ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អន្តរជាតិ​បញ្ឈប់​ការងារ​របស់​ខ្លួន​ បន្ទាប់​ពី​តាលីបង់​ហាម​ប្រាម​មិន​ឲ្យមាន​បុគ្គលិក​ជា​ស្ត្រី


ពលរដ្ឋអាហ្វហ្គានីស្ថានឈរតម្រង់ជួរត្រៀមទទួលជំនួយម្ហូបអាហារពីអង្គការក្រៅរដ្ឋាភិបាលមួយ នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២២។
ពលរដ្ឋអាហ្វហ្គានីស្ថានឈរតម្រង់ជួរត្រៀមទទួលជំនួយម្ហូបអាហារពីអង្គការក្រៅរដ្ឋាភិបាលមួយ នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២២។

អង្គការ​អន្តរជាតិ​ធំៗ​មួយចំនួន​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ផ្អាក​កម្មវិធី​ផ្ដល់​ជំនួយ​របស់​ខ្លួន កាល​ពី​ថ្ងៃ​អាទិត្យ​ មួយ​ថ្ងៃបន្ទាប់​ពី​មេដឹកនាំ​តាលីបាន​កាន់​សាសនា​ឥស្លាម បាន​ហាម​ពួក​គេ​មិន​ឲ្យ​ជួល​បុគ្គលិក​ជា​ស្ត្រី​សម្រាប់​បំពេញ​ការងារ។

សេចក្ដី​ប្រកាស​ព័ត៌មានរួម​របស់​អង្គការ​ក្រុមប្រឹក្សា​ជនភៀសខ្លួន​ន័រវែស​ហៅកាត់​ថា NRC អង្គការ​សង្គ្រោះកុមារ Save the Children និង​អង្គការ CARE International បាន​ឲ្យ​ដឹង​ថា៖ «​យើង​មិន​អាច​មាន​លទ្ធភាព​ជួប​កុមារ ស្ត្រី និង​បុរស​ ដែល​កំពុង​ត្រូវ​ការ​ជំនួយ​នៅ​អាហ្វហ្គានីស្ថាន​ដោយ​ប្រសិទ្ធភាព​បាន​ទេ ប្រសិន​បើ​គ្មាន​បុគ្គលិក​ជាស្ត្រី»។

ថ្នាក់ដឹកនាំ​របស់​អង្គការ​ទាំងនេះ​បាន​ព្រមាន​ថា ការ​ហាមប្រាម​របស់​ពួក​តាលីបង់​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​ជីវិត​ដល់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​រាប់​លាន​នាក់ និង​ប៉ះ​ពាល់​ដល់​ការងារ​រាប់​ពាន់​ ក្នុង​គ្រាដែល​ប្រទេស​ដ៏ក្រីក្រមួយ​នេះ​កំពុង​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ស្រាប់​ហើយ​នោះ។

សេចក្ដី​ថ្លែងការណ៍​ដដែល​នោះ​បន្ត​ថា៖ «ខណៈ​ពេល​ដែល​យើង​បាន​យល់​កាន់​តែ​ច្បាស់​អំពី​សេចក្ដី​ប្រកាស​[របស់​តាលីបង់] យើង​នឹង​បញ្ឈប់​កម្មវិធីរបស់​យើង និង​ទាមទារ​ឲ្យ​បុរស​និង​ស្ត្រី​អាច​បន្ត​ការងារ​ដោយ​ស្មើភាព​គ្នា​ក្នុង​ការផ្តល់ជំនួយ​សង្គ្រោះជីវិត​ដល់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន»។

អង្គការ​ទាំង​បី​នេះ កំពុង​អនុវត្ត​កម្មវិធី​ពាក់​ព័ន្ធ​នឹង​សុខុមាលភាព អប់រំ កិច្ច​ការពារ​កុមារ និង​អាហារូបត្ថម្ភ នៅ​ក្នុង​ប្រទេស​ដែល​ខ្ទេច​ខ្ទាំ​ដោយ​សង្គ្រាម​មួយ​នេះ ដែល​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ជាង​ពាក់កណ្ដាល​ ឬ​ប្រមាណ ៤០ លាន​នាក់​ ត្រូវ​ការ​ជំនួយ​មនុស្សធម៌​ក្នុង​ទម្រង់​ណា​មួយ។

ដោយឡែក អង្គការ​គណៈកម្មធិការ​សង្គ្រោះ​អន្តរជាតិ ហៅ​កាត់​ថា (IRC) បាន​ថ្លែង​កាល​ពី​ថ្ងៃទី ២៥ ខែ​ធ្នូ​ថា ពួក​គេ​នឹង​បញ្ឈប់​ប្រតិបត្តិការ​មនុស្សធម៌ ដោយ​និយាយ​ថា លទ្ធភាព​របស់​ពួក​គេ​ក្នុង​ការ​ដំណើការ​សេវា​ផ្ដល់​ជំនួយ​ អាស្រ័យ​ជា​ចម្បង​លើ​បុគ្គលិក​ជា​ស្ត្រី​នៅ​គ្រប់​ផ្នែក​ទាំង​អស់​របស់អង្គការ​នេះ។

អង្គការ​នេះ​លើក​ឡើង​ថា៖ «ប្រសិន​បើ​យើង​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួល​បុគ្គលិក​ជាស្ត្រី​ទេ​នោះ យើង​មិនអាច​ផ្ដល់​ជំនួយ​ទៅដល់​អ្នក​ដែល​មាន​តម្រូវការ​នោះ​ទេ»។ អង្គការ​ដដែល​នេះ​កត់សម្គាល់​ថា ខ្លួន​មាន​បុគ្គលិក​សរុប​ប្រមាណ ៨.០០០ ​នាក់ ដែល​ក្នុង​ជាង ៣.០០០ ​នាក់​គឺ​ជា​ស្ត្រី។

ក្រសួង​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​តាលីបង់​ កាល​ពីថ្ងៃទី ២៤ ខែ​ធ្នូ បាន​ចេញ​លិខិត​មួយ​បញ្ជា​ឲ្យ​អង្គការ​ជាតិ និង​អន្តរជាតិ បញ្ឈប់​បុគ្គលិក​ស្ត្រី​មិន​ឲ្យ​ធ្វើ​ការ​ជា​បន្ទាន់​ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជាថ្មី ដោយ​ចោទ​ថា ស្ត្រី​បាន​បំពាន​លើ​គោលការណ៍​ស្លៀក​ពាក់​របស់​សាសនា​ឥស្លាម តាម​រយៈ​ការ​ពាក់​ក្រណាត់​ជួត​ក្បាល​មិន​បាន​ត្រឹម​ត្រូវ។ ក្រសួង​នេះ​បាន​ព្រមាន​ថា ពួក​គេ​នឹង​លុប​ចោល​បណ្ណ​ការងារ​សម្រាប់​អង្គការ​ណា​ ដែល​ត្រូវ​បាន​រក​ឃើញ​ថា​បាន​បំពាន​បទ​បញ្ជា​នេះ។

លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា លោក​«មាន​ការ​រំខាន​ក្នុង​ចិត្ត​ជា​ខ្លាំង»ដោយសារ​ការ​ហាម​ឃាត់​របស់​រដ្ឋាភិបាល​តាលីបង់​នេះ ដោយ​លោក​កត់​សម្គាល់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា អង្គការ​ជាតិ​និង​អន្តរជាតិ «កំពុង​ជួយ​ដល់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ជាង ២៨ លាន​នាក់​ ដែលពឹង​ផ្អែក​លើ​ជំនួយ​មនុស្សធម៌​ដើម្បី​រស់»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG