត្ត​រតនគីរី​ និង​ជីក​លេណដ្ឋាន​នៅ​ខេត្ត​កណ្តាល​ផងដែរ​ ដែល​ជា​ចំណុច​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​នោះ។​

លោក​ អ៊ុំ​ សំអាត​ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ សួរ​ដេញ​ដោល​អំពី​បញ្ហា​ព្រំដែន​ នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​បង្ហាញផែនទី​ដែលប្រើ​បោះ​សម្រាប់​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ (នៅ​ វណ្ណារិន/VOA​)​
លោក​ អ៊ុំ​ សំអាត​ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ សួរ​ដេញ​ដោល​អំពី​បញ្ហា​ព្រំដែន​ នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​បង្ហាញផែនទី​ដែលប្រើ​បោះ​សម្រាប់​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ (នៅ​ វណ្ណារិន/VOA​)​

កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ​ គណបក្ស​ជំទាស់​ដែល​មាន​សំឡេង​ភាគតិច​នៅ​ក្នុង​រដ្ឋសភា​បាន​ចោទ​ថា រដ្ឋាភិបាល​របស់​លោក ​ហ៊ុន សែន​កំពុង​ប្រើ​ប្រាស់​ផែន​ទី​ចម្លង​ និង​មិន​ផ្លូវការ​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជា​មួយ​ប្រទេស​វៀតណាម​ និង​មាន​ការ​បាត់បង់​ទឹក​ដី​កម្ពុជា។​

កាល​ពី​ដើម​ខែ​កក្កដា​កន្លង​ទៅ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​សរសេរ​លិខិត​ផ្ញើរ​ទៅ​លោក​បាន គីមូន​ (Ban Ki-moon) អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ដើម្បីស្នើ​សុំ​ខ្ចី​ផែនទី​ដើម​ទាំង​អស់​ដើម្បី​ផ្ទៀង​ផ្ទាត់​ជាមួយ​ផែន​ទីខ្នាត​១​ភាគ​១០០​ពាន់​ ដែល​បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន​ដើម្បី​បំបាត់​មន្ទិល​សង្ស័យ​ទាំង​នោះ។​

លោក​ស្រី ​កុយ ពិសី​ បាន​បញ្ជាក់​ថា​ ផែន​ទីទាំង​១៨​ផ្ទាំង​ដែល​អង្គការ​សហ​ប្រជាជាតិ​បាន​ផ្តល់​ឲ្យ​គឺ​ជា​ផែន​ទី ​UTM​ ដែល​កម្ពុជា​ភ្ជាប់​ជាមួយ​ពាក្យ​បណ្តឹង​ទៅ​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ឆ្នាំ​១៩៦៤។​

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ​លោកស្រី​បាន​ថ្លែង​ថា៖​ «គោល​ដៅ​គឺ​បញ្ជាក់ពី​សុក្រឹតភាព​របស់​រាជរដ្ឋាភិបាល​ថា ​លោក​បាន​ធ្វើការ​ត្រឹម​ត្រូវ ​ហើយ​លោក​អត់​មាន​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​នោះទេ។​ សុំ​ខ្ចី​គេ​មក​គឺ​ដើម្បី​ឲ្យ​គណបក្ស​ប្រឆាំង ជា​ពិសេស​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ ឲ្យ​លោក​ផ្ទៀង​ផ្ទាត់​ទៅ។​ ​ឥឡូវ​ហ្នឹង​ គេ​រក​អត់​ឃើញ​ទេ ​មាន​តែ១៨​ផ្ទាំង​ហ្នឹង។​ អញ្ចឹង​ ​ហើយ​ថ្ងៃ​ស្អែក​ ​យើង​នឹង​ផ្ទៀង​ផ្ទាត់​ទាំង​អស់​គ្នា មើល​ទាំងអស់​គ្នា​ អញ្ចឹង​ទៅ។​ ​ប៉ុន្តែ​ជា​ទូទៅ​ ផែនទី​ហ្នឹង​វា​អត់​មាន​ខុស​គ្នា​ទេ​។​ ខ្សែ​ព្រំដែន​ជា​ទូ​ទៅ​គឺ​វា​ដូច​គ្នា»។​

ក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ឥស្សរជន​មួយ​ចំនួន​ ដូច​ជា​តំណាង​គណបក្ស​នយោបាយ​ ​តំណាង​រដ្ឋសភា​ តំណាងព្រឹទ្ធ​សភា​ ​សំណាង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ និង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅ​ក្រម​ផង​ដែរ​ ក្នុង​ការផ្ទៀងផ្ទាត់​លើផែន​ទី​នេះ ​នាថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។​

លោក ​យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ បាន​ឲ្យដឹង​ថា ​លោក​គឹម ស៊ូភារិទ្ធ​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ដឹក​នាំ​តំណាង​គណបក្ស​នេះ​ចំនួន​៤រូប​ផ្សេង​ទៀត​ទៅ​ចូល​រួម។​ ក្នុងនោះ​ ​គ​ណបក្ស​ជំទាស់​ក៏​បាន​ត្រៀម​ឯក​សារ​យោង​និង​ផែន​ទីមួយ​ចំនួន​ទៅ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ផង​ដែរ។​

លោក​យឹម សុវណ្ណបាន​បញ្ជាក់​ថា​ ការ​តស៊ូ​មតិ​របស់​គណបក្សជំទាស់​អំពី​រឿង​ព្រំដែន​ និង​ផែនទីគឺ​មិនមែន​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​នោះ​ទេ ​តែ​ដើម្បី​ផល​ប្រយោជន៍​ជាតិ​ទាំង​មូល។​

«បញ្ហា​ប្រទេស​ជាតិ ​ទឹក​ដី​គឺ​ជា​បញ្ហាអាយុ​ជីវិត​ ​មិនមែន​ជា​បញ្ហា​លេង​សើច​នោះ​ទេ​ ហើយ​ក៏​មិន​មែន​ដើម្បី​យក​ចំណេញ​នយោបាយ​អីផង​ដែរ​ ​ពីព្រោះ​អត់​មាន​បោះ​ឆ្នោត​ស្អី​ថ្ងៃ​ស្អែក​ហ្នឹងទេ​ បី​ឆ្នាំ​ទៀត​ទើប​បោះ​ឆ្នោត។​ អ្វី​ដែល​យើង​បាន​នឹង​កំពុងធ្វើ​នៅ​ពេល​នេះ​គឺ​ពិត​ជា​មាន​ឆន្ទៈ​នយោបាយ​ការពារ​ទឹកដី​ ​ការពារ​ផល​ប្រយោជន៍​ជាតិ​ពិត​មែន។​ ​អត់មាន​ទាក់​ទង​រឿងនយោបាយ​ឬ​ក៏​ការ​បោះ​ឆ្នោត​ស្អី​នោះ​ទេ​ ​ព្រោះ​យើង​ដឹង​ទាំងអស់​គ្នា​ហើយ​ ការ​បោះ​ឆ្នោត​គឺ​នៅ​ឆ្នាំ​២០១៨​ឯ​ណោះ»។​

លោកអ៊ូ វីរៈ​ នាយកវេទិកាអនាគត ដែលជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុងស្រុក ​យល់​ថា ការ​ផ្ទៀង​ផ្ទាត់​ផែនទី​នៅ​ថ្ងៃព្រហស្បតិ៍​ស្អែកនេះ នឹង​កាត់​បន្ថយ​ការ​មន្ទិល​សង្ស័យ​ពី​សំណាក់​ប្រជា​ជន​កម្ពុជា ​ដែល​នឹង​អាច​ឈានទៅ​ដល់​ការ​ឯកភាព​ជាតិ​រឿង​ផែន​ទី​នេះ។

«ខ្ញុំ​មើល​ទៅ​គឺ​ជួយ​កាត់​បន្ថយ​ការ​ចោទ​ប្រកាន់ទៅ​លើ​ផែនទី​ដែល​រដ្ឋាភិបាល​កំពុង​តែ​ប្រើ​ប្រាស់​ ហើយ​វា​អាច​កាត់​បន្ថយ​ការចោទ​ប្រកាន់​ ​ក៏ប៉ុន្តែ​ដំណើរ​ការ​បើកចំហរ​នេះ​គឺ​ជា​ជំហ៊ាន​មួយដ៏​ល្អ​ផង​ដែរ។ ​ជាទូទៅ​ ការ​បើក​ចំហ​នេះ​គឺ​នឹង​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​ទៅ​លើ​រដ្ឋាភិបាល​និង​កាត់​បន្ថយ​ការ​រិះគន់​ដោយ​គ្មាន​មូល​ដ្ឋាន​ផង​ដែរ។​ ​ករណីដែល​បើ​ចំហ​ ហើយ​អាច​បង្ហាញ​ច្បាស់​លាស់​ហើយ​ ខ្ញុំ​មើល​ទៅ​ ​ការ​រិះគន់ផ្សេងៗ​នឹង​មាន​ការ​សាប​រលាប​ខ្លួន​ឯង​ផង​ដែរ»។​

ទាន់ទិន​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​ តុលាការ​ក្រុង​ភ្នំពេញ​បាន​បញ្ជា​ឲ្យ​ឃុំ​ ​និង​ចោទលោក​ហុង សុខហួរ​ ​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​សម រង្ស៊ី​ ដែល​មាន​សញ្ជាតិ​បារាំង​ពី​បទ​ ​«ក្លែង​បន្លំ​ឯកសារ​ ​សាធារណៈ​ ​ប្រើប្រាស់​ឯកសារ​ក្លែង​ក្លាយ​ ​និង​ញុះញង់»​ ​ក្រោយពី​លោក​បាន​បង្ហោះ​កិច្ច​ព្រមព្រៀង​នា​ឆ្នាំ​១៩៧៩​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ​ដែល​ក្នុង​នោះ​លោក​បង្ហាញ​ថា​ វៀតណាម​ចូល​ក្នុង​ទឹកដី​កម្ពុជា​ច្រើន​ជាង​កម្ពុជា​ចូល​ទៅ​វៀតណាម។​ ​ការ​ចាប់​ឃុំខ្លួន​នេះ​គឺ​ធ្វើ​ឡើង​មិនប៉ុន្មាន​ថ្ងៃ​ផង​ បន្ទាប់​ពី​មាន​បទ​បញ្ជា​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​ ​អង្គការ​សង្គម​ស៊ីវិល​បាន​ហៅ​ការ​ចាប់​ឃុំ​ខ្លួន​សមាជិក​ព្រឹទ្ធសភា​នេះ​ថា​ ជា​ការ​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​ និងបំពាន​លើ​អភ័យ​ឯក​សិទ្ធិ​របស់​សមាជិក​ព្រឹទ្ធសភា​រូប​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG