ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រេសិតពិសេសរបស់អ.ស.ប.លោកស្រីរ៉ូណា ស្មីតនឹងបំពេញទស្សនកិច្ចនៅកម្ពុជានៅចុងខែមេសា


អ្នកស្រី រ៉ូណា ស្មីត​ ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ធ្វើ​សន្និសីទ​ព័ត៌មាន​ នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨។ (ហ៊ុល រស្មី​/VOA)

នេះគឺជាដំណើរទស្សនកិច្ចការងារលើកទី៧ របស់លោកស្រី រ៉ូណា ស្មីត មកប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៥។

ការ​មិន​រើសអើង​ សមភាព​ ការ​ចូល​រួម​និង​គណនេយ្យភាព​ជា​ការ​ផ្តោត​ពិសេស​ក្នុង​ទស្សនកិច្ចរបស់​លោក​ស្រី ​រ៉ូណា ស្មីត (Rhona Smith) ​អ្នក​រាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ដែល​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ចុង​ខែ​មេសា។​ នេះ​បើយោងតាម​សេចក្តី​ថ្លែងការណ៍​របស់​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដែល​ ​VOA បាន​ទទួល។

​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ឱ្យ​ដឹង​ថា ​ប្រេសិត​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ ​លោកស្រី​ ​រ៉ូណា​ ស្មីត នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ ​ចាប់​ពី​ថ្ងៃទី​ ​២៩​ ​ខែ​មេសា​ ​ដល់​ថ្ងៃទី​ ​០៩​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២០១៩​ ​តាម​ការ​អញ្ជើញ​របស់​រាជរដ្ឋាភិបាល ​ដែល​នេះ​ជា​ទស្សនកិច្ច​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៩។​ ក្នុង​ដំណើរ​បេសកកម្ម​រយៈពេល​១១​ថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា​ លោកស្រី​ស្មីត នឹង​បន្ត​ផ្តោត​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បច្ចុប្បន្ន​ រួម​ទាំង​តាមដាន​ការវិវត្ត​នានា​ចាប់​តាំង​ពី​បេសកកម្ម​លើក​ចុង​ក្រោយ​របស់​លោកស្រី​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​កន្លង​ទៅ។​

លោកស្រី​ រ៉ូណា ស្មីត ត្រូវ​បាន​គេ​ស្រង់​សម្តី​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល​ថា៖​

«ខ្ញុំ​មាន​បំណង​បន្ត​ការ​ពិនិត្យ​ផង​ដែរ​ទៅ​លើ​វិស័យ​សិទិ្ធ​មនុស្ស​ទាក់ទង​នឹង​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ ​ដោយ​ពិនិត្យ​ជា​ពិសេស​ទៅ​លើ​ការ​មិន​រើសអើង​ ​និង​សមភាព​ ​ព្រមទាំង​ការ​ចូលរួម​ ​និង​គណនេយ្យភាព»។

នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​ការងារ​លើក​ទី​៧​ ​របស់​លោកស្រី​ រ៉ូណា ស្មីត​ មក​ប្រទេស​កម្ពុជា ​ចាប់​តាំង​ពី​ឆ្នាំ​២០១៥។​ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​រូប​នេះ​ ​តែង​តែ​ផ្តោត​លើ​ប្រធានបទ​ខុស​គ្នា​ជា​រៀងរាល់​ពេល​។​

អ្នកស្រី​ សេង រាសី ​នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ​ (Silika)​ ដែល​ជា​អង្គការ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ស្រ្តី​ ​លើក​ឡើង​ពី​ការ​បារម្ភ​របស់​អ្នកស្រី​ទាក់ទិន​នឹង​ក្រម​សីលធម៌​ក្នុង​ការបញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម ​ដែល​វា​បាន​បង្ហាញ​ពី​ការ​រើសអើង​និង​ផលប៉ះពាល់​ដល់​ស្រ្តីនិង​សិទ្ធិ​របស់​ពួកគេ​ ហើយ​អ្នកស្រី​សង្ឃឹម​ថា ​នឹង​មាន​ការ​ជជែក​គ្នា​ជាមួយ​លោកស្រី​ រ៉ូណា ស្មីត​ អំឡុង​ទស្សនកិច្ច​របស់​លោក​ស្រី​មក​កម្ពុជា​នៅ​ចុងខែ​មេសា​នេះ។​

កញ្ញា សេង រាសី មន្ត្រីអង្គការសីលការ មានវត្តមានផ្ដល់កិច្ចសម្ភាស នៅការិយាល័យ VOA ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨។ (ទែន សុខស្រីនិត/VOA)
កញ្ញា សេង រាសី មន្ត្រីអង្គការសីលការ មានវត្តមានផ្ដល់កិច្ចសម្ភាស នៅការិយាល័យ VOA ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨។ (ទែន សុខស្រីនិត/VOA)

អ្នក​ស្រី​បាន​និយាយ​ថា​ប្រាប់​ VOA​ តាម​ទូរស័ព្ទ​ថា៖​

«យើង​មើលតែ​ការ​ជជែក​គ្នា​នៅ​ក្នុង​បណ្តាញ​សង្គម​ទៅ​ ហើយ​សួរ​ថា​ អាហ្នឹង​វា​ប៉ះ​ពាល់ម៉េច​នឹង​ការ​រើស​អើង​ វា​ប៉ះពាល់​ម៉េច​ចំពោះ​ភាព​មិន​ស្មើ​គ្នា​ ពីព្រោះ​អី​ការ​ជជែក​ទាំងអស់​នោះ​ ចង់​មិន​ចង់​គាត់​បាន​យក​រាងកាយ​របស់​ស្រ្តី​ គាត់​បាន​យក​រឿងរ៉ាវ​របស់​ស្រ្តី​យក​មក​ជជែក​គ្នា ​ដោយ​អត់​មាន​ការ​គោរព​ យក​មក​ជជែក​ប្រកប​ដោយ​មាន​ការ​រើសអើង រើស​អើង​ទៅ​លើ​ភេទ រើសអើង​ទៅ​លើ​យេនឌ័រ​របស់​គាត់»។​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ជិន ម៉ាលីន​ បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​មាន​ការ​វិវត្ត​ជា​វិជ្ជមាន​ច្រើន​ ហើយ​ប្រធានបទ​ទាក់ទិន​នឹង​ការ​រើសអើង​ដែល​លោកស្រី​ រ៉ូណា ស្មីត ​នឹង​លើក​យក​ពិភាក្សា​ក្នុង​ជំនួប​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​លើក​នេះ​ ក៏​មិនមែន​ជា​បញ្ហា​ប្រឈម​អ្វី​ធំ​ដុំ​ដែល​យើង​គួរ​តែ​បារម្ភ​នោះ​ដែរ។​

លោក​ ជិន ម៉ាលីន​ បាន​ប្រាប់​ VOA​ យ៉ាង​ដូច្នេះ​ថា៖​

«ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​យើង​នៅ​មាន​កម្រិត ក៏​ដូច​ជា​អាជ្ញាធរ​របស់​យើង​នេះ ការ​យល់​ដឹង​របស់​គាត់​ទាក់ទង​នឹង​ច្បាប់​អន្តរជាតិ គោលការណ៍​អន្តរជាតិ​ក៏​វា​នៅ​មាន​កម្រិត អ៊ីចឹង​បញ្ហា​ហ្នឹង​វា​នៅ​មាន​ក៏​ប៉ុន្តែ​វា​មិន​មែន​ជា​បញ្ហា​ធំ​ បញ្ហា​អី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​អី​ណាស់​ណា​ទេ ទាក់ទង​នឹង​ការ​រើស​អើង​នេះ​បាទ»។​

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំនៅ​ក្រសួង​យុត្តិធម៌ នាថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។(កាន់ វិច្ឆិកា/VOA)
លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំនៅ​ក្រសួង​យុត្តិធម៌ នាថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។(កាន់ វិច្ឆិកា/VOA)

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ដដែល​ ​បន្ថែម​ថា ​លោក​គាំទ្រ​ទស្សនកិច្ច​របស់​លោក​ស្រី​ រ៉ូណា ស្មីត​ ដោយ​សារ​តែលោកស្រី​តែងតែ​ផ្តោត​លើ​ប្រធានបទ​ផ្សេង​គ្នា ​និង​មិន​មាន​និន្នាការ​នយោបាយ ​មិន​ដូច​ជា​អ្នក​រាយការណ៍​អន្តរជាតិ​ផ្សេង​ទៀត។​

លោក​ ជិន ម៉ាលីន​ បាន​បន្ថែម​ថា៖​

«បាទ​ខ្ញុំ​គិត​ថា​ គាត់​មក​ល្អ​ពីព្រោះ​គាត់​តែងតែ​ផ្តោត​ទៅ​លើ​ប្រធានបទ​ផ្សេងៗ​ទាក់ទង​នឹង​ទិដ្ឋភាព​បច្ចេកទេស​នៃ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព។​ ដូចខ្ញុំ​បាន​លើក​ឡើង​អ៊ីចឹង​ សិទ្ធិ​នេះ​បើ​យើង​មើល​ជា​ទិដ្ឋភាព​រួម​ វា​មាន​ច្រើន​វិស័យ​ណាស់។ អ៊ីចឹង​គាត់​មក​គាត់​មិន​អាច​មើល​បាន​គ្រប់​វិស័យ​ទាំង​អស់ គាត់​តែង​តែ​ច្បិច​យក​ប្រធានបទ​ផ្សេង​ៗមក។​ អា​នេះ​ជា​សញ្ញាណ​មួយ​ដ៏​ល្អ​ក្នុង​នាម​ជា​អ្នក​រាយការណ៍​ពិសេស​ដែល​អព្យាក្រឹត​ ហើយ​មិន​មាន​ភាព​លម្អៀង​ហើយ​មិន​មាន​និន្នាការ​នយោបាយ!​ ណា៎»។​

ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​រយៈពេល​១១​ថ្ងៃ​ ​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​លោកស្រី ​រ៉ូណា ស្មីត ​ក៏​គ្រោង​ជួប​ប្រជុំ​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ ​តំណាង​សង្គម​ស៊ីវិល​ ​និង​សមាជិក​សហគមន៍​ការ​ទូត​នានា។​ លោកស្រី​ ស្មីត ​នឹង​បំពេញ​ទស្សនកិច្ច​ផង​ដែរ​ទៅ​តាម​តំបន់​ផ្សេងៗ​ ដើម្បី​ប្រមូល​ព័ត៌មាន​ដោយ​ផ្ទាល់។​

លោក​ សឹង សែនករុណា​ អ្នក​នាំ​ពាក្យ​សមាគម​អាដហុក​ (ADHOC)​ ដែល​នឹង​ជួប​ជាមួយ​លោកស្រី ​រ៉ូណា ស្មីត ​នៅ​សប្តាហ៍​ក្រោយ​នេះ ​បាន​ប្រាប់ ​VOA​ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា ​លោក​នឹង​លើក​លោក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ថ្មីៗ ​ជា​ពិសេស​ក្នុង​វិស័យ​នយោបាយ ​និង​សេរីភាព​ការ​បញ្ចេញ​មតិ ​ដោយ​លោក​សង្កេត​ឃើញ​ថា​ វា​មិន​មាន​ភាព​ប្រសើរ​ឡើង​នោះទេ។​

លោក​បាន​និយាយ​ថា៖

«យើង​តែងតែ​ឃើញ​ថា​ ស្ថានភាព​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ហ្នឹង​មាន​ការ​កើន​ឡើង​ ជាពិសេស​នោះ​គឺ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ហ្នឹង​ឯង​ដែល​ជា​ប្រឈម​ជាង​គេ ​ហើយ​មួយ​ទៀត​នោះ​គឺ​សេរីភាព​របស់​អ្នក​នយោបាយ»។​

បើ​ទោះ​ជាគណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាល​ពី​ចុង​ឆ្នាំ​២០១៧​ ​ក៏​ប៉ុន្តែ​ អតីត​មន្ត្រី​នៃ​គណបក្ស​ជំទាស់ដ៏​ធំ​នេះ​នៅ​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ជា​បន្តបន្ទាប់។​

នៅ​សប្តាហ៍​នេះ​ ​អតីត​មន្រ្តី​នៃ​គណបក្ស​សង្រ្គោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ ​គឺលោក​ ស៊ូ យាន ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​និង​បញ្ជូន​ទៅ​តុលាការ​ក្រោម​បទ​ចោទ«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» ​បន្ទាប់​ពី​លោក​បាន​បង្ហោះសារ​នៅ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ប្រមាថ នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃសៅរ៍​ សប្តាហ៍​មុន។​ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​ក្នុង​ស្រុក។

លោកស្រី​ ​ស្មី​ត​ ​នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ ​ដោយ​មាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ ​ដើម្បី​ពិភាក្សា​អំពី​លទ្ធផល​ស្រាវជ្រាវ​បឋម​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ ​ដែល​សន្និសីទ​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ទី០៩​ ​ខែឧសភា​ ​នៅ​វេលា​ម៉ោង​បីរសៀល​ ​ម៉ោង​ក្នុង​ស្រុក​ ​នៅ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា៕​

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG