ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ពិភពលោក​ប្រជុំ​គ្នា​អំពី​បម្រែបម្រួល​ធាតុអាកាស​ បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ផ្តល់​ទស្សនៈ​ផ្សេងៗ​គ្នា


ប្រតិភូ​ដើរខាងក្រៅ​នៃច្រកចូលធំ​របស់​សន្និសីទស្តីពី​បម្រែបម្រួល​អាកាសធាតុ​របស់​អ.ស.ប. នៅ Bourget, ខាងក្រៅទីក្រុង​ប៉ារីស​ ថ្ងៃទី​២៧​ វិច្ឆិកា ឆ្នាំ២០១៥
ប្រតិភូ​ដើរខាងក្រៅ​នៃច្រកចូលធំ​របស់​សន្និសីទស្តីពី​បម្រែបម្រួល​អាកាសធាតុ​របស់​អ.ស.ប. នៅ Bourget, ខាងក្រៅទីក្រុង​ប៉ារីស​ ថ្ងៃទី​២៧​ វិច្ឆិកា ឆ្នាំ២០១៥

នៅ​ពេល​មេដឹក​នាំ​ពិភពលោក​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ចូល​រួម​ក្នុង​សន្និសីទ​ធំមួយ​ស្តី​ពី​ធាតុអាកាស​នៅ​​ក្រុង​ប៉ារីស​គណៈប្រតិភូ​ស.រ.អា​ដឹកនាំ​ដោយ​លោក​ប្រធានា​ធិបតី​បារ៉ាក់អូបាម៉ា​ជំរុញ​ឱ្យមាន​សកម្មភាព​ខ្លាំង​និង​រួម​គ្នា​ផ្អែក​លើ​«ការវិនិច្ឆ័យ​ដ៏​លើសលប់​នៃ​វិទ្យាសាស្ត្រ‍»​ ក៏ប៉ុន្តែអ្នក​​ដឹកនាំ​បន្ត​តំណែង​ពី​លោក​អាច​មាន​ទស្សនៈ​ផ្សេង​អំពី​បញ្ហា​នេះ។​

នៅ​ពេល​ដែល​ពួក​មេដឹក​នាំ​ពិភពលោក​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ចូល​រួម​ក្នុង​សន្និសីទ​ធំមួយ​ស្តី​ពី​ធាតុអាកាស​នៅ​ក្នុង​ក្រុង​ប៉ារីស​គណៈប្រតិភូ​ស.រ.អា​ដឹកនាំ​ដោយ​លោក​ប្រធានា​ធិបតី​បារ៉ាក់អូបាម៉ា​ជំរុញ​ឱ្យមាន​សកម្មភាព​ខ្លាំង​និង​រួម​គ្នា​ផ្អែក​លើ​«ការវិនិច្ឆ័យ​ដ៏​លើសលប់​នៃ​វិទ្យាសាស្ត្រ‍»​ ក៏ប៉ុន្តែ​រដ្ឋបាល​លើកក្រោយ​ដែល​ដឹកនាំ​ដោយ​អ្នកបន្ត​តំណែង​ពី​លោក​អាច​មាន​ទស្សនៈ​ផ្សេង​អំពី​បញ្ហា​នេះ។​

អ្នកជំនួញ​ Donald Trump ​ដែល​នាំ​មុខ​គេ​ក្នុង​ប្រកួត​ប្រជែង​ដើម្បីទទួល​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ២០១៦​បាន​និយាយ​ថា​លោក​មិន​ជឿថា​មានការ​ប្រែប្រួល​ធាតុអាកាស​ទេ​ឬថា​មិន​មាន​បញ្ហា​ធំ​ដល់​ស.រ.អា​ឡើយ។

កាល​ពី​ខែ​កញ្ញា​លោក Trump បាន​និយាយ​ថា«ខ្ញុំ​ចាត់ទុក​ការ​ប្រែប្រួល​អាកាសធាតុ​ថា​មិន​មែន​ជា​បញ្ហា​ធំដុំទេ។ ខ្ញុំ​យល់​ថា​វា​ជា​ការ​ប្រែប្រួលធាតុ​អាកាស។ ​វា​អាច​ជា​អ្វីដែល​ធ្វើ​ដោយ​មនុស្ស ក៏​ប៉ុន្តែ​អ្នកដឹង​ទេ ​ប្រសិន​បើ​អ្នកក្រឡេក​មើល​ទៅ​ប្រទេស​ចិន​ពួក​ចិន​មិន​បាន​ធ្វើអ្វី​សោះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។​ ប្រទេស​ឯទៀត​ៗ​ក៏មិនបាន​ធ្វើអ្វី​ដែរ​ដើម្បី​ដោះស្រាយ​បញ្ហានេះ‍»។​ លោក Trump បាន​និយាយ​ត​ទៅ​ទៀត​នៅ​ក្នុងការ​ផ្សាយ​មួយ​តាម Twitter នៅ​ខែ​នេះ​ថាកំណើន​កម្តៅ​សាកល​បាន​ត្រូវ​បង្កើត​ឡើង​ដើម្បី​ធ្វើឱ្យមាន​ផល​មិន​ល្អ​ដល់​ភាព​ប្រកួតប្រជែង​នៃ​ការ​ផលិត​ប្រដាប់ប្រដា​ប្រើប្រាស់​អាមេរិកាំង​និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​ចិន។​

លោក Ted Cruz ​ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ស.រ.អា​ប្រចាំ​រដ្ឋ​តិចសាស​ដែល​មាន​ការ​គាំទ្រ​ច្រើន​ជាងមុន​ក្នុង​ការ​ស្ទង់មតិ​កាល​ពី​ពេល​ថ្មីៗនេះ​ មាន​ការ​ជំទាស់​ខ្លាំងជាង​គេ​ក្នុង​ចំណោម​ពួក​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ដល់​ការ​អះអាង​ដោយ​វិទ្យាសាស្ត្រ​ដែល​ថា​ផែនដី​បាន​ឡើង​កម្តៅ​ខ្លាំង​ជាង​មុន​និង​ដល់​ផែនការ​កែប្រែ​គោលនយោបាយ​ថាមពល​ស.រ.អា​ដើម្បី​ជួយ​កាត់​បន្ថយ​ផលប៉ះពាល់​នៃកំណើន​ក​ម្តៅ​ផែនដី។​លោក​និយាយ​ថាទិ​ន្នន័យ​ផ្កាយ​វិទ្យាសាស្ត្រ​បាន​កត់ត្រា​ថា​គ្មាន​កំណើន​កម្តៅ​ផែនដី​ទេក្នុង​រយៈពេល​១៧​ឆ្នាំ​នេះ​ហើយ​ថា​ពួក​អ្នក​វិទ្យាសាស្ត្រ​កំពុង​«សម្រប​សម្រួល​តួលេខ‍»។ លោក Cruz ​អះអាង​ថា​ទិន្នន័យ​នេះ​កំពុង​ត្រូវ​ប្រើ​ដើម្បី​ត្រួតត្រា​សេដ្ឋកិច្ច​និង​ឧស្សាហកម្ម​ថាមពល។​

បើ​តាម​ផ្នែក​រដ្ឋបាល​ជាតិ​ស.រ.អា​ខាង​មហាសមុទ្រ​និង​បរិយាកាស​ដែល​ហៅ​កាត់ថា​ NOAA​ថា​មាន​«ភស្តុតាង​ខាង​វិទ្យាសាស្ត្រ​ជា​ច្រើន​ដែល​ថា​ផែនដី​កំពុង​មាន​កម្តៅ​ក្តៅ​ជាង​មុន​និង​មាន​ភស្តុតាង​ខាង​វិទ្យាសាស្ត្រ​ច្បាស់លាស់​ដែល​ថា​សកម្មភាព​របស់​មនុស្ស​ជា​បុព្វហេតុ​ធំ​បំផុត​នាំឱ្យ​មាន​បញ្ហានេះ‍»។ ទីភ្នាក់ងារ​នេះ​និយាយ​ថា​ផែនដី​មាន​កម្តៅ​ជាង​មុន​តា​ម​អត្រា​លឿន​ជាង​ពេល​ណាៗ​ទាំងអស់​ក្នុង​រយៈពេល​រាប់លាន​ឆ្នាំ​កន្លង​មកនេះ​ដោយ​សីតុណ្ហភាព​មធ្យម​នៃ​ផ្ទៃដី​សាកល​បាន​កើនឡើង​ជា​លំដាប់​រៀងរាល់​បី​ទសវត្សរ៍​កន្លង​ទៅ​នេះ។​

ពួក​អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​ថា​ការ​អនុញ្ញាត​ឱ្យ​សីតុណ្ហភាព​សាកល​កើនឡើង​ជាង​២អង្សា​សេ​លើសពី​កម្រិត​មុនពេល​មាន​ឧស្សាហកម្ម​នឹង​នាំ​ឱ្យ​មាន​ធាតុ​អាកាស​មិន​ល្អ​និងមាន​ការ​ឡើង​កម្រិត​ទឹកសមុទ្រ​ដែល​មាន​ផល​ប៉ះពាល់​ដល់​ប្រជារាស្ត្រ​នៅទូទាំង​ពិភពលោក។ បើ​តាម​ទីភ្នាក់ងារ NOAA ថា​សីតុណ្ហភាព​ពិភពលោក​បាន​កើន​ឡើង​ជិត​មួយ​អង្សា​ស្រេច​ហើយ​ដោយ​ភាគ​ច្រើន​បំផុត​ចាប់តាំង​ពីឆ្នាំ១៩៧៦​មក។

ការពារ​សដ្ឋកិច្ច​ជា​ដំបូង

លោក Jeb Bush ​អតីត​អភិបាល​រដ្ឋ​ Florida ​លោក​ Mike Huckabee ​អតីត​អភិបាល​រដ្ឋ​ Arkansas និង​លោក ​Rand Paul​ សមាជិក​ព្រឹទ្ធ​សភា​ស.រ.អា​ប្រចាំរដ្ឋ​ Kentucky ​និយាយ​ថា​វិទ្យាសាស្ត្រ​មាន​ការមិន​ទាន់​ច្បាស់លាស់​នៅ​ឡើយ​ទេ​ស្តី​ពី​ការ​ប្រែ​ប្រួល​ធាតុអាកាស​ ដោយ​លោក​ Bush និង​លោក Paul ​និយាយ​ថា​មិនទាន់​ច្បាស់លាស់​ទេ​ថា​តើ​មនុស្ស​បាន​ធ្វើ​ឱ្យ​មាន​បញ្ហា​នេះ​ច្រើន​ប៉ុណ្ណា​ឡើយ។

លោក Bush ​បាន​និយាយ​ថា​ជា​ការ​«ក្រអឺត​ក្រទម​ពិត​ប្រាកដ‍»​ដែល​និយាយ​ថា​វិទ្យាសាស្ត្រ​ជា​ការ​សម្រេច​អំពី​បញ្ហា​នេះ​ហើយ​ថា​លោក​មិន​ចង់​ប្រើ​ការ«បំផ្លាញ​សេដ្ឋកិច្ចអា​មេរិកាំង‍»​ធ្វើ​ជា​ដំណោះ​ស្រាយ​ទេ។​

លោក Marco Rubio ​ដែល​ជា​សមាជិ​ក​ព្រឹទ្ធសភា​ស.រ.អា​ប្រចាំរដ្ឋ​ Florida ​ដែល​មានការ​គាំទ្រ​លំដាប់​ទី​បី​នៅ​ក្នុង​ការ​ស្ទង់មតិ​ថ្មីៗ​បំផុត​ យល់​ស្រប​ជាមួយ​គំនិត​ដែល​ថា​ការ​ប្រឈម​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​មិនគួរ​ធ្វើឱ្យមាន​ផល​មិន​ល្អ​ដល់​សេដ្ឋកិច្ច​ទេ។​ លោក​បាន​និយាយ​យោង​ដល់​ប្រទេស​ចិន​ថា​ជា​ប្រទេស​ផលិត​សារធាតុ​កាបោន​ច្រើន​ជាង​គេ។​ លោក​បាន​និយាយ​ដែរ​ថា​លោក​មិន​ធ្វើឱ្យ​ក្រុម​ហ៊ុន​អាមេរិកាំង​មាន​ការពិបាក​ជាង​មុន​ក្នុង​ការ​បង្កើត​ការ​ងារ​សម្រាប់​តែ​គាំទ្រ​គោលនយោបាយ​ដែល​«មិន​អាច​ធ្វើអ្វី​បាន​ដើម្បី​កែ​ប្រែធាតុ​អាកាស​របស់​យើង‍»​ដោយ​លោកនិយាយ​យោង​ដល់​ផែនការ​របស់​រដ្ឋបាល​លោកអូបាម៉ា។​

កាលពី​ខែ​សីហា​ លោកអូបាម៉ា​បានប្រកាស​អំពី​ផែន​ការ​ថ្មី​មួយ​ដើម្បី​កាត់​បន្ថយ​ការបញ្ចេញ​សារធាតុ​កាបោន​៣២ភាគ​រយ​នៅ​ក្រោម​កម្រិតកាល​ពី​ឆ្នាំ២០០៥​មិន​ឱ្យ​ហួស​ពី​ឆ្នាំ២០៣០​ហើយ​នឹង​បង្កើន​ចំនួន​ថាម​ពល​បាន​មក​ពី​ប្រភព​ថាមពល​កកើតឡើងវិញ​បាន​ចំនួន២៨​ភាគរយ​នៃ​ការ​ផលិត​ថាមពល​សរុប។​

កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ក្រុម​ហ៊ុន​អគ្គិសនី​បាន​កែប្រែ​កិច្ចប្រតិបត្តិការ​ខ្លះ​របស់​ខ្លួន​ដោយ​បង្កើន​ការ​ពឹងពាក់​របស់​ពួក​គេ​ទៅលើ​ឧស្ម័ន​ធម្មជាតិ​ ថាម​ពល​ព្រះអាទិត្យ​និង​ថាម​ពល​ខ្យល់។ ​ជា​លទ្ធផល​ ទិន្នន័យ​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​ការ​ចុះ​ថយ​នៃ​ការ​បញ្ចេញ​សារធាតុ​កាបោន​ពី​រោង​ចក្រ​អគ្គិសនី​ដែល​ដុតធ្យូង​ថ្ម។​ការ​កាត់​បន្ថយ​ចំនួន​សារធាតុ​កាបោន​ទៅក្នុង​បរិយាកាស​ជា​ការ​ផ្តោត​ការយក​ចិត្ត​ទុកដាក់​ធំ​មួយ​ទៅ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​សាកល​ដើម្បី​ទប់ទល់​នឹង​កំណើន​សីតុណ្ហភាព។​

លោកស្រី​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា. ​Hillary Clinton ​លោក Bernie Sanders ​និង​លោក Martin O'Malley ​អតីត​អភិបាល​រដ្ឋ​ Maryland ​ដែលទាំង​អស់​គ្នា​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​បាន​គាំ​ទ្រ​ផែនការ​បស់លោកអូបាម៉ា។

ថាមពលជំនួស​និង​សីលធម៌

លោកអភិបាល​រដ្ឋ​ New Jersey ​គ្រីស គ្រីស្ទី​និយាយ​ថាធាតុ​អាកាស​សាកល​ក្តៅ​ជាង​មុន​ជា​«ការពិត‍»​ក៏​ប៉ុន្តែ​លោក​មិន​ជឿ​ថា​បញ្ហា​នេះ​តម្រូវ​ឱ្យ​មាន​អន្តរាគមន៍​ខ្លាំង​ពី​រដ្ឋាភិបាល​ទេ។​លោក​បាន​សរសើរ​រដ្ឋ​លោក​ដែល​បាន​ប្រើប្រាស់​ប្រភព​ថាមពល​ជំនួស​ដែល​ស្អាត​ជាង​មុន​ដែល​លោក​បាននិយាយ​ថាមាន​ប្រើ​ច្រើន​ជាង​មុន​ដោយសារ​ការ​ខិតខំប្រឹងប្រែង​របស់​រដ្ឋបាល​លោក​ក្នុង​ការ​ធ្វើឱ្យ​ប្រភព​ថាមពល​ទាំង​នេះ«អាច​ធ្វើបាន​ក្នុង​វិស័យ​សេដ្ឋកិច្ច‍»។

លោក​ Paul ​យល់ស្រប​ជាមួយ​សេចក្តី​ត្រូវការ​ឱ្យមាន​ការ​ទាក់ទិន​ជាមួយ​ថាមពល​ព្រះអាទិត្យ ​ថាមពល​ខ្យល់​និង​វារីអគ្គិសនី​ ក៏​ប៉ុន្តែ​ថា​ធ្យូងថ្ម​និង​ឧស្ម័នធម្មជាតិ​គួរ​តែ​នៅ​ជា​ផ្នែក​ធំៗ​នៃ​អ្វីដែល​លោក​ហៅ​ថា​«អ្វី​ទាំង​អស់​ដែល​នៅ​ពី​លើ​គោលនយោបាយ‍»។ ​លោក​បាននិយាយ​ថា​ជា​ប្រវត្តិសាស្ត្រ​ មាន​ពេល​វេលា​ដែល​សីតុណ្ហភាព​ឡើង​ខ្ពស់​ជាង​មុ​ន​ឬ​ថយ​ចុះ​ទាប​ជាង​មុន​ ហើយ​មាន​ពេល​វេលា​ខ្លះ​សារធាតុ​កាបោន​មានខ្ពស់​ជាង​មុន​ដែរ។​

លោក Ben Carson ​ដែល​ជា​វេជ្ជបណ្ឌិត​វះកាត់​សរសៃ​ប្រសាទ​និង​ជា​បេក្ខជន​មាន​ការ​គាំទ្រ​លំដាប់ទី​ពីរ​នៅ​ក្នុង​ការ​ស្ទង់មតិ​ក្នុង​ចំណោម​ពួក​សាធារណរដ្ឋ​សម្រាប់​តំណែង​ប្រធានាធិបតី​ស.រ.អ. ​បាន​និយាយ​ថា«តែង​តែ​មាន​ធាតុអាកាស​ត្រជាក់​ជាងមុន​ឬ​ក្តៅ​ជាងមុន​ជានិច្ច‍»​ដែល​ជា​អ្វី​លោក​ចាត់​ទុក​ថា​គ្មាន​ការ​ទាក់ទង​គ្នា​ទេ។​លោក​បានថ្លែង​ថា​កាតព្វកិច្ច​គឺ​ការពារ​បរិដ្ឋាន។​

សម្រាប់​លោក​ Sanders ​ការ​ប្រែប្រួល​អាកាសធាតុ​ជា​«បញ្ហា​សីលធម៌​មួយ‍»។

លោក​ Sanders ​បាននិយាយ​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​មួយ​កាល​ពី​ខែ​តុលា​ថា​«គ្មាន​អ្វី​នឹង​កើត​មាន​ទេ​ លុះ​ត្រា​តែ​យើង​ប្រុងប្រៀប​ដោះស្រាយ​ការ​កែទម្រង់​ការ​ផ្តល់ប្រាក់​ឃោសនា​បោះ​ឆ្នោត​ពី​ព្រោះ​ឧស្សហកម្ម​ឥន្ធនៈ fossil ​ផ្តល់​ប្រាក់កាស​ឱ្យ​គណបក្ស​សាធារណរដ្ឋ​ដែល​បដិសេធ​ការ​ពិត​ជាក់ស្តែង​នៃការ​ប្រែប្រួល​ធាតុអាកាស‍»។ ​លោក​បាន​ថ្លែង​បន្ថែម​ថា​ស.រ.អា.​ត្រូវ​តែ​ធ្វើការ​យ៉ាងខ្លាំង​ក្លា​ជាមួយ​ប្រទេស​ចិន ​ឥណ្ឌា​និង​ប្រទេស​រុស្សី។​

លោកស្រី​ Clinton ​ក៏​បា​ន​មាន​ប្រសាសន៍​ដែរ​អំពី​សេចក្តី​ត្រូវការ​នាំ​ប្រទេស​ចិន​និង​ប្រទេស​ឥណ្ឌា​ព្រមទាំង​ប្រទេស​ឯទៀតៗ​ក្នុង​ពិភព​លោកឱ្យ​ជួយដោះស្រាយ​បញ្ហា​នេះ។​លោកស្រី​បាន​មាន​ប្រសាសន៍​ថា​កិច្ចចរចា​អំពី​ធាតុអាកាស​នៅ​ក្នុង​ក្រុង​ Paris ​ត្រូវការ​ឱ្យមាន​«ការ​ប្តេជ្ញា​មួយ​ដែល​អាច​ពិនិត្យ​ផ្ទៀង​ផ្ទាត់​បានពី​សំណាក់ប្រទេស​ទាំង​អស់​ដែល​ចូល​រួម​ក្នុង​សន្និសីទ​នោះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​ធាតុអាកាស‍»៕​

XS
SM
MD
LG