ប្រជាពលរដ្ឋអាមេរិកាំង កំពុងស្វែងយល់អំពីកិច្ចព្រមព្រៀងផ្លាស់ប្តូរអាកាសធាតុដែលកំពុងធ្វើឲ្យបែកបាក់គ្នារួចទៅហើយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនតាមខ្សែបន្ទាត់នយោបាយគណបក្សដែលអាចទស្សន៍ទាយបាន។
ការតាំងចិត្តកាត់បន្ថយសារធាតុ កាបោននិងការរួមវិភាគទានហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងនោះដល់ប្រទេសកំពុងអភិវឌ្ឍន៍ ប្រាកដជាក្លាយជាប្រធានបទមួយនៅក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកនៅឆ្នាំ២០១៦។
«កិច្ចព្រមព្រៀងនេះ មានន័យថា មានការបញ្ចេញកាបោនតិចដែលគំរាមកំហែងផែនដីរបស់យើង ហើយបង្កើតការងារនិងសេដ្ឋកិច្ចរីកលូតលាស់ដែលជំរុញឡើងដោយការធ្វើវិនិយោគទុនកាបោនឲ្យនៅទាប»។
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលសប្បាយរីករាយ បានចាប់ផ្តើមកិច្ចការផ្សព្វផ្សាយកិច្ចព្រមព្រៀងទីក្រុងប៉ារីសដល់សាធារណៈជនអាមេរិកាំង។
«អ្វីដែលសំខាន់គឺថា សព្វថ្ងៃនេះ យើង អាចមានទំនុកចិត្តកាន់តែខ្លាំងឡើងថា ផែនដីរបស់យើង នឹងមានទម្រង់កាន់តែប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយ។ហើយ នេះ ជាអ្វីដែលខ្ញុំ គិតគូ»។
ពួកគណបក្សប្រជាធិបតេយ្យនៅក្នុងសភា បានផ្ញើរសារតាមប្រព័ន្ធ Twitter ដើម្បីសរសើរកិច្ចព្រមព្រៀងនេះ។ក៏ប៉ុន្តែ ពួកគណបក្សសាធារណរដ្ឋ បានប្រកាសប្រឆាំងមុនពេលមានកិច្ចព្រមព្រៀងនោះទៅទៀត។
លោក John Barasso ព្រឹទ្ធសមាជិកសភាខាងគណបក្សសាធារណរដ្ឋ បាននិយាយថា៖
«ប្រធានាធិបតី អូបាម៉ា បានសន្យាកាត់បន្ថយផលិតផលថាមពលរបស់អាមេរិកយ៉ាងច្រើន។ប្រជាពលរដ្ឋអាមេរិកាំង ជំទាស់ប្រឆាំងការបញ្ជូនប្រាក់របស់ពួកគេទៅឲ្យមូលនិធិខ្ជះខ្ជាយអាកាសធាតុរបស់អង្គការសហប្រជាជាតិ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Mitch McConnell មេដឹកនាំសំឡេងភាគច្រើនរបស់ព្រឹទ្ធសភា បានរិះគន់កិច្ចព្រមព្រៀងនោះថា«ជាការមិនអាចសម្រេចបាន ហើយត្រូវតែពឹងផ្អែកលើផែនការថាមពលក្នុងស្រុកដែលហាក់ដូចជាការខុសច្បាប់ហើយថា សភា បានបោះឆ្នោតបដិសេធរួចទៅហើយ»។
ក៏ប៉ុន្តែ លោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋថ្លែងថា៖
«យើង ចង់មានខ្យល់ស្អាត យើង ចង់មានទឹកស្អាត។យើង ប្រាកដជាចង់មានវត្ថុទាំងនោះ»។
ពួកបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ និយាយថា ផែនដី អាចត្រូវបានការពារដោយមិនចាំបាច់មានអ្វីដែលពួកគេ មើលឃើញថា ជារបៀបវារៈអាកាសធាតុសម្លាប់ការងាររបស់លោកអូបាម៉ា។រដ្ឋបាលរបស់លោក អូបាម៉ា កំពុងប្រកាន់ជំហរយ៉ាងរឹងមាំ។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerryបានថ្លែងថា៖
«សមាជិកសភាជាច្រើន បានស្ថិតនៅខាងខុសនៃប្រវត្តិសាស្រ្ត។ហើយ ខ្ញុំ មិនជឿថា ពួកគេ អាចជាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ប្រសិនបើ ពួកគេ មិនយល់ពីការប្រែប្រួលអាកាសធាតុ ហើយពួកគេ មិនបានតាំងចិត្តដោះស្រាយផែនការអាកាសធាតុនោះ»។
ក្នុងចំណោមអ្នកប្រកួតប្រជែងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ មានលោកស្រី Hillary Clinton បានហៅកិច្ចព្រមព្រៀងអាកាសធាតុនោះថា «ជាវិធានការជាប្រវត្តិសាស្រ្តឆ្ពោះទៅមុខមួយ»។លោក Bernie Sanders បាននិយាយថា កិច្ចព្រមព្រៀងនោះ មិនបានទៅមុខវែងឆ្ងាយទេ។
«គ្មានអ្វីដែលមានសារៈសំខាន់ជាងដែលយើង ទុកផែនដីនេះឲ្យកូននិងចៅរបស់យើងដែលមានភាពល្អនិងអាចរស់នៅបានទេ»។
កិច្ចព្រមព្រៀងនេះ ប្រាកដជាមានការជជែកដេញដោលយ៉ាងខ្លាំងនៅពេលដែលសភា កោះប្រជុំនៅសប្តាហ៍នេះ៕