អគ្គលេខាធិការរងអ.ស.ប. លោក Jan Eliasson ដែលនឹងចាកចេញពីតំណែងនៅដំណាច់ឆ្នាំនេះ ទទួលស្គាល់ថា ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ បាននិយាយបែបអវិជ្ជមានម្តងម្កាលអំពីអង្គការអ.ស.ប. ប៉ុន្តែលោក Eliasson និយាយថា លោកសង្ឃឹមថា គំនិតបែបនេះនឹងគ្រាន់តែជាការបំផ្លើសប៉ុណ្ណោះ ហើយថាការផ្តល់កន្លែងសម្រាប់ស្នាក់អាស្រ័យ (សម្រាប់ជនបរទេស) អាចនៅតែរកបាន។
«ខ្ញុំបានជួបលោក ត្រាំ ផ្ទាល់ កាលពីពេលមុនក្នុងពេលខ្ញុំបំពេញតួនាទីទាំងនៅ អ.ស.ប. និងជាឯកអគ្គរដ្ឋទូតនៅរដ្ឋធានីវ៉ាស៊ីតោន ហើយកាលនោះខ្ញុំមិនបានឃើញថាលោកមានអប្បកិរិយាមិនពេញចិត្តនឹងអង្គការសហប្រជាជាតិទេ»។
លោក Eliasson បានកត់សម្គាល់ថា ស.រ.អា. គឺជាសមាជិកផ្តល់ជំនួយឧបត្ថមដល់ អ.ស.ប. ជាអ្នករួមចំណែកដ៏សំខាន់មួយចំពោះការងាររបស់អង្គការនេះ ហើយក៏ជាអ្នកដែលទទួលផលប្រយោជន៍ផងដែរ។ លោកនិយាយថា មានហេតុផលជាច្រើនដែល ស.រ.អា. គួរតែបន្តភាពសកម្មក្នុងការងាររបស់ អ.ស.ប.។ ប៉ុន្តែ លោកប្រាប់ VOA ថា លោកមានការព្រួយបារម្ភមួយចំនួនទាក់ទងនឹងទំនាក់ទំនងរវាងស.រ.អា. និង អ.ស.ឞ. នាពេលអនាគត។
«ការព្រួយបារម្ភមួយនោះគឺ ទិសដៅដែលយើងត្រូវទៅ និងការងារលើបម្រែបម្រួលអាកាសធាតុ។ វាពិតជាមានសារៈសំខាន់ណាស់ដែលយើងត្រូវទទួលស្គាល់ថា នេះជាការគំរាមកំហែងដែលកើតមានពិតប្រាកដ។ បើសិនរដ្ឋសមាជិកមិនធ្វើតាមគោលបំណង និងការប្តេជ្ញាចិត្តតាមកិច្ចព្រមព្រៀងទេ យើងនឹងមានបញ្ហា ជាពិសេសបើសិនប្រទេសសមាជិកនោះជាប្រទេសធំដូចសហរដ្ឋអាមេរិកនោះ»។
លោក Eliasson និយាយថាលោកមានការព្រួយបារម្ភថា ជនភៀសខ្លួនដែលកំពុងតែកើនឡើង និងស្ថានភាពចំណាកស្រុក កំពុងបង្កើនការស្អប់ខ្ពស់ទៅលើជនបរទេសនៅជុំវិញពិភពលោក។ លោកបាននិយាយថា លោកសង្ឃឹមថាសហរដ្ឋអាមេរិកនឹងនៅតែបន្តតាំងចិត្តទៅនឹងយុទ្ធនាការរបស់អ.ស.ប ក្នុងការទប់ទល់នឹងការខ្លាចជនបរទេស។
ដោយនិយាយដល់បញ្ហាសាកលផ្សេងទៀត លោក Eliasson និយាយថាលោកព្រួយបារម្ភខ្លាំងអំពីជម្លោះដែលកាន់តែអាក្រក់ទៅៗនៅក្នុងប្រទេសស៊ីរី ដែលលោកមិនឃើញមានសញ្ញាណាមួយណាថានឹងមានការចរចានយោបាយណាមួយនាពេលឆាប់ៗដើម្បីបញ្ចប់សង្គ្រាមនេះទេ។
ចំពោះបញ្ហាប្រទេសស៊ូដង់ខាងត្បូងវិញ លោក Eliasson និយាយថាលោកមានការបារម្ភជាខ្លាំងដោយសារតែរុស្ស៊ី និងចិនទំនងជានឹងវេតូ (បដិសេធ) ចំពោះដំណោះស្រាយដោយក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ទាក់ទងនឹងការដាក់ទណ្ឌកម្មអាវុធ ទៅលើប្រទេសនៅក្នុងទ្វីបអាហ្វ្រិកមួយនេះ។ លោកនិយាយថា លំហូរសព្វាវុធទៅកាន់ប្រទេសមួយដែលកំពុងមានជម្លោះ គឺជាគំនិតដ៏អាក្រក់មួយ៕