ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រាយការណ៍​ពិសេស​អ.ស.ប​បន្ត​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​សេរីភាព​នយោបាយ​នៅ​កម្ពុជា


លោកស្រី រ៉ូណា ស្មីត​ (Rhona Smith) អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយ នៅរាជធានីភ្នំពេញ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។

ក៏​ប៉ុន្តែ​ដំណាល​គ្នា​​នឹង​ការ​បារម្ភ​នោះ​ លោកស្រី រ៉ូណា ស្មីត ​ក៏​បាន​​​កត់​សម្គាល់​ឃើញ​មាន​ការ​រីក​ចម្រើន​ជា​វិជ្ជមាន​មួយ​ចំនួន​​ក្នុង​បេសកកម្មរយៈ​ពេល​១១​ថ្ងៃ​នៅ​កម្ពុជា​លើក​នេះ។

លោកស្រី​ រ៉ូណា ស្មីត​ (Rhona Smith) អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ កត់​សម្គាល់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ មាន​ការ​វិវត្ត​ជា​វិជ្ជមាន​មួយ​ចំនួន​ទាក់ទិន​បញ្ហា​កំណែទម្រង់​ក្នុង​វិស័យ​ច្បាប់​ ដីធ្លី​ និង​សេវា​គាំពារ​សង្គម។ ប៉ុន្តែ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ក្នុង​ការ​ជួបប្រជុំ​ និង​សិទ្ធិ​ពលរដ្ឋក្នុង​វិស័យនយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​ជា​កង្វល់​នៅ​ឡើយ។

​នៅ​ក្នុង​សន្និសីទ​កាសែត​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​១១​ថ្ងៃ​នៅ​កម្ពុជា​ នៅ​ថ្ងៃ​នេះ​ មន្ត្រី​អង្គការ​សហប្រជាជាតិ​ដដែល​បាន​លើក​ឡើង​ថា​ លោកស្រី​បាន​ដឹង​អំពី​ចំណាត់ការ​នានា​ដែល​បាន​ធ្វើ​ដោយ​ក្រុម​នគរបាល​ ឬ​តុលាការ​ប្រឆាំង​នឹង​អតីត​សមាជិក​ និង​មន្ត្រី​ជាប់​ឆ្នោត​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៨០​រូប​ នៅ​ថ្នាក់​ក្រោម​ជាតិ​ រួម​បញ្ចូល​ទាំង​ដីកា​កោះ​ហៅ​ចំនួន​២៥​ ដែល​ចេញ​ដោយ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ ​

លោកស្រី​ រ៉ូណា ស្មីត​ (Rhona Smith) បញ្ជាក់​ថា៖ «ចំពោះ​ទស្សនៈ​របស់​ខ្ញុំ ចំណាត់ការ​បែប​នេះ​ មិន​អាច​នាំ​ទៅ​រក​ការ​ពង្រឹង​សិទ្ធិ​នយោបាយ​ និង​លំហ​ប្រជាធិបតេយ្យ»។

ក្នុង​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន លោក​ស្រី​រ៉ូណា ស្មីត​ បាន​លើក​ពី​ការជំទាស់​របស់​លោក​ស្រី​ទៅនឹងការ​បន្ត​ឃុំ​ខ្លួន​លោក​ កឹម សុខា​ អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​ហើយ​លោកស្រី​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​លោក ​កឹម សុខា​ ចេញ​ពី​ការ​ឃុំខ្លួន​ និង​ពន្លឿន​ការ​បិទ​ការ​ស៊ើបសួរ​ ឬ​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​រូបគាត់។

លោកស្រី​រ៉ូណា ស្មីត (Rhona Smith)​ អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ធ្វើ​សន្និសីទ​ព័ត៌មាន​ក្នុង​ទីក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​៩ ខែ​ឧសភា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA)
លោកស្រី​រ៉ូណា ស្មីត (Rhona Smith)​ អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ធ្វើ​សន្និសីទ​ព័ត៌មាន​ក្នុង​ទីក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​៩ ខែ​ឧសភា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA)

លោក​ ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ច្រាន​ចោល​ការ​វាយ​តម្លៃ​របស់​អ្នកស្រី​ស្មីត​ដោយ​លោក​យល់​ថា ​លោកស្រី​ទំនង​ជា​មិន​ពេញ​ចិត្ត​នឹង​សន្តិភាព​និង​ស្ថិរភាព​នយោបាយនៅ​កម្ពុជា។

អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ថា៖ «គាត់​មិន​ឲ្យ​តម្លៃ​ពី​សន្តិភាព​ ហើយ​និង​ស្ថិរភាព​ដែល​កម្ពុជា​ទទួល​បាន​មុន​ពេល​បោះឆ្នោត​ នៅ​ពេល​បោះឆ្នោត​ រហូត​ដល់​បច្ចុប្បន្នកាល​នេះ​ គឺ​ប្រជាពលរដ្ឋ​លោក​សប្បាយ​ចិត្ត​ណាស់​អាហ្នឹង​មួយ»។​

ទោះ​ជា​យ៉ាង​ណា​លោក​ ស៊ឹង​ សែនករុណា​ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ គាំទ្រ​ការ​លើក​ឡើង​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ៖

«ការ​លើក​ឡើង​របស់​លោក​ស្រី​ រ៉ូណា​ ស្មីត​ វា​ជា​រឿង​មួយ​ដែល​ត្រឹមត្រូវ​ហើយ​ ព្រោះ​ការ​មើល​ឃើញ​នេះ​ យើង​ឃើញ​ហើយ​មាន​ការ​ចាត់​វិធានការ​ហ្នឹង​ ក្នុង​ដំណាក់កាល​នៃ​វត្តមាន​លោក​ស្រី​ នៅ​ក្នុង​ប្រទេស​យើង​ហ្នឹងតែម្តង»។

នៅ​ពេល​បំពេញ​ទស្សនកិច្ច​លើក​ទី​ប្រាំពីរ​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​ពិនិត្យ​ និង​វាយតម្លៃ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី​ស្មីតបាន​ជួប​ពិភាក្សា​ ជាមួយ​រដ្ឋមន្ត្រី​សំខាន់ៗ​មួយ​ចំនួន​ រួម​មាន​លោក​ អង្គ វង្សវឌ្ឍនា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក ប្រាក់​ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ​ជា សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​លោក ​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា។

នៅ​ចុង​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី លោកស្រី រ៉ូណា ស្មីត ក៏​បាន​អំពាវនាវ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុអាស៊ី​សេរី​ទាំង​ពីរ​នាក់ ដែល​ត្រូវ​បាន​ចោទ​ពី​ «បទផ្តល់​ព័ត៌មាន​ដល់​រដ្ឋ​បរទេស»។ អ្នក​កាសែត​ទាំង​ពីរ​រូប​ត្រូវ​បាន​តុលាការ​កម្ពុជា​ដោះលែង​ឲ្យ​បាន​ស្ថិត​នៅ​ក្រៅឃុំ​បណ្តោះអាសន្ន​កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៨។

ជាមួយ​គ្នា​នោះ​ លោកស្រី ស្មីត​ ក៏​ជំរុញ​ប្រជាជន​កម្ពុជា​ឲ្យ​ផ្លាស់​ប្តូរ​វប្បធម៌​នយោបាយ​ទៅ​ជា​កិច្ច​សន្ទនា​មួយ ដែល​ផ្តោត​ទៅ​លើ​បញ្ហា​ជា​ជាង​ផ្តោត​លើ​បុគ្គល ដែល​ជា​វិធី​មួយ​ដែល​ឈាន​ទៅ​មុខ​ និង​បង្កើត​មូលដ្ឋាន​រឹងមាំ​សម្រាប់​សន្តិភាព​យូរ​អង្វែង​ ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​សម្រេច​បាន​សិទ្ធិ​មនុស្ស​ទាំង​អស់៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG