លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាឲ្យកងកម្លាំងមានសមត្ថកិច្ចតាមចាប់ខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្សសម រង្ស៊ី ដែលលោកនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលនេះចោទថា បានកាឡៃខ្លឹមសារដើមនៃសន្ធិសញ្ញាសន្តិភាព មិត្តភាពនិងសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងវៀតណាមដែលបានចុះនៅក្រោយពេលនៃការដួលរលំរបស់របបខ្មែរក្រហមនៅឆ្នាំ១៩៧៩។
ថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៃសាកលវិទ្យាល័យមួយនៅឯវិទ្យាសា្ថនជាតិអប់រំ លោកហ៊ុន សែនបាននិយាយថា ការក្លែងខ្លឹមសារនៃសន្ធិសញ្ញារវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមចុះថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ១៩៧៩ គឺជាការប្រព្រឹត្ត«អំពើក្បត់ជាតិ»ដោយសមាជិកព្រឹទ្ធសភាបក្សជំទាស់រូបនេះ។
«នេះជាបទល្មើសជាក់ស្តែងដែលត្រូវចាប់ខ្លួនបន្ទាន់។ ទូតនានា អត់ត្រូវលូកលាន់ទេ។ នេះជាទោសក្បត់ជាតិ។ រឿងអីអ្នកឯងទៅធ្វើរបៀបហ្នឹង? ឥឡូវសន្ធិសញ្ញាមាន ប៉ុន្តែអ្នកឯងមកលេងអាមាត្រានេះ។ ហេតុអ្វីបានអ្នកឯងមកលេងអញ្ចឹង? ជំនាន់ហ្នឹង ជំនាន់អង្គុលីលេខ ជំនាន់អង្គលីលេខ។ សូមផ្តាំផង បើសិនជាចេះធ្វើចោរ ឲ្យពូកែជាងហ្នឹង ទើបអាចលួចបាន ព្រោះជំនាន់នោះអង្គុលីលេខ អត់ចេះពង្រីកអក្សរទេ»។
ប្រតិកម្មរបស់លោកហ៊ុន សែន ដែលនាំទៅរកការបញ្ជាឲ្យចាប់ខ្លួនលោក ហុង សុខហួរកើតមានឡើងបន្ទាប់ពីសមាជិកព្រឹទ្ធសភារូបនេះត្រូវគេសង្ស័យថា បានក្លែងបន្លំប្រការនៃសន្ធិសញ្ញាដែលធ្វើឡើងនៅខែកុម្ភៈឆ្នាំ១៩៧៩ ហើយមកពន្យល់ក្រុមអ្នកតាមដានបញ្ហាព្រំដែនតាមរយៈបណ្តាញសង្គមដ៏ពេញនិយម Facebook។ លោកហ៊ុន សែនបានទាំងស្រុងនូវមាត្រានេះយ៉ាងដូច្នេះថា៖
«មានការបង្ហោះតាម Facebook អំពីសន្ធិសញ្ញាក្លែងក្លាយមួយ ដែលមិនអាចអត់ឱនឲ្យបានទេ ត្រូវធ្វើហើយ។ គេនិយាយអំពីសន្ធិសញ្ញាក្លែងក្លាយនេះ គេថា ប្រការ៥ ភាគីទាំងពីរសុខចិត្តដោះស្រាយតាមកិច្ចចរចាតាមសន្តិវិធីនូវទំនាស់ជាយថាហេតុក្នុងទំនាក់ទំនងទ្វេភាគីរបស់ខ្លួន។ ភាគីទាំងពីរនឹងធ្វើកិច្ចចរចាដើម្បីចុះហត្ថលេខាសម្រាប់រំលាយព្រំដែនជាតិប្រទេសទាំងពីរ ដោយអាស្រ័យលើព្រំដែននាបច្ចុប្បន្ន ហើយភាគីទាំងពីរ សម្រេចចិត្តមុតមាំដើម្បីកែប្រែព្រំដែននេះ ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាពរវាងប្រទេសទាំងពីរ»។
មុនការថ្លែងបញ្ជាឲ្យតាមចាប់លោកហុង សុខហួរ និងការប្រកាសឲ្យបិទគ្រប់ច្រកល្ហកដើម្បីកុំឲ្យសមាជិកព្រឹទ្ធសភាកាន់សញ្ជាតិបារាំងខ្មែររូបនេះ គេចខ្លួនបាន លោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រកាសបើកទូលាយឲ្យអ្នកនយោបាយមកពីគណៈបក្សបីគឺគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ីនប៉ិច និងស្ថាប័ននីតិបញ្ញតិនិងតុលាការផងដែរ ចូលរួមពីធ្វើកិច្ចការងារផែនទី និងព្រំដែនវវាងប្រទេសកម្ពុជា និងវៀតណាមនេះ។
បន្ទាប់មកលោកហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាង៣០ឆ្នាំ បាននិយាយការពារថា រដ្ឋាភិបាលមានភាពស្អាតស្អំ ដោយលោកមានប្រសាសន៍ថា លោកពុំបានធ្វើអ្វីខុសបន្តិចណាទេ ចំពោះបញ្ហាបូរណភាពទឹកដី។
«វាជារឿងដែលមាននៅក្នុងប្រវត្តិសាស្រ្ត ខ្ញុំមិនបានធ្វើអីខុសទេ»។
ស្របពេលជាមួយនឹងការថ្លែងរបស់លោកហ៊ុន សែន អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឧក្រិដ្ឋរបស់លោកហុង សុខហួរ ដែលបានក្លែងឯកសារសាធារណៈដើម្បីបម្រើឲ្យនយោបាយប្រជាភិថុតរបស់ក្រុមខ្លួន បោកប្រាស់សាធារណមតិ និងផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកសម រង្ស៊ី ប្រធានគណបក្សជំទាស់ កាលពីថ្ងៃទី១២សីហាឆ្នាំ២០១៥នេះ។
សេចក្តីថ្លែងការណ៍នោះបានសរសេរថា៖ «រាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនជនរួមជាតិ សាធារណមតិជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ខ្លឹមសារដើមពិតប្រាកដត្រង់មាត្រា៤នៃសន្ធិសញ្ញាសន្តិភាព មិត្តភាព និងសហប្រតិបត្តិការរវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ចុះថ្ងៃទី១៨ខែកុម្ភៈឆ្នាំ១៩៧៩ បានចែងយ៉ាងច្បាស់ថា ភាគីទាំងពីរសន្យាថា នឹងដោះស្រាយរាល់ទំនាស់ដែលអាចកើតឡើងក្នុងការទាក់ទងជាមួយគ្នា តាមរយៈការចរចាដោយសន្តិវិធី។ ភាគីទាំងពីរនឹងចរចាគ្នាដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាមួយកំណត់នូវព្រំដែនរដ្ឋរវាង ប្រទេសទាំងពីរ លើមូលដ្ឋានខ្សែព្រំដែននាបច្ចុប្បន្ននេះ ហើយប្តេជ្ញាចិត្តកសាងខ្សែព្រំដែននោះទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ»។
ក្រោយពីការចោទប្រកាន់ទោសដ៏ធ្ងន់ធ្ងរពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនលើលោកហុង សុខហួរនោះ លោកគង់ គាំ ប្រធានគណបក្សសម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍ច្រានចោលរាល់ការចោទប្រកាន់ដែលធ្វើដោយលោកនាយករដ្ឋមន្ត្រី។
សេចក្តីថ្លែងការណ៍របស់លោកគង់ គាំ សមាជិកព្រឹទ្ធសភា បានសរសេរថា៖ «គណៈកម្មការអចិន្រ្តៃយ៍គណបក្សសម រង្ស៊ីបានពិនិត្យ និងយល់ថា ការប្រើឯកសារមិនផ្លូវការ និងការបកស្រាយរបស់លោកហុង សុខហួរក្នុងឋានៈជាសមាជិកព្រឹទ្ធសភា មិនមែនជាអំពើក្បត់ជាតិ ដូចការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រីទេ។ ប្រសិនបើការប្រើឯកសារ និងការបកស្រាយមិនត្រឹមត្រូវ លោកហុង សុខហួរអាចធ្វើការកែតម្រូវចំពោះសាធារណមតិឡើងវិញ»។
ថ្លែងប្រាប់វីអូអេតាមរយៈទូរស័ព្ទ លោកគង់ គាំបានពន្យល់ថា ការចាប់ខ្លួនបន្ទាន់ណាមួយមិនអាចធ្វើបានទេ ដោយសារលោកហុង សុខហួរមានអភ័យឯកសិទ្ធិក្នុងនាមជាសមាជិកព្រឹទ្ធសភា។
«ប្រហែលជាមិនចាប់ឆៅទេ។ គាត់នឹងធ្វើតាមច្បាប់ ត្រូវឲ្យដកអភ័យឯកសិទ្ធិអញ្ចឹងហើយ។ ប៉ុន្តែចំពោះខាងយើងនេះ យើងត្រូវតែមើលដំណើរដើមទង ហើយយើងឲ្យមេធាវីលើកហេតុផលមើល ដែលគាត់លើកប៉ុណ្ណឹង ហើយនិងការចោទប្រកាន់ហ្នឹងវាសក្តិសមឬទេ?»
វីអូអេពុំអាចទាក់ទងលោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេ ដោយទូរស័ព្ទរបស់លោកពុំដំណើរការ។
ដោយឡែក លោកសម្បត្តិ ដាវីឌ ជំនួយការផ្ទាល់របស់លោកហុង សុខហួរ បានឲ្យដឹងថា លោកពុំទាន់ទទួលបានដំណឹងជាក់ច្បាស់ណាមួយទាក់ទងនឹងចំណាត់ការរបស់អាជ្ញាធរក្នុងការតាមចាប់លោកហុង សុខហួរនោះទេ ដោយលោកបានបញ្ជាក់បន្ថែមថា លោកហុង សុខហួរកំពុងស្ថិតនៅក្នុងទីសុវត្ថិភាពមួយ។
«អត់មានទេបង អត់មានបានទទួលព័ត៌មានអីទេ។ ប៉ុន្តែតាំងពីព្រឹកមក ពួកខ្ញុំបានជូនដំណឹងថា អត់ទាន់មានការចាប់ខ្លួនអីទេ រហូតមកដល់ពេល។ ឥឡូវក៏អត់ទាន់បានទទួលព័ត៌មានថា ចាប់ខ្លួនអីដែរ គ្រាន់តែដឹងថា លោក នៅកន្លែងដែលមានសុវត្ថិភាព»។
នៅក្នុងសារនយោបាយរបស់លោកដែលមានរយៈពេលជិតមួយម៉ោង លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់ថា ផែនទី១៨ផ្ទាំងដែលអង្គការសហប្រជាជាតិឲ្យរដ្ឋាភិបាលកម្ពុជាខ្ចីនោះ នឹងមកដល់នៅថ្ងៃទី១៨ ហើយពិធីចុះហត្ថលេខាទទួលយកផែនទីនេះនឹងធ្វើឡើងនៅថ្ងៃទី២០ខែសីហាខាងមុខនេះ៕