ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិភពលោក​បញ្ចេញ​ប្រតិកម្ម​ចំពោះ​វិបត្តិ​នៅ​អាហ្វហ្គានីស្ថាន


កង​កម្លាំង​តាលីបង់​អង្គុយ​លើ​យាន​យន្ត​​មួយ​នៅ​ខាង​ក្រៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ Hamid Karzai របស់​​ក្រុង​កាប៊ុល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១។
កង​កម្លាំង​តាលីបង់​អង្គុយ​លើ​យាន​យន្ត​​មួយ​នៅ​ខាង​ក្រៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ Hamid Karzai របស់​​ក្រុង​កាប៊ុល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១។

ព័ត៌មាន​ចុងក្រោយ​ពី​ស្ថានភាព​នៅ​អាហ្វហ្គានីស្ថានមាន​នៅ Live Blog វីអូអ​ខ្មែរ

រដ្ឋាភិបាល​នានា​នៅ​ជុំវិញ​ពិភព​លោក​ប្រញាប់ប្រញាល់​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ស្ថានការណ៍​ដែល​កំពុង​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។​

លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បស្ចិម​ប្រទេស​រួមគ្នា​ដោះស្រាយ​ស្ថាន​ការណ៍​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន បន្ទាប់​ពី​ក្រុម​តាលីបង់​បាន​ចូល​កាន់កាប់​រដ្ឋធានី​កាប៊ុល។

លោក​បាន​ថ្លែង​នៅ​ក្នុង​ឃ្លីប​វីដេអូ​មួយ​ថា៖ ​«យើង​មិន​ចង់​ឲ្យ​ប្រទេស​ណា​មួយ​ទទួល​ស្គាល់​ក្រុម​តាលីបង់​ដោយ​ទ្វេភាគី​ទេ។ យើង​ចង់​ឲ្យ​មាន​គោល​ជំហរ​រួម​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​យល់​ឃើញ​ដូចគ្នា ដើម្បី​ឲ្យ​យើង​អាចរារាំង​កុំ​ឲ្យ​ប្រទេស​អាហ្វហ្គានីស្ថាន​ក្លាយ​ទៅជា​កន្លែង​សម្រាប់​បណ្តុះ​អំពើ​ភេរវកម្ម​ឡើង​វិញ»។​

ចំពោះ​សំណួរ​ថា​តើ​ត្រូវ​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​អាហ្វហ្គានីស្ថាន​តាមវិធី​ណា​នោះ ចក្រភព​អង់គ្លេស​បាន​និយាយ​ថា​ខ្លួន​ប្តេជ្ញា​ទទួល​ជនភៀសខ្លួន​អាហ្វហ្គានីស្ថាន​ណា​ដែល​បាន​ជួយ​កង​កម្លាំង​អង់គ្លេស​ក្នុង​រយៈ​ពេល​២០ឆ្នាំ​កន្លង​មក​នេះ។ ​

ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី​បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃអាទិត្យ​ថា​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​មិន​ទាន់​ទទួល​ស្គាល់​ក្រុម​តាលីបង់​ជា​អាជ្ញាធរ​ស្របច្បាប់​ថ្មី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ទេ។​

ដូច​អង់គ្លេស​ដែរ សហរដ្ឋ​អាមេរិក​បាន​តាំងចិត្ត​រក​ទីជម្រក​ឲ្យ​ជនជាតិ​អាហ្វហ្គានីស្ថាន​ណា​ដែល​ជា​អ្នក​បកប្រែ​ភាសា និង​បាន​ជួយ​កង​យោធា​អាមេរិក​ក្នុង​កិច្ច​ប្រឹងប្រែង​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ ​ក៏​ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ស្វែង​រក​ប្រទេស​ជា​ដៃគូ​ដើម្បី​ទទួល​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​អាច​រង​គ្រោះ​ថ្នាក់ នៅពេល​ដែល​សហរដ្ឋឋ​អាមេរិក​ពិនិត្យ​ពាក្យសុំ​របស់​ពួកគេ។​

រដ្ឋាភិបាល​នៃ​ប្រទេស​អាល់បានី​និង​កូសូវ៉ូ​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ខ្លួន​បាន​យល់ព្រម​តាម​សំណើ​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ទទួល​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​រាប់ពាន់នាក់ ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់។​

​សហរដ្ឋ​អាមេរិក​ក៏បាន​និយាយ​ដែរ​ថា ខ្លួន​នឹង​បញ្ជូន​បុគ្គលិក​ទៅ​កាន់​ប្រទេស​កាតា​បន្ថែម ដែល​នៅ​ទីនោះ ជន​ភៀសខ្លួន​អាហ្វហ្គានីស្ថាន​កំពុង​បំពេញ​ក្រដាស​ស្នាម។​

ក្រសួង​ការ​បរទេស​កាតា​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ កាល​ពីថ្ងៃ​អាទិត្យ​ថា ខ្លួន​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ឈប់​បាញ់គ្នា​ទូទាំង​ប្រទេស​និង​ជា​អចិន្ត្រៃយ៍​ក្នុង​ដែនដីប្រទេស​អាហ្វហ្គានីស្ថាន​ទាំងមូល។​

ទន្ទឹម​នឹង​នេះ ប្រទេស​ជិតខាង​របស់​អាហ្វហ្គានីស្ថាន​គឺ​ប៉ាគីស្ថាន និង​អ៊ីរ៉ង់​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានការណ៍​បច្ចុប្បន្ន។​

ក្រសួង​ការ​បរទេស​ប៉ាគីស្ថាន​បាន​ប្រាប់​ទូរទស្សន៍​ជាតិ​ថា រដ្ឋាភិបាល​ពុំ​មាន​ផែនការបិទ​ស្ថានទូត​របស់​ខ្លួន​នៅក្នុង​រដ្ឋធានី​កាប៊ុល​ទេ។ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​អ៊ីស្លាម៉ាបាដ​បាន​និយាយ​ថា​ខ្លួន​មិន​អាច​ទទួល​ជនភៀសខ្លួន​អាហ្វហ្គានីស្ថាន​ថែម​ទៀត​បាន​ទេ ហើយ​កំពុង​តែ​បន្តដំឡើង​របង​នៅ​តាម​ព្រំដែន។​

អ៊ីរ៉ង់​បាន​ដំឡើងតង់​រាប់រយ​ក្នុង​តំបន់​ចំនួន​៣​ជាប់​ទល់ដែន​ប្រទេស​អាហ្វហ្គានីស្ថាន។​នេះ​បើ​តាម​សម្តី​របស់​មន្ត្រី​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​ម្នាក់​ឈ្មោះ​ Hossein Qasemi​ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​IRNA។ លោក​បន្ថែម​ថា៖​«ទោះជា​យ៉ាងណា​ក៏ដោយ ក៏​យើង​រំពឹង​ថា​ជនភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​នឹង​វិលត្រឡប់​ទៅ​មាតុភូមិ​របស់​ពួក​គេ​វិញ ​នៅ​ពេលស្ថានការណ៍​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន»។​

នៅ​ពេល​ដែល​ប្រទេស​ផ្សេងៗ​កំពុង​ជម្លៀស​បុគ្គលិក​និង​បិទ​ស្ថានទូត​របស់​ពួកគេ​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​នោះ​អង្គការ​សហ​ប្រជាជាតិ​បាន​ថ្លែង​កាលពី​ចុង​សប្តាហ៍​ថា ខ្លួន​ប្តេជ្ញា​ថានឹង​បើក​ទីភ្នាក់ងារ​របស់​ខ្លួន​ទាំងអស់​ក្នុង​ពេល​មានវិបត្តិនេះ៕

XS
SM
MD
LG