ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​សន្យា​មិន​ចាកចេញ​ពី​អាហ្វហ្គានីស្ថាន ទោះ​ប្រឈម​នឹង​បញ្ហា​ក៏ដោយ


រូបឯកសារ៖ កុមារ​អាហ្វហ្គានីស្ថាន​ទទួល​​ជំនួយ​ស្បៀង​អាហារ​ពី​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក និង​អង្គការ​ក្នុង​ស្រុក នៅ​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១១។
រូបឯកសារ៖ កុមារ​អាហ្វហ្គានីស្ថាន​ទទួល​​ជំនួយ​ស្បៀង​អាហារ​ពី​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក និង​អង្គការ​ក្នុង​ស្រុក នៅ​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១១។

ទីភ្នាក់ងារ​នានា​របស់​អង្គការ​សហប្រជាជាតិ​បាន​សន្យា​ថា​នឹង​មិន​ចាកចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន នៅ​ពេល​ដែល​ទីក្រុង​នានា ជា​ពិសេស​រដ្ឋធានី​កាប៊ុល​ពោរពេញ​ទៅដោយ​មនុស្ស ដែល​បាន​រត់​គេច​ពី​ការ​វាយ​ប្រហារ​របស់​ក្រុម​តាលីបង់ (Taliban) នៅ​តាម​តំបន់​ជនបទ​នានា​នៅ​ក្នុង​ប្រទេស។

លោក Jens Laerke អ្នក​នាំពាក្យ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​សម្រប​សម្រួល​កិច្ចការ​មនុស្សធម៌ (OCHA) បាន​និយាយ​ថា អង្គការ​សហប្រជាជាតិ​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​មិន​មាន​ការ​បង្អាក់​អស់​រយៈពេល ៧០ ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​អង្គការ​នេះ​នឹង​នៅតែ​ស្ថិត​នៅ​ទី​នោះ​ដដែល។

លោក​បាន​បន្ត​ថា អង្គការ​សហប្រជាជាតិ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​បុគ្គលិក​អន្តរជាតិ​និង​បុគ្គលិក​ក្នុង​ស្រុក​របស់​ខ្លួន​ហើយ​កំពុង​ឃ្លាំមើល​ព្រិត្តិការណ៍​នេះ​យ៉ាង​ដិតដល់​ដើម្បី​ធ្វើ​ឲ្យ​ប្រាកថា​ពួកគេ​មាន​សុវត្ថិភាព។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ជាការពិត វា​ជា​ស្ថានភាព​ផុយស្រួយ​ដែល​ងាយ​នឹង​ប្រែប្រួល​លឿន​បំផុត។ ...ក៏ប៉ុន្តែ យើង​នឹង​មិន​ទៅ​ណា​នោះ​ទេ។ យើង​មាន​បំណង​ស្ថិត​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដដែល និង​ផ្តល់​ជំនួយ​ដល់​ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន។ កិច្ចការ​ដែល​យើង​ត្រូវ​ធ្វើ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​គឺ​កិច្ចការ​ជាមួយ​នឹង​ប្រជាពលរដ្ឋ ជាមួយ​នឹង​ជន​ស៊ីវិល។ ហើយ​យើង​ស្ថិត​នៅ​ទី​នោះ​ដើម្បី​ជួយ​ពួកគេ»។

អង្គការ​សហប្រជាជាតិ​មាន​បុគ្គលិក​ចំនួន ៧២០ នាក់ ដែល​បំពេញ​កិច្ចការ​សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន។ បុគ្គលិក​អង្គការ​សហប្រជាជាតិ​ប្រហែល ៣០០ នាក់​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ផ្ទាល់។ ក្រៅ​ពី​នោះ កំពុង​ធ្វើការ​តាម​អនឡាញ ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

ការិយាល័យ​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​សម្រប​សម្រួល​កិច្ចការ​មនុស្សធម៌ (OCHA) បាន​សម្របសម្រួល​ជំនួយ​មនុស្សធម៌​ភាគ​ច្រើន ដែល​ត្រូវ​បាន​ផ្តល់​ដោយ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ១៥៦ ដល់​ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន​ចំនួន ៨ លាន​នាក់​នៅ​ក្នុង​ឆ្នាំ​នេះ។

រូបឯកសារ៖ នៅ​ក្នុង​រូបថត​កាល​ពី​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ នេះ បង្ហាញ​ពី​ស្ត្រី​ម្នាក់​លី​ប្រអប់​ជំនួយ​មនុស្សធម៌​នៅ​លើ​ស្មា ក្រោយ​ពី​ទទួល​បាន​ពី​អង្គការ​មនុស្សធម៌​មួយ​ នៅ​ជំរំ​ជនភៀសខ្លួន​ដែល​ស្ថិត​នៅ​ជាយក្រុង Mazar-i-Sharif ប្រទេស​អាហ្វហ្គានីស្ថាន។
រូបឯកសារ៖ នៅ​ក្នុង​រូបថត​កាល​ពី​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ នេះ បង្ហាញ​ពី​ស្ត្រី​ម្នាក់​លី​ប្រអប់​ជំនួយ​មនុស្សធម៌​នៅ​លើ​ស្មា ក្រោយ​ពី​ទទួល​បាន​ពី​អង្គការ​មនុស្សធម៌​មួយ​ នៅ​ជំរំ​ជនភៀសខ្លួន​ដែល​ស្ថិត​នៅ​ជាយក្រុង Mazar-i-Sharif ប្រទេស​អាហ្វហ្គានីស្ថាន។

លោក Laerke បាន​និយាយ​ថា មាន​ការ​កើនឡើង​នូវ​ការ​ផ្លាស់ទី​ដោយ​បង្ខំ​តាំងពី​ខែ​ឧសភា​មក។ ស្ថានការណ៍​នេះ​កើតឡើង​ស្រប​ពេល​ដែល​មាន​ការ​ដក​កងទ័ព​សហរដ្ឋ​អាមេរិក​និង​កងទ័ព​អង្គការ​អូតង់ (NATO) ដ៏​ឆាប់​រហ័ស​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន។

មុន​ពេល​មាន​លំហូរ​នៃ​ការ​ផ្លាស់ទី​ដោយ​បង្ខំ​នេះ​កើតឡើង លោក Laerke បាន​និយាយ​ថា ជន​ផ្លាស់ទី​ដោយ​បង្ខំ​មាន​ចំនួន ២១.០០០ នាក់ តែ​ប៉ុណ្ណោះ​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល។

លោក​បាន​បន្ត​ថា ប៉ុន្តែ ឥឡូវ​នេះ មនុស្ស​រាប់​ពាន់​នាក់​បន្ថែម​ទៀត​កំពុង​សម្រុក​ចូល​ក្នុង​រដ្ឋធានី​កាប៊ុល។ លោក​បាន​បន្ថែម​ទៀត​ថា ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​មិន​មាន​កន្លែង​ជ្រោកកោន​នោះ​ទេ ហើយ​ការ​ផ្គត់ផ្គង់​ជំនួយ​គឺ​កាន់តែ​មាន​ការ​លំបាក​ជាង​មុន។ លោក​ថា បេកសកម្ម​កំពុង​ធ្វើ​ឡើង​ដើម្បី​វាយ​តម្លៃ​អំពី​សេចក្តី​ត្រូវការ​ទាំង​នោះ។

លោក Laerke បញ្ជាក់​ដូច្នេះ​ថា៖ «ក្នុង​នាម​ជា​អ្នក​ផ្ដល់​ជំនួយ​មនុស្ស​ធម៌ យើង​នឹង​ធ្វើ​ការ​ទាក់ទង​ជាមួយ​ភាគី​ទាំងអស់ រួមទាំង​ក្រុម​តាលីបង់​ផងដែរ ប្រសិនបើ​វា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជួយ​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ជំនួយ ហើយ​ករណី​នេះ​គឺ​ផ្អែក​ទាំងស្រុង​លើ​គោលការណ៍​អព្យាក្រឹត្យ មិន​លម្អៀង និង​ឯករាជ្យ ដែលជា​គោលការណ៍​ស្នូល​នៃ​ការ​ផ្ដល់​ជំនួយ»។

ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន (UNHCR) ដែល​ជា​ទីភ្នាក់ងារ​មួយ​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន បាន​វាយតម្លៃ​លើ​តម្រូវការ​របស់​មនុស្ស​ជិត ៤០០.០០០ នាក់ ដែល​ទើប​បាន​បង្ខំ​ខ្លួន​ផ្លាស់ទី​នៅ​ឆ្នាំ​នេះ។ ទីភ្នាក់ងារ​នេះ​កំពុង​ផ្តល់​ម្ហូប​អាហារ កន្លែង​ស្នាក់នៅ ស្ថានភាព​អនាម័យ និង​ជំនួយ​ផ្សេងៗ​ទៀត​ដល់​ពួកគេ។

អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (WFP) របស់​អង្គការ​សហប្រជាជាតិ បាន​រាយការណ៍​ថា ខ្លួន​កំពុង​បង្កើន​កម្មវិធី​ជំនួយ​ស្បៀង​អាហារ​ដល់​មនុស្ស​ខ្វះ​ម្ហូប​អាហារ​បរិភោគ​បន្ទាន់​ចំនួន ៩ លាន​នាក់ រហូត​ដល់​ខែ​ធ្នូ​ខាង​មុខ។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់​ថា ដំណើរ​ទង្គិច​ផ្លូវចិត្ត​ដែល​បង្ក​ឡើង​ដោយ​អំពើ​ហិង្សា គឺជា​ក្ដី​កង្វល់​សុខភាព​សាធារណៈ​ដ៏​ធំ​មួយ។ អង្គការ​នេះ​បាន​លើកឡើង​ថា ខ្លួន​កំពុង​ជួយ​ឧបត្ថម្ភ​គាំទ្រ​ការ​ថែទាំ​ផ្នែក​ដំណើរ​ទង្គិច​ផ្លូវចិត្ត​នៅ​តាម​មន្ទីរពេទ្យ​ចំនួន ១៣០ កន្លែង។ អង្គការ​នេះ​បាន​បន្ថែម​ថា ខ្លួន​ក៏​កំពុង​ជួយ​ឧបត្ថម្ភ​គាំទ្រ​ផងដែរ​ដល់​ការ​ផ្គត់ផ្គង់​ឈាម​និង​ការ​បណ្តុះបណ្តាល​បុគ្គលិក​សុខាភិបាល​អំពី​របៀប​ចាត់ចែង​នៅ​ពេល​មាន​អ្នក​រង​របួស​និង​ស្លាប់​ច្រើន៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG