នៅពេលមានការចេញផ្សាយព័ត៌មានជាញឹកញាប់អំពីអំពើឆបោកតាមប្រព័ន្ធអនឡាញបង្កដោយក្រុមឧក្រិដ្ឋជនដែលកំពុងរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទេសចរបរទេសទំនងជាស្ទាក់ស្ទើរចិត្ត ធ្វើដំណើរមកទស្សនាតំបន់នេះ។ ការណ៍នេះអាចប៉ះពាល់ដល់វិស័យទេសចរណ៍របស់ប្រទេសមួយចំនួន ក្នុងនោះមានប្រទេសកម្ពុជាផងដែរ។ នេះបើតាមសារព័ត៌មានជប៉ុន The Japan Times។
សេចក្តីរាយការណ៍របស់សារព័ត៌មានជប៉ុន The Japan Times កើតមានឡើង ក្រោយអង្គការសហប្រជាជាតិបានចេញរបាយការណ៍មួយកាលពីចុងខែសីហា ឆ្នាំ២០២៣ ដោយបានបង្ហាញករណីឆបោកតាមអនឡាញនេះក្នុងប្រទេសចំនួន ៥ នៅតំបន់អាស៊ីអាគ្នេយ៍។ ក្នុងនោះ ប្រទេសមីយ៉ាន់ម៉ាមានចំនួនច្រើនជាងគេ ប្រមាណជា ១២ ម៉ឺននាក់។ ចំណែកនៅកម្ពុជាត្រូវបានរកឃើញថា មានប្រមាណជា ១០ ម៉ឺននាក់។
សេចក្តីរាយការណ៍របស់សារព័ត៌មាន The Japan Times ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានលើកឡើងថា ប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា បានបង្កើតចំណងជើងព័ត៌មានជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អំពីគ្រោងការណ៍ជួញដូរមនុស្សពាក់ព័ន្ធនឹងអំពើឆបោកអនឡាញដ៏រាលដាល។
សារព័ត៌មាននេះ បានបរិយាយពីខ្សែភាពយន្តដ៏មានប្រជាប្រិយភាពមួយ មានចំណងជើងថា “No More Bets” ដែលផ្អែកលើករណីពិតៗនៃអ្នកដែលរងអំពើឆបោកកន្លងមក។ ខ្សែភាពយន្តនោះ ប្រាប់ពីរឿងរបស់គូស្នេហ៍ជនជាតិចិនមួយគូ ដែលត្រូវបានគេល្បួងដោយការផ្តល់ជូនការងារនៅក្រៅប្រទេសជាមួយប្រាក់ខែច្រើនគួរសម បានក្លាយជាជនរងគ្រោះដោយមិនដឹងខ្លួនចំពោះគម្រោងការបោកបញ្ឆោត ហើយត្រូវបានគេមើលឃើញថា អ្នកទាំងពីរត្រូវបង្ខំចិត្តធ្វើការទាំងវេទនានៅក្នុងរោងម៉ាស៊ីនបោកប្រាស់តាមអ៊ីនធឺណិត ខណៈពេលដែលស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងដិតដល់។
សេចក្តីរាយការណ៍ដដែលបានបន្ថែមថា៖ «ខ្សែភាពយន្តដ៏កក្រើកមួយនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើឧស្សហកម្មទេសចរណ៍ក្រៅប្រទេសរបស់ប្រទេសចិន ដោយអ្នកដំណើរមិនសូវចង់ទៅលេងប្រទេសទាំងឡាយណា [ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកនេះ]»។
អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រតិកម្មទៅនឹងសេចក្តីរាយការណ៍ខាងលើថា របាយការណ៍នានាទាក់ទិនសកម្មភាពឆបោកតាមអនឡាញគឺជាការចោទប្រកាន់មកលើរដ្ឋាភិបាល ហើយអ្នកស្រីស្នើឱ្យមានការចុះមកស៊ើបអង្កេតរកភស្តុតាងជាក់លាក់ក្នុងករណីឆបោកដែលត្រូវបានរាយការណ៍កន្លងមកនៅប្រទេសកម្ពុជា។
អ្នកស្រីថ្លែងថា៖ «យើងបានកំពុងតែខិតខំប្រឹងប្រែងរកគ្រប់មធ្យោបាយដើម្បីបោសសម្អាត ហើយក៏ដូចខ្ញុំតែងនិយាយដែរថា ដូចមិនពាក់ព័ន្ធនឹងកម្ពុជាតែម្នាក់ឯងទេ។លុះត្រាតែយើងនៅក្នុងតំបន់ជាមួយគ្នា ឬមួយក៏ប្រទេសដែលមានការពាក់ព័ន្ធជាមួយគ្នារួមសហការគ្នាដើម្បីឆ្លើយតបបទល្មើសនេះឱ្យបាន»។
អ្នកស្រីបន្ថែមថា៖ «ហើយយើងបានអំពាវនាវថា សុំឱ្យចុះមកធ្វើការត្រួតពិនិត្យទៅថាតើវានៅកន្លែងណាខ្លះ? បើសិនជាក្នុងករណីដែលអ្នកទៅវិញ គាត់បានផ្តល់ព័ត៌មាន ក៏វាជាចំណុចល្អមួយដែលអាជ្ញាធរ ឬសមត្ថកិច្ចនៅប្រទេសពាក់ព័ន្ធ គាត់អាចចាប់ដៃសហការគ្នា»។
រដ្ឋលេខាធិការក្រសួងទេសចរណ៍លោក តុប សុភ័ក ប្រាប់វីអូអេនៅថ្ងៃច័ន្ទនេះថា បញ្ហាតែងតែកើតមាន និងថា រដ្ឋាភិបាលជាទូទៅបានដោះស្រាយរាល់បញ្ហាដែលកើតមាន មិនទុកចោលឡើយ។
ក៏ប៉ុន្តែលោកបានទទួលស្គាល់ថា រឿងឆបោកតាមអនឡាញ ជាផ្នែកមួយដែលធ្វើឱ្យភ្ញៀវទេសចរចិនមកកម្ពុជាបានធ្លាក់ចុះដល់លេខ៣ ហើយថៃឡើងមកឈរចំណាត់ថ្នាក់លេខ១ ចំណែកឯវៀតណាមលេខ២។
លោកថ្លែងថា៖ «ការទាក់ទងទៅនឹងរឿងចាប់ជំរិត រឿងអីនៅក្នុងបញ្ហាទេសចរណ៍ហ្នឹងដែលកើតឡើងចំពោះទេសចរណ៍ហ្នឹងគឺរាជរដ្ឋាភិបាល អាជ្ញាធរដែនដី មានសមត្ថកិច្ច បានចាត់ចែង អនុវត្តទៅតាម ហើយដាក់ទោសទណ្ឌទៅលើជនដែលបានប្រព្រឹត្ត»។
សេចក្តីរាយការណ៍របស់សារព័ត៌មាន The Japan Times បានឱ្យដឹងទៀតថា ប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានឡាវ ហ្វ៊ីលីពីន និងថៃ ត្រូវបានចាត់ទុកថា ជាប្រទេសគន្លឹះសម្រាប់ការឆ្លងកាត់នៃការជួញដូរមនុស្ស ឬជាប្រទេសគោលដៅតែម្តងសម្រាប់មនុស្សយ៉ាងហោចណាស់រាប់ម៉ឺននាក់។
ការស្ទង់មតិថ្មីៗនេះនៅលើប្រព័ន្ធទំនាក់ទំនងសង្គម Weibo របស់ប្រទេសចិន ដែលជាវេទិកាស្រដៀងនឹង X ដែលពីមុនហៅថា Twitter បានបង្ហាញថា អ្នកឆ្លើយសំណួរចំនួន ៤៨.០០០នាក់ ក្នុងចំណោម ៥៤.០០០ នឹងចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ខណៈដែលប្រហែល ៣.០០០នាក់ បាននិយាយថា ពួកគេស្ទាក់ស្ទើរចំពោះដំណើរទស្សនកិច្ចដែលរៀបចំទុកមុនដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព។ នេះបើតាមសារព័ត៌មាន The Japan Times។
សារព័ត៌មានដដែលលើកឡើងទៀតថា នៅក្នុងការស្ទង់មតិមួយផ្សេងទៀតដែលសួរជនជាតិចិនដែលជាអ្នកប្រើប្រាស់អ៊ិនធឺណិតថាតើពួកគេនឹងធ្វើដំណើរទៅកាន់អាស៊ីអាគ្នេយ៍ឬអត់នោះ គឺជាង៨៥ភាគរយ នៃអ្នកឆ្លើយតបបាននិយាយថា ពួកគេនឹងមិនគិតពីការធ្វើដំណើរទៅទីនោះ ក្រោមហេតុផលសុវត្ថិភាពដូចគ្នា៕