ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​និង​កម្ពុជា​តែង​តាំង​សហ​ព្រះ​រាជអាជ្ញា​បម្រុង​ថ្មី​នៅ​សាលាក្តី​ខ្មែរ​ក្រហម


រូបឯកសារ៖ លោក​ ហ្វឺហ្គាល់ ហ្គេន័រ ​(Fergal Gaynor)​ នៅ​ក្នុង​រូបថត​ផ្សាយ​​ដោយ​គេហទំព័រ​តុលាការ​ខ្មែរក្រហម​កាល​ពី​ឆ្នាំ​២០១៥។ (រូប​ផ្តល់​ឲ្យ​ដោយ ECCC)
រូបឯកសារ៖ លោក​ ហ្វឺហ្គាល់ ហ្គេន័រ ​(Fergal Gaynor)​ នៅ​ក្នុង​រូបថត​ផ្សាយ​​ដោយ​គេហទំព័រ​តុលាការ​ខ្មែរក្រហម​កាល​ពី​ឆ្នាំ​២០១៥។ (រូប​ផ្តល់​ឲ្យ​ដោយ ECCC)

លោក​ ហ្វឺហ្គាល់ ហ្គេន័រ ​(Fergal Gaynor)​ ជា​អ្នក​ច្បាប់​ជនជាតិ ​អៀរឡង់ ​ត្រូវ​បាន​តែង តាំង​ជា​សហ​ព្រះរាជ​អាជ្ញា​បម្រុង​ថ្មី​នៅ​សាលាក្តី​ខ្មែរ​ក្រហម​ ដែល​កំពុង​កាត់​ទោស អតីត​មេដឹកនាំ​ខ្មែរក្រហម​ដែល​នៅ​រស់​រាន​មាន​ជីវិតពី​បទ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ជា​ច្រើន រួម​ទាំង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ជីវិត​ពលរដ្ឋ​ជាង​១លាន​ ៧​សែន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម​ដែល​គេ​ស្គាល់​ឈ្មោះ​ជា​ផ្លូវការ​ថា ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (អ.វ.ត.ក)។

​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា៖ ​«បន្ទាប់​មាន​ការ​ស្នើ​តែងតាំង​ពី​ឯកឧត្តម ​Antonio ​Guterres ​អគ្គ​លេខា​ធិការ​អង្គការ សហ​ប្រជាជាតិ​ (អ.ស.ប) ​និង​ដោយ​មាន​ការ​អនុម័ត​យល់​ព្រម​ពី​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​ព្រះករុណា ​សម្តេច​ព្រះបរម នាថ ​នរោត្តម ​សីហមុនី ​ទ្រង់​បាន​តែង​តាំង​លោក ​Fergal Gaynor ​ជា​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បម្រុង​ថ្មី‍»។ ​

លោក​ Fergal Gaynor ​បាន​បំពេញ​ការងារ​ជា​មេធាវី​ជំនុំ​ជម្រះ​ក្នុង​ការិយាល័យ​រដ្ឋអាជ្ញា​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​ប្រទេស ​រវ៉ាន់ដា ​(ICTR) ​និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​អតីត​ប្រទេស​យូហ្គោស្លាវី ​(ICTY) ​ចាប់​ពី​ឆ្នាំ​២០០៥​ ដល់​ឆ្នាំ ​២០១៣។ ​លោក​ក៏​ធ្លាប់​ធ្វើ​ជា​ជំនួយការ​ជាន់​ខ្ពស់​របស់​សហ​ព្រះរាជអាជ្ញា​នៅ​សាលាក្តី​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​២០១៥ ​ដល់​ ឆ្នាំ​២០១៦ ​ក្រៅ​ពី​ធ្លាប់​ធ្វើ​ជា​មេធាវី​នាំមុខ​តំណាង​ឲ្យ​ជន​រងគ្រោះ​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​ICC​ ក្នុង​សំណុំ​រឿង​ប្រឆាំង​នឹង​ប្រធានាធិបតី​ប្រទេស​កេនយ៉ា​ Uhuru Kenyatta ​ចាប់​តាំង​ពី​ឆ្នាំ​២០១២។

សាលាក្តី​ខ្មែរក្រហម​កំពុង​ដំណើរការ​នីតិវិធី​ចុង​ក្រោយ​ដើម្បី​បញ្ចប់​សំណុំ​រឿង​០០២ ​វគ្គ​២ ​ទាក់ទង​នឹង​លោក ​ខៀវ សំផន នៅ​ពេល​លោក​ នួន ជា ​បាន​ស្លាប់​មុន​ការ​សម្រច​ សាលក្រម​ចុង​ក្រោយ​ ហើយ​នឹង​សំណុំ​រឿង​បន្ថែម ​០០៣ ​និង​០០៤ ​ដែល​មាន​ជន សង្ស័យ​មួយ​ចំនួន​ត្រូវ​បាន​លើក​លែង​ការ​ចោទ​ប្រកាន់​ដោយសារ​តែ​កម្មាភិបាល​ខ្មែរក្រហម​ទាំង​នោះ​ មិន​ស្ថិត​នៅ​ក្នុង​ដែន​យុត្តាធិការ​សាលាក្តី​ឬ​ជា​មេដឹកនាំ​ជាន់​ខ្ពស់ បំផុត​ និង ​ជន​ទទួល​ខុស​ត្រូវខ្ពស់​បំផុត​ក្នុង​របប​ខ្មែរ​ក្រហម៕

ទាក់ទង​នឹង​រឿង​នេះ សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍ VOA ជាមួយ​លោក​ នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី១៣ ​ខែមីនា ​អំពី​រឿង​នេះ។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG