ព័ត៌មានចុងក្រោយពីស្ថានភាពនៅអាហ្វហ្គានីស្ថានមាននៅ Live Blog វីអូអខ្មែរ។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងកាលពីថ្ងៃចន្ទថា «ពិភពលោកកំពុងតាមដាន» ស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងអំឡុងពេលប៉ុន្មានថ្ងៃ«ដ៏សំខាន់»នេះ។ ស្របពេលជាមួយគ្នានោះ លោកក៏បានអំពាវនាវឲ្យក្រុមតាលីបង់ អនុវត្តវិធានការ«អត់ធ្មត់ឲ្យបានដាច់ខាត» ដើម្បីការពារអាយុជីវិតរបស់ពលរដ្ឋអាហ្វហ្គានីស្ថាន ហើយដើម្បីអនុញ្ញាតឲ្យជំនួយសប្បុរសធម៌បានទៅដល់ក្រុមពលរដ្ឋដែលត្រូវការជំនួយ។
លោក Guterres បានថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយក្រុមប្រឹក្សាសន្តិសុខប្រចាំអង្គការសហប្រជាជាតិថា៖ «យើងមិនអាច និងមិនត្រូវបោះបង់ចោលពលរដ្ឋអាហ្វហ្គានីស្ថានជាដាច់ខាត»។
លោកបានថ្លែងដូច្នេះ ក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលដឹកនាំដោយលោកប្រធានាធិបតី Ashraf Ghani បានដួលរលំក្រោយការក្តោបក្តាប់ប្រទេសដោយក្រុមតាលីបង់ ដែលកំពុងធ្វើឲ្យប្រទេសនេះធ្លាក់ក្នុងភាពវឹកវរ។
លោក Guterres បានថ្លែងបន្ថែមទៀតថា៖ «ខ្ញុំសូមអំពាវនាវឲ្យមានការបញ្ចប់អំពើហិង្សាជាបន្ទាន់ គោរពសិទ្ធិរបស់ពលរដ្ឋអាហ្វហ្គានីស្ថានទាំងអស់ ហើយឲ្យប្រទេសអាហ្វហ្គានីស្ថានអនុវត្តតាមកិច្ចព្រមព្រៀងអន្តរជាតិទាំងអស់ដែលខ្លួនជាសមាជិក»។
មនុស្សប្រមាណ ១៨លាននាក់ ដែលស្មើនឹងពាក់កណ្តាលនៃចំនួនពលរដ្ឋសរុបក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺជាក្រុមអ្នកដែលត្រូវការជំនួយសប្បុរសធម៌ តាំងពីមុនពេលស្ថានការណ៍ក្តោបក្តាប់អំណាចរបស់ក្រុមតាលីបង់បានកើតឡើងមកម៉្លេះ។ ភាពភ័យខ្លាចកំពុងកើនឡើងកាន់តែខ្លាំងថាអាចនឹងមានវិបត្តិមនុស្សជាតិធ្ងន់ធ្ងរនៅក្នុងប្រទេសនេះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសន្យាថា៖ «វត្តមានរបស់អង្គការសហប្រជាជាតិនឹងដើរស្របទៅតាមស្ថានភាពសន្តិសុខ[ក្នុងប្រទេសអាហ្វហ្គានីស្ថាន]។ ប៉ុន្តែសំខាន់ជាងនេះទៅទៀត យើងនឹងបន្ដនៅមានវត្តមាននៅទីនោះ និងផ្តល់ជំនួយដល់ពលរដ្ឋអាហ្វហ្គានីស្ថាន ក្នុងពេលវេលាដែលពួកគេត្រូវការជាទីបំផុត»។
លោក Antonio Guterres ក៏បានបង្ហាញក្តីបារម្ភខ្លាំងអំពីស្ថានភាពសិទ្ធិមុស្សនៅអាហ្វហ្គានីស្ថានផងដែរ ជាពិសេសសិទ្ធិរបស់ស្ត្រីនិងកុមារី ដែលធ្លាប់បានឆ្លងកាត់ការរំលោភបំពានដ៏ធ្ងន់ធ្ងរក្នុងអំឡុងរបបគ្រប់គ្រងរបស់ក្រុមតាលីបង់កាលពីលើកមុន។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងថា៖ «វាចាំបាច់ណាស់ ក្នុងការការពារសិទ្ធិរបស់ស្ត្រីនិងកុមារីអាហ្វហ្គានីស្ថាន ដែលពិបាកនឹងទទួលបាននេះ។ ពួកគេកំពុងរំពឹងទទួលបានការជួយពីសហគមន៍អន្តរជាតិដែលបានធ្លាប់អះអាងធានាថានឹងជួយពង្រីកឱកាសរបស់ពួកគេដើម្បីឲ្យពួកគេទទួលបានការរៀនសូត្រពង្រីកសេរីភាព និងការពារសិទ្ធិរបស់ពួកគេ»។
លោក Antonio Guterres ក៏បានព្រមានផងដែរថា ប្រទេសអាហ្វហ្គានីស្ថានមិនត្រូវអនុញ្ញាតឲ្យប្រទេសខ្លួនកា្លយជាមូលដ្ឋានរបស់ក្រុមភេរវជនសារជាថ្មីម្តងទៀតឡើយ៕
ប្រែសម្រួលដោយអ្នកនាង ទែន សុខស្រីនិត