ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូន​ប្រុស​សកម្មជន​បក្ស​ប្រឆាំង​ស្លាប់​ ខណៈ​នគរបាល​​ច្រាន​ចោល​ការ​ធ្វើទារុណកម្ម​​​​​​​


ដេអូ​ឃ្លីប​​​មួយ​ ដែល​បាន​​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​សម រង្ស៊ី​ អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

ខណៈដែល​អ្នក​ស្រី រ៉ូណា ស្មីត​ ប្រេសិត​​​ពិសេស​របស់​អ.ស.ប.​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី​ បាន​ចេញ​ឃ្លីប​វីដេអូ​ដែល​បញ្ជាក់​ឲ្យ​ដឹង​ពី​ការ​ស្លាប់​កូនប្រុស​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្តកំពង់ចាម។

កូន​ប្រុស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នៅ​ខេត្ត​កំពង់ចាម បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ បន្ទាប់​ពី​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ចាប់​ឃុំ​ខ្លួន ប្រាំបួន​ឆ្នាំ​ក្រោយ​ពី​មាន​ដីកា​ចាប់​ខ្លួន​ដែល​ចេញ​ដោយ​តុលាការ​ខេត្ត​តាំង​ពី​ខែ​កក្កដា​ ឆ្នាំ​២០១០។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់សាច់​ញាតិ​នៃ​ជនរងគ្រោះ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កំពង់ចាម។

ការ​ស្លាប់​របស់​លោក​ ទិត្យ​ រ៉ន វ័យ​៣៨ឆ្នាំ​ កូនប្រុស​របស់​លោក​ អៀម ទិត្យ វ័យ​៦២​ ឆ្នាំ​ ជា​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ បាន​កើត​ឡើងតែ​ប៉ុន្មាន​ថ្ងៃ​ ក្រោយ​ការ​ចាប់​ខ្លួន​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មេសា​ ឆ្នាំ​២០១៩។

តាម​វីដេអូ​ឃ្លីប​មួយ​ ដែល​បានបង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​សម រង្ស៊ី​ អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ឆ្នាំ​២០១៧​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា លោក​ អៀម ទិត្យ​ រៀបរាប់​ពី​ការ​ចាប់​ខ្លួន​ និង​ការ​ស្លាប់​របស់​កូន​ប្រុស​លោក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មន្ត្រី​នគរបាល​អះអាង​ក្នុង​របាយការណ៍​មួយ​ថា ជន​សង្ស័យ​ឈ្មោះ ទិត្យ រ៉ន ជា​ «មនុស្ស​ញៀន​ស្រា»។

ក្នុង​វីដេអូ​ឃ្លីប​ដដែល​ដែល​បង្ហោះលើ​ទំព័រ​ហ្វេសប៊ុក​រ​បស់​លោក​សម រង្ស៊ី​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​មេសា​ លោក​អៀម ទិត្យ​ មិន​បាន​ចោទ​ប្រកាន់​ថា​ មាន​ការ​ធ្វើ​ទារុណកម្ម​ពី​សំណាក់​ក្រុម​មន្ត្រី​មាន​សមត្ថកិច្ច​លើ​កូន​ប្រុស​របស់​លោក​ទេ។

ប៉ុន្តែ​សកម្មជន​បក្ស​ប្រឆាំង​ដែល​មាន​វ័យ​ចំណាស់​រូប​នេះ ​បាន​អំពាវនាវ​ដល់​អ្នកស្រី​ រ៉ូណា ស្មីត​ (Rhona Smith) ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​កំពុង​មក​ពិនិត្យ​ស្ថានភាព​សិទ្ធិម​នុស្ស​ក្នុង​ប្រទេស​កម្ពុជា​ ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​កូន​ប្រុស​របស់​លោក។

លោក​ ​អៀម ទិត្យ​ ដែល​អះអាង​ថា​ កូន​ប្រុស​មាន​អាយុ​៣៧​ឆ្នាំ​ បាន​ថ្លែង​ថា៖

«កាល​ពី​ថ្ងៃ​១៥ ខែ​៤ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ៧:៣០​នាទី​ព្រឹក​ មាន​ប៉ូលិសប៉ុស្តិ៍​ ឃុំ​ទួលព្រះឃ្លាំង​ ចំនួន​៣​នាក់​ បាន​មក​ចាប់​កូនប្រុស​របស់​ខ្ញុំបាទ​ឈ្មោះ​ទិត្យ​ រ៉ន អាយុ​៣៧ ឆ្នាំ​ យក​ទៅ​បាត់។​ នៅ​ថ្ងៃ​ទី​១៨ ខែ​៤​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៩យប់ មាន​ប្រជាពលរដ្ឋ​ម្នាក់​ បាន​មក​ប្រាប់​ខ្ញុំ​ថា​ កូន​បង​ឯង​ បាន​ស្លាប់​ហើយ​ គឺ​នៅ​ពន្ធនាគារ​...ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ឆ្នាំ​ដដែល​ ខ្ញុំ​បាទ​ទៅ​យក​ អ្ហូ​ទៅ​ ទីនោះ ក៏​ឃើញ​ ក៏​បាន​ឃើញ​កូន​របស់​ខ្ញុំ​បាទ​ស្លាប់​ពិត​ប្រាកដ​មែន»។

លោក​បាន​បន្ថែម​ថា៖ «អាស្រ័យ​ហេតុ​នេះ​ ខ្ញុំ​សូម​អំពាវនាវ​ដល់​តុលាការ​ អង្គការ​ជាតិ​ អង្គការ​អន្តរជាតិ​ ជា​ពិសេស​អ្នកស្រី រ៉ូណា ស្មីត​ ដែល​ជា​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​រូប​ខ្ញុំ​បាទ​ផង»។

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​បន្ថែម​ពី​លោក​អៀម​ ទិត្យ​ តែ​មិន​អាច​ទាក់ទង​លោក​បាន​នៅ​ឡើយ​មក​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ។

ចំណែក​លោក​សម រង្ស៊ី​ បាន​ផ្តល់​ការ​អធិប្បាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដោយ​បាន​ចាត់​ទុក ការ​ស្លាប់​របស់​លោក​ទិត្យ រ៉ន​ ថា​ជា​ «ឃាតកម្ម​នយោបាយ»។

ទំព័រ​ហ្វេសប៊ុក​របស់​លោក​សម រង្ស៊ី​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ឃាតកម្ម​នយោបាយ​មួយ​ទៀត​ បាន​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា​ ក្នុង​ខែ​មេសា ​ឆ្នាំ​២០១៩​នេះ នៅ​ឃុំទួល​ព្រះឃ្លាំង​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម។ ជន​រងគ្រោះ​ឈ្មោះ ទិត្យ រ៉ន ​អាយុ ៣៧ ឆ្នាំ ត្រូវ​នគរបាល​ធ្វើ​ឃាត​ ថ្ងៃ​១៨​មេសា ឆ្នាំ​២០១៩​នៅ​ពន្ធនាគារ​វត្តឃ្មួង»។

យ៉ាង​ណា​ក៏​ដោយ​ នាយ​ឧត្តមសេនីយ៍​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​លោក​សម រង្ស៊ី​ និង​បាន​អះអាង​ថា​ គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ ​កំពុង​ធ្វើ​ឲ្យ​មតិសាធារណជនមាន​ការ​ភាន់ច្រឡំ​ ខណៈ​ពេល​អ្នកស្រី ​រ៉ូណា ស្មីត​ កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស។

លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។(ឡេង ឡែន/VOA)
លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។(ឡេង ឡែន/VOA)

លោក​មាន​ប្រសាសន៍​ប្រាប់ VOA ថា៖

«យើង​ចាត់​ទុក​ថា​ នេះ​គឺ​ជា​ កលល្បិច​ ឃោសនា​ បោកប្រាស់​មតិ​សាធារណៈ ដែល​កើត​ឡើង​ចំពេល​ ដែល​លោក​ជំទាវ​ រ៉ូណា ស្មីត​មក​កម្ពុជា។ ជា​យូរ​មក​ហើយ​ គេ​អត់​មាន​ឃើញព័ត៌មាន​ហ្នឹង​ទេ​ នេះ​គឺ​ជា​ការ​គ្រោងទុក​មុន។ តាម​ពិត​ មិនមែន​រឿង​ហ្នឹង​អ៊ីចឹង​ទេ​ គឺ​ទណ្ឌិត​ហ្នឹង​ យើង​មាន​ឯកសារ​ត្រឹមត្រូវ​ គឺ​ទណ្ឌិត​ហ្នឹង​ គឹ​ស្លាប់​ដោយ​ដួល​បោក​ក្បាល​ដោយ​ខ្លួន​ឯង​ នៅ​ពេល​ដែល​ខ្លួន​គេ​ហៅ​ថា​ ស្រវឹង​ញ័រញាក់​ ដោយសារ​ និយាយ​រួម​មេស្រា​វា​កាច់​ វា​ដើរ​ដួល​នៅ​ក្នុង​ មាន​សាក្សី​អី​ត្រឹមត្រូវ​ នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ មាន​កោសល្យវិច័យ​ មាន​ឯកសារ​ត្រឹម​ត្រូវ​ សុំ​បដិសេធ​នូវ​ព័ត៌មាន​ហ្នឹង​បាទ»។​

​របាយការណ៍​របស់​ស្នងការដា្ឋន​នគរបាល​ខេត្ត​កំពង់ចាម​ចុះថ្ងៃទី​៣០ ខែ​មេសា​ ឆ្នាំ​២០១៩​ បាន​ឲ្យ​ដឹងពី ដំណើរ​នៃ​ការ​ឃាត់ខ្លួន​ និង​គ្រោះថ្នាក់​របស់​ទិត្យ​ រ៉ន «ដែល​ចូល​ទៅ​បន្ទប់​ទឹក​ក្នុង​អគារ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ដោយ​មិន​បាន​ប្រុងប្រយ័ត្ន​ ក៏​ដួល​បោក​ក្បាល​ទៅ​ប៉ះ​នឹង​ជ្រុង​អាង​ទឹក​ បណ្តាល​ឲ្យ​របួស​ លើ​ត្របក​ភ្នែក​ផ្នែក​ខាង​ស្តាំ​ចេញ​ឈាម​ចំនួន​១កន្លែង»។

របាយការណ៍​បាន​រៀបរាប់​ថា លោក​ទិត្យ រ៉ន​ ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ជាមួយ​ជនសង្ស័យ​ពីរ​នាក់​ផ្សេង​ទៀត​មុន​គ្រោះ​ថ្នាក់​កើត​ឡើង។ ជនសង្ស័យ​ទាំងពីរ​នាក់​នោះ​ មាន​ឈ្មោះ​ ម៉េង​ អេង និង​ម៉ាន​ គីមលន់ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ករណី ហិង្សា​ដោយ​ចេតនា​ និង​ករណី​គ្រោះថ្នាក់​ចរាចរណ៍។​

ប៉ូលិស​របស់ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ បាន​យោង​តាម​ការ​បំភ្លឺ​របស់​ជនសង្ស័យ​ឈ្មោះ​ ម៉េង អេង​ ដែល​រង​ការ​ចោទប្រកាន់​ដាច់​ដោយ​ឡែក​ពី​លោក​ទិត្យ រ៉ន។ ជន​សង្ស័យ​ឈ្មោះ ម៉េង អេង​ បាន​បាន​ប្រាប់​ប៉ូលិស​ ​ថា​ លោក​ ទិត្យ រ៉ន មាន​សភាព​ធំ​ក្លិន​ស្រា​យ៉ាង​ខ្លាំង​ ញ័រ​ដៃ​ ញ័រជើង​ ដើរ​មិន​ត្រង់​ផ្លូវ។​ លោក​ក៏​ត្រូវ​បាន​បញ្ជូន​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ មក​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម។

របាយការណ៍​របស់​ប៉ូលិស​ខេត្ត​កំពង់ចាម​បាន​បន្ត​ ដោយ​យោង​លើ​ការ​បំភ្លឺ​របស់​ជនសង្ស័យ​ឈ្មោះ​ម៉េង​ អេង​ ថា​ នៅ​ពេល​លោក​ ទិត្យ រ៉ន​ ត្រូវ​បាន​បញ្ជូន​មក​ដល់​អគារ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ លោក ទិត្យ រ៉ន​ មាន​អាការៈ​ញ័រ​ដៃ​ ញ័រ​ជើង​ ញ័រខ្លួន​ និង​មាន​បែក​ពុពុះ​មាត់​ ដែល​ហាក់​បីដូច​ជា​មនុស្ស​ញៀន​ស្រា​ តែ​ក្រោយ​មក​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​ឲ្យ​ដឹង​ខ្លួន​ឡើងវិញ។

របាយការណ៍​ដដែល​បានអះអាង​ថា​ ក្នុង​ពេលឃុំខ្លួន​នៅ​ក្នុង​អគារ​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ «សមត្ថកិច្ច...​ពុំ​បាន​ប្រើ​អំពើ​ហិង្សា​ ឬ​ធ្វើ​ទារុណកម្ម​ទៅ​លើ​ជនសង្ស័យ​ឈ្មោះ​ ទិត រ៉ន​ អ្វី​នោះ​ឡើយ»។

របាយការណ៍​ក៏​បាន​សន្និដ្ឋាន​ថា៖ «ស្លាក​ស្នាម​របួស​លើ​ចិញ្ចើមផ្នែក​ខាង​ស្តាំ​ ស្នាម​ជាំ​ក្នុង​រង្វង់​ភ្នែក​ផ្នែក​ខាង​ស្តាំ​ ស្នាម​ហើម​កំភួន​ជើង​ស្តាំ​ ស្នាម​ហើម​កំភួន​ដៃ​ស្តាំ​ និង​កំភួន​ដៃ​ឆ្វេង​ គឺ​ដោយសារ​ដួល​ផ្កាប់​មុខ​ខ្លួន​ឯង​នៅ​ក្នុង​បន្ទប់​ទឹក នៃ​អគារ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ នៃ​ស្នងការដ្ឋាន​នគរបាលខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃទី​១៧ ខែ​មេសា​ ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​៧ និង​៣០នាទី​ ពិត​ប្រាកដ​មែន»។

របាយការណ៍​ប៉ូលិស​បាន​បញ្ជាក់​ទៀត​ក្នុង​ន័យ​ដើម​ថា៖ «ឈ្មោះ​ ទិត រ៉ន​ ពិត​ជា​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​ ខេត្ត​កំពង់ចាម​ កាល​ពី​ថ្ងៃ​ទី ១៨ ខែ​មេសា​ ឆ្នាំ​២០១៩ ពិត​ប្រាកដ​មែន»។

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ គួច ចំរើន​ អភិបាល​ខេត្ត​កំពង់ចាម​ តែ​ទូរស័ព្ទ​របស់​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។​

លោក ​ឡេង​ សេងហាន​ មន្ត្រី​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ (Adhoc) ​ប្រចាំ​ខេត្ត​កំពង់ចាម​ បាន​បញ្ជាក់​ថា​ លោក​ទិត្យ​ រ៉ន​ ពិត​ជា​បាន​ស្លាប់​នៅ​ពន្ធនាគារ​ តែ​លោក​សុំ​មិន​ផ្តល់​អធិប្បាយ​ចំពោះ​ ការ​ចោទ​ប្រកាន់​ថា​ ករណី​ស្លាប់​លោក​ ទិត្យ រ៉ន មាន​ជាប់​ទាក់ទង​នឹង​ហេតុផល​នយោបាយ។​

លោក​បាន​លើក​ឡើង​ថា​ សមាគម​លោក​នឹង​បន្ត​អង្កេត​លើរឿង​នេះ ហើយ​ក៏​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បន្ត​កិច្ច​ស៊ើប​អង្កេត​ ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ហេតុផល​នៃ​ការ​ស្លាប់​លោក ទិត្យ រ៉ន ដើម្បី​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ធូរស្រាល​ក្នុង​ចិត្ត។

«ជា​សំណូមពរ​វិញ​ សង្ឃឹម​ថា​ ខាង​សមត្ថកិច្ច​ជំនាញ​នឹង​ធ្វើ​ការ​បង្ហាញ​ជា​របាយការណ៍​ជាក់​លាក់​ផ្តល់​ភាព​យុត្តិធម៌​ ឲ្យ​ទៅ​ឪពុក​ជនរងគ្រោះ ឲ្យ​គាត់​បានស្ងប់​ចិត្ត​ ថា​កូន​គាត់​ស្លាប់​ដោយ​សារ​អី ឲ្យ​ច្បាស់»។​

អ្នកស្រី រ៉ូណា ស្មីត​ ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ចូល​រួម​និង​ថ្លែងក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​របស់​អង្គការ​សង្គម​ស៊ីវិល​អំឡុង​ទិវាពលកម្ម​អន្តរជាតិ​លើក​ទី​១៣៣ នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ព្រឹក​ថ្ងៃទិ០១ ខែឧសភា ឆ្នាំ២០១៩។
អ្នកស្រី រ៉ូណា ស្មីត​ ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ចូល​រួម​និង​ថ្លែងក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​របស់​អង្គការ​សង្គម​ស៊ីវិល​អំឡុង​ទិវាពលកម្ម​អន្តរជាតិ​លើក​ទី​១៣៣ នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ព្រឹក​ថ្ងៃទិ០១ ខែឧសភា ឆ្នាំ២០១៩។

អ្នកស្រី​ស្មីត​ បាន​ស្នើ​ឲ្យ​មាន​ការ​អង្កេត​ច្បាស់លាស់​ ទៅ​លើ​ហេតុផល​នៃ​ការស្លាប់​លោក​ ទិត្យ​ រ៉ន ហើយ​ថា​ ការ​ស្លាប់​ណា​មួយ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ពេល​ឃុំ​ខ្លួន​ គឺ​ជា​ «បញ្ហា​ធ្ងន់ធ្ងរ»។ អ្នកស្រី​បាន​ផ្តល់​ការ​អធិប្បាយ​តាម​សារ​ឆ្លើយឆ្លង​អេឡិចត្រូនិក​ ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ក្នុង​ន័យ​ដើម​ថា៖

«ការ​ស្លាប់​ណា​មួយ​ដែល​បាន​កើត​ឡើង​ក្នុង​ពេល​ឃុំ​ខ្លួន​គឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ។ រដ្ឋ​ត្រូវ​បាន​តម្រូវ​ឲ្យ​ធានា​ឲ្យ​បាន​នូវ​ការ​ស៊ើបអង្កេត​ឆាប់​រហ័ស និង​មាន​ប្រសិទ្ធភាព​ ទៅ​ក្នុង​ហេតុការណ៍​ជុំវិញ​ការ​ស្លាប់​ និង​បង្ហាញ​នូវ​ហេតុផល​ជាក់​លាក់​នៃ​ការ​ស្លាប់។​ ប្រសិន​បើ​ភស្តុតាង​ត្រូវ​បាន​រក​ឃើញ​ក្នុង​ស្ថានភាព​សង្ស័យ​ ឬ​ជាមួយកំហុសឆ្គង​នោះ​ វា​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ ហើយ​បើ​សិន​មាន​ហេតុផល​សមស្របនោះ​ គឺ​ត្រូវ​យក​មក​កាត់​ទោស»។​

ការ​បង្ហាញ​ពី​ការ​ស្លាប់​របស់​លោក​ទិត្យ រ៉ន តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​សម រង្ស៊ី​ កើត​មាន​ឡើង​
បន្ទាប់​ពី​ អតីត​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ប្រាំ​នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ​របស់​ពួកគេ ក្រោយ​ពី​ការ​រំលាយ​អតីត​គណបក្ស​ប្រឆាំង​នេះ។

មន្ត្រី​ទាំង​ប្រំា​នាក់​នោះមាន​ កញ្ញា ​ស៊ិន ចាន់ពៅរ៉ូហ្សេត​ អតីត​ចៅ​សង្កាត់​អូចារ ​លោក ម៉ក់ រ៉ា ​អតីត​ចៅសង្កាត់​ទួលតាឯក ​លោក ហួន ចំរើន ​អតីត​ចៅសង្កាត់​ចំការសំរោង ​លោក ​ឌឹម សារឿន ​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង ​និង​លោក ​គង់ ប៊ុនហ៊ាង ​សកម្មជន​គណបក្ស​នឹង​ត្រូវ​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ខែ​ឧសភា​នេះ ពាក់ព័ន្ធ​នឹង​«ការ​ប្រឆាំង​នឹង​សាលដីកា​របស់​តុលាការ​កំពូល‍»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​គណបក្ស​និង​ឯកសារ​តុលាការ។

ការ​ចាប់​ឃុំខ្លួន​លោក​ទិត្យ​ រ៉ន ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ ចុះ​ថ្ងៃ​ទី​២៦ ខែ​កក្កដា​ឆ្នាំ​២០១០​ ចេញ​ដោយ​លោក​ ផូង​ វណ្ណ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្តកំពង់ចាម​ ពីបទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា ប្រពឹត្ត​នៅ​ភូមិ​វត្ត​ ឃុំ​ទួល​ព្រះឃ្លាំង​ ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំពង់ចាម​កាល​ពី​ថ្ងៃទី​១ ខែ​វិច្ឆិកា​ ឆ្នាំ​២០០៦។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG