ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ​​អំពាវនាវ​​​ឱ្យ​​មាន​សន្តិភាព​​​ក្នុង​ឆ្នាំ​ថ្មី


រូបឯកសារ៖ មនុស្ស​ដើរ​​ក្បែរ​​រថយន្ត​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​ត្រូវ​ភ្លើង​ឆេះ នៅ​ក្នុង​ក្រុង Goma សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ មនុស្ស​ដើរ​​ក្បែរ​​រថយន្ត​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​ត្រូវ​ភ្លើង​ឆេះ នៅ​ក្នុង​ក្រុង Goma សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

រាល់ឆ្នាំ​ថ្មី​ជា​ពេលវេលា​មួយ​នៃការ​កើត​ឡើង​វិញ​នៃសេចក្តី​សង្ឃឹម។ វាជា​ពេលវេលា​មួយ​សម្រាប់ធ្វើ​ការ​សញ្ជឹង​គិតនិង​ការ​ប្តេជ្ញា​សម្រាប់​ធ្វើឱ្យ​អ្វី​ៗ​ក្នុង​ឆ្នាំ​ថ្មី​បានល្អ​ប្រសើរ​ជាងឆ្នាំ​ចាស់។

ក្នុង​ការ​ពិនិត្យសើរើ​មើល​ព្រឹត្តិ​ការណ៍​ក្នុង​ឆ្នាំ២០២២ ​អគ្គលេខាធិការ​អ.ស.ប.​លោក Antonio Guterres បានពិចារណា​អំពីការ​លំបាកនិង​ការខកចិត្តនៅ​ឆ្នាំ​ចាស់។ នៅ​ក្នុង​សារ​ឆ្នាំថ្មី​របស់លោក​ លោក​មាន​ប្រសាសន៍​ថា​ ​មនុស្ស​រាប់លាននាក់នៅ​ទូទាំង​ពិភព​លោកពិតជា​បាន​ចេញ​ផុត​ពី​ទុក្ខ​លំបាក​នៃ​ឆ្នាំចាស់។

លោក​និយាយថា ​ពួកគេប្រុងប្រៀប​សម្រាប់​ពេល​ថ្ងៃល្អត្រចះ​ត្រចង់​ជាង​មុន​កើត​ឡើងក្នុង​មួយ​ឆ្នាំ​ទៅ​មុខ។

លោក Guterres ថ្លែង​ថា៖ «ពី​ប្រទេសអ៊ុយក្រែន​រហូតដល់ប្រទេស​អាហ្វហ្គានីស្ថាន​ ដល់សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ និង​ហួស​ពី​នេះ​ទៀត ​មនុស្សបាន​ចាក​ចេញ​ពីផ្ទះ​និង​ជីវិត​ខ្ទេចខ្ទាំ​របស់​ពួក​គេ ហើយ​ស្វះស្វែងរក​អ្វី​‍ៗ​ល្អប្រសើរ​ជាង​នេះ។ នៅ​ទូទាំង​ពិភពលោក​ មនុស្សមួយ​រយ​លាន​នាក់ចល័ត​ រត់គេចខ្លួន​ពី​សង្គ្រាម​ ពីភ្លើង​ឆេះព្រៃ គ្រោះរាំង​ស្ងួត ភាពក្រីក្រ​ និង​គ្រោះ​ទុរភិក្ស។ ក្នុង​ឆ្នាំ២០២៣ យើង​ត្រូវការ​ឱ្យ​មាន​សន្តិភាពជាងពេលណាៗ​ទាំងអស់‍»។

លោក​ថ្លែង​ថា​ សង្គ្រាម​អាចបញ្ចប់​ ហើយសន្តិភាព​អាច​កើត​មានតាមរយៈ​ការ​សន្ទនា​គ្នា។ លោកពោល​ថា ​ពិភពលោក​មួយ​ដែលគង់វង្ស​ជាង​មុនអាច​ធ្វើឱ្យ​សម្រេចបានដោយ​បង្កើតសន្តិភាព​ជា​មួយ​ធម្មជាតិ​ និ​ង​អាកាសធាតុ។ លោកអំពាវនាវ​ឱ្យ​មាន​សន្តិភាព​ក្នុង​ផ្ទះ​សំបែងដើម្បី​ឱ្យស្ត្រីនិងកុមារី​អាច​រស់​នៅ​ក្នុង​សេចក្តី​ថ្លៃថ្នូរ​និង​សុវត្ថិភាព។​

លោក Guterres មានប្រសាសន៍​ថា​ សន្តិភាព​តាមផ្លូវ​និង​ក្នុង​សហគមន៍ សន្តិភាពក្នុងកន្លែង​គោរព​សាសនា និង​សេរីភាព​ចេញ​ផុតពី​ការ​ញុះញង់​និង​ការ​រំលោភ​បំពាន​តាម​ online ​គឺពឹង​អាស្រ័យ​លើ​ការ​ការពារ​សិទ្ធិ​មនុស្ស​ដោយ​ពេញលេញ។​

ឧត្តម​ស្នងការ​អ.ស.ប.ខាង​សិទ្ធិមនុស្ស លោក Volker Tuerk បញ្ចេញ​សារ​បន្ទរតាម​ទស្សន​:បែប​មនោសញ្ចេតនាទាំង​នោះ។ លោកថា ទម្រង់​នៃ​ឆ្នាំ​ថ្មីនឹង​ត្រូវ​កំណត់​ដោយ​ទង្វើ​របស់​បុគ្គល និង​ទង្វើរួមដែលមនុស្ស​ធ្វើ។​

លោក​ថ្លែង​ថា​ សេចក្តី​សង្ឃឹម​របស់​លោក​សម្រាប់ឆ្នាំ​ថ្មី គឺ​សម្រាប់​ឱ្យមនុស្សនាំ​ជីវិត​របស់​គេ​រស់នៅ​ដោយចិត្ត​សប្បុរស​ ការ​យល់ចិត្ត​ ឯកភាព ​និង​ការការពារ​សិទ្ធិ​មនុស្ស។

លោក Guterres ថ្លែង​ថា៖ «យើងត្រូវ​តែ​ធ្វើ​ឱ្យ​ប្រាកដ​ថា សិទ្ធិ​ស្ត្រី​ ជាឧទាហរណ៍​ ត្រូវបាន​ទទួល​ការ​គោរពនៅក្នុងផ្ទះ​និង​ជា​សាធារណៈ​ថា ស្ត្រី​និង​កុមារី​មាន​សមភាពពេញ​លេញនិងមាន​សេរីភាព​ដែល​គ្មាន​ការរើសអើង។ យើង​ត្រូវ​តែ​បើកភ្នែកកូន​របស់​យើង​ឱ្យ​ឃើញកំហុស​ពី​អតីតកាល​ យើងអាច​បំផុ​សគំនិតឱ្យ​ពួក​គេ​សរសេរ​រឿង​មួយ​អំពី​សេចក្តី​សង្ឃឹម​និង​ឯកភាព និង​ធ្វើឱ្យ​ពួក​គេ​មានការ​ប្តេជ្ញា​បង្កើតពិភពលោក​មួយ​ល្អ​ប្រសើរ​ជាង​មុន‍»។

ខួប​៧៥​ឆ្នាំនៃ​សេចក្តី​ថ្លែងការណ៍​ជា​សាកល​អំពី​សិទ្ធិ​មនុស្សនឹង​ត្រូវប្រារព្ធ​នៅ​ឆ្នាំ​២០២៣។ សារ​សំខាន់​បំផុតមានចែង​ក្នុង​ឯកសារនេះ នៅ​តែជាប់​ទាក់​ទង​គ្នានៅ​ពេល​នេះ​ ដូច​កាល​ពី​ឆ្នាំ​១៩៤៨ដែរ ​ដែល​ថា មិន​អាចមានការ​ជឿនលឿននិង​សន្តិភាពទេ​ បើគ្មានសិទ្ធិ​មនុស្ស​។​

ឧត្តមស្នងការ​អ.ស.ប.ខាង​សិទ្ធិមនុស្ស លោក Tuerk អំពាវនាវ​ដល់​ប្រជាជាតិ​និងមនុស្ស​ទាំងអស់​ឱ្យ​ប្រឹងប្រែងបង្កើត​ពិភពលោកដែល​មានសេចក្តី​ថ្លៃថ្នូរ​ជាងមុន​ និង​បង្កើត​ពិភព​លោកមួយដែលសិទ្ធិ​រ​បស់​មនុស្សគ្រប់រូបត្រូវ​បាន​គោរព៕

ប្រែសម្រួលដោយលោក ឈឹម សុមេធ

XS
SM
MD
LG