ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​មិន​ឆ្លើយតប​នឹង​ការ​ទាមទារ​របស់​លោក​ត្រាំ​អំពី​ក្រុម​ប្រយុទ្ធរដ្ឋឥស្លាម ដែល​បាន​ចាប់ខ្លួន


រូបឯកសារ៖ កងកម្លាំងយុទ្ធជនស៊ីរីគាំទ្រដោយសហរដ្ឋអាមេរិក អង្គុយនៅខាងក្រៅអគារមួយ នៅភូមិ Baghouz ប្រទេសស៊ីរី កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។ 
រូបឯកសារ៖ កងកម្លាំងយុទ្ធជនស៊ីរីគាំទ្រដោយសហរដ្ឋអាមេរិក អង្គុយនៅខាងក្រៅអគារមួយ នៅភូមិ Baghouz ប្រទេសស៊ីរី កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។ 

សម្ព័ន្ធមិត្ត​អឺរ៉ុប​មិន​បាន​ឆ្លើយ​តប​នឹង​ការ​ទាមទារ​របស់​លោក​ត្រាំ ដែល​ឲ្យ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​ដែល​ត្រូវបាន​ចាប់ខ្លួន​ បន្ទាប់​ពី​ពួកគេ​បាន​ចូលរួម​ប្រយុទ្ធ​ជាមួយ​ក្រុមភេរវកម្ម​រដ្ឋឥស្លាម​នៅ​ប្រទេស​ស៊ីរី។

កាលពី​មុន ក្រុម​រដ្ឋឥស្លាម​បាន​កាន់កាប់​តំបន់​ទំហំ​ប្រមាណ​១សែន​គីឡូម៉ែត្រ​ការ៉េ ហើយ​បាន​គ្រប់គ្រង​មនុស្ស​ប្រមាណ​៨លាននាក់។ ប៉ុន្តែ បច្ចុប្បន្ន​នេះ ក្រុម​ភេរវកម្ម​មួយ​នេះ​បាន​ថយចុះ មក​ត្រឹម​មួយ​ក្រុម​តូច ដែល​ប្រមូល​ផ្តុំ​នៅ​ភូមិ Baghuz ប្រទេស​ស៊ីរី ដោយ​ទទួល​រង​ការ​វាយ​ប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រជាធិបតេយ្យ​ស៊ីរី​ ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។

កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ លោក​ប្រធានាធិបតីត្រាំបាន​បង្ហោះ​សារ​តាម​បណ្តាញ Twitter ថា «‍ក្រុម​ភេរវកម្ម​រដ្ឋឥស្លាម​នឹង​ត្រូវ​ដួល​រលំ»។

ក៏ប៉ុន្តែ សម្ព័ន្ធមិត្ត​អឺរ៉ុប​ ដែល​បាន​ជួបពិភាក្សា​គ្នា​នៅ​ក្នុង​សន្និសីទ​សន្តិសុខ​នៅ​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់ មិន​ប្រាកដ​ថា​ក្រុម​ភេរវកម្ម​មួយ​នេះ​ត្រូវបាន​បង្ក្រាប​ទាំង​ស្រុង​នោះ​ទេ។

លោក Sheikh Mohammed bin Abdulrahman Al-Thani រដ្ឋ​មន្ត្រី​ការបរទេស​កាតា បាន​ថ្លែង​ថា៖ «‍តំបន់​ខ្លះ​ត្រូវបាន​រំដោះ​ចេញ​ពី​ការ​គ្រប់គ្រង​របស់​ក្រុម​រដ្ឋឥស្លាម​ហើយ ប៉ុន្តែ​ក្រុម​រដ្ឋឥស្លាម​នេះ ឬ​អំពើ​ភេរវកម្ម មិន​ទាន់​ត្រូវបាន​បង្ក្រាប​ទាំង​ស្រុង​នោះ​ទេ ដោយសារ​តែ​មនោគមវិជ្ជា​របស់​ក្រុម​នេះ​នៅតែ​មាន ហើយ​មាន​មនុស្ស​បន្ត​រស់នៅ​តំបន់​នោះ ហើយ​បុព្វហេតុ​ដែល​ក្រុម​នេះ​បន្ត​ជ្រើសរើស​សមាជិក​ថ្មី​ នៅតែ​មាន​មូលដ្ឋាន​រឹងមាំ»។

រីឯ​លោក Peter Neumann អ្នក​ជំនាញ​ខាង​ចលនា​ជ្រុលនិយម លើក​ឡើង​ថា ក្រុម​រដ្ឋឥស្លាម នៅតែ​អាច​បន្ត​ពឹង​អាស្រ័យ​លើ​កម្លាំង​ប្រយុទ្ធ​រាប់ពាន់​នាក់​របស់​ខ្លួន។

លោក​បាន​ថ្លែង​ថា៖ «‍ក្រុម​រដ្ឋឥស្លាម​មិនមែន​មាន​នៅតែ​តំបន់​ប្រយុទ្ធ​នោះ​ទេ។ ពួកវា​ជាច្រើន​នាក់​បាន​លាក់​ខ្លួន។ ពួកវា​ខ្លះ​នៅ​ទីក្រុង Mosul ទីក្រុង Raqqa ហើយ​កំពុង​រង់ចាំ​វិល​ត្រឡប់​មក​វាយ​ប្រយុទ្ធ​វិញ»។

កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ លោក​ប្រធានាធិបតី ត្រាំ បាន​សរសេរ​ថា សហភាព​អឺរ៉ុប​គួរ​តែ​មក​ទទួល​យក​ពលរដ្ឋ​ ៨០០នាក់​របស់​ខ្លួន ដែល​បាន​ចូលរួម​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋឥស្លាម​ ហើយ​ដែល​ត្រូវបាន​ចាប់ខ្លួន​បាន​នៅ​ប្រទេស​ស៊ីរី។ លោក Darell Issa អតីត​សមាជិក​រដ្ឋសភា​អាមេរិក បាន​ប្រាប់ VOA ថា​ សម្ព័ន្ធមិត្ត​ទាំងនេះ​គួរតែ​ពិចារណា​សារ​របស់​លោក ត្រាំ។

លោក Darell Issa បាន​ថែ្លង​ថា៖ «‍កាលពី​មុន សហភាព​អឺរ៉ុប​មាន​បំណង​ចង់​ឲ្យ​យើង​ប្រគល់​ពលរដ្ឋ​របស់​ខ្លួន​ដែល​ចូលរួម​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម ហើយ​ដែល​ត្រូវបាន​ចាប់​ខ្លួន​បាន​និង​ឃុំ​ខ្លួន​នៅ​មន្ទីរ​ឃុំឃាំង​យោធា​ Guantanamo ឲ្យ​ប្រទេស​ខ្លួន​វិញ ប៉ុន្តែ​ពួកគេ​មិន​ចង់​កាត់ទោស​ពលរដ្ឋ​ទាំង​នេះ​នៅ​ក្នុង​ប្រទេស​ផ្សេង​ទេ។ ជាលទ្ធផល ពលរដ្ឋ​ទាំង​នេះ​បាន​វិល​ត្រឡប់​ទៅ​សមរភូមិ​វិញ ឬ​ក៏​បាន​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​នៅ​តាម​ប្រទេស​កំណើត​របស់​ពួកគេ។ យើង​សង្ឃឹម​ថា សហភាព​អឺរ៉ុប​បាន​រៀនសូត្រ​ពី​មេរៀន​មួយ​នេះ ហើយ​ត្រៀម​ខ្លួន​ដើម្បី​ទទួល​យក​ពលរដ្ឋ​ទាំង​នេះ ហើយ​កាត់ទោស​ពួកគេ»។

លោក Neumann អ្នក​វិភាគ​អំពី​ចលនា​ជ្រុល​និយម យល់​ស្រប​នឹង​ការ​លើក​ឡើង​នេះ។

លោក​បាន​ថ្លែង​ថា៖«‍វា​គួរតែ​មាន​គោលការណ៍​សាមញ្ញ​មួយ ដែល​កំណត់​ថា ប្រទេស​នីមួយៗ​ត្រូវតែ​ទទួល​ខុសត្រូវ​លើ​ពលរដ្ឋ​របស់​ខ្លួន»។

ប៉ុន្តែ អ្នកស្រី Karin von Hippel អ្នក​វិភាគ​ខាង​សន្តិសុខ បាន​លើកឡើង​ថា សារ​តាម​បណ្តាញ Twitter របស់​លោក​ ត្រាំ មិន​បង្ហាញ​ការ​គោរព​ដល់​សម្ព័ន្ធមិត្ត​អឺរ៉ុប​ទេ។

អ្នកស្រី​ថ្លែង​ថា៖ «‍នេះ​គឺជា​បញ្ហា និង​ការ​ប្រឈម​រួម​គ្នា​មួយ។ ពួក​ក្រុម​រដ្ឋ​ឥស្លាម ​អាច​នឹង​វាយ​ប្រហារ​ពលរដ្ឋ​អាមេរិក និង​សហរដ្ឋ​អាមេរិក ហើយ​ក៏​អាច​វាយ​ប្រហារ​ពលរដ្ឋ​អឺរ៉ុប និង​បណ្តា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​ដូចគ្នា»។

មក​ទល់​ពេល​នេះ បណ្តា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​មិន​ទាន់​ឆ្លើយតប​នឹង​សារ​តាម​បណ្តាញ​ Twitter របស់​លោក ត្រាំ ទេ។

លោក ត្រាំ មិន​បាន​ចូលរួម​នៅ​ក្នុង​សន្និសីទ​សន្តិសុខ​នៅ​ទីក្រុង Munich ទេ ក៏ប៉ុន្តែ សារ​តាម​បណ្តាញ Twitter របស់​លោក បាន​ក្លាយ​ជា​ប្រធាន​បទ​ពិភាក្សា​នៅ​ក្នុង​សន្និសីទ​នេះ ហើយ​បាន​ក្លាយ​ជា​សំណួរ​ដ៏​សំខាន់​មួយ​ថា តើ​ក្រុម​រដ្ឋឥស្លាម​ពិតជា​ត្រូវបាន​ផ្តួល​រំលំ ឬ​ថា​តើ​ក្រុម​ភេរវកម្ម​មួយ​នេះ​នឹង​អាច​វិល​ត្រឡប់​មក​បង្ក​ការ​គំរាម​កំហែង​ដល់​ពិភពលោក​ម្តង​ទៀត​ដែរ​ឬ​យ៉ាងណា៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG