ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រាយការណ៍​ពិសេស​អ.ស.ប​ថា​ ការ​រក្សា​ទុក​​ EBA គឺ​អាស្រ័យ​លើ​ការ​ប្តេជ្ញាចិត្ត​របស់​កម្ពុជា


លោក​ស្រី​រ៉ូណា ស្មីត​ អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​​ ថ្លែង​ជាមួយ​អ្នកកាសែត​នៅឯក្រសួងយុត្តិធម៌​ កាលពីថ្ងៃទី​២ ខែឧសភា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

សហភាព​អឺរ៉ុប​​ បាន​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​១៨​ខែ​ ដើម្បី​កែប្រែ​ស្ថានការណ៍​ប្រជាធិបតេយ្យ ​ហើយ​ធ្វើ​យ៉ាង​ណា​​​ធានា​ឲ្យ​មាន​សេរីភាព​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​មិន​ចំណុះ​នឹង​រដ្ឋាភិបាល​ និង​ផ្តល់​សិទ្ធិ​នយោបាយ​ពេញលេញ​ដល់​ក្រុម​អ្នក​នយោបាយ​គណបក្ស​ជំទាស់។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លោក​ស្រី រ៉ូណា ស្មីត​ (Rhona Smith) បាន​ថ្លែង​ក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ប្រទេស​កម្ពុជា​បាន​ទទួល​យក​កាតព្វកិច្ច​គោរព​សិទ្ធិ​មនុស្ស ដូច​មាន​ចែង​ក្នុង​ច្បាប់​អន្តរជាតិ​នានា​ ជា​មូលដ្ឋាន ហេតុ​ដូច្នេះ រដ្ឋាភិបាល​ប្រទេស​នេះ​ មាន​ជម្រើស​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ដៃគូ​ពាណិជ្ជកម្ម​ លើ​បញ្ហាការ​គោរព​សិទ្ធិមនុស្ស​ និង​ការ​រក្សាទុក​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទាំង​ឡាយ​ដែល​កម្ពុជា​ទទួល​បាន។

អ្នកស្រី​ស្មីត​ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ នៅ​ពេលអ្នក​កាសែត​បាន​សួរ​អ្នកស្រី​ អំពី​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដែល​ជា​លក្ខខណ្ឌ​ក្នុងប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ តាម​កម្មវិធី​ «អ្វីៗ​ទាំងអស់​លើកលែង​តែ​អាវុធ»​ ឬ​ហៅថា​ EBA។

អ្នកស្រី​ស្មីត ដែល​កំពុង​ពិនិត្យស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជា​លើក​ទីប្រាំពីរ​ បាន​ថ្លែង​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ប្រព័ន្ធ​ឋានៈអនុគ្រោះ​ពន្ធ​ EBA​ ពី​សហភាព​អឺរ៉ុប​បន្ត​ទៀត​ ឬ​យ៉ាងណា​នោះ​ គឺ​អាស្រ័យ​លើ​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ ក្នុង​ការ​បន្ត​ការ​សន្ទនា​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម អំពី​បញ្ហា​គោរព​សិទ្ធិ​មនុស្ស​នេះ​ ព្រោះ​ថា​ ប្រទេស​កម្ពុជា​មាន​កាតព្វកិច្ច​គោរព​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ជា​មូលដ្ឋាន​ ដែល​បានចែង​ក្នុង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។

«ខ្ញុំ​គិត​ថា​ ការ​សម្រេច​ចិត្ត​ថា​ តើ​កម្ពុជា​មាន​បំណង ភ្ជាប់​ការពិភាក្សា​លើ​បញ្ហា EBA ​នេះ​ឬ​យ៉ាង​ណា​នោះ​ គឺ​ជា​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​ធ្វើ​ការ​សម្រេច​ដោយ​ខ្លួន​ឯង​ ដូច​អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ក្នុង​ភាព​ជាដៃគូ​ពាណិជ្ជកម្ម​ និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេង​ទៀត ក៏​ដូច​ជា​ ដៃគូ​ផ្តល់​ជំនួយ។​ ទាំងនេះ​ហើយ គឺ​អាស្រ័យ​ទៅ​លើ​រដ្ឋាភិបាលកម្ពុជា​ដែលត្រូវ​ធ្វើ​ការ​ប្តេជ្ញាចិត្ត»។

អ្នកស្រី​បាន​បន្ថែម​ថា​ អ្វី​ដែល​អ្នក​ស្រី​ចង់​បាន​នោះ​ គឺ​ការ​ឆ្លើយតប​របស់​កម្ពុជា​ទៅ​នឹង​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​ ដែល​ខ្លួន​បាន​ទទួល​យក​ដោយ​ស្ម័គ្រ​ចិត្ត​ នៅ​ក្រោម​ច្បាប់​អន្តរជាតិ។

កាល​ពី​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៩ ​កន្លង​ទៅ​នេះ​ គណៈកម្មការ​សហភាព​អឺរ៉ុប​ ប្រកាស​ចាប់​ផ្តើម​ដំណើរការ​ជា​ផ្លូវការ​ ដែល​អាច​នឹង​ឈាន​ទៅ​ដល់​ការព្យួរ​បណ្តោះអាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម EBA ​ពី​ប្រទេស​កម្ពុជា​ ​ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ។​

សហគមន៍​អឺរ៉ុប​ ​បាន​ផ្តល់​ហេតុផល​នៃ​ការ​ផ្តើម​ដំណើរការ​នេះ​ត្រួសៗ​ថា ​ដោយសារ​កម្ពុជា​មិន​ទាន់​អាច​ដោះស្រាយ​បញ្ហា​ចម្បងៗ​មួយ​ចំនួន​ ​ក្នុង​នោះ​មាន​ការ​ច្រានចោល​សិទ្ធិ​នយោបាយ​ ​សកម្មភាព​រឹត​បន្តឹង​នានា​ទៅ​លើ​សង្គម​ស៊ីវិល​ ​សហជីព​ ​ការ​ផ្តល់​សេរីភាព​សារព័ត៌មាន​ ​និង​ការ​ដោះស្រាយ​បញ្ហា​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ​ដែល​ផ្តោត​ជា​ពិសេស​លើ​ដី​ដែល​ប្រើប្រាស់​សម្រាប់​បម្រើ​ដល់​ការ​ផលិត​ស្ករស។

ក្នុង​ជំនួប​ជាមួយ​លោក​ អង្គវង្ស វឌ្ឍនា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ​ អ្នកស្រី​ស្មីត​ ក៏​បាន​ពិភាក្សា​ លើ​ករណី​ឃុំ​ខ្លួន​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា​រំលាយ​ចោល កាល​ពី​ឆ្នាំ​២០១៧។

លោកអង្គ វង្សវឌ្ឍនា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ជួប​ជាមួយ​លោក​ស្រី​រ៉ូណា ស្មីត​ អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅក្រសួងយុត្តិធម៌​ កាល​ពីថ្ងៃទី​២ ខែ​ឧសភា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA)
លោកអង្គ វង្សវឌ្ឍនា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ជួប​ជាមួយ​លោក​ស្រី​រ៉ូណា ស្មីត​ អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅក្រសួងយុត្តិធម៌​ កាល​ពីថ្ងៃទី​២ ខែ​ឧសភា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA)

អ្នកស្រី​ស្មីត​ បាន​ប្រាប់​អ្នក​កាសែត​ថា​ ទោះ​បីក្រសួង​យុត្តិធម៌​កម្ពុជា​ ផ្តល់​ហេតុ​ផល​ថា​ លោក​ កឹម សុខា​ កំពុង​ត្រូវ​បាន​ដាក់​ឲ្យស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ក្នុង​ផ្ទះ​ ក៏ដោយ​ ក៏អ្នកស្រី​យល់​ថា ការ​ដាក់​ឲ្យ​លោក​ កឹម សុខា​ ស្ថិត​នៅ​តែ​ក្នុង​ផ្ទះ​របស់​លោក​នោះ​ គឺ​ជា​ បែបផែន​នៃការ​ឃុំ​ខ្លួន​ដដែល​ ដោយសារ​តែ​តុលាការ​បាន​ដាក់​កំហិត​លើ​សេរីភាព​របស់​លោក។

អ្នកស្រី​ថា​ ការ​បកស្រាយ​របស់​ក្រសួង​យុត្តិធម៌​ ដែល​ថា​ ​លោក​កឹម សុខា​ កំពុង​ស្ថិត​ក្រោម​ការ​ពិនិត្យ​របស់​តុលាការ​នោះ បង្ហាញ​ពីភាព​មិន​ជ្រះ​ស្រឡះ​ បើ​មើល​ទៅ​លើបញ្ហា​សិទ្ធិមនុស្ស។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​ ជិន​ ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ បាន​ថ្លែង​ថា​ មិន​មាន​ការ​ពិភាក្សា​ពី​ករណី​លោក ​កឹម សុខា ​ក្នុង​ជំនួប​អ្នកស្រី​ស្មីត និង​លោក ​អង្គវង្ស វឌ្ឍនា ​នោះទេ។

«អត់​មាន​ទេ​ គាត់​អត់​លើក​រឿង ​កឹម សុខា ​ហ្នឹង​ជា​រឿង​ពិភាក្សា​គ្នា​ទេ​ គាត់​គ្រាន់​តែ​ភ្ជាប់​ឧទាហរណ៍​ទៅ​នឹង​គោលការណ៍​ទូទៅ​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ ប៉ុន្តែ​យើង​បាន​ពន្យល់​ទៅ​គាត់​វិញ​ថា​ លោក​ កឹម សុខា​ អត់​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​ទេ។ អា​នេះ​ ជា​ទិដ្ឋភាព​ច្បាប់​របស់​កម្ពុជា។ អ៊ីចឹង​ ការ​ពិភាក្សា​លើ​រឿង​ កឹម សុខា​ គឺ​អត់​មាន​ការ​ពិភាក្សា​ទេ​ គឺ​ការ​ពិភាក្សា​ទៅ​លើ​គោលការណ៍​ទូទៅ​ ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ ហើយ​គាត់​ស្នើ​កុំ​ឲ្យ​មាន​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ច្រើន​ពេក លើកលែង​តែ​ចាំបាច់​ ហើយ​ធ្ងន់»។

លោក​ជិន ម៉ាលីន​ អ្នកនាំពាក្យក្រសួងយុត្តិធម៌​ ថ្លែងជាមួយ​អ្នកកាសែត នៅក្រសួងយុត្តិធម៌​កាលពីថ្ងៃទី​ ២ ខែ​ឧសភា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)
លោក​ជិន ម៉ាលីន​ អ្នកនាំពាក្យក្រសួងយុត្តិធម៌​ ថ្លែងជាមួយ​អ្នកកាសែត នៅក្រសួងយុត្តិធម៌​កាលពីថ្ងៃទី​ ២ ខែ​ឧសភា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

លោក​ ជិន ម៉ាលីន​ ក៏​បាន​អះអាង​ថា​ ជំនួប​ជិត​ពីរ​ម៉ោង​របស់​លោក​ស្រី​ស្មីត​ និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក ​អង្គវង្ស វឌ្ឍនា​ មិន​មាន​ការ​ពិភាក្សា​ ផុសផុល​អំពី​បញ្ហា​នយោបាយ​ដែរ​ពោល​គឺ​ផ្តោត​សំខាន់​ទៅ​លើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

«ទិដ្ឋភាព​រួម​ការ​ពិភាក្សា​គ្នា​នេះ​គឺ​ ផ្អែក​ទៅ​លើ​គោលការណ៍​ទិដ្ឋភាព​ច្បាប់​ទាំង​ស្រុង​ ទាក់ទង​ដល់​ការ​កែទម្រង់​ ប្រព័ន្ធ​យុត្តិធម៌​ ដោយ​មិន​មាន​ពិភាក្សា​ទៅ​លើ​ទិដ្ឋភាព​នយោបាយ​ ឬ​ក៏​ការ​ស្នើ​ពី​សកម្មជន​សង្គម​ស៊ីវិល​អី​ មួយ​ចំនួន​ដែល​ធ្វើ​ការ​រិះគន់​រដ្ឋាភិបាល​ ហើយ​ស្នើ​តាម​គាត់​ដើម្បី​ឲ្យ​គាត់​យក​មក​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ គឺ​អត់​មាន​ទេ ហើយ​លើក​ពី​បញ្ហា​បក្ស​ប្រឆាំង​អីៗ អី​ហ្នឹង ក៏​អត់​មាន​ដែរ»។

លោក​ស្រី ស្មីត គ្រោង​នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​ ជាមួយ​នឹង​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​ពិភាក្សា​អំពី​លទ្ធផល​ស្រាវជ្រាវ​បឋម​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​ ដែល​សន្និសីទ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ​នេះ។ នេះ​បើ​យោង​តាម​សចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ក្នុង​ពេល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ លោក​ស្រី​ស្មីត​ ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុម​មន្ត្រី​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​បាន​ចូលរួម​ជាមួយ​កម្មករ​ កម្មការិនី​កម្ពុជា​ក្នុង​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​១ ខែ​ឧសភា​នេះ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG