ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន ​​ប្រាប់​មន្ត្រី​ទូត​អឺរ៉ុប​ដែល​ផុត​អាណត្តិ​ថា​ សាលាក្តី​ខ្មែរ​ក្រហម​នឹង​ត្រូវ​បិទ​បញ្ចប់


លោក ហ៊ុន សែន ជួប​ជាមួយ​នឹង​លោក George Edgar (ឆ្វេង) ដែល​ជា​ឯក​អគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ដែល​ផុត​អាណត្តិ ភ្នំពេញ ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ២០១៩៕ (រូបថត​ដកស្រង់​ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ហ៊ុន សែន)
លោក ហ៊ុន សែន ជួប​ជាមួយ​នឹង​លោក George Edgar (ឆ្វេង) ដែល​ជា​ឯក​អគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ដែល​ផុត​អាណត្តិ ភ្នំពេញ ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ២០១៩៕ (រូបថត​ដកស្រង់​ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ហ៊ុន សែន)

ក្រោយ​ពី​ការ​ស្លាប់​របស់​នួន ជា​  ​អតីត​ប្រធាន​រដ្ឋ​សភា​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ខ្មែរ​ក្រហម​  ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​​បាន​អះអាង​ថា ​​តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​នេះ​អាច​នឹង​បិទ​ទ្វារ​ក្នុង​ពេល​ខាង​មុខ។​ ទោះ​ជា​យ៉ាង​ណា​ ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ល្បី​ឈ្មោះ​មួយ​របស់​សហ​រដ្ឋ​អាមេរិក​ធ្លាប់​បានអំពាវ​នាវ​ឲ្យ​​មាន​ការ​ជំរុញ​​ការ​កាត់​ទោស​អ្នក​ទទួល​ខុស​ត្រូវ​របស់​ពួក​ខ្មែរ​ក្រហម​បន្ថែម​ទៀត។

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ លោក ហ៊ុន សែន បាន​វាយ​តម្លៃ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​សាលាក្តី​ខ្មែរ​ក្រហម​នឹង​ត្រូវបិទ​ទ្វារនៅ​ពេល​ខាង​មុខ​នេះ។​

ការ​វាយ​តម្លៃ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​ឯក​អគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ដែល​ផុត​អាណត្តិ​គឺ​លោក​ George Edgar ​ក្នុង​ទីក្រុង​ភ្នំពេញ។​ នេះ​បើ​យោង​តាមលោក​កៅ គឹមហួន ​រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី​ដែល​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​ពី​ជំនួប។​

«សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​មានប្រសាសន៍​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ការណ៍ដំណាក់​កាល​នៃតុលាការ​ខ្មែរ​ក្រហម​ដែល​នឹង​មក​ដល់​ទីបញ្ចប់នៅ​ពេល​ខាង​មុខ​នេះ»។​

សហភាព​អឺរ៉ុប​គឺ​ជា​ភាគី​មួយ​ក្នុង​ចំណោមភាគី​ជា​មិត្ត​ជា​ច្រើន​ទៀត​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ឬ​ហៅ​ថា​ សាលា​ក្តី​ខ្មែរ​ក្រហម។​ សហភាព​អឺរ៉ុប​ក៏​បាន​ផ្តល់​ជំនួយជា​ច្រើន​ដើម្បី​គាំទ្រ​ដល់​ដំណើរ​ការ​សាលា​ក្តី​ខ្មែរ​ក្រហម​នេះ។​

ការ​គូស​បញ្ជាក់​របស់​លោក​ ហ៊ុន សែន ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បិទ​បញ្ចប់​សាលាក្តី​កូន​កាត់​មួយ​នេះធ្វើ​ឡើង​បន្ទាប់​ពី​ការ​ស្លាប់​របស់​លោក ​នួន ជា​ ដែល​ជា​បង​ធំ​ទីពីរ​ និង​ជា​មេ​មនោគម​វិជ្ជា​នៃ​របប​ខោអាវ​ខ្មៅ​ខ្មែរ​ក្រហម។​

VOA ​មិន​ទាន់​អាច​ទាក់ទង​សុំការ​អធិប្បាយ​ពី​លោក ​នេត្រ ភក្រ្តា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហមបាន​ទេ​នៅ​ច័ន្ទ​ថ្ងៃ​នេះ។​

កាល​ពី​ខែ​កក្កដា​ ការិយាល័យ​របស់​សហចៅក្រម​ស៊ើប​អង្កេត​នៃសាលា​ក្តី​ខ្មែរ​ក្រហម​បាន​បិទ​ទ្វារ​ជា​ស្ថាពរ​យ៉ាង​ស្ងៀម​ស្ងាត់​ ដែល​អ្នក​ជំនាញ​ចាត់​ទុក​ថា​ ​គឺ​ជា​ការ​បិទ​បញ្ចប់​ទំព័រ​មួយ​នៃ​កេរ​ដំណែល​សាលា​ក្តី​កូន​កាត់​នេះ។​

របប​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ពួក​ខ្មែរ​ក្រហម​បាន​កាប់​សម្លាប់​ប្រជាពល​រដ្ឋ​ខ្មែរ​និង​បណ្តាល​ឲ្យ​ពល​រដ្ឋ​ខ្មែរ ​ដែល​គ្មាន​កំហុស ​ស្លាប់​យ៉ាង​តិច​១,៧​លាន​នាក់ក្នុង​រយៈ​ពេល​ជិត​បួន​ឆ្នាំ។​

លោក​ នួន ជា ​អតីត​ប្រធាន​សភា ​ លោក​ ខៀវ សំផន​ អតីត​ប្រមុខ​រដ្ឋ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ លោក អៀង សារី ​អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស ​និងប្រពន្ធ​របស់​គាត់​គឺ​អៀង ធីរិទ្ធ ​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ ត្រូវ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​ចំពោះ​អំពើ​ឃោរឃៅ​ដែល​ស្ថិត​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​ពួក​គេ។​

សព្វថ្ងៃ​នៅ​សល់​តែ ​ខៀវ សំផន ​ម្នាក់​គត់ដែល​បន្ត​ការ​កាត់​ទោស​ក្នុង​វ័យ​ចាស់​ជរា​របស់​ខ្លួន។​ លោក​ អៀង សារី ​និង​ប្រពន្ធ​របស់​គាត់​ស្លាប់​មុន​ដំណើរ​ការ​កាត់​ទោស​បាន​បញ្ចប់។ ​ដោយ​ឡែក​លោក​ នួន ជា​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​៤​ខែ​សីហា ​ក្រោយ​ពី​ស្ថិត​ក្នុង​មន្ទីរពេទ្យ​អស់​រយៈ​ពេល​មួយ​ខែ។​

លោក ​នួន ជា ​និង​លោក ​ខៀវ សំផន​ ត្រូវ​តុលាការ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំនួន​ពីរ​លើក​រួច​មក​ហើយ។​

ក្រោយ​ពី​ការ​ស្លាប់​របស់​លោក ​នួន ជា​ បង​ធំទី​២​របស់​ខ្មែរក្រហម​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​Human Rights Watch​ ​បាន​អំពាវនាវ​ឲ្យ​សហគម​អន្តរ​ជាតិ​ជំរុញ​ឲ្យកម្ពុជា​បន្ត​ដំណើរ​ការ​កាត់​ទោស​អតីត​អ្នក​ទទួល​ខុស​ត្រូវ​របស់​ខ្មែរ​ក្រហម​ត​ទៅ​ទៀត៕

XS
SM
MD
LG