ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ជំនាញ​រៀបរាប់​អត្ថប្រយោជន៍​​បញ្ញា​និម្មិត​ក្នុង​វិបត្តិ​សុខភាព​ពិភពលោក


រូបឯកសារ៖ មនុស្សយន្ត​ឈ្មោះ Pepper ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ស្វាគមន៍​និង​ថែទាំ​អ្នកជំងឺ​ ចាប់ដៃ​របស់​ទារក​ដែល​ទើបនឹង​កើត​នៅ​ក្បែរ​ម្ដាយ​របស់​គេ​នៅ​ឯ​មន្ទីរពេទ្យ AZ Damiaan ក្នុង​ទីក្រុង Ostend ប្រទេស​បែលហ្ស៊ិក​នៅ​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៦។ (REUTERS/Francois Lenoir)
រូបឯកសារ៖ មនុស្សយន្ត​ឈ្មោះ Pepper ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ស្វាគមន៍​និង​ថែទាំ​អ្នកជំងឺ​ ចាប់ដៃ​របស់​ទារក​ដែល​ទើបនឹង​កើត​នៅ​ក្បែរ​ម្ដាយ​របស់​គេ​នៅ​ឯ​មន្ទីរពេទ្យ AZ Damiaan ក្នុង​ទីក្រុង Ostend ប្រទេស​បែលហ្ស៊ិក​នៅ​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៦។ (REUTERS/Francois Lenoir)

យ៉ាង​ណា​ក្ដី​ បើ​ទោះ​បី​ជា​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជា​ច្រើន​ក៏​ដោយ ក៏​ក្រុម​អ្នក​ជំនាញ​បាន​សង្កត់​ធ្ងន់​ថា បច្ចេកវិទ្យា​នេះ​ក៏​ដូចជា​បច្ចេកវិទ្យា​គ្រប់​ប្រភេទ​ដទៃ​ទៀត​ផង​ដែរ ​នឹង​មិន​ក្លាយ​ជា​ថ្នាំ​ទិព្វ​ដែល​អាច​ដោះ​ស្រាយ​រាល់​បញ្ហា​នៅ​ក្នុង​វិស័យ​សុខភាព​ពិភពលោក​នោះ​ទេ។

វិស័យ​សុខភាព​ពិភពលោក ក៏​ដូច​ជា​វិស័យ​ផ្សេងៗ​ទៀត​កំពុង​ទទួល​បាន​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន ដោយ​សារ​បច្ចេកវិទ្យា​បញ្ញា​និម្មិត ឬ Artificial Intelligence ហៅ​កាត់​ថា AI។ ការ​ផ្លាស់​ប្តូរ​ទាំង​នេះ បង្ក​ឲ្យ​មាន​ទាំង​ឱកាស​វិជ្ជមាន ទាំង​ការ​ព្រួយ​បារម្ភ​នានា។ កាល​ពី​ដើម​ខែ​មេសា​ឆ្នាំ​២០១៩ ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ USAID ​បាន​ដាក់​ផ្សាយ​របាយការណ៍​ពិសេស​របស់​ខ្លួន​ស្តី​អំពី​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដែល​ត្រឹម​ត្រូវ ក្នុង​វិស័យ​សុខភាព​ពិភពលោក ហើយ​បាន​អញ្ជើញ​ក្រុម​អ្នក​ជំនាញ​បាន​មក​ជួប​ពិភាក្សា​អំពី​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI នេះ នៅ​ឯ​វិទ្យាស្ថាន Aspen ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។


រាប់​តាំង​ការ​ជួយ​ផ្តល់​ព័ត៌មាន​ដល់​វេជ្ជបណ្ឌិត​សម្រាប់​ធ្វើ​រោគវិនិច្ឆ័យ រហូត​ដល់​ការ​ជួយ​ទប់​ស្តាត់​ការ​ផ្ទុះ​រាតត្បាត​នៃ​ជំងឺ​ឆ្លង បច្ចេកវិទ្យា​បញ្ញា​និម្មិត ឬ Artificial Intelligence ហៅ​កាត់​ថា AI នាំមក​នូវ​ការ​រំភើប ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​សុខភាព​ពិភពលោក ខណៈ​ពេល​ដែល​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI នេះ បង្ករ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ទាក់ទង​និង​បញ្ហា​ឯកជនភាព និង​ការ​ការពារ​ទិន្នន័យ​សុខភាព​ផ្ទាល់​ខ្លួន​របស់​អ្នក​ជំងឺ។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដែល​បាន​មក​ជួប​ពិភាក្សា​គ្នា​នៅ​វិទ្យាស្ថាន Aspen ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១​ខែ​មេសា។

កិច្ចពិភាក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​សម្ពោធ​ការ​ចេញ​ផ្សាយ​របាយការណ៍​ពិសេស​របស់​ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ USAID ស្ដី​អំពី​ការ​ស្វែង​រក​ករណី​ប្រើ​ប្រាស់​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដែល​ត្រឹម​ត្រូវ ក្នុង​វិស័យ​សុខភាព​ពិភពលោក។ ក្រុម​អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ទាំង​នេះ បាន​ចែក​រំលែកបទពិសោធន៍​របស់​ពួកគេ​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធវិភាគ ប្រព័ន្ធ​ព្យាករណ៍ និង​ប្រព័ន្ធ​ផ្តស់​អនុសាសន៍​របស់​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដើម្បី​ប៉ុនប៉ង​ជួយ​ដល់​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ដោះ​ស្រាយ​បញ្ហា​សុខភាព​ពិភពលោក​នានា។


យ៉ាង​ណា​ក្ដី​ បើ​ទោះ​បី​ជា​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជា​ច្រើន​ក៏​ដោយ ក៏​ក្រុម​អ្នក​ជំនាញ​បាន​សង្កត់​ធ្ងន់​ថា បច្ចេកវិទ្យា​នេះ​ក៏​ដូចជា​បច្ចេកវិទ្យា​គ្រប់​ប្រភេទ​ដទៃ​ទៀត​ផង​ដែរ ​នឹង​មិន​ក្លាយ​ជា​ថ្នាំ​ទិព្វ​ដែល​អាច​ដោះ​ស្រាយ​រាល់​បញ្ហា​នៅ​ក្នុង​វិស័យ​សុខភាព​ពិភពលោក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញបច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដែល​មាន​អនុភាព​ដ៏​ខ្លាំង​នេះ នឹង​ជួយ​សម្រួល​ដំណើរការ​ផ្សេងៗ​នៅ​ក្នុង​កិច្ច​ការងារ​ថែទាំ​សុខភាព។

ក្រុមអ្នកជំនាញ​ការ​បាន​ពិភាក្សា​គ្នា​អំពី​ករណី​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញានិម្មិត AI នៅក្នុង​វិស័យ​សុខភាព​ពិភពលោក​នៅ​វិទ្យាស្ថាន Aspen ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី១ ខែមេសា ឆ្នាំ២០១៩។ ពី​ឆ្វេង​ទៅ​ស្តាំ៖ លោក Mark Peterson មន្ត្រី​កម្មវិធី​ជាន់ខ្ពស់​មូលនិធិ Bill & Melinda Gates។ លោកស្រី Adele Waugaman ទីប្រឹក្សា​សុខភាព​ឌីជីថល​ជាន់​ខ្ពស់​មជ្ឈមណ្ឌល​នៃ​ការច្នៃប្រឌិត​និង​ផលប៉ះពាល់​របស់​ទីភ្នាក់ងារ USAID។ លោក Sunil Wadhwani ស្ថាបនិក​មូលនិធិ WISH។ លោក Saurabh Johri ប្រធាន​ផ្នែក​វិទ្យាសាស្រ្ត​នៃ​ក្រុមហ៊ុន Babylon Health។ លោក Jay Komarneni ស្ថាបនិក​និង​ជា​ប្រធាន​ក្រុមហ៊ុន Human Diagnosis Project។ លោកស្រី Wendy Taylor សមាជិក​មូលនិធិ Rockefeller (អ្នកសម្របសម្រួល)។ (ចាប ចិត្រា/VOA)
ក្រុមអ្នកជំនាញ​ការ​បាន​ពិភាក្សា​គ្នា​អំពី​ករណី​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញានិម្មិត AI នៅក្នុង​វិស័យ​សុខភាព​ពិភពលោក​នៅ​វិទ្យាស្ថាន Aspen ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី១ ខែមេសា ឆ្នាំ២០១៩។ ពី​ឆ្វេង​ទៅ​ស្តាំ៖ លោក Mark Peterson មន្ត្រី​កម្មវិធី​ជាន់ខ្ពស់​មូលនិធិ Bill & Melinda Gates។ លោកស្រី Adele Waugaman ទីប្រឹក្សា​សុខភាព​ឌីជីថល​ជាន់​ខ្ពស់​មជ្ឈមណ្ឌល​នៃ​ការច្នៃប្រឌិត​និង​ផលប៉ះពាល់​របស់​ទីភ្នាក់ងារ USAID។ លោក Sunil Wadhwani ស្ថាបនិក​មូលនិធិ WISH។ លោក Saurabh Johri ប្រធាន​ផ្នែក​វិទ្យាសាស្រ្ត​នៃ​ក្រុមហ៊ុន Babylon Health។ លោក Jay Komarneni ស្ថាបនិក​និង​ជា​ប្រធាន​ក្រុមហ៊ុន Human Diagnosis Project។ លោកស្រី Wendy Taylor សមាជិក​មូលនិធិ Rockefeller (អ្នកសម្របសម្រួល)។ (ចាប ចិត្រា/VOA)

បច្ចេកវិទ្យា​បញ្ញា​និម្មិត AI សម្រាប់​ការ​ធ្វើ​រោគវិនិច្ឆ័យ

លោក Sunil Wathwani ដែល​បាន​បង្កើត​មូលនិធិ​ Wadhwani សម្រាប់​ការ​ថែទាំ​សុខភាព​ប្រកប​ដោយ​និរន្តរភាព​ ឬ Wadhwani Initiative for Sustainable Healthcare នៅ​ប្រទេស​ឥណ្ឌា និយាយ​ថា​លោក​ចង់​ប្រើ​ប្រាស់​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដើម្បី​បង្កើន​គុណភាព​ជីវិត​របស់​ប្រជាជន​ក្នុង​តំបន់​ក្រី​ក្រ​បី​ពាន់​លាន​នាក់​ដែល​រង​គ្រោះ​ពី​ប្រព័ន្ធ​ថែទាំ​សុខភាព​មិន​ល្អ។

លោក Sunil Wathwani ថ្លែង​ប្រាប់ VOA ថា៖

‍«ដោយ​ប្រើ​ប្រាស់​ស្មាតហ្វូន ដោយ​ប្រើ​ប្រាស់​ក្បួន​ដោះ​ស្រាយ ឬ Algorithms ផ្អែក​លើ​ ​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដោយ​ប្រើ​ប្រាស់​ឧបករណ៍​ចាប់​សំឡេង​ប្រេកង់​ទាប​ឬ Ultrasound ហើយ​ដោយ​ពិនិត្យ​លើ​កត្តា​ហានិភ័យ​មួយ​ចំនួន​ដែល​ស្ត្រី​ផ្សេង​គ្នា​អាច​មាន យើង​អាច​កំណត់​បាន​ថា​ក្នុង​ចំណោម​ស្ត្រី​មាន​ផ្ទៃ​ពោះរាប់​លាន​នាក់​នេះ តើ​ស្ត្រី​រូប​ណា​អាច​ជួប​ការ​លំបាក​ក្នុង​ការ​មាន​ផ្ទៃ​ពោះ។ ហើយ​ក្នុង​ចំណោម​ស្ត្រី​មាន​ស្ថានភាព​ផ្ទៃ​ពោះ​លំបាក​នេះ តើ​យើង​ត្រូវ​ចាត់​វិធាន​ការ​អន្តរាគមន៍​ត្រឹម​ត្រូវ​អ្វី​ខ្លះ ដើម្បី​ធានា​ថា យើង​ការពារ​ជីវិត​របស់​ម្ដាយ​និង​ទារក»។

ស្ថាបនិក​នៃមូលនិធិ​ដើម្បី​ការ​ថែទាំ​សុខភាព​សម្រាប់​ជន​ក្រី​ក្រ​នេះ ក៏​ពង្រីក​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ទៅ​ដល់វិធីសាស្ត្រ​តាមដាន​ជំងឺ​រាតត្បាត ដែល​អាច​ផ្ដល់​ព័ត៌មាន​កាន់​តែ​ល្អ ដើម្បី​ព្យាករណ៍ការ​ផ្ទុះ​រាតត្បាត​នៃ​ជំងឺ​ឆ្លង​ផង​ដែរ។

ស្ថាបនិក Sunil Wathwani និយាយ​បន្ត​ថា៖

«ជំងឺ​ឆ្លង​ដ៏​សាហាវ​បំផុត​នៅ​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ជំងឺ​របេង។ វា​សម្លាប់​មនុស្ស​ជិត​ពីរ​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ ច្រើន​ជាង​ជំងឺ​គ្រុនចាញ់​និង​ជំងឺ​អេដស៍​បូក​បញ្ចូល​គ្នា​ទៅ​ទៀត។ នៅ​វិទ្យាស្ថាន​របស់​យើង យើង​កំពុង​ប្រើ​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដើម្បី​អាច​រក​ឃើញ​មេរោគ​របេងក្នុង​ខ្លួន​អ្នក​ជំងឺ​កាន់​តែ​ឆាប់ ដូច្នេះ​ការ​ព្យាបាល​ដែល​មាន​ប្រសិទ្ធភាព​អាច​ត្រូវ​បាន​ផ្ដល់​ឲ្យ​ទាន់​ពេល​វេលា។ យើង​ក៏​កំពុង​ប្រើបច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដើម្បី​ព្យាករណ៍​ថា តើ​អ្នក​ជំងឺ​ណា​ខ្លះ​អាច​នឹង​ឈប់​ទទួល​បាន​ការ​ព្យាបាល​នោះ ដូច្នេះ​ហើយ​យើង​អាច​ធ្វើ​អន្តរាគមន៍​ជា​មុន‍»។

ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ដូច​ជា ក្រុមហ៊ុន Babylon Health ក្នុង​ទីក្រុង​ឡុងដ៍ ​ចក្រភព​អង់គ្លេស កំពុង​ប្រើ​ប្រាស់​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដើម្បី​បង្កើត​គ្រូពេទ្យ​នៅ​ក្នុង​ហោ​ប៉ៅ​សម្រាប់​ផ្ដល់​ឲ្យ​អ្នក​ជំងឺ​ទទួល​បាន​ព័ត៌មាន​កាន់​តែ​ងាយ​ស្រួល​និង​ឆាប់​រហ័ស ដើម្បី​ណែនាំ​ដល់​ការ​ថែទាំ​សុខភាព​ផ្ទាល់​ខ្លួន​របស់​ពួកគេ បើ​ទោះ​បី​ជា​ពួកគេ​រស់​នៅ​ក្នុង​ទីតាំង​ដាច់​ស្រយាល​បំផុត​ក៏​ដោយ។

លោក Saurabh Johri ប្រធាន​អ្នក​វិទ្យាសាស្ត្រ​នៃ​ក្រុមហ៊ុន Babylon Health ពន្យល់​ប្រាប់​ VOA ថា៖

«ប្រសិន​បើ​អ្នក​ឈឺ​ដោយ​មាន​អាការ​រោគ​មួយ​ចំនួន រ៉ូបត់សន្ទនា ឬ Chatbots ​ផ្អែក​លើ​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI របស់​យើងអាច​សាក​សួរ​អ្នក​ដើម្បីធ្វើ​រោគវិនិច្ឆ័យ​និង​ស្វែង​យល់​ពី​អាការ​រោគ​របស់​អ្នក។ ដោយ​ផ្អែក​លើ​ទិន្នន័យ​សាក​សួរ​នេះ ​រ៉ូបត់សន្ទនាអាច​ផ្ដល់​ជម្រើស​ឲ្យ​អ្នក​ដោយ​ប្រាប់​អ្នក​ថា «អូ អាការ​អ្នក​គឺ​ធ្ងន់ធ្ងរ។ អ្នក​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ទូទៅ ឬ​អ្នក​ថែទាំ​សុខភាព​ប្រចាំ​គ្រួសារ ឬ​អ្នក​គួរ​តែ​ទៅ​មន្ទីរ​សង្គ្រោះ​បន្ទាន់។ ហើយ​លើស​ពី​នេះ យើង​កំពុង​ធ្វើ​ការ​ព្យាករណ៍​អំពី​ហានិភ័យ​យូរ​អង្វែង​របស់​អ្នក​ប្រើ​ប្រាស់​ពាក់​ព័ន្ធ​និង​ជំងឺ​រ៉ាំរ៉ៃ​នានា‍»។

បណ្ដុំ​ទិន្នន័យ​សុខភាព​បង្កើត​ដោយ​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI

យ៉ាង​ណា​មិញ បើ​ទោះ​បី​ជា​មាន​និន្នាការ​គិត​អំពី​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI សម្រាប់​ការ​អនុវត្ត​ផ្នែក​វេជ្ជសាស្ត្រ​ដែល​ទាក់ទង​នឹង​ការ​ព្យាបាល​អ្នក​ជំងឺ​ផ្ទាល់​និង​ការណ៍​ដែល​អ្នក​ជំងឺ​អាច​ទាក់ទង​ជាមួយ​វេជ្ជបណ្ឌិត​និម្មិត​ក៏​ដោយ ក៏​មន្ត្រី​កម្មវិធី​ជាន់ខ្ពស់​នៃ ​មូលនិធិ Bill & Merlinda Gates គឺលោក ​Mark Peterson បាន​និយាយ​ថា​ការ​បង្កើតហេដ្ឋារចនាសម្ព័ន្ធ​ទិន្នន័យ​សុខាភិបាល​ដោយ​ប្រើ​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ក៏​ជា​ផ្នែក​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែរ។ ហើយ​លោក Mark Peterson បន្ត​ថា​មូលនិធិ Bill & Merlinda Gates ក៏​ត្រៀម​ខ្លួន​ផ្ដល់​ថវិកា​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទិន្នន័យ​សុខាភិបាល​នេះ​ផង​ដែរ។

លោក Peterson ថ្លែង​ថា៖

«ឧទាហរណ៍​ដូចជា​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ម៉ាស៊ីន​ចេះ​រៀន Machine Learning ដើម្បី​កត់ត្រា​ទិន្នន័យ​សុខភាព​ជា​ឌីជីថល»។

លោក Peterson ពន្យល់​បន្ថែម​ទៀត​ថា៖

«កម្មវិធី​មួយ​ដែល​មូលនិធិ Bill & Merlinda Gates ផ្តល់​ថវិកា​វិនិយោគ​ ប្រើ​ប្រាស់​បច្ចេកវិទ្យា​ម៉ាស៊ីន​ចេះ​រៀន Machine Learning ឲ្យ​ពិនិត្យ​រូបភាព​ផ្កាយ​រណប​ដើម្បី​ទទួល​បាន​ការ​ប៉ាន់​ប្រមាណ​យ៉ាង​លម្អិត​អំពី​ចំនួន​ប្រជាជន​នៅ​តំបន់​ណា​មួយ។ ដូច្នេះ​ប្រសិន​បើ​អ្នក​ចង់​ដឹង​ថា​តើ​អ្នក​គួរ​បញ្ជូន​ថ្នាំ​វ៉ាក់សាំង​ចំនួន​ប៉ុន្មាន​ទៅ​កាន់​ភូមិ​ណា​មួយ​ ប៉ុន្តែ​ប្រទេស​នោះ​មិន​បាន​ធ្វើ​ជំរឿន​អស់​រយៈ​ពេល ២០ឆ្នំា​ហើយ​នោះ អ្នក​អាច​ចាប់​ផ្ដើម​ប្រើ​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI និង​បច្ចេកវិទ្យា​ម៉ាស៊ីន​ចេះ​រៀន Machine Learning ដើម្បី​ទទួល​ទិន្នន័យ​អំពី​ចំនួន​ប្រជាជន​ក្នុង​ភូមិ​នោះ​កាន់​តែ​ច្បាស់‍»។

ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដើម្បី​បង្កើត​បណ្ដុំ​ទិន្នន័យ​វេជ្ជសាស្ត្រ​គឺ​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​ចំណេះ​ដឹង​របស់​បុគ្គលិក​សុខាភិបាល​នៅ​ទូទាំង​ពិភពលោក។ ក្រុមហ៊ុន Human Diagnosis Project បាន​បង្កើត​ប្រព័ន្ធ​ទិន្នន័យ​មួយ​ដែល​គ្រូពេទ្យ​និង​អ្នក​ឯកទេស​ខាង​វេជ្ជសាស្ត្រ​ដទៃ​ទៀត​ចំនួន​ពីរ​ម៉ឺន​នាក់​មក​ពី​បណ្ដា​ប្រទេស​ប្រហែល​៨០ បាន​ចូល​រួម​ចំណែក​ផ្ដល់​ទិន្នន័យ​ នៅ​ពេល​ពួកគេ​បង្កើត​និង​ដោះស្រាយ​ករណី​ព្យាបាល​នានា។

លោក Jay Komarneni ស្ថាបនិក​និង​ជា​ប្រធានក្រុមហ៊ុន Human Diagnosis Project និយាយ​ថា៖

«អ្វី​ដែល​ពិត​មាន​ឥទ្ធិពល​ខ្លាំង​គឺ​ថា​នៅ​ពេល​ដែល​គ្រូពេទ្យ​កំពុង​ដោះស្រាយ​ករណី​ព្យាបាល ទាំងនេះ យើង​កំពុង​បង្កើត​បណ្ដុំ​ទិន្នន័យដែល​មាន​បរិមាណ​ធំ​សម្រាប់​ការ​វែក​ញែក​ហេតុផល​ខាង​ការ​ព្យាបាល​ជា​លើក​ដំបូង​មួយ»។

ការ​គំរាម​កំហែង​ដល់​ឯកជនភាព​


ក៏​ប៉ុន្តែ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដើម្បី​បង្កើត​បណ្ដុំ​ទិន្នន័យ​វេជ្ជសាស្ត្រ គឺ​ចាំ​បាច់​ត្រូវ​ប្រមូល​និង​ប្រើប្រាស់​ទិន្នន័យ​វេជ្ជសាស្ត្រ​ផ្ទាល់​ខ្លួន​របស់​អ្នក​ជំងឺ​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក។ ក្រុម​អ្នក​ជំនាញ​បាន​យល់​ស្រប​ថា​ការ​បង្កើត​បណ្ដុំ​ទិន្នន័យ​វេជ្ជសាស្ត្រ​ដោយ​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI​ នេះ បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​នានាដែល​បាន​លើក​ឡើង​ក្នុង​អំឡុង​ពេល​កិច្ច​ពិភាក្សា​អំពី​ការ​គំរាម​កំហែង​ដល់​ឯកជនភាព​ ឬ​ទិន្នន័យ​ផ្ទាល់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ។


អ្នក​ចូល​រួម​ស្ដាប់​កិច្ចពិភាក្សា​គឺ​យុវជន Neillan Baptiste បាន​ថ្លែង​ក្នុង​ពេល​សាក​សួរ​ទៅ​កាន់​ក្រុម​អ្នក​ជំនាញ​អំពី​ការ​ព្រួយ​បារម្ភ​ចំពោះការ​កេងប្រវ័ញ្ច​លើ​ទិន្នន័យ​សុខភាព​ផ្ទាល់​ខ្លួន​របស់​អ្នក​ជំងឺ​ថា៖


«ប្រសិន​បើ​អ្នក​គ្រាន់​តែ​យក​ទិន្នន័យ​របស់​មនុស្ស​ទាំង​នេះ​ហើយ​បញ្ជូន​វា​ទៅ​ក្រុមហ៊ុន​ក្រៅ​ប្រទេស​នោះ តើ​ពួកគេ​គ្រាន់​តែ​ជា​ផលិតផល​បញ្ចប់​ឬ​គ្រាន់​តែ​ជា​ការ​វិនិយោគ​របស់​វិនិយោគិន​មែន​ទេ? នេះ​អាច​និយាយ​បាន​ថា​ជា​ការ​មិន​ចាត់​ទុក​ពួកគេ​ជា​មនុស្ស​នោះ​ទេ។ ពិត​មែន​ហើយ យើង​ផ្តល់​ការ​ថែ​ទាំ​សុខភាព​ឲ្យ​ពួក​គេ ហើយ​ជាក់​ស្តែង​វា​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់។ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ពួកគេ​ត្រូវ​មាន​លទ្ធភាព​ទទួល​បាន​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ហើយ​ពួក​គេ​ត្រូវ​មាន​សិទ្ធិ​សម្រេច​ធំ​បំផុត​ក្នុង​ការ​យក​ទិន្នន័យ​របស់​ពួកគេ​ទៅ​ប្រើ​ប្រាស់​លើ​អ្វី​មួយ‍»។

របាយការណ៍ ៤០ទំព័រ​ស្តី​ពី​ការ​កំណត់​ទិស​ដៅ​រួម​សម្រាប់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញានិម្មិត AI នៅ​ក្នុង​វិស័យ​សុខភាព​ពិភពលោក ​បាន​រៀប​រាង​ឡើង​ដោយ​ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ USAID ដោយ​សហការ​ជាមួយ​មូលនិធិ Rockefeller និង​មូលនិធិ Bill & Merlinda Gates។ របាយការណ៍​នេះ​បង្ហាញ​ពី​សក្ដានុពល​ដ៏​មាន​ឥទ្ធិពល​របស់​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ​ក្នុង​ការ​កែ​លំអ​ការ​ថែទាំ​សុខភាព​នៅ​ទូទាំង​ពិភពលោក ជា​ពិសេស​នៅ​ក្នុង​សហគមន៍​ក្រីក្រ​និង​ដាច់​ស្រយាល។ ប៉ុន្តែ​ទិស​ដៅ​រួម​សម្រាប់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI គឺ៖ បន្ត​ប្រើប្រាស់​ដោយ​ក្ដី​ប្រុង​ប្រយ័ត្ន។

អ្នក​ស្រី Wendy Taylor សមាជិក​នៃ​មូលនិធិ Rockefeller ថ្លែង​ថា៖

«សូម​ធានា​ឲ្យ​បាន​ថា​យើង​ធ្វើ​កិច្ចការ​នេះ​បាន​ល្អ។ យើង​ត្រូវ​មាន​ផ្នត់​គំនិត​ថា​មិន​បង្ក​គ្រោះ​ថ្នាក់​អ្វី​ឡើយ ហើយ​ផ្ដោត​លើយុត្តិធម៌​សង្គម​នៅ​ក្នុងការ​ប្រើ​ប្រាស់​ទិន្នន័យ​សុខភាព​របស់​អ្នក​ជំងឺ​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​សីលធម៌»៕

XS
SM
MD
LG