សហគមន៍អន្តរជាតិបានសន្យាផ្តល់លុយជាង១ពាន់២រយលានដុល្លារសម្រាប់ជំនួយមនុស្សធម៌និងការអភិវឌ្ឍប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ ខណៈប្រទេសនេះជិតមានមហន្តរាយមនុស្សធម៌និងសេដ្ឋកិច្ច។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទថា៖ «មានការគាំទ្រជាឯកច្ឆន្ទចំពោះការទទួលស្គាល់ថា នេះជាពេលដែលសហគមន៍អន្តរជាតិត្រូវប្រមូលផ្តុំគ្នាផ្តល់ជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពដល់ប្រជាជនអាហ្វហ្គានីស្ថានខណៈពួកគេកំពុងជួបប្រទះវិបត្តិមនុស្សធម៌ដ៏ធំសម្បើមនិងឆាប់រហ័ស»។
អង្គការសហប្រជាជាតិបន្តវត្តមាននៅក្នុងប្រទេសអាហ្វហ្គានីស្ថានរួមជាមួយអង្គការជំនួយអន្តរជាតិជាច្រើនទៀត។ ប្រជាជនប្រឈមមុខបញ្ហាជីវភាពធ្ងន់ធ្ងរ ដោយសារជម្លោះជាច្រើនឆ្នាំ គ្រោះរាំងស្ងួតធ្ងន់ធ្ងរនិងជំងឺកូវីដ១៩ សូម្បីតែមុនពេលរដ្ឋាភិបាលដួលរលំ ហើយពួកតាលីបង់បានវាយលុកចូលទីក្រុងកាប៊ុលនៅថ្ងៃទី ១៥ ខែសីហា។
លោក Guterres បានប្រាប់ការជួបជុំនៅទីក្រុងហ្សឺណែវថា៖ «ប្រជាជនអាហ្វហ្គានីស្ថានត្រូវការជំនួយសង្គ្រោះជីវិត»។ អង្គការសហប្រជាជាតិបានអំពាវនាវរកប្រាក់ចំនួន៦០៦លានដុល្លារសម្រាប់ស្បៀងអាហារ ការថែទាំសុខភាព ទីជម្រកនិងតម្រូវការចាំបាច់ផ្សេងទៀតដើម្បីជួយមនុស្ស១១លាននាក់ ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ។ លោកបាននិយាយថា លោកមិនច្បាស់ទេថា ប្រាក់ចំនួនប៉ុន្មានទទួលបានតាមរយៈការបរិច្ចាគតាមការអំពាវនាវភ្លាមៗនិងប្រាក់ចំនួនប៉ុន្មានបានពីកម្មវិធីផ្សេងទៀតដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ដើម្បីជួយប្រទេសដែលទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថានប៉ុន្តែនិយាយជារួម លោកពេញចិត្តនឹងលទ្ធផលនេះ។
អត្រាភាពក្រីក្ររបស់ប្រទេសនេះកំពុងកើនឡើង សេវាកម្មសាធារណៈជិតដួលរលំ ហើយអង្គការសហប្រជាជាតិនិយាយថា មនុស្សជាច្រើនអាចនឹងអស់ស្បៀងអាហារនៅចុងខែនេះ ដោយសារតម្លៃទំនិញកើនឡើងនិងប្រាក់ខែនិងប្រាក់សន្សំកាន់តែខ្សោះ។ ដោយសាររដូវរងារកាន់តែខិតជិតមកដល់ ជំនួយមនុស្សធម៌ត្រូវការជាបន្ទាន់សម្រាប់រៀបចំស្បៀងអាហារនិងការផ្គត់ផ្គង់ផ្សេងៗនៅក្នុងតំបន់ដែលអាកាសធាតុអាក្រក់បង្កការពិបាកដល់ការធ្វើដំណើរទៅទីនោះ៕