ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អារ៉ាប៊ី​សាអូឌីត​ចាប់ផ្តើម​ចេញ​ប័ណ្ណ​បើកបរ​សម្រាប់​ស្ត្រី


នាង Tahani Aldosemani ដែល​ជា​សាស្ត្រាចារ្យ​ជំនួយការ​ម្នាក់​នៅ​សាកលវិទ្យាល័យ Prince Sattam Bin Abdulaziz នៅ​ក្នុង​ក្រុង Al-Kharj បង្ហាញ​ប័ណ្ណ​បើកបរ​ថ្មី​របស់​នាង​នៅ​អគ្គនាយកដ្ឋាន​ចរាចរណ៍​នៅ​ក្នុង​ក្រុង Riyadh កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។
នាង Tahani Aldosemani ដែល​ជា​សាស្ត្រាចារ្យ​ជំនួយការ​ម្នាក់​នៅ​សាកលវិទ្យាល័យ Prince Sattam Bin Abdulaziz នៅ​ក្នុង​ក្រុង Al-Kharj បង្ហាញ​ប័ណ្ណ​បើកបរ​ថ្មី​របស់​នាង​នៅ​អគ្គនាយកដ្ឋាន​ចរាចរណ៍​នៅ​ក្នុង​ក្រុង Riyadh កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។

ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ចាប់ផ្តើម​ចេញ​ប័ណ្ណ​បើកបរ​ជាលើក​ទីមួយ​ដល់​ស្ត្រីជនជាតិ​អារ៉ាប៊ីសាអូឌីត​ ខណៈ​កំពុង​លុបចោល​បម្រាម​មិន​ឲ្យ​ស្ត្រី​បើកបរ​ ​ដែល​មាន​តែ​មួយ​គត់​នៅ​ក្នុង​ពិភពលោក​នៅ​ចុង​ខែ​នេះ។

រដ្ឋាភិបាល​ប្រទេស​អារ៉ាប៊ីសាអូឌីត​កាល​ពី​ថ្ងៃចន្ទ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​បាន​ចាប់ផ្តើម​ចេញ​ប័ណ្ណ​បើកបរ​ដល់​ស្ត្រី​ដែល​មាន​ប័ណ្ណ​បើកបរ​ពី​ប្រទេស​ផ្សេងៗ​ រួម​ទាំង​ចក្រភព​អង់គ្លេស​ លីបង់​ និង​កាណាដា។ សេចក្តី​ថ្លែងការណ៍​ដដែល​នោះ​បាន​បញ្ជាក់​ថា ស្ត្រី​ទាំងនោះ​នឹង​ធ្វើ​តេស្ត​បើកបរ​មុន​នឹង​ទទួល​បាន​ប័ណ្ណ​បើកបរ​ថ្មី​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត។

ប្រទេស​អារ៉ាប៊ីសាអូឌីត​កំពុង​រៀបចំ​លុបចោល​បម្រាម​ដែល​បាន​ដាក់​អស់​រាប់​ទសវត្សរ៍​ទៅ​លើ​ស្ត្រី​នៅ​ថ្ងៃទី២៤​ខែមិថុនា​ខាង​មុខ​នេះ។ ចំណាត់ការ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​ព្រះអង្គម្ចាស់ Khaled bin Salman ដើម្បី​ធ្វើ​ទំនើបកម្ម​រដ្ឋ​ដែល​សម្បូរ​ដោយ​ប្រេង​មួយ​នេះ។ ទោះជា​យ៉ាងណា​ក៏ដោយ​ការ​បោះជំហាន​របស់​រដ្ឋាភិបាល​ក្នុង​ការ​លុប​ចោល​បម្រាម​លើ​ស្ត្រី​នេះ​ធ្វើឡើង​នៅ​មួយ​សប្តាហ៍​បន្ទាប់​ពី​អាជ្ញាធរ​អារ៉ាប៊ីសាអូឌីត​ចាប់​ខ្លួន​ស្ត្រី​ជាច្រើន​ដែល​បាន​ធ្វើ​យុទ្ធនាការ​ទាមទារ​សិទ្ធិ​បើកបរ​របស់​ពួកគេ​ ព្រមទាំង​យុទ្ធនាការ​ប្រឆាំង​នឹង​ប្រព័ន្ធ​គ្រប់គ្រង​ដោយ​បុរស​នៅក្នុង​ប្រទេស​មួយនេះ។ នៅក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ ស្ត្រី​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​បុរស​ដែល​ជា​អាណាព្យាបាល​ដើម្បី​អាច​ធ្វើ​ការសម្រេចចិត្ត​បាន​ដោយ​ស្របច្បាប់ ទាំងនេះ មានដូច​ជា​ចូលរៀន​ ធ្វើការ​ រៀបការ​ ធ្វើ​ដំណើរ​និង​ទៅ​ព្យាបាល​ជំងឺ​ជាដើម៕

XS
SM
MD
LG