ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សិទ្ធិ​មនុស្ស​អ.ស.ប.​សម្តែង​​កង្វល់​ពេល​ដែល​ការ​កោះ​ហៅ​អ្នក​ប្រឆាំង​កើន​ដល់​ជាង​១០០​នាក់


រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត​ (Rhona Smith) អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយ នៅរាជធានីភ្នំពេញ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។

មន្ត្រី​​អ.ស.ប.​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​លើក​ពី​កង្វល់​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​ការ​តាម​យាយី​លើ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។​ រហូត​មក​ទល់​ពេល​នេះ​ សកម្មជន​នយោបាយ​អតីត​បក្ស​ប្រឆាំង​ជាង​១០០​នាក់​ហើយ​ត្រូវ​កោះ​ហៅ​និង​ត្រូវ​ចាប់​ឃុំឃាំង។

អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​(អ.ស.ប.)​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​សម្តែងការ​ព្រួយ​បារម្ភ​នៅ​ថ្ងៃ​អង្គារ​នេះ​ចំពោះ​ការ​កោះ​ហៅ​និង​ការ​ឃុំ​ខ្លួន​សកម្មជន​នយោបាយរបស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រីករាលដាល។​

កង្វល់​របស់​លោកស្រី ​រ៉ូណា ស្មីត ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​តុលាការ​ខេត្ត​បាត់ដំបង​បាន​កោះ​ហៅ​អតីតសកម្ម​ជន​នយោបាយ​ប្រឆាំង​ចំនួន​បួន​នាក់​បន្ថែម​ទៀត​មក​សាកសួរ​ ខណៈ​ដែល​ការ​កោះ​ហៅអតីត​អ្នក​នយោបាយ​ប្រឆាំង​បានកើន​ដល់ជាង​១០០​នាក់នៅ​ក្នុង​ខេត្ត​មួយ​ចំនួន។​

ក្នុង​សេចក្តី​ប្រកាស​មួយ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​អ.ស.ប.​ ​អ្នក​រាយ​ការណ៍​ពិសេស​លោកស្រី ​រ៉ូណា ស្មីត​ បាន​សរសេរ​ថា​ «ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​កំពុង​តាមដាន​ដោយ​កង្វល់​អំពី​ស្ថាន​ភាព​របស់​អតីត​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​កោះ​ហៅ​ឬ​ឃុំ​ខ្លួន​ដោយ​មន្ត្រី​នគរបាល ​ឬ​តុលាការ»។​

អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិបាន​លើក​ឡើង​វិញ​នូវ​សេចក្តី​ថ្លែង​ការណ៍​របស់​លោកស្រីក្នុង​អំឡុង​ពេល​បេសក​កម្ម​របស់​លោក​ស្រី​នា​ពេល​ថ្មីៗ​នេះ​ថា ​«មាន​តម្រូវ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​នយោបាយ​ដែល​ផ្តោត​ទៅ​លើ​ការ​ដោះ​ស្រាយ​បញ្ហា​ជា​ជាង​ផ្តោត​លើ​បញ្ហា​បុគ្គល​នានា»។​ លោក​ស្រី​សង្កត់​ធ្ងន់​ថា​«ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ ​រួម​ជា​មួយ​នឹង​ការ​ការ​ពារ​ដោយ​ច្បាប់​នៃ​សេរីភាព​បញ្ចេញ​មតិ​ អាច​ជួយ​ឲ្យ​មាន​ភាព​ជោគជ័យ​លើ​បញ្ហា​ប្រឈម​នានា​ស្តីពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​មូល‍»។​

ទោះ​ជាយ៉ាង​ណា លោក សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច ​បាន​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ព្រួយ​បារម្ភ​របស់​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ថា​ ​កង្វល់​របស់​លោកស្រី​ស្មីត​គឺជា​ទម្លាប់​របស់​លោកស្រី​ទៅ​ហើយ​ ​ហើយ​លោក​បាន​ឆ្លើយ​តប​បញ្ច្រាស​មក​វិញ​ថា ​លោកស្រី​ ស្មីត ​គួរតែ​ទៅ​អប់​រំ​ក្រុម​ប្រជា​ពលរដ្ឋ​ក្នុង​បក្ស​ប្រឆាំង​កុំ​ឲ្យ​ប្រព្រឹត្ត​ខុស​ច្បាប់។​

នៅ​ព្រឹកថ្ងៃ​អង្គារ​នេះ​ដែរ​ ​អតីត​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិចំនួន​បួន​នាក់​បន្ថែម​ទៀត​ រួម​មានលោក​ ស៊ុន ចំរើន​ អតីត​មេឃុំ​ពាម​ឯក​ ​លោក​ ភឿក ឡំ ​អតីត​មេឃុំ​សំរោង​ក្នុង ​ អ្នកស្រី នី រំដួល ​អតីត​មេឃុំ​ព្រែក​ហ្លួង ​និង​លោក​ សុខ សុភ័ក្រ្ត​ ជំទប់​ទី​១​ឃុំ​ព្រែក​នរិន្ទ ​បាន​ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​បាត់​ដំបងពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ប្រឆាំង ​និង​បំពាន​សាលដីកា​តុលាការ​កំពូល។ ​តុលាការ​កំពូលបាន​សម្រេចរំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ចុង​ឆ្នាំ​២០១៧។

យោង​តាម​លោក យិន ម៉េងលី​ អ្នក​សម្រប​សម្រួល​ប្រចាំ​ខេត្ត​បាត់ដំបង​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​(Adhoc) ​លើក​ឡើង​ថា​ ​ ករណី​កោះ​ហៅ​អតីត​មន្រ្តី​ និង​អតីត​សកម្មជន​របស់​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ ជាមួយ​នឹង​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​ និង​ការ​ចេញ​វីដេអូ​គាំទ្រ​ដល់​សកម្ម​ភាព​របស់​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​គឺ​លោក សម រង្ស៊ី។

លោក យិន ម៉េងលី ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ចប់​ករណី​ចោទសួរ​ទៅ​លើ​អតីត​សកម្មជន​គណបក្ស​ប្រឆាំង ​ដោយ​ផ្អែក​ទៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​យោបល់។​

«តុលាការ​ ឬ​អាជ្ញាធរ​គប្បី​តែ​បញ្ចប់​បញ្ហា​នេះ​ កុំ​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​យើង​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។ ​គប្បី​បញ្ចប់​រឿង ​តម្កល់​បញ្ហា​នេះ​ទៅ ​ព្រោះ​វា​ជា​សិទ្ធិ ​វាជាសេរី​ភាព​ទេ ​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​ មិនមែន​ជា​ចលនា​ ហើយ​ក៏​មិនមែន​ជា​ការ​ប្រឆាំង​នឹង​សាលដីកា​អី​ដែរ​ បាទ»។​ ​

លោក ​អំ សំអាត​ ប្រធានគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ ​(LICADHO) ​បាន​ប្រាប់​ VOA ថា​ ការ​ចាប់​ខ្លួន​អតីត​មន្រ្តី​និង​សកម្ម​ជន​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ឆាក​នយោបាយ ​ក៏​ដូច​ជា​ដំណើរ​ការប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មក​លើកម្ពុជា។​

«បើ​យើង​មើល​ទៅ​ វា​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៀត​សម្រាប់​សិទ្ធិ​សេរី​ភាព​របស់​ប្រជា​ពលរដ្ឋ ​ជា​ពិសេស​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ការ​ចូល​រួម​ទាក់ទង​នឹង​ជីវភាព​នយោបាយ។ ​ហើយ​ខ្ញុំ​គិត​ថា​ វា​អាច​នឹង​ប៉ះពាល់​បន្ថែម​ទៀត​ ទាក់ទង​នឹង​ដំណើរ​ការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​ហ្នឹង​ផង​ដែរ​ បាទ»។​

លោក អំ សំអាត​ក៏​បាន​ផ្តល់​ការ​សន្មត​ផង​ដែរ​ថា​ ​យ៉ាង​ហោចណាស់​អតីត​មន្រ្តី​និង​សកម្មជន​ជាង​១០០​នាក់​នៃគណបក្ស​ប្រឆាំង​នៅ​ទូទាំង​ប្រទេស​កំពុង​ប្រឈម​នឹង​ការ​ឃ្លាំ​មើល ​ឬ​ការ​កោះ​ហៅ​សាកសួរពី​សំណាក់​អាជ្ញាធរ​មក​ទល់​ពេល​នេះ​ ដែល​រួម​មាន​នៅ​ខេត្ត​បាត់ដំបង ​កំពង់ស្ពី ​កំពង់ធំ​ កណ្តាល ​និង​បន្ទាយមានជ័យ។​

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នេះ​ ​លោក ប៉ុល​ ទិត្យ​ធានី ​អាយុ​៤៩​ឆ្នាំ ​ដែល​ជា​អតីត​ហិរញ្ញិក​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង​ ត្រូវ​ចាប់​និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ស្រុក​កំពង់ត្រឡាច ​ខេត្ត​កំពង់​ឆ្នាំង​ ក្រោម​បទ​ចោទ​ថា​ លោក​ធ្វើ​សកម្ម​ភាព​ផ្តល់​សេវា​សុខាភិបាល​ខុស​ច្បាប់។​

VOA ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពីអ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​គឺ​លោក ជិន ម៉ាលីន​និង​លោក ​គឹម សន្តិភាព​ ​ព្រមទាំង​លោក ​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋា​ភិបាល​បានទេ​មក​ទល់​ថ្ងៃ​អង្គារ​នេះ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG