លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជាបានបិទបញ្ចប់បេសកកម្មរបស់លោករយៈពេល៦ឆ្នាំក្នុងប្រទេសកម្ពុជាហើយក្នុងរយៈពេល៦ឆ្នាំកន្លងផុតទៅនេះលោកបានវាយតម្លៃស្ថានភាពជាទូទៅថាមានលក្ខណៈល្អប្រសើរ។
ក៏ប៉ុន្តែអ្វីដែលលោកលើកឡើងថាមានលក្ខណៈល្អប្រសើរនោះមិនមែនល្អប្រសើរខាងការគោរពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិទេគឺល្អប្រសើរដោយសារលោកឃើញប្រជាពលរដ្ឋមានភាពក្លាហានក្នុងការហ៊ានប្រឆាំងនឹងអំពើអយុត្តិធម៌ ចំណែកឯយុវជនមានសេចក្តីក្លាហានច្រើនក្នុងការចូលរួមសកម្មភាពក្នុងសង្គម។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់លោក សុរិយា ប្រាសាទស៊ូប៊ែឌី ដែលបានចេញផ្សាយមុនបញ្ចប់បេសកកម្មរបស់លោកចំនួន៦ឆ្នាំនៅកម្ពុជាលោកបានលើកឡើងថាប្រព័ន្ធយុត្តិធម៌គឺជាស្ថាប័នគន្លឹះដើម្បីធានាការពារសិទ្ធិមនុស្ស ហើយរហូតមកដល់ពេលនេះតុលាការនៅកម្ពុជាមិនទាន់បានផ្តល់យុត្តិធម៌ តាមវិធីដែលប្រជាពលរដ្ឋបានទាមទារឡើយ។
លោកមានប្រសាសន៍ថា មានករណីរំលោភសិទ្ធិមនុស្សជាច្រើនដែលមិនទាន់ចាប់បានអ្នកទទួលខុសត្រូវនិងយកមកផ្តន្ទាទោសឡើយ។
លោកនិយាយថា៖ «ខ្ញុំគ្រាន់តែលើកឡើងចំពោះករណីនៃព្រឹត្តិការណ៍ថ្ងៃទី២និងទី៣ ខែមករាឆ្នាំមុនដែលកាលនោះគឺមានមនុស្ស៥នាក់ត្រូវបានបាញ់សម្លាប់ ហើយមនុស្សម្នាក់បានបាត់ខ្លួន និងរងរបួសជាច្រើននាក់ទៀត»។
លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី ត្រូវបានអង្គការសហប្រជាជាតិតែងតាំងឱ្យទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាកាលពីអំឡុងឆ្នាំ២០០៩ ហើយលោកគ្រោងនឹងបញ្ចប់អណត្តិរបស់ខ្លួននៅខែកុម្ភៈខាងមុខនេះ។
ក្នុងរយៈពេល៦ឆ្នាំកន្លងទៅនេះលោកបានធ្វើដំណើរបេសកកម្មមកកម្ពុជាចំនួន១២លើក និងបានដាក់របាយការណ៍ចំនួន៥ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលរបាយការណ៍នីមួយៗបានវិភាគលម្អិតអំពីស្ថានភាពសិទ្ធិមនុស្សក្នុងដំណាក់កាលនិមួយៗ និង វិធីសាស្ត្រជាច្រើនបែបដោយផ្តោតជាពិសេសលើការកែទម្រង់ប្រព័ន្ធតុលាការ សភា ការបោះឆ្នោត និង ដីធ្លី។
លោក ស៊ូប៊ែឌី មានប្រសាសន៍ថាលោកមានការសោកស្តាយដោយឃើញស្ថាប័នរដ្ឋភាគច្រើនដែលទទួលខុសត្រូវក្នុងការលើកស្ទួយសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋ តែជាអកុសលនៅខ្វះគណនេយ្យភាព និង តម្លាភាព ដែលចាំបាច់ឱ្យប្រជាពលរដ្ឋមានការជឿជាក់និង ការជឿទុកចិត្តបាន។
លោកបញ្ជាក់ថារហូតមកដល់ពេលនេះតុលាការកម្ពុជាមិនទាន់បានផ្តល់យុត្តិធម៌ តាមនីតិវិធីដែលប្រជាជនទាមទារបានឡើយ។
លោក នី ចរិយា ប្រធានក្រុមស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុកមានប្រសាសន៍ថាប្រព័ន្ធតុលាការនៅតែមិនអាចប្រែប្រួលទេហើយត្រូវបានគណបក្សគ្រប់គ្រងអំណាចនៅតែប្រើប្រាស់ជាឧបករណ៍នយោបាយ។
លោកមានប្រសាសន៍ថា៖ «ស្ថិតនៅក្រោមអំណាចនយោបាយដោយសារតែគណបក្សកាន់អំណាចកំពុងតែប្រើប្រាស់ប្រព័ន្ធតុលាការនេះជាមធ្យោបាយ សម្រាប់ធ្វើការគាបសង្កត់ទៅលើកម្លាំងនយោបាយដទៃទៀត»។
មន្ត្រីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ មិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបានទេដោយទូរស័ព្ទមិនមានអ្នកទទួល៕