ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រេសិត​ប្រធាន​អាស៊ាន៖ មីយ៉ាន់ម៉ា​បន្ត​ឯកភាព ​ដើម្បី​ពន្លឿន​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​ឱ្យ​បាន​ឆាប់


រូប​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២។

ក្រោយ​មាន​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​មួយ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ​រវាង​ភាគី​ពាក់ព័ន្ធ ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តី​ពី​បញ្ហា​នៅ​មីយ៉ាន់ម៉ា ដែល​ជា​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា បាន​ឱ្យ​ដឹង​ថា​ ក្រុម​ការងារ​មីយ៉ាន់ម៉ា​បាន​ព្រមព្រៀង​បន្ថែម​ទៀត ដើម្បី​ពន្លឿន​ការ​នាំ​ជំនួយ​មនុស្សធម៌​ចូល​ក្នុង​តំបន់​មួយ​ចំនួន​ឱ្យ​បាន​ឆាប់​រហ័ស។

គោលបំណង​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​គឺ ដើម្បី​ពង្រឹង​បន្ថែម​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​នៅ​មីយ៉ាន់ម៉ា ​ការ​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​របស់​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន​សម្រាប់​ជំនួយ​មនុស្សធម៌​ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ (AHA Centre) និង​វិធីសាស្រ្ត​ជំរុញ​ការ​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​មីយាន់ម៉ា។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ លោក ប្រាក់ សុខុន បាន​ថ្លែង​ថា​ មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន​សម្រាប់​ជំនួយ​មនុស្សធម៌ ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នឹង​ធ្វើ​ការ​ជាមួយ​ក្រុម​ការងារ​មីយ៉ាន់ម៉ា ដើម្បី​ពន្លឿន​ការ​ផ្តល់​ជំនួយ​នៅ​ពេល​ខាង​មុខ​នេះ ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​ពេលវេលា​ជាក់លាក់​នៃ​ការ​ផ្តល់​ជំនួយ​លើក​ដំបូង​នៅ​ឡើយ​ទេ។ លោកបាន​បន្ថែម​ថា ​មជ្ឈមណ្ឌល ​AHAនឹង​កំណត់​ទីតាំង ដើម្បី​រៀបចំ​ដឹក​ជញ្ជូន​ជំនួយ ដែល​ក្នុង​នោះ​មាន​រដ្ឋ​ចំនួន​៥ រួម​មាន​រដ្ឋ​កាយ៉ា កាវិន ណាត់វ៉េ សាហ្គៃ និង​បាហ្គោ។

លោក ប្រាក់ សុខុន ​បាន​ថ្លែង​បន្ត​ថា​ ក្រុម​ការងារ​មីយ៉ាន់ម៉ា​បាន​ឯកភាព​លើ​តំបន់​ពីរ​បី​ដែល​ត្រូវ​ផ្តល់​ជំនួយ ក្នុង​នោះ​គឺ ​តំបន់​ដែល​មាន​ជនភៀសខ្លួន​ក្នុង​ស្រុក​ និង​សហគមន៍​រងគ្រោះ។ លោកបាន​បន្ថែម​ថា​ ការ​បញ្ជូន​ជំនួយ​នេះ​ ធានា​ថា មិន​ទុក​នរណា​ម្នាក់​ចោល​ឡើយ។

លោក ប្រាក់ សុខុន បញ្ជាក់​ថា៖ «បញ្ហា​មនុស្សធម៌​គួរ​តែ​ជា​បុព្វហេតុ​រួម​ ដែល​ផ្សារ​ភ្ជាប់​យើង​ទាំងអស់​គ្នា​ ដូច្នេះ​យើង​គួរ​ទុក​គំនិត​ផ្ទុយ​គ្នា​មួយ​ឡែក​សិន ហើយ​ធ្វើការ​ស្រាក់ដៃ​គ្នា ​ដើម្បី​ជា​ផលប្រយោជន៍​របស់​ប្រជាជន​មីយ៉ាន់ម៉ា»។

បើ​តាម​រដ្ឋមន្រ្តី​ក្រសួងការបរទេស​កម្ពុជា កិច្ច​ប្រជុំ​ស្តី​ពី​ជំនួយ​មនុស្សធម៌​នេះ​នឹង​ជា​ការ​ជំរុញ​បន្ថែម​ទៀត​នៃ​ចំណុច​ទី៤​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ដែល​បានសម្រេច​កាល​ពី​ខែ​មេសា ឆ្នាំ​មុន។

កាល​ពី​ខែ​មេសា ​ឆ្នាំ​២០២១​ មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​ បាន​មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​ទៅ​លើ​៥​ចំណុច។​ ទី១ ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​ ហើយ​គ្រប់​ភាគី​ត្រូវ​រក្សា​ភាព​អត់ធ្មត់​ខ្ពស់​បំផុត។​ ទី​២​ កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន។ ​ទី​៣ ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន ​ដើម្បី​សម្របសម្រួល​កិច្ច​សន្ទនា ​ដោយ​មាន​ជំនួយ​ពី​អគ្គលេខាធិការ​អាស៊ាន។​ ទី​៤​ ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។ ​ ទី​៥​ ទស្សន​កិច្ច​របស់​ប្រេសិត​ពិសេស​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ។

ក្រុមការងារមីយ៉ាន់ម៉ា​ នៅ​ថ្ងៃ​សុក្រ​នេះ ក៏​បានឯកភាព​សម្រាប់​ការ​ផ្តល់​ជំនួយ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ​ដល់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​ផង​ដែរ ដែល​នឹង​មាន​ការ​សម្រប​សម្រួល​ពី​ក្រសួង​សុខាភិបាល​មីយ៉ាន់ម៉ា។ នេះ​បើ​តាម​ប្រេសិត​របស់​ប្រធាន​អាស៊ាន។ លោក​បាន​បន្ថែម​ថា មីយ៉ាន់ម៉ា​ប្តេជ្ញា​នឹង​ធ្វើ​កិច្ច​ការ​នេះ​ឱ្យ​បាន​ឆាប់។

លោក ប្រាក់ សុខុន ​ថ្លែង​ថា​៖ «ក្រុម​ការងារ​មីយ៉ាន់ម៉ា​នឹង​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ ដើម្បី​ពន្លឿន​នីតិវិធី​អនុម័ត​សម្រាប់​ការ​ផ្តល់​មនុស្សធម៌​ដល់​មីយ៉ាន់ម៉ា និង​ទទូច​ឱ្យ​មជ្ឈមណ្ឌល​ AHA និង​ដៃគូ​ពាក់ព័ន្ធ​នានា​ផ្តល់​ឯកសារ​ចាំបាច់​ទុក​ជា​មុន និង​អនុវត្ត​តាម​ដំណើរការ​ចាំបាច់​នានា​ឱ្យ​បាន​ទាន់​ពេលវេលា»។

បើ​តាម​លោក ប្រាក់ សុខុន លោក​នឹង​ធ្វើ​ដំណើរ​ជា​លើក​ទីពីរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា ក្រោយ​លោក​មក​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក អម​ដំណើរ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន - ​អាមេរិក ដែល​នឹង​ធ្វើ​ឡើង​នៅ​ពាក់​កណ្តាល​ខែ​ឧសភា​នេះ។ នៅ​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តី​ពី​ជំនួយ​មនុស្សធម៌​របស់​អាស៊ានសម្រាប់​មីយ៉ាន់ម៉ា​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​សុក្រ​នេះ ក៏​មាន​ការ​ចូលរួម​ពី​លោក លឹម ចុកហ៊ុយ​ (Lim Jock Hoi) អគ្គលេខាធិការ​អាស៊ាន ដែល​ជា​អ្នក​សម្របសម្រួល​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន​ផង​ដែរ។

កិច្ចប្រជុំ​នេះ​ ក៏​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ និង​តាម​ប្រព័ន្ធ​វីដេអូ​ ដោយ​តំណាង​ជាន់ខ្ពស់​ពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ដៃ​គូ​ខាង​ក្រៅ​អាស៊ាន ទីភ្នាក់ងារ​ជំនាញ​អង្គការ​សហប្រជាជាតិ និង​បណ្តា​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ​នៅ​មីយ៉ាន់ម៉ា។ ​នេះ​បើយោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ ចេញ​កាល​ពី​ថ្ងៃ​ទី៥ ខែ​ឧសភា។

ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ គិន ភា ​ចាត់​ទុក​ការ​សម្រេចក្នុង​កិច្ចប្រជុំ​នា​ថ្ងៃ​សុក្រ​នេះ ​ជា​ការជឿនលឿន​ទៅ​មុខ​ផ្នែក​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ទៅ​កាន់​មីយ៉ាន់ម៉ា ដែលជា​ចំណុច​វិវឌ្ឍ​ទៅ​មុខ​មួយ ​ជុំវិញ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​៥​ចំណុច​។

លោកថ្លែង​ថា៖ «កន្លង​មក​ យើង​ឃើញ​ថា​ជំនួយ​មនុស្សធម៌​ក្នុង​ក្របខណ្ឌ​ក្នុង​យន្តការ​អាស៊ាន​នេះ ​គឺ​អត់​ទាន់​ត្រូវ​បាន​អនុវត្ត​នៅ​ឡើយ​ទេ។​ អ៊ីចឹង​ទេ​ បើ​សិន​ជា​លទ្ធផល​នៃ​កិច្ចពិភាក្សា​នេះ​អាច​ចេញ​ជា​ផ្លែផ្កា។ ខ្ញុំ​គិត​ថា វា​ជា​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​នៃ​កិច្ចព្រមព្រៀង​កុងសង់ស៊ីស​ទាំង​៥​ចំណុច​របស់​អាស៊ាន​នេះ»។

យ៉ាង​ណាក្តី​ លោក​ចាត់​ទុក​ការ​វិវឌ្ឍនេះ​ជា​«ជំហាន​បឋម»ប៉ុណ្ណោះ​ ឆ្ពោះ​ការ​កាន់​ការ​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា ពីព្រោះ​វា​ជា​«បញ្ហា​ស្មុគស្មាញ»​ ដែល​ត្រូវ​ការ​«សុឆន្ទៈ និង​ភាព​ស្មោះត្រង់»​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ដើម្បី​សម្រេច​ចេញ​ជា​ដំណោះស្រាយ​ជា​ដុំកំភួន​ណា​មួយ។

គួរ​បញ្ជាក់​ថា​កាល​ពី​ថ្ងៃទី២ ខែ​ឧសភា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង តាម​ប្រព័ន្ធ​វីដេអូ ដោយ​បាន​ស្នើ​ឱ្យ​របប​យោធា​ធ្វើការ​សម្របសម្រួល​បន្ថែម​ទៀត ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌​មាន​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា ជា​ពិសេស​ក្នុង​តំបន់​ដែល​មាន​ជម្លោះ។ បើ​តាម​លោក ហ៊ុន សែន លោក មីន អ៊ុងឡាំង បាន​ប្រកាស​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​សម្របសម្រួល​ការ​ចែកចាយ​ជំនួយ​មនុស្សធម៌ ដែល​អាច​អនុវត្ត​នៅ​ដំណាក់កាល​ដំបូង​ក្នុង​តំបន់​សាកល្បង​ចំនួន២ ក៏​ដូចជា​តំបន់ និង​រដ្ឋ​ចំនួន​៥​ដទៃ​ទៀត​ដែល​ត្រូវ​បាន​កំណត់​ជា​តំបន់​អាទិភាព​សម្រាប់​ប្រតិបត្តិការ​មនុស្សធម៌៕

XS
SM
MD
LG