ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បេសកជន​អ.ស.ប​នឹង​ពិចារណា​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​នយោបាយ

  • ហេង រស្មី

លោក​ សុរិយា​ ប្រាសាទ​ ស៊ូប៊ែឌី​ (Surya Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​​ អាន​ថ្លែង​​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ ខែ​មករា ឆ្នាំ​២០១៤។
ក្រោយពី​បញ្ចប់​បេសកម្ម​ស្វែង​រក​ការណ៍​ពិត​ លោក​ សុរិយា​ ប្រាសាទ​ ស៊ូប៊ែឌី​ (Surya Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​អះអាង​ថា ​លោក​នឹង​ពិចារណា​ធ្វើ​ជាអ្នក​សម្រប​សម្រួល​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​នៅ​ពេល​ណា​ដែល​មាន​ការ​ស្នើ​សុំ​ជា​ផ្លូវ​ការ​ពី​គណបក្ស​ដែល​កំពុង​មាន​ទំនាស់​ទាំងពីរ​ក្នុង​ប្រទេស​កម្ពុជា។



កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ​ក្រោយ​ពី​បញ្ចប់​ជំនួប​គ្នា​មួយ​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ និង​ លោក​ សុរិយា ប្រាសាទ​ស៊ូប៊ែឌី​ ​លោក​ ឱម យ៉ិន​ទៀង​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​លោក​ចង់​ឱ្យអង្គការ​សហ​ប្រជាជាតិ​នាំ​យក​នូវ​សារ​របស់​លោក​នាយករដ្ឋ​មន្ត្រីប្រាប់​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យចូលរួម​ប្រជុំ​សភា​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ផ្សេងៗ​ដែល​កំពុង​ជាប់​គាំង។​

ថ្លែង​ក្នុង​អង្គសន្និសីទ​កាសែត​នៅ​ទី​ស្នាក់ការ​របស់​អង្គការ​សហ​ប្រជាជាតិ​ បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ​លោក​ សុរិយា ប្រាសាទ​ស៊ូប៊ែឌី​ បាន​បញ្ជាក់​ថា​បើ​មាន​ការស្នើ​សុំ​ពី​គណបក្ស​ទាំង​ពីរ​ឱ្យលោក​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ដើម្បី​បញ្ចប់​វិបត្តិ​នយោ​បាយ​នៅ​កម្ពុជា​លោក​នឹង​ពិចារណា។​

លោក​និយាយ​ថា៖​ «ប្រសិន​បើ​ភាគី​ទាំង​ពីរ​ស្នើ​សុំ​ដល់​ខ្ញុំ​ឬក៏​ទៅ​កាន់​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​ធ្វើ​ជាអ្នក​សម្រប​សម្រួល​នោះ​យើង​នឹង​ពិចារណា​ថា​តើ​ការ​ស្នើ​សុំ​នោះ​មាន​ភាព​ប្រាកដ​ប្រជា​ប៉ុន្មាន?​បន្ទាប់​មក​យើង​នឹង​ឆ្លង​យោបល់​ទៅ​កាន់​អង្គការ​សហប្រជាជាតិ​ហើយ​យើង​នឹង​ពិចារណា​សំណើ​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត»។​

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ឈ្នះ​ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨​ខែកក្កដា​ឆ្នាំ​២០១៣​បាន​បន្ត​បែរ​ខ្នង​ដាក់​គ្នានៅ​ឡើយ​ដែល​បង្ក​ឱ្យវិបត្តិ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង​៦​ខែ​មក​ហើយ។​

លោក​ សុរិយា​ ប្រាសាទ​ ស៊ូប៊ែឌី​ មាន​ប្រសាសន៍​ថា​ដើម្បី​រក​ដំណោះ​ស្រាយ​ភាព​ជាប់​គាំង​នយោ​បាយ​ គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​គួរ​តែ​បន្ត​យន្តការ​ចរចា​របស់​ខ្លួន​ឡើង​វិញ។​

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​សំខាន់ៗ​ជា​ច្រើន​នាក់​មិន​អាច​ស្នើ​សុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេដោយ​ទូរស័ព្ទ​គ្មាន​អ្នក​ទទួល។​

កាល​ពី​ម្សិល​មិញ​លោក​ ឱម យ៉ិនទៀង​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​បញ្ជាក់​ថា​ទ្វារ​ចរចា​នៅ​តែ​បើក​ចំហរ​សម្រាប់​ការ​ចរចា​ដើម្បី​ទម្លុះទម្លាយ​ភាព​ជាប់​គាំង​នយោបាយ។​

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ថា​ច្បាស់​ណាស់​ថា​អង្គការ​សហ​ប្រជាជាតិ​គួរ​តែ​ដើរ​តួនាទី​មួយ​ជាវិជ្ជមាន​ពី​ព្រោះ​អ្នក​ណា​ក៏​គេ​គោរព​អង្គការ​សហ​ប្រជាជាតិ​ដែរ។​លោក​បាន​ឱ្យដឹង​ថា​អង្គការ​សហ​ប្រជាជាតិ​បាន​ធ្លាប់​ជួយ​ពង្រឹង​ប្រជាធិបតេយ្យ​តាម​រយៈ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​១៩៩៣។​

លោក​បាន​បញ្ជាក់​ទៀត​ថា​បើ​មាន​ការ​ស្នើ​សុំ​ឱ្យអង្គការ​សហប្រជាជាតិ​ចូល​ខ្លួនមក​សម្រប​សម្រួល​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នយោ​បាយ​គណបក្ស​ទាំង​ពីរ​គួរ​តែ​សរសេរ​លិខិត​ព្រមៗ​គ្នា​ដើម្បី​រក​អន្តរាគមន៍​ពី​អង្គការ​សហ​ប្រជាជាតិ។​

លោក​និយាយ​ថា៖​ «បើ​គណបក្ស​ប្រជាជន​នឹង​ធ្វើ​ដែរ​យើង​ធ្វើ​ទន្ទឹម​គ្នា​ពីព្រោះ​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​តែ​ម្នាក់​ឯង​ធ្វើ​ក៏​មិន​គ្រប់​គ្រាន់​ដែរ​ពី​ព្រោះ​អង្គការ​សហ​ប្រជាជាតិ​ត្រូវការ​ពី​ភាគី​ទាំង​ពីរ»។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​នៅ​តែ​ទាមទារ​ឱ្យកែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​និង​ទាម​ទារ​ឱ្យបោះ​ឆ្នោត​ឡើង​វិញ​មុន​ពេល​ដែល​គណបក្ស​នេះ​ចូល​រួម​តុចរចា​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ការ​ទាមទារ​នេះ​ត្រូវ​បាន​គណបក្ស​ប្រជាជន​ជំទាស់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG