ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​សន្យា​បន្តឹង​ការគ្រប់គ្រង​កាំភ្លើង​និង​គ្រឿង​ញៀន បន្ទាប់ពី​មាន​ការសម្លាប់​រង្គាល​កើតឡើង​នៅ​មណ្ឌល​ថែទាំ​កុមារ


កាលពី​ថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០២២ នៅខាងក្រៅវត្ត Rat Samakee ក្នុងខេត្ត Uthai Sawan ភាគ​ខាងកើត​ប្រទេស​ថៃ ស្ត្រី​ម្នាក់​ដាក់ដៃ​លើ​រូបថត​ជន​រង​គ្រោះ​នៅ​ក្នុង​ការ​សម្លាប់​រង្គាល​មួយ​ដែល​បាន​កើតឡើង​នៅ​ឯ​មណ្ឌល​ថែទាំ​កុមារ​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ​កាលពី​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។
កាលពី​ថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០២២ នៅខាងក្រៅវត្ត Rat Samakee ក្នុងខេត្ត Uthai Sawan ភាគ​ខាងកើត​ប្រទេស​ថៃ ស្ត្រី​ម្នាក់​ដាក់ដៃ​លើ​រូបថត​ជន​រង​គ្រោះ​នៅ​ក្នុង​ការ​សម្លាប់​រង្គាល​មួយ​ដែល​បាន​កើតឡើង​នៅ​ឯ​មណ្ឌល​ថែទាំ​កុមារ​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ​កាលពី​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan Ocha បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា បុគ្គល​រូប​ណា​ដែល​ចង់​ទិញ​កាំភ្លើង​នៅ​ក្នុង​ប្រទេស​ថៃ​នឹង​តម្រូវ​ឱ្យ​មាន​ការ​វាយតម្លៃ​លើ​បញ្ហា​សុខភាព​ផ្លូវចិត្ត​របស់​បុគ្គល​នោះ​ជា​មុន​សិន ហើយ​ប្រទេស​ថៃ​នឹង​ចាប់ផ្ដើម​ធ្វើ​ការ​បោស​សម្អាត​លើ​អ្នក​ប្រើប្រាស់​គ្រឿងញៀន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

វិធានការ​របស់​លោក Prayuth នេះ​ស្ថិត​ក្នុង​ចំណោម​វិធានការ​នានា​ដែល​បាន​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​ថៃ បន្ទាប់ពី​មាន​ការ​សម្លាប់​រង្គាល​មួយ​បាន​កើតឡើង​នៅ​ឯ​មណ្ឌល​ថែទាំ​កុមារ​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ​កាលពី​ពេល​ថ្មីៗ​នេះ​ដោយ​ធ្វើ​ឱ្យ​មនុស្ស ៣៧ នាក់​ស្លាប់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កុមារ​ចំនួន ២៤ នាក់​ផង​ដែរ។

ការ​សម្លាប់​រង្គាល​នេះ​បាន​បង្ក​ឡើង​ដោយ​ខ្មាន់​កាំភ្លើង​ជា​អតីត​មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ដោយ​ហេតុផល​ទាក់ទិន​នឹង​គ្រឿងញៀន។ ខ្មាន់​កាំភ្លើង​នេះ​បាន​សម្លាប់​ប្រពន្ធ​និង​កូន​របស់​ខ្លួន មុន​ពេល​បាញ់​សម្លាប់​ខ្លួន​ឯង។

ការ​សម្លាប់​រង្គាល​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​ថៃ​ទាំង​មូល​មាន​ការ​រន្ធត់​តក់ស្លុត​យ៉ាង​ខ្លាំង និង​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អំពាវនាវ​ដល់​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​នានា​ឱ្យ​រឹត​បន្តឹង​ឱ្យ​បាន​ខ្លាំង​ជាង​មុន​ទៅ​លើ​ច្បាប់​កាន់កាប់​អាវុធ ក៏​ដូចជា​បង្ក្រាប​ទៅ​លើ​បញ្ហា​គ្រឿង​ញៀន​ផង​ដែរ។

លោក Prayuth បាន​ប្រាប់​ក្រុម​អ្នក​កាសែត​បន្ទាប់ពី​លោក​បាន​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​ការ​ប្រជុំ​មួយ​ស្តីពី​ការ​ប្រើប្រាស់​កាំភ្លើង​និង​គ្រឿងញៀន​ថា៖ «មាន​បញ្ហា​ជាន់​គ្នា​រវាង​ការ​ប្រើប្រាស់​កាំភ្លើង​ដែល​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា និង​ឥរិយាបថ​ដែល​បង្ក​ឡើង​ដោយ​អ្នក​ញៀន​និង​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន»។

លោក Prayuth ក៏​បាន​បញ្ជា​ផង​ដែរ​ឱ្យ​មន្ត្រី​ប៉ូលិស​និង​មន្ត្រី​ផ្សេង​ទៀត​ចំណាយ​ពេល ៣ ខែ​ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​ញៀន​គ្រឿង​ញៀន​និង​បញ្ជូន​អ្នក​ទាំង​នោះ​ទៅកាន់​មណ្ឌល​កែប្រែ។

រដ្ឋាភិបាល​ថៃ​ក៏​នឹង​មាន​គម្រោង​បង្កើត​ច្បាប់​មួយ​ផង​ដែរ ដែល​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ដែល​កាន់កាប់​កាំភ្លើង​ខុស​ច្បាប់​ប្រគល់​អាវុធ​ទាំង​នោះ​មក​ឱ្យ​អាជ្ញាធរ​ដោយ​មិន​ទទួល​រង​ការ​ពិន័យ​អ្វី​នោះ​ឡើយ៕

XS
SM
MD
LG