ប្រទេសចិនបានដាក់ទណ្ឌកម្មលើសមាជិកសភាសហរដ្ឋអាមេរិក ៣ រូប ដើម្បីជាការសងសឹកនឹងការណ៍ដែលរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដាក់ទណ្ឌកម្មលើចិនទាក់ទិននឹងទង្វើរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើជាតិសាសន៍ Uighur កាន់សាសនាឥស្លាមនៅក្នុងខេត្ត Xinjiang ប្រទេសចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Hua Chunying បានប្រកាសអំពីទណ្ឌកម្មទាំងនេះនៅថ្ងៃចន្ទនេះ ដែលដាក់លើលោក Ted Cruz និងលោក Marco Rubio សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ និងលោក Chris Smith សមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋ។
អ្នកស្រី Hua Chunying បានបន្ថែមថា ទណ្ឌកម្មនេះក៏ដាក់ផងដែរលើលោក Sam Brownback អគ្គរដ្ឋទូតសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការសេរីភាពសាសនា និងលើគណៈកម្មាធិការប្រតិបត្តិរបស់សភាទទួលបន្ទុកកិច្ចការប្រទេសចិន ដែលជាគណៈកម្មាធិការរួមគ្នារវាងសភា និងសេតវិមានបង្កើតឡើងដើម្បី «តាមដានស្ថានការណ៍សិទ្ធិមនុស្ស និងការវិវឌ្ឍនៃនីតិរដ្ឋ» នៅក្នុងប្រទេសចិន។
លោក Rubio គឺជាសហប្រធាននៃគណៈកម្មាធិការនេះខាងគណបក្សសាធារណរដ្ឋ ហើយលោក Smith គឺជាសមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការនេះខាងគណបក្សប្រជាធិបតេយ្យ និងជាអតីតសហប្រធានគណៈកម្មាធិការនេះ។
ទណ្ឌកម្មទាំងនេះត្រូវបានប្រកាសក្នុងពេលប៉ុន្មានថ្ងៃក្រោយ បន្ទាប់ពីរដ្ឋបាលរបស់លោក Trump បានដាក់ទណ្ឌកម្មហិរញ្ញវត្ថុប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់ចិនមួយចំនួន ដែលក្នុងនោះរួមមានទាំងលោក Chen Quanguo ប្រធានគណបក្សកុម្មុយនិស្តចិនប្រចាំខេត្ត Xinjiang ផងដែរ៕