មនុស្សជិត៤០លាននាក់កំពុងរស់នៅជាមួយមេរោគអេដស៍ ដែលជាមេរោគបង្កជំងឺអេដស៍កាលពីឆ្នាំមុន។ មនុស្សច្រើនជាង៩លាននាក់មិនបានទទួលការព្យាបាល ដែលវាបណ្តាលឲ្យមានមនុស្សស្លាប់រៀងរាល់នាទីដោយសារជំងឺអេដស៍។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីថ្ងៃទី២២ខែកក្កដាហើយត្រូវបានដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានAP។
នៅពេលភាពជឿនលឿនកំពុងកើតមានដើម្បីបញ្ចប់ជំងឺរាតត្បាតអេដស៍ទូទាំងសកលលោក របាយការណ៍នេះបាននិយាយថាវានៅមានភាពយឺតយ៉ាវ មូលនិធិកំពុងធ្លាក់ចុះ ហើយការឆ្លងថ្មីកំពុងកើនឡើងនៅក្នុង៣តំបន់ គឺតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង តំបន់អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល និងតំបន់អាមេរិកឡាទីន។
កាលពីឆ្នាំ២០២៣ មនុស្សជិត៦៣ម៉ឺននាក់បានស្លាប់ដោយសារជំងឺអេដស៍ ដែលតួលេខនេះបានធ្លាក់ចុះពី២,១លាននាក់នៅ ក្នុងឆ្នាំ២០០៤។ ប៉ុន្តែតួលេខចុងក្រោយគឺនឹងឡើងទ្វេដងនៅឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍របស់ UNAIDS ដែលជាទីភ្នាក់ងារអ.ស.ប.ដែលដឹកនាំកិច្ចប្រឹងប្រែងសកលដើម្បីបញ្ចប់ជំងឺរាតត្បាតនេះ។
របាយការណ៍នេះថា វិសមភាពយេនឌ័រកំពុងបង្កើនហានិភ័យសម្រាប់ក្មេងស្រីនិងស្ត្រី ដោយបានលើកពីករណីឆ្លងមេរោគអេដស៍ ខ្ពស់ខ្លាំងខុសពីធម្មតាក្នុងចំណោមក្មេងជំទង់និងស្ត្រីវ័យក្មេងនៅផ្នែកខ្លះនៅអាហ្រ្វិក។
ការឆ្លងថ្មីបានកើតឡើងជាសកលក្នុងចំណោមសហគមន៍ដែលងាយរងគ្រោះនិងរងការមើលងាយនិងការរើសអើងដូចជាអ្នករកស៊ីផ្លូវភេទ បុរសដែលរួមភេទជាមួយបុរស និងអ្នកដែលចាក់ថ្នាំញៀនក៏បានកើនឡើងដល់ ៥៥% ក្នុងឆ្នាំ ២០២៣ ពី ៤៥% ក្នុងឆ្នាំ ២០១០។
អ្នកស្រី Winnie Byanyima នាយិកាប្រតិបត្តិរបស់ UNAIDS បាននិយាយថា៖«មេដឹកនាំពិភពលោកបានសន្យាថានឹងបញ្ចប់ជំងឺរាតត្បាតនេះដែលជាការគំរាមកំហែងសុខភាពសាធារណៈត្រឹមឆ្នាំ២០៣០ ហើយពួកគេអាចរក្សាការសន្យារបស់ពួកគេបានបើសិនជាពួកគេអាចធានាបានថាការឆ្លើយតបនឹងមេរោគអេដស៍មានធនធានគ្រប់គ្រាន់ហើយសិទ្ធិរបស់អ្នករាល់គ្នានឹងត្រូវបានការពារ»។
មេដឹកនាំបានសន្យាថានឹងកាត់បន្ថយការឆ្លងថ្មីនៃមេរោគអេដស៍ ប្រចាំឆ្នាំមកត្រឹមក្រោម៣៧ម៉ឺនករណីត្រឹមឆ្នាំ២០២៥ ប៉ុន្តែរបាយការណ៍ថាក្នុងឆ្នាំ២០២៣នេះ ការឆ្លងមេរោគថ្មីគឺមាន១,៣លានករណីដែលខ្ពស់ជាងបីដង។
កាលពីឆ្នាំមុន ក្នុងចំណោមមនុស្ស៣៩,៩លាននាក់ទូទាំងសកលលោកដែលមានមេរោគអេដស៍៨៦% បានដឹងថាខ្លួនបានឆ្លងរោគ និង៧៧%បានស្វែងរកការព្យាបាល ហើយ៧២% បានលាក់បាំង។ នេះបើតាមរបាយការណ៍។
លោក César Núñez នាយកនៃ UNAIDS នៅទីក្រុងញូវយ៉កបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថាការព្យាបាលជំងឺអេដស៍មានការវិវឌ្ឍន៍ ដូចជាការចាក់ថ្នាំដែលអាចការពារបាន៦ខែ ប៉ុន្តែការចាក់ថ្នាំចំនួន២ដងមានតម្លៃ ៤០,០០០ ដុល្លារក្នុងមួយឆ្នាំ ដែលវាហួសពីលទ្ធភាពរបស់អ្នករាល់គ្នា លើកលែងតែអ្នកមានបំផុតដែលមានមេរោគ។
លោកបាននិយាយថា UNAIDS កំពុងស្នើឲ្យក្រុមហ៊ុនផលិតថ្នាំផលិតវាក្នុងតម្លៃទាបជាងនោះសម្រាប់ប្រទេសដែលមានចំណូលទាបនិងមធ្យម។
លោក Núñez បាននិយាយថាក៏មានករណីចំនួន៧ដែលអ្នកមានផ្ទុកមេរោគអេដស៍ ដែលត្រូវបានព្យាបាលបែបជំងឺមហារីកឈាម គ្មានសញ្ញានៃមេរោគអេដស៍ ក្នុងប្រព័ន្ធរបស់ពួកគេ។
លោកបាននិយាយថាការចាក់ថ្នាំនិងករណីទាំង៧នោះត្រូវបានពិភាក្សានៅសន្និសីទជំងឺអេដស៍អន្តរជាតិលើកទី២៥ក្នុងខែកក្កដានៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់។
បច្ចុប្បន្ននេះ លោកបាននិយាយថាការព្យាបាលរាល់ថ្ងៃដោយប្រើថ្នាំគ្រាប់មានតម្លៃ៧៥ដុល្លារក្នុងម្នាក់ក្នុងមួយឆ្នាំ។ វាបានអនុញ្ញាតឲ្យអ្នកដែលមានផ្ទុកមេរោគអេដស៍ ក្នុងប្រទេសជាច្រើនទទួលបានការព្យាបាលកាន់តែច្រើន។
លោក Núñez បាននិយាយថា UNAIDS នឹងបន្តស្នើសុំវ៉ាក់សាំងមួយដើម្បីទប់ស្កាត់ជំងឺ AIDS៕
ប្រែសម្រួលដោយកញ្ញាទុំ ម្លិះ
វេទិកាបញ្ចេញមតិ