ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការ​បរទេស​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ពិភាក្សា​អំពី​អាហ្វហ្គានីស្ថាន​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កាតា​


រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក​ Antony Blinken​ (ឆ្វេង) និង​រដ្ឋមន្ត្រី​ការពារជាតិ​លោក ​Lloyd Austin​ (កណ្តាល) បាន​ជួប​ពិភាក្សា​ជាមួយ​សមភាគី​កាតា​​កាលពី​ថ្ងៃ​អង្គារ ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២១ ​នៅ​ទីក្រុង​ដូហា​ប្រទេស​កាតា​។

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក​ Antony Blinken​ និង​រដ្ឋមន្ត្រី​ការពារជាតិ​លោក ​Lloyd Austin​បាន​ជួប​ពិភាក្សា​ជាមួយ​សមភាគី​កាតាកាលពី​ថ្ងៃ​អង្គារ​នៅ​ទីក្រុង​ដូហា​ប្រទេស​កាតា​ដែល​ជាផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ចដើម្បី​ពិភាក្សា​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជម្លៀស​ជនជាតិ​អាមេរិក​និង​អាហ្វហ្គានីស្ថាន​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន​និង​បញ្ហា​ផ្សេងៗ​ទៀត​ក្នុង​តំបន់។​

បន្ទាប់ពី​កិច្ច​ប្រជុំ​ដំបូង​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​កាតា​គឺ​លោក​ Mohammad bin Abdulrahman Al Thani ​ ​លោក​ Blinken​ បាន​សរសេរ​ធ្វីត​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​ថា​«មាន​កិត្តិយស​ណាស់​ដែល​បាន​ជួប​ជាមួយ​លោក​ Amir Al Thani នៅ​ទីក្រុង​ដូហា​ហើយ​នឹង​លោក​រដ្ឋមន្ត្រី​ការពារជាតិ​Austin​នៅ​ថ្ងៃ​នេះ។​ខ្ញុំ​បាន​សម្តែង​ការ​ដឹង​គុណ​ចំពោះ​ការគាំទ្រ​ដ៏គួរ​ឱ្យ​កត់​សម្គាល់​របស់​ប្រទេស​កាតា​ដោយ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​អាមេរិក​រាប់រយ​នាក់​និង​ជនជាតិ​អាហ្វហ្គានីស្ថាន​រាប់ម៉ឺន​នាក់​និង​ជនភៀសខ្លួន​ផ្សេង​ទៀត​ធ្វើ​ដំណើរ​ឆ្លងកាត់​ដោយ​សុវត្ថិភាព​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន»។​

បន្ថែម​ពី​លើ​កិច្ច​ប្រជុំនៅថ្ងៃ​អង្គារ​ជាមួយ​លោក​ Al Thani​ និង​លោក ​Khalid bin Mohammed al-Attiyah ​រដ្ឋមន្ត្រីការពារ​ជាតិ​កាតា​ ​ ​លោក​ Blinken​ និង​លោក​ Austin​ ក៏​ទស្សនា​មជ្ឈមណ្ឌល​កែច្នៃ​នៅ​ទីក្រុង​ដូហា​និង​ជួបជា​មួយ​បុគ្គលិក​យោធា​និង​ការទូត​អាមេរិក។​

មន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ជនជាតិ​អាមេរិក​ចំនួន​៤​នាក់​ទៀត​បាន​ចាក​ចេញ​ពី​អាហ្វហ្គានីស្ថាន​ដោយ​សុវត្ថិភាព​តាម​ផ្លូវគោក​ដោយ​មាន​ការ​យល់​ព្រម​ពីក្រុម​តាលីបង់។​

ទោះបី​ជាក្រុម​បះបោរ​តាលីបង់​ដែល​ឥឡូវ​នេះ​គ្រប់គ្រង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​រារាំង​ជើង​យន្តហោះដឹក​ជនជាតិ​អាមេរិក​និង​អាហ្វហ្គានីស្ថាន​បន្ថែម​ទៀត​ដែល​ចង់​ចាក​ចេញ​ពី​ប្រទេស​ក៏ដោយក៏មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការ​បរទេស​អាមេរិក​បាន​និយាយ​ថា​ពួក​តាលីបង់​មិន​បាន​រារាំង​ការ​ធ្វើ​ដំណើរ​របស់​បុគ្គល​ទាំងបួន​នាក់​និង​បាន​ដឹង​អំពី​ការ​ចាកចេញ​របស់​ពួកគេ។​

មន្រ្តី​រូបនេះ​បាន​ប្រកាស​រឿង​នេះ​ភ្លាមៗ​មុន​ពេល​លោក​ Antony Blinken​ រដ្ឋ​មន្ត្រី​ការ​បរទេសអាមេរិក​ទៅ​ដល់​ទីក្រុង​ដូហា​ដើម្បី​អរគុណ​មន្រ្តី​ប្រទេស​កាតា​សម្រាប់​ការ​ជួយ​ផ្តល់​កន្លែង​សំចត​ដំបូង​សម្រាប់​ជនជាតិ​អាមេរិក​និង​ជនជាតិ​អាហ្វហ្គានីស្ថាន​រាប់ពាន់​នាក់​ដែល​ត្រូវ​បាន​បញ្ជូន​ពី​ទីក្រុង​កាប៊ុល​ទៅកាន់​ទីសុវត្ថិភាព​កាលពី​ចុង​ខែ​សីហា។​

មន្រ្តី​រូប​នេះ​បាន​និយាយ​ថា៖​ «យើង​បាន​ជួយ​សម្រួល​ការ​ចាកចេញ​ដោយ​សុវត្ថិភាព​របស់​ជនជាតិ​អាមេរិក​៤​នាក់​នោះ​តាម​ផ្លូវគោក»​ហើយ​បុគ្គលិក​ស្ថានទូត​បាន​ទទួល​ស្វាគមន៍​ពួកគេ​ក្រោយ​ពី​បាន​ឆ្លងផុត​ព្រំដែន​ប្រទេស​អាហ្វហ្គានីស្ថាន។​

ប៉ុន្តែ​មន្រ្តីរូប​នេះ​មិន​បាន​និយាយ​ថា​ដំបូង​ពួកគេ​ឆ្លង​ទៅ​ប្រទេស​ណា​ទេក្នុង​ការ​ជម្លៀស​សម្រប​សម្រួល​ដោយ​ក្រសួង​ការ​បរទេស​នោះ។​ ប្រទេស​អាហ្វហ្គានីស្ថាន​មាន​ព្រំ​ប្រទល់​ជាប់ប្រទេស​អ៊ីរ៉ង់​តួកមេនីស្ថាន ​អ៊ូសបេគីស្ថាន​តាហ្ស៊ីគីស្ថាន​និង​ប៉ាគីស្ថាន៕​

(Cindy Saine ​និង​Ken Bredemeier​រួម​ចំណែក​ក្នុង​សេចក្តី​រាយការណ៍​នេះ)

XS
SM
MD
LG