ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញ​របស់​អ.ស.ប​អំពាវនាវ​ឱ្យ​មាន​ការធ្វើ​មាតុភូមិ​និវត្តន៍​របស់​កុមារ​និង​ម្តាយ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមរដ្ឋឥស្លាម


រូបឯកសារ៖ ស្រ្តីពីរនាក់ ដែលត្រូវបានរាយការណ៍ថា ជា​ប្រពន្ធរបស់ពួករដ្ឋឥស្លាម រង់ចាំជាមួយនឹងស្រ្តី និងកុមារដទៃទៀត នៅ​ជំរំ al-Hol តំបន់ al-Hasakeh ប្រទេសស៊ីរី កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩។
រូបឯកសារ៖ ស្រ្តីពីរនាក់ ដែលត្រូវបានរាយការណ៍ថា ជា​ប្រពន្ធរបស់ពួករដ្ឋឥស្លាម រង់ចាំជាមួយនឹងស្រ្តី និងកុមារដទៃទៀត នៅ​ជំរំ al-Hol តំបន់ al-Hasakeh ប្រទេសស៊ីរី កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩។

គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​មាន​សមាជិក ៣ នាក់​និយាយ​ថា កុមារ​រាប់​ពាន់​នាក់​ដែល​មាន​អាយុ​លើស​ពី ១២ ឆ្នាំ​ដែល​ត្រូវ​បាន​ចាត់ទុក​ថា ជា​អាយុ​អាច​វាយ​ប្រយុទ្ធ​បាន កំពុង​ត្រូវ​បាន​ឃុំខ្លួន​ដោយ​ក្រុម SDF នៅ​ទីកន្លែង​ឃុំឃាំង​ដែល​គ្មាន​ទំនាក់ទំនង​ជាមនុស្ស​នៅ​ខាងក្រៅ ។ 

គណៈកម្មការ​ស៊ើបអង្កេត​របស់​អ.ស.ប ស្តីពី​ប្រទេស​ស៊ីរី បាន​ចេញ​ផ្សាយ​របាយការណ៍​ចុងក្រោយ​ខ្លួន ហើយ​ពួកគេ កំពុងអំ​ពាវនាវ​ឱ្យ​ប្រទេស​នានា​ធ្វើ​មាតុភូមិ​និវត្តន៍​ កុមារ​និង​ម្តាយ​រាប់​ពាន់​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមប្រយុទ្ធ​រដ្ឋ​ឥស្លាម​ដែល​បាន​ហាត់​សមនៅ​ជំរំ​ភៀសខ្លួន Al-Hol របស់​ប្រទេស​ស៊ីរី។

មនុស្ស​ប្រហែល ៧ ម៉ឺន​នាក់​ដែល​ភាគច្រើន​ជា​ស្ត្រី​និង​កុមារ​ដែល​មាន​អាយុ​ក្រោម ១២ ឆ្នាំ កំពុង​ស្នាក់​នៅ​ជំរុំ​ Al-Hol។ ពួកគេ​បាន​ភៀសខ្លួន​ចេញ​ពី​ទីនោះ​បន្ទាប់ពី​មូលដ្ឋាន​ដ៏​រឹងមាំ​របស់​រដ្ឋ​ឥស្លាម Deir al-Zor ត្រូវ​បាន​ក្តោបក្តាប់​ដោយ​ក្រុម​ចម្រុះ​អន្តរជាតិ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​និង​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដឹកនាំ​ដោយ​ជនជាតិ​ឃឺដ ហៅ​កាត់​ថា SDF។

គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​មាន​សមាជិក ៣ នាក់​និយាយ​ថា កុមារ​រាប់​ពាន់​នាក់​ដែល​មាន​អាយុ​លើស​ពី ១២ ឆ្នាំ​ដែល​ត្រូវ​បាន​ចាត់ទុក​ថា ជា​អាយុ​អាច​វាយ​ប្រយុទ្ធ​បាន កំពុង​ត្រូវ​បាន​ឃុំខ្លួន​ដោយ​ក្រុម SDF នៅ​ទីកន្លែង​ឃុំឃាំង​ដែល​គ្មាន​ទំនាក់ទំនង​ជាមនុស្ស​នៅ​ខាងក្រៅ ។

លោក Paulo Pinheiro ប្រធាន​គណៈកម្មការ​ស៊ើបអង្កេត​នេះ និយាយ​ថា​ក្មេងៗ​កំពុង​ត្រូវ​បាន​រក្សា​ទុក​នៅក្នុង​ទីតាំង​សម្ងាត់​មួយ​ជាមួយ​មនុស្ស​ពេញវ័យ​ដែល​គេ​សង្ស័យ​ថា​ ជា​អ្នកប្រយុទ្ធ​របស់​ក្រុម​រដ្ឋឥស្លាម IS ហើយ​ពួកគេ​ស្ថិត​នៅក្នុង​ស្ថានភាព​ដែល​អាច​រង​ការធ្វើ​ទារុណកម្ម ឬ ការធ្វើបាប។

លោក Paulo Pinheiro ថ្លែង​ថា៖

«យើង​គិតថា ការ​កំណត់​អាយុ​ក្រោម​១២ឆ្នាំ​នេះ​ចម្លែក​ណាស់។ ប្រទេស​ជា​សមាជិក​ចំនួន​១៩១​ បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ និង​កុមារ​ចាប់ពី​អាយុ ១២ ឆ្នាំ ដល់ ១៨ ឆ្នាំ ពួកគេ​ជា​កុមារ​និង​ជា​ក្មេងជំទង់…ហើយ​ពួកគេ​ត្រូវបាន​ចាត់ទុកថា​ជា​ភេរវករ​ប្រសិនបើ​ពួកគេ មាន​អាយុលើសពី ១២ ឆ្នាំ។ គណៈកម្មាធិការ​យល់ឃើញ​ថា វា​ជា​អំពើ​ដ៏​គួរ​ឲ្យ​រន្ធត់»។

គណៈកម្មការ​នេះ បាន​ឲ្យ​ដឹង​ថា ប្រទេស​នានា​មាន​ការភ័យខ្លាច​ចំពោះ​ការធ្វើ​មាតុភូមិ​និវត្តន៍​របស់​ម្ដាយ ដែល​បាន​ចូលរួម​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម IS ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ គណៈកម្មការ​នេះ ក៏​បាន​ឲ្យ​ដឹង​ផងដែរ​ថា ការអនុញ្ញាត​ឱ្យ​កុមារ​ដែល​កើត​ចេញ​ពី​ទំនាក់ទំនង​ទាំងនេះ ធំ​ដឹង​ក្តី​នៅក្នុង​ជំរំ នឹង​ធ្វើឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​គ្មាន​ប្រទេស ដែល​ការណ៍​នេះ វា​ជា​ការរំលោភ​ច្បាប់​អន្តរជាតិ។

លោក Hanny Megally ដែល​ជា​សមាជិក​នៃ​គណៈកម្មការ​ស៊ើបអង្កេត​នេះ បាន​ប្រាប់​ VOA ថា ហានិភ័យ​នៃ​ការមិន​ធ្វើ​មាតុភូមិ​និវត្តន៍​កុមារ​ទាំងនេះ នឹង​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​ពួកគេ និង​សង្គម​ទាំងមូល។

លោក Hanny Megally ថ្លែងថា៖

«នៅ​គ្រា​ដែល​យើង​និយាយ​ថា​យើង​មិន​ត្រឹមតែ​ចង់​កម្ចាត់​ភេរវករ​ប្រដាប់​អាវុធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែមទាំង​ដើម្បី​ដោះស្រាយ​នូវ​បុព្វហេតុ​នានា​ដែល​នាំឲ្យ​មនុស្ស​ប្រព្រឹត្ត​អំពើ​ហិង្សា​នោះ យើង​គួរតែ​រក​វិធី​ណា​ដែល​មិន​បង្ក​ទុក្ខ​លំបាក​ដែល​ក្នុង​ពេល​អនាគត​អាច​ធ្វើ​ឲ្យ​មនុស្ស​មួយ​ជំនាន់​ទៀត​ដែល​មាន​ទុក្ខ​ព្រួយ ប្រឆាំងនឹង​នឹង​យើង និង​ប្រឆាំងនឹង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សហគមន៍​និង​បរិយាកាស​ផ្ទាល់​របស់​ពួកគេ»។

លោក Megally និយាយ​ថា ប្រទេស​ នានា​គួរតែ​ដក​ខ្លួន​ឲ្យ​ឆ្ងាយ​ពី​គោលនយោបាយ​ដែល​គាំទ្រការដាក់ទណ្ឌកម្ម​ចំពោះ​អ្នកទាំងឡាយ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម IS ហើយ​គួរតែ​ឆ្ពោះ​ទៅ​រក​ការស្តារ​នីតិសម្បទា​វិញ។ លោក Megally និយាយ ថា​កាលៈទេសៈ​របស់​ប្រជាពលរដ្ឋ​មាន​ភាព​ខុសៗ​គ្នា​ហើយ​ការណ៍​ដែល​ចាត់ទុក​ពួកគេ​ទាំងអស់​ថា​សុទ្ធតែ​ជា​មនុស្ស​អាក្រក់​ វា​គឺ​ជា​កំហុស​ដ៏​ធំ​មួយ។

លោក​មាន​ប្រសាសន៍​ថា ដំណោះស្រាយ​ល្អ​បំផុត គឺ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ពួកគេ​វិញ និង​ដោះស្រាយ​បញ្ហា​នៅក្នុង​ប្រទេស​របស់​ពួកគេ។ លោក​និយាយ​ទៀត​ថា ប្រទេស​លោក​ខាងលិច មាន​ប្រព័ន្ធ​តុលាការ​ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន៕

ប្រែសម្រួលដោយ អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG