អ្នកនាំពាក្យក្រសួងការបរទេសស.រ.អា.បានចេញសេចក្តីថ្លែងការណ៍សម្តែងក្តីបារម្ភទាក់ទងនឹងមរណភាពគួរឲ្យអាណោចអាធ័មរបស់លោក ទិត្យ រ៉ន អាយុ៣៧ឆ្នាំអតីតសកម្មជនគណបក្សសង្គ្រោះជាតិដែលបានស្លាប់ក្រោយពីប៉ូលិសចាប់ឃុំឃាំងមិនទាន់បាន៤៨ម៉ោងផង។
សេចក្តីថ្លែងការណ៍ដែលមានចំណងជើងថា «មរណភាពលោកទិត្យ រ៉ននិងចំណាត់ការប្រឆាំងអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ» បានអំពាវនាវឲ្យមានការស៊ើបអង្កេតដោយឯករាជ្យនិងជាបន្ទាន់ទាក់ទងនឹងការចាប់ខ្លួននិងការឃុំឃាំងដោយប៉ូលិសនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមដែលជាស្រុកកំណើតរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។
ក្រសួងការបរទេសស.រ.អា.បង្ហាញកង្វល់និងការសោកស្តាយទាក់ទងនឹងវិធានការរបស់រដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងអតីតមន្ត្រីគណបក្សសង្គ្រោះជាតិជិត៧០នាក់។ក្រសួងការបរទេសស.រ.អា.អំពាវនាវឲ្យរដ្ឋាភិបាលលោកហ៊ុន សែនបញ្ឈប់ការរឹតបន្តឹងខាងនយោបាយ និងដោះលែងអ្នកដែលត្រូវចាប់ខ្លួនតាមអំពើចិត្តដោយខុសច្បាប់រួមមានលោក កឹម សុខា និងសកម្មជនជាច្រើនទៀត រួមទាំងអ្នកដែលត្រូវចាប់ខ្លួនថ្មីៗនេះ ហើយស្តារសិទ្ធិមនុស្ស ប្រជាធិបតេយ្យសេរីពហុបក្សឡើងវិញព្រមទាំងគោរពច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស។
កាលពីដើមខែនេះ លោក អ៊ាម ទិត្យ អាយុ៦២ឆ្នាំ អតីតមន្ត្រីគណបក្សសង្គ្រោះជាតិនិងជាឪពុកលោកទិត្យ រ៉នបានអំពាវនាវឱ្យអ្នកស្រី រ៉ូណា ស្មីត ជួយរកយុត្តិធម៌ដល់កូនលោករបស់លោកដែលស្លាប់នៅក្នុងការឃុំឃាំងរបស់ប៉ូលិស អំឡុងពេលអ្នករាយការណ៍ពិសេសរបស់អ.ស.ប.ផ្នែកសិទ្ធិមនុស្សទៅទស្សនកិច្ចនៅប្រទេសកម្ពុជា។
កូនរបស់លោកស្លាប់ដោយអាថ៌កំបាំង ដោយបាក់ក ជាំភ្នែកនិងមានស្នាមជាំ ពេញខ្លួន។ វីដេអូអំពីសាកសពលោក ទិត្យ រ៉ន ត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកដោយមានការចែករំលែកយ៉ាងច្រើន។
លោក ទិត្យ រ៉ន ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមចាប់ខ្លួនកាលពីថ្ងៃទី១៥ខែមេសា ស្រាប់តែនៅថ្ងៃទី១៨ខែមេសាខាងពន្ធនាគារបានប្រាប់ថា លោកបានស្លាប់នៅពន្ធនាគារ ស្របពេលកូនរបស់លោកគ្មានជំងឺអ្វីសោះពីមុនមក។
ទោះជាយ៉ាងណាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមបកស្រាយថា លោកទិត្យ រ៉ន ត្រូវចាប់ខ្លួនដោយសារបានប្រព្រឹត្តបទល្មើសពីមុន។ ហើយ លោក ទិត្យ រ៉ន ស្លាប់ដោយសារដួលបោកក្បាលទៅនឹងជ្រុងអាងទឹកក្នុងបន្ទប់ឃុំខ្លួនបណ្តោះអាសន្ន។
ទោះជាយ៉ាងណាក្តីស្នាមជាំពេញខ្លួនលោក ទិត្យ រ៉ន ទំនងជាលទ្ធផលនៃការធ្វើទារុណកម្មជាជាងការដួល ព្រោះថា ការដួលមិនអាចបង្កស្នាមជាំពេញខ្លួនដូច្នេះទេ៕