ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រាប់ឲ្យដឹងថា ខ្លួនមានការព្រួយកង្វល់អំពីការបន្តចាប់ខ្លួននិងឃុំឃាំងអ្នកការពារសិទ្ធិមនុស្សនៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយបានអំពាវនាវឲ្យដោះលែងពួកគេជាបន្ទាន់។
ការបង្រ្កាបលើពួកអ្នកការពារសិទ្ធិមនុស្សនិងសកម្មជនសិទ្ធិមនុស្ស ដែលរួមមានសកម្មជនសិទ្ធិរបស់ស្រ្តីនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមកាលពីពាក់កណ្តាលខែឧសភាហើយមិនបានបង្ហាញសញ្ញាពីការស្រាកស្រាននោះទេ។ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានប្រាប់ឲ្យដឹងថា អ្នករិះគន់រដ្ឋាភិបាលយ៉ាងហោចណាស់ក៏១៥នាក់ដែរ បានត្រូវឃុំឃាំងដោយមិនមានការកាត់ទោសចាប់តាំងពីពេលនោះមក។
លោកស្រី Ravina Shamdasani អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបាននិយាយថា មនុស្ស៨នាក់បានត្រូវគេដោះលែងជាបណ្តោះអាសន្នដោយរង់ចាំការពិនិត្យសំណុំរឿងរបស់ពួកគេ។
លោកស្រីបានថ្លែងថា៖ «ក្នុងករណីខ្លះ ទីកន្លែងរបស់ពួកគេមិនត្រូវបានគេដឹងហើយមិនមានតម្លាភាពទាល់តែសោះនៅក្នុងដំណើរការនៃការកាត់ទោសពួកគេ។ ខណៈដែលពួកអាជ្ញាធរបានធ្វើសេចក្តីថ្លែងការណ៍អំពីលទ្ធភាពនៃការចោទប្រកាន់យ៉ាងធ្ងន់ធ្ងប្រឆាំងនឹងអ្នកទាំងនោះដែលអាចនាំឲ្យជាប់គុករហូតដល់២០ឆ្នាំ គេមិនទាន់ដឹងច្បាស់នៅឡើយថា តើការចោទប្រកាន់ទាំងនេះស្ថិតនៅក្នុងរឿងក្តីទាំងនេះឬទេ?»។
ក្នុងចំណោមអ្នកដែលត្រូវបានឃុំខ្លួនទាំងនោះមានលោកស្រី Hatoon al-Fassi ដែលបានប្រយុទ្ធយ៉ាងសកម្មដើម្បីសិទ្ធិកាន់តែប្រសើរឡើងរបស់ស្រ្តី ហើយកាលពីពេលថ្មីៗនេះ បានលុបចោលការហាមឃាត់មិនឲ្យស្រ្តីបើកបររថយន្ត។ លោកស្រី Shamdasani បានប្រាប់ VOA ថា កំណែទម្រង់ពិតប្រាកដមួយទំនងជាកំពុងចាប់ផ្តើមក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីកត់សម្គាល់ថា កំណែទម្រង់នោះមិនបានពង្រីកដល់សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយទេ។
លោកស្រី Shamdasani បាននិយាយថា៖ «ការប្រឆាំងនិងការរិះគន់រដ្ឋាភិបាលនៅមិនទាន់ទទួលយកបានទេ នៅក្នុងប្រទេសនោះ។ ការណ៍នេះ អាចពន្យល់ថា តើហេតុអ្វីបានជាពួកអ្នកការពារសិទ្ធិមនុស្សនិងសកម្មជនសិទ្ធិមនុស្សជាច្រើនបានត្រូវគេចាប់ដាក់ពន្ធនាគារ។ ពួកគេទាំងអស់បានរិះគន់គោលនយោបាយរដ្ឋាភិបាលតាមរបៀបនេះឬរបៀបនោះ»។
ពួកមន្រ្តីរដ្ឋាភិបាលបានបដិសេធមិនធ្វើអត្ថាធិប្បាយស្តីពីការចាប់ខ្លួននេះទេ។
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិកំពុងអំពាវនាវឲ្យដោះលែងដោយគ្មានលក្ខខណ្ឌដល់អ្នកការពារសិទ្ធិមនុស្សនិងសកម្មជនសិទ្ធិមនុស្សទាំងអស់។ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិនោះ ប្រាប់ឲ្យដឹងថា អ្នកទាំងអស់នោះគួរតែអាចធ្វើការងារសិទ្ធិមនុស្សដ៏សំខាន់របស់ខ្លួនដោយគ្មានការភ័យខ្លាចឬធ្វើទុកបុក ម្នេញ៕