ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ប្រឆាំង​នឹង​ភាព​ជ្រុល​និយម​នានា​នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​កំណែ​ទម្រង់​សង្គម​និង​សេដ្ឋកិច្ច


(រូបថត​ឯកសារ)​ ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ Mohammed bin Salman យាង​ចូលរួម​សន្និសីទ​ស្តីពី​ការ​ផ្តូចផ្តើម​ការវិនិយោគ​នៅពេល​អនាគត​ ក្នុងទីក្រុង​រីយ៉ាដ​ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ថ្ងៃទី២៤​ ខែតុលា​ ឆ្នាំ២០១៧។

ការ​ភ្ញាក់ផ្អើល​នា​ពេល​ថ្មីៗ​នេះ​អំពី​ការ​ធ្វើ​កំណែ​ទម្រង់​សង្គម និង​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រទេស​នេះ​មួយ​ចំនួន​សប្បាយ​រីករាយ អ្នក​មួយ​ចំនួន​ទៀត​មាន​ការ​ប្រុង​ប្រយ័ត្ន និង​អ្នក​មាន​ទស្សនៈ​អភិរក្ស​និយម​មួយ​ចំនួន​តូច​មាន​អារម្មណ៍​ច្របូកច្របល់ ឬ​ក៏​ដល់​ថ្នាក់​ខឹង​សម្បា​ក៏​មាន។

ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ Mohammed Ben Salmanនៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​មាន​ព្រះ​រាជ​បន្ទូល​ប្រាប់​វិនិយោគិន​នានា​នៅ​ក្នុង​សន្និសីទ​មួយ​កាល​ពី​ចុង​ខែ​តុលា​កន្លង​ទៅ​នេះ​ថា ព្រះអង្គ​គ្រាន់​តែ​មាន​ព្រះ​រាជ​បំណង​ចង់ «ប្រែ​ក្លាយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ឲ្យ​ទៅ​ជា​ប្រទេស​ប្រកាន់​យក​សាសនា​ឥស្លាម​និយម​កណ្ដាល​មួយ​ដែល​ធ្លាប់​ទទួល​បាន​ជោគជ័យ» ដូច​កាល​ពី​មុន​បដិវត្តន៍​អ៊ីរ៉ង់​នៅ​ក្នុង​ឆ្នាំ ១៩៧៩ ដូច្នេះ​ដែរ។ ព្រះអង្គ​បាន​សង្កត់​ធ្ងន់​ថា ប្រជាពលរដ្ឋ​អារ៉ាប៊ីសាអ៊ូឌីត​ចំនួន ៧០ ភាគរយ គឺ​មាន​អាយុ​ក្រោម ៣០ ឆ្នាំ ហើយ​ពួក​គេ​នឹង​មិន​ចង់​ចំណាយ​ពេល ៣០ ឆ្នាំ​ទៀត​រស់​នៅ​ក្រោម​ការ​គ្រប់គ្រង​ដែល​ប្រកាន់​យក​គំនិត​បែប​ជ្រុល​និយម​នោះ​ទេ។

ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​វ័យ​ក្មេង​រូប​នេះ ក៏​បាន​ស្នើ​ឡើង​នូវ​ផែនការ​ដ៏​មាន​មហិច្ឆតា​មួយ​ក្នុង​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ថ្មី​មួយ​នៅ​លើ​សមុទ្រ​ក្រហម ក្បែរ​ប្រទេស​ហ្សកដានី និង​អេហ្ស៊ីប។ កាល​ពី​ខែ​មេសា ព្រះអង្គ​បាន​បង្កើត​គោល​នយោបាយ​សេដ្ឋកិច្ច​មួយ ដែល​មាន​ឈ្មោះ​ថា «ចក្ខុវិស័យ​ឆ្នាំ ២០៣០‍» សម្រាប់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ ផ្នែក​មួយ​នៃ​គោលនយោបាយ​នេះ គឺ​ការ​ដាក់​ក្រុមហ៊ុន​ផលិត​ប្រេង Aramco ដែល​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ឲ្យ​ទៅ​ជា​លក្ខណៈ​ឯកជន​ចំនួន ៥ ភាគរយ​ បន្ថែម​ទៅ​នឹង​ការ​ទាក់ទាញ​មូលធន​វិនិយោគ​ពី​បរទេស។

អ្នកស្រី​ Clarence Rodriguez ដែល​បាន​ចំណាយ​អស់​រយៈពេល ១២ ឆ្នាំ ធ្វើ​ជា​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​អន្តរជាតិ​ជនជាតិ​បារាំង នៅ​ក្នុង​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ហើយ​ដែល​នៅ​ពេល​ថ្មីៗ​នេះ បាន​សរសេរ​សៀវភៅ​មួយ​អំពី​ក្ដី​ប្រាថ្នា​របស់​ស្ត្រី និង​យុវជន​ក្មេងៗ​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត ដែល​មាន​ចំណង​ជើង​ថា «ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ៣.០ (Saudi Arabia 3.0)» បាន​ប្រាប់ VOA ថា អ្នកស្រី​ជឿ​ថា ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត «កំពុង​មាន​វិបត្តិ ដោយសារតែ​តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ‍» ហើយ​ប្រទេស​នេះ​បាន​ដឹង​ថា ខ្លួន​កំពុង​រង​សម្ពាធ​ក្នុង​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​ពហុ​ភាព ដែល​ត្រូវការ​ចាំបាច់​សម្រាប់​ការ​ធ្វើ​កំណែ​ទម្រង់​សង្គម​ដែល​មាន​ការ​ចូលរួម​ពី​ស្ត្រី និង​យុវជន»។

អ្នកស្រី Clarence Rodriguez បាន​បញ្ជាក់​ថា អតីត​ព្រះ​មហាក្សត្រ Abdallah ដែល​បាន​ចូល​ទិវង្គត​កាល​ពី​ឆ្នាំ ២០១៤ បាន​ចាប់ផ្ដើម​ចលនា​ធ្វើ​កំណែ​ទម្រង់​នេះ ដោយ​អនុញ្ញាត​ឲ្យ​ស្ត្រី​អាច​ឈរ​ឈ្មោះ​ប្រកួត​សម្រាប់​តំណែង​ក្រុម​ប្រឹក្សា ‍Shoura ដែល​ជា​ក្រុម​ប្រឹក្សា​ផ្ដល់​ការ​ប្រឹក្សា​សម្រាប់​ប្រទេស និង​អនុញ្ញាត​ឲ្យ​ស្ត្រី​អាច​ចូលរួម​ក្នុង​ធនធាន​កម្លាំង​សង្គម ដោយ​អាច​ធ្វើ​ជា​មេធាវី បុគ្គលិក​ធនាគារ និង​អាជីវករ​ជា​ដើម។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នកស្រី​ក៏​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ថា វិធានការ​ថ្មីៗ​មួយ​ចំនួន​ក្នុង​ការ​ផ្លាស់ប្ដូរ​ឋានៈ​របស់​ស្ត្រី​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ទស្សនៈ​អភិរក្ស​និយម​ជ្រុល​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត មាន​ការ​ខឹង​សម្បា។ អ្នកស្រី​បាន​និយាយ​ថា អ្នក​ដែល​មាន​ទស្សនៈ​បុរាណ​នានា «មិន​ទាន់​ស៊ាំ​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​ឆាប់​រហ័ស​ពេក​បែប​នេះ​នោះ​ទេ» ហើយ​ពួក​គេ​ភាគ​ច្រើន «មាន​ការ​ភ័យ​ខ្លាច ដោយ​សារ​តែ​អ្វីៗ​បាន​វិវត្ត​លឿន​ខ្លាំង​ពេក​សម្រាប់​ពួក​គេ»។

ក្នុង​កម្មវិធី​ពិភាក្សា​មួយ​ដែល​បាន​ផ្សាយ​តាម​ស្ថានីយ​ទូរទស្សន៍​ផ្ដោត​លើ​ព័ត៌មាន​ជា​ភាសា​អារ៉ាប់​មួយ​នា​ពេល​ថ្មីៗ​នេះ អ្នក​ហៅ​ចូល​ដែល​មាន​ទស្សនៈ​អភិរក្ស​និយម​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត​ម្នាក់ បាន​ប្រាប់​អ្នក​សម្របសម្រួល​កម្មវិធី​នោះ​ថា លោក​គិត​ថា​ស្ដេច Salman នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ Mohammed Ben Salman «កំពុង​តែ​រំលោភ​ច្បាប់​ឥស្លាមsharia» ដោយសារតែ​ការ​ធ្វើ​កំណែ​ទម្រង់​ថ្មីៗ​នេះ​មួយ​ចំនួន​របស់​ព្រះអង្គ ‍«ហើយ​ព្រះអង្គ​គួរតែ​ជាប់​ពន្ធនាគារ»។

លោក Jamal Kashoggi ដែល​ជា​អ្នក​អត្ថាធិប្បាយ​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត​ម្នាក់ បាន​ប្រាប់ VOA ថា លោក «មិន​មាន​សុទិដ្ឋិនិយម​ចំពោះ​កំណែ​ទម្រង់​ទាំង​នេះ​នោះ​ទេ» ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ ក៏​លោក «ព្យាយាម​ធ្វើ​ឲ្យ​មាន​សុទិដ្ឋិនិយម ដោយសារតែ​មនុស្ស​គ្រប់​គ្នា​នឹង​រងគ្រោះ ប្រសិន​បើ​កំណែ​ទម្រង់​ទាំង​នេះ​មិន​ទទួល​បាន​បរាជ័យ​នោះ​ទេ»។ លោក​បារម្ភ​ថា កំណែ​ទម្រង់​ទាំង​អស់​នេះ «មិន​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​សង្គម​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ»។

លោក​បាន​និយាយ​ថា៖ «យើង​ខ្ញុំ​សូម​បួងសួង​ឲ្យ​ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ Mohammed Ben Salman ទទួល​បាន​ជោគជ័យ ហើយ​យើង​ខ្ញុំ​ត្រូវ​ការ​កំណែ​ទម្រង់​សេដ្ឋកិច្ច និង​សង្គម។ ប៉ុន្តែ​យើង​ក៏​ចង់​ពិភាក្សា​អំពី​បញ្ហា​ទាំង​អស់​នេះ​ផង​ដែរ។ ការ​ផ្លាស់ប្ដូរ​នេះ​បាន​ធ្វើ​ឡើង​ដោយមនុស្ស​មួយ​ក្រុម​តូច​តែ​ប៉ុណ្ណោះ ដោយ​ប្រជាពលរដ្ឋ​សាមញ្ញ​មិន​បាន​ចូល​រួម​ពាក់​ព័ន្ធ​ឡើយ»។

លោក Hilal Khashan ដែល​បង្រៀន​មុខវិជ្ជា​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ American University of Beirut មិន​ជឿ​ជាក់​ថា សង្គម​អារ៉ាប៊ីសាអ៊ូឌីត​ជា​សង្គម​មួយ​ដែល​ប្រកាន់​ទស្សនៈ​កណ្ដាល​និយម​ខ្លាំង​ជាង​ពេល​បច្ចុប្បន្ន​នេះ នៅ​មុន​សម័យកាល​បដិវត្តន៍​អ៊ីរ៉ង់​ក្នុង​ឆ្នាំ ១៩៧៩ នោះ​ទេ។ លោក​គិត​ថា ផ្នែក​មួយ​ចំនួន​នៃ​សង្គម​អារ៉ាប៊ីសាអ៊ូឌីត បាន​ដក់​ជាប់​នូវ​ទស្សនៈ​អភិរក្ស​និយម តួ​យ៉ាង​ក្រុម​អភិរក្ស​និយម Wahabi បាន​សម្លាប់​ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​និយម​កណ្ដាល​អស់​ជា​ច្រើន​នាក់ ដែល​ក្នុង​នោះ​មាន​ដូចជា​អ្នក​ជំនាញ​ច្បាប់​សាសនា​ឥស្លាម​ទ្រឹស្ដី Shafa'i នៅ​ក្នុង​ទីក្រុង Mecca ជា​ដើម ដែល​នៅ​ពេល​នោះ ក្រុម​នោះ​បាន​កាន់កាប់​ទីក្រុង​នោះ និង​ទីក្រុង Ta'ef ដែល​ជា​ទីក្រុង​ទេសចរណ៍​ក្បែរ​ខាង​មួយ​នៅ​ក្នុង​ឆ្នាំ ១៩២៤។

មេដឹកនាំ​សាសនា​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត​ល្បីល្បាញ​មួយ​ចំនួន​ដែល​មាន​ទស្សនៈ​អភិរក្ស​និយម ត្រូវ​បាន​ចាប់​ខ្លួន តាំង​ពី​ពេល​ដែល​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ Mohammed Ben Salman បាន​ស្នង​តំណែង​រជ្ជទាយាទ​ជំនួស​បង​ប្អូន​ជីដូន​មួយ​របស់​ព្រះអង្គ​ព្រះ​នាម Mohammed Ben Nayef កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ។

លោក Hilal Khashan បាន​និយាយ​ថា៖ «ការ​ធ្វើ​ឲ្យ​ស្ថាប័ន​មេដឹកនាំ​សាសនា​ចុះ​ខ្សោយ និង​ការ​ធ្វើ​ឲ្យ​ក្រុម​មេដឹកនាំ​សាសនា​ទាំង​នេះ​មាន​លក្ខណៈ​សាមញ្ញ​ដូច​មន្ត្រី​រាជការ​ធម្មតា នោះ​ព្រះ​អង្គ​ម្ចាស់ Mohammed Ben Salman នឹង​មាន​លទ្ធភាព​ផ្ដល់​សិទ្ធិ​បន្ថែម​ទៀត​ដល់​ស្ត្រី ដូច​ដែល​ព្រះអង្គ​ស្នើ​ឡើង​ដូច្នេះ​ដែរ។ កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ ស្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​រថយន្ត​បាន ហើយ​ក្នុង​សប្ដាហ៍​នេះ ពួកគេ​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​អាច​មាន​សិទ្ធិ​អាច​ចូល​ទស្សនា​ការ​ប្រកួត​កីឡា​ផ្សេងៗ​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន។

លោក Hilal Khashan ជឿ​ថា ការ​គិត​គូរ​ពី​សេដ្ឋកិច្ច​គឺ​ជា​កត្តា​គន្លឹះ​មួយ​ដែល​ឈាន​ទៅ​ដល់​ការ​អនុញ្ញាត​ឲ្យ​ស្ត្រី​អាច​បើក​រថយន្ត​បាន។ លោក​បាន​ពន្យល់​ថា៖ «ប្រសិន​បើ​ស្ត្រី ១០ លាន​នាក់​មាន​សិទ្ធិ​អាច​បើក​រថយន្ត​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន ហើយ​ប្រសិន​បើ​ស្ត្រី​មួយ​ចំនួន​តូច​ក្នុង​ចំណោម​នោះ ទិញ​រថយន្ត រៀប​បើកបរ ឬ​ទិញ​ធានា​រ៉ាប់រង​នោះ នោះ​វា​នឹង​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាប់អួ​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នេះ​មាន​ដំណើរការ​ជឿនលឿន​ទៅ​មុខ​ឡើង​វិញ»។ ការ​អនុញ្ញាត​ឲ្យ​ស្ត្រី​មាន​សិទ្ធិ​បើកបរ​បាន ក៏​នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ជួល​អ្នក​បើកបរ​ដែល​ជា​ជន​បរទេស​ដើម្បី​បើក​រថយន្ត​ដឹក​ស្ត្រី​ទាំង​នោះ​ផង​ដែរ។

ទាំង​លោក Jamal Kashoggi និង​លោក Hilal Khashan សុទ្ធតែ​ជឿ​ថា រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ទី​បំផុត នឹង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​សង្គម។

លោក Jamal Kashoggi បាន​និយាយ​ថា៖ «ក្រុម​អ្នក​អភិរក្ស​និយម​ធ្លាប់​បាន​រិះគន់​លើ​កំណែ​ទម្រង់​នេះ​រួច​មក​ហើយ។ ពួក​គេ​បាន​ធ្វើ​ការ​រិះគន់​តាំង​ពី​ឆ្នាំ ២០០៣ មក​ម្ល៉េះ។ ក្រុម Al Qaida ក្ដី ក្រុម ISIS ក្ដី ឬ​ក៏​ក្រុម​ជ្រុល​និយម Wahabis ក្ដី សុទ្ធ​តែ​ជា​ក្រុម​ជ្រុល​និយម​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ហើយ​ក្រុម​ទាំង​អស់​នេះ​មិន​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នោះ​ទេ។ ពួកគេ​ធ្លាប់​ប្រឆាំង និង​ក៏​នៅ​តែ​បន្ត​ប្រឆាំង​ដដែល អ្វី​ដែល​អាច​បញ្ឈប់​ពួក​គេ​បាន​នោះ​គឺ​មានតែ​កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ»។

លោក Hilal Khashan បាន​បញ្ជាក់​ថា នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​លើក​មុនៗ​ជាមួយ​នឹង​ក្រុម​មេដឹកនាំ​សាសនា​នានា​ដែល​ប្រកាន់​ទស្សនៈ​អភិរក្ស​និយម​កាល​ពី​ទសវត្សរ៍ ១៩៦០ បន្ទាប់ពី​ព្រះមហាក្សត្រ Faisal បាន​ដាក់​ឲ្យ​ដំណើរការ​សាលារៀន​មួយ​សម្រាប់​សិស្ស​ស្រី​នៅ​ក្នុង​ទីក្រុង​រីយ៉ាដ និង​នៅ​ពេល​ដែល​ព្រះ​អង្គ​ដាក់​ឲ្យ​ដំណើរការ​នូវ​ស្ថានីយ៍​ទូរទស្សន៍​ដំបូង​បង្អស់​ក្នុង​ទីក្រុង​រីយ៉ាដ​នេះ​ដែរ​កាល​ពី​ឆ្នាំ ១៩៦៥ គឺ «រដ្ឋាភិបាល​ជា​អ្នក​ទទួល​បាន​ជោគជ័យ»។ លោក​បាន​បន្ថែម​ថា នៅ​ពេល​ណា​ដែល​រដ្ឋាភិបាល​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​ស្ថាប័ន​មេដឹកនាំ​សាសនា​ដែល​ប្រកាន់​ទស្សនៈ​អភិរក្ស​និយម រដ្ឋាភិបាល​តែងតែ​ឈ្នះ ហើយ​សម្រាប់​ពេល​នេះ វា​ក៏​មិន​ខុស​ពី​លើក​មុនៗ​នោះ​ដែរ។

ប៉ុន្តែ​លោក Shehab Makahleh ដែល​ជា​អ្នក​វិភាគ​ជនជាតិ​ហ្សកដានី មិន​ប្រាកដ​ទេ​ថា នរណា​នឹង​មាន​ប្រៀប​លើ​រឿង​នេះ។ លោក​បាន​បញ្ជាក់​ថា៖ «មាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​សមាជិក​រាជវង្សានុវង្ស​ដែល​មិន​សព្វ​ព្រះ​រាជ​ហឫទ័យ​ចំពោះ​កំណែ​ទម្រង់​នេះ ហើយ​សមាជិក​រាជវង្សានុវង្ស​ទាំង​នោះ​បាន​ជួប​ប្រជុំ​គ្នា​ជា​ច្រើន​ដង​រួច​មក​ហើយ​ដើម្បី​កំណត់​ថា​តើ​ប្រទេស​ជាតិ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​មួយ​ណា នៅ​ក្នុង​រយៈ​ពេល ៥ ទៅ ១០ ឆ្នាំ​ខាង​មុខ​នេះ»។

លោក Shehab Makahleh ជឿ​ជាក់​ថា នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ព្រះ​មហាក្សត្រ Salman នឹង​ដាក់​រាជ្យ​ជូន​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ Mohammed Ben Salman «ដើម្បី​អាច​ទទួល​បាន​ការ​គាំទ្រ​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ» សម្រាប់​ផែនការ​កំណែ​ទម្រង់​ពោរពេញ​ដោយ​មហិច្ឆតា​របស់​ព្រះ​អង្គ និង​ដើម្បី​ជំរុញ​ឲ្យ​មាន​សង្គម​គំរូ​មួយ​ដែល​មិន​សូវ​ពឹង​ផ្អែក​លើ​សាសនា៕

ប្រែ​សម្រួល​ដោយ កោះ សុគន្ធី​

XS
SM
MD
LG