ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ព្រមាន​អំពី«ដំណើរ​ថយក្រោយ»នៃ​សិទ្ធិ​ស្ត្រី


រូបឯកសារ៖ កងប្រដាប់អាវុធតាលីបង់ឈរល្បាត ខណៈស្ត្រីម្នាក់ដើរកាត់ នៅរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២។

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស (OHCHR) លោក Volker Turk បាន​ព្រមាន​អំពី​អ្វី​ដែល​លោក​យល់​ឃើញ​ថា​ជា «ការ​ប្រឆាំង​ជា​ប្រព័ន្ធ​លើ​សិទ្ធិ​ស្ត្រី​និង​សមភាព​យេនឌ័រ» នៅ​ជុំវិញ​ពិភពលោក។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ផ្ដាច់​មុខ​មួយ​ជាមួយ​នឹង​ទីភ្នាក់ងារ​ព័ត៌មាន AFP កាលពី​ថ្ងៃ​ទី ៤ ខែ​មករា​កន្លង​ទៅ​នេះ លោក Turk បាន​និយាយ​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី «ដំណើរ​ថយក្រោយ​និង​ដំណើរ​រុញ​ត្រឡប់​ក្រោយ» ដែល​លោក​បាន​ឃើញ​ថា​ប្រឆាំង​នឹង​ស្ត្រី​កាលពី​ពេល​ថ្មីៗ​នេះ ជា​ពិសេស​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ។

លោក​បាន​បញ្ជាក់​ថា៖ «ជា​ឧទាហរណ៍ នៅ​តាម​បណ្ដាញ​សង្គម​អនឡាញ យើង​បាន​ឃើញ​ថា​ការ​បញ្ចេញ​មតិ​បែប​ប្រឆាំង​នឹង​ស្ត្រី​និង​បែប​អាសអាភាស​ហាក់​ដូចជា​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​កាន់តែ​ច្រើន ដែល​នេះ​គឺ​គួរ​ឱ្យ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង»។

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស (OHCHR) លោក Volker Turk ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន AFP នៅការិយាល័យរបស់លោក ក្នុងទីក្រុងហ្សឺណែវនៃប្រទេសស្វីស កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៣។
ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស (OHCHR) លោក Volker Turk ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន AFP នៅការិយាល័យរបស់លោក ក្នុងទីក្រុងហ្សឺណែវនៃប្រទេសស្វីស កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៣។

លោក Turk បាន​លើកឡើង​អំពី​ប្រទេស​អាហ្វហ្គានីស្ថាន​និង​ក្រុម​តាលីបង់ (Taliban) ដែល​កំពុង​ដឹកនាំ​ប្រទេស​នេះ​ថា​ជា «ករណី​ដ៏​អាក្រក់​បំផុត​ក្នុង​ចំណោម​ករណី​អាក្រក់​បំផុត​នានា» និង​បាន​ហៅ​ការ​ជិះជាន់​គាប​សង្កត់​របស់​ក្រុម​តាលីបង់​លើ​ស្ត្រី​ថា «គ្មាន​នរណា​ធ្វើ​ដូច»។

កាលពី​ខែ​មុន ក្រុម​តាលីបង់​បាន​ហាម​ឃាត់​ស្ត្រី​មិន​ឱ្យ​ធ្វើការ​នៅ​ក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល ហើយ​កាលពី​មុន​ធ្លាប់​បាន​ក្បត់​ពាក្យ​សន្យា​របស់​ខ្លួន​ដែល​ថា​នឹង​អនុញ្ញាត​ឱ្យ​ស្ត្រី​និង​កុមារី​ទទួល​បាន​ការ​អប់រំ​កម្រិត​មធ្យម​សិក្សា​និង​ឧត្តមសិក្សា។

ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​រូប​នេះ​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ «រួម​សាមគ្គី​ឱ្យ​បាន​ពេញ​ទំហឹង​ជាមួយ​នឹង​ស្ត្រី​និង​កុមារី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន ហើយ​ចាំបាច់​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ករណី​នេះ​នឹង​មិន​អាច​ក្លាយជា​ទម្លាប់​នៅ​ពេល​អនាគត»។

លោក Turk ក៏​មាន​បំណង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់​ផង​ដែរ ដែល​នៅ​ទីនោះ គេ​ឃើញ​មាន​ការ​តវ៉ា​នៅ​ទូទាំង​ប្រទេស​តាំងពី​ខែ​កញ្ញា ឆ្នាំ​មុន​មក ដែល​នៅ​ពេល​នោះ នាង Mahsa Amini អាយុ ២២ ឆ្នាំ បាន​ស្លាប់​នៅ​ក្រោម​សមត្ថកិច្ច​របស់​ប៉ូលិស បន្ទាប់ពី​នាង​ត្រូវ​បាន​គេ​ចោទ​ថា​បាន​រំលោភ​លើ​ច្បាប់​ដ៏​តឹងតែង​របស់​ប្រទេស​អ៊ីរ៉ង់​ដែល​តម្រូវ​ឱ្យ​ស្ត្រី​ពាក់​កន្សែង​គ្រប​មុខ។ លោក Turk បាន​និយាយ​ថា អាជ្ញាធរ​អ៊ីរ៉ង់​មិន​ទាន់​បាន​ឆ្លើយតប​ចំពោះ​សំណើ​របស់​លោក​នៅ​ឡើយ​ទេ។

លោក​បាន​បន្ត​ថា ប្រសិនបើ​លោក​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់ លោក​នឹង​អំពាវនាវ​ម្ដង​ទៀត​ឱ្យ​មាន​ការ​លុបចោល​នូវ «ការ​អនុវត្ត​បែប​រើសអើង​ប្រឆាំង​នឹង​ស្ត្រី​និង​កុមារី» ហើយ​នឹង​លើកឡើង​អំពី​ប្រធានបទ​នៃ​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​របស់​អាជ្ញាធរ​លើ​ការ​តវ៉ា។ លោក​បាន​បង្ហាញ​ក្ដី​បារម្ភ​ជាពិសេស​លើ​ការ​ប្រើ​ទោស​ប្រហារ​ជីវិត​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​នៅ​អ៊ីរ៉ង់​នេះ។

លោក Turk បាន​បន្ថែម​ថា ទោស​ប្រហារ​ជីវិត​នេះ «មិន​ត្រូវ​ប្រើ​ជា​ដាច់ខាត​នៅ​ក្នុង​បរិបទ​ដូច​នេះ​ទោះ​ក្នុង​ស្ថានការណ៍​ណា​ក៏ដោយ»។

អង្គការ​សិទ្ធិ​មនុស្ស Iran Human Rights ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រាជធានី​អូស្លូ ប្រទេស​ន័រវែស បាន​បញ្ជាក់​ថា មនុស្ស​ជិត ៥០០ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​នៅ​ប្រទេស​អ៊ីរ៉ង់ ហើយ​មនុស្ស​រាប់​ពាន់​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន។

ក្រៅ​ពី​វិធានការ​ជា​ប្រព័ន្ធ​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​នានា លោក Turk បាន​អំពាវនាវ​ឱ្យ​មាន «ការ​មូល​មតិ​គ្នា​ជា​សាកល» លើ​វិធី​ដោះស្រាយ​បញ្ហា​ព័ត៌មាន​មិន​ពិត​និង​ការ​បញ្ចេញ​មតិ​បែប​ស្អប់​គុំកួន វិធី​ទប់ទល់​នឹង​បញ្ហា​ទាំង​នេះ​លើ​បណ្ដាញ​សង្គម​អនឡាញ វិធី​ដែល​ប្រទេស​ទាំង​នោះ​ចាត់​វិធានការ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​និង «មិន​បន្ថែម​ប្រេង​ទៅ​លើ​ភ្លើង ទៅ​លើ​ស្ថានភាព​ជម្លោះ...ឬ​ក៏​ទៅ​លើ​ប្រតិកម្ម​ប្រឆាំង​ខ្លាំងក្លា​ដែល​យើង​បាន​ឃើញ​លើ​បញ្ហា​យេនឌ័រ»។

ជា​ទូទៅ ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​រូប​នេះ​បាន​ហៅ​សកម្មភាព​ប្រឆាំង​នឹង​ស្ត្រី​ទាំង​នេះ​ថា​ជា «ការ​ប៉ុនប៉ង​ចុងក្រោយ​របស់​ប្រព័ន្ធ​គ្រប់គ្រង​សង្គម​ដែល​យក​បុរស​ជា​ធំ​នៅ​ក្នុង​ការ​បង្ហាញ​កម្លាំង​របស់​ខ្លួន» ប្រឆាំង​នឹង​ចលនា​នៅ​លើ​ពិភពលោក​នៃ​ការ​លើក​កម្ពស់​សិទ្ធិ​អំណាច​របស់​ស្ត្រី​និង​សមភាព​យេនឌ័រ។

លោក Turk បាន​ថ្លែង​ដូច្នេះ​ថា៖ «ពួកគេ​មិន​អាច​រារាំង​ពិភពលោក​ថ្មី​មិន​ឱ្យ​លេច​ឡើង​បាន​ទេ ហើយ​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា រឿង​នេះ​នឹង​ក្លាយជា​រឿង​កាលពី​អតីតកាល ដោយសារតែ​ប្រព័ន្ធ​សង្គម​ដែល​យក​បុរស​ជា​ធំ​គឺ​មិន​មែន​សម្រាប់​អនាគត​កាល​នោះ​ឡើយ។ វា​ជា​អ្វី​ដែល​គួរតែ​ជា​រឿង​អតីតកាល​ចារ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ»៕

ព័ត៌មាន​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AFP

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG