ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការសហប្រជាជាតិ​អំពាវនាវ​ឲ្យ​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស​និង​សេរីភាព​សារព័ត៌មាន


រូប​ឯកសារ៖ អតីត​អ្នក​សារព័ត៌មាន​​វិទ្យុ​អាស៊ី​សេរី​ប្រចាំ​រាជធានី​ភ្នំពេញ លោក​អ៊ួន ឈិន​ (ស្តាំ) និង​លោក យាង​ សុធារិន្ទ​ (ឆ្វេង)​ បាន​មកដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​​ ទី​០៣ ខែ​តុលា ឆ្នាំ​២០១៩​ ដើម្បីស្តាប់​ការប្រកាស​សាលក្រម។

ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សអំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​ និង​សេរីភាព​សារ​ព័ត៌មាន​ ​បន្ទាប់​ពី​ទទួល​បាន​របាយ​ការណ៍ថា​ ​រដ្ឋាភិបាល​នេះ​នៅ​តែ​បន្ត​ដាក់​សម្ពាធ​លើសង្គម​ស៊ីវិល ​អ្នក​កាសែត​ និង​ក្រុម​ប្រឆាំង។​

នៅ​ថ្ងៃ​ទី​២៧​ខែ​កុម្ភៈនេះ​ ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ​ អ្នកស្រី​ ​Michelle Bachelet​ បាន​ថ្លែង​ផ្ទាល់​មាត់​ក្នុង​សម័យ​ប្រជុំ​លើក​ទី៤៣នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អំពី​ការ​វិវត្តស្ថានភាព​សិទ្ធិ​មនុស្ស​លើ​ពិភព​លោក។​

អ្នកស្រី​ Michelle Bachelet​ បាន​លើក​ឡើង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ថា ​អង្គការ​សហ​ប្រជា​ជាតិ​បន្ត​ទទួល​បាន​របាយការណ៍​អំពី​ការ​បំភិត​បំភ័យ​ ប្រឆាំង​នឹង​សង្គម​ស៊ីវិល ​និង​អង្គការ​សិទិ្ធ​មនុស្ស ​ដែល​រារាំង​ពួកគេ​ក្នុង​ការ​ឃ្លាំ​មើល ​និង​រាយ​ការណ៍ ​រួម​ទាំង​ការ​រាយ​ការណ៍​មក​កាន់ក្រុម​ប្រឹក្សា​នេះ​ផង។​

អ្នកស្រីបន្ថែម​ថា​ អ្នក​រិះគន់ ​និង​គូ​ប្រជែង​នយោបាយ​នៅ​តែ​បន្ត​ត្រូវ​បាន​កំណត់​គោលដៅ​នៃវិធានការ​គាប​សង្កត់ ​រួម​មាន​ការ​ឃុំឃាំង​តាម​អំពើ​ចិត្ត ​និង​ការ​ប្រើ​ច្បាប់​ព្រហ្ម​ទណ្ឌ​ដោយ​មិន​ត្រឹម​ត្រូវ។​

អ្នកស្រីបញ្ជាក់​ថា៖​ «ខ្ញុំ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​គោរព​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​ទាំងអស់​របស់​ប្រជាជន ​រួម​ទាំង​សេរីភាព​សារ​ព័ត៌មាន ប្រព័ន្ធ​ច្បាប់​ដោយ​មិន​លម្អៀង​ និង​សិទ្ធិ​ចូលរួម​ក្នុង​កិច្ចការ​សាធារណៈ​ដោយ​សេរី ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ»។​

រូបឯកសារ៖ លោក កឹម សុខា ​មេដឹកនាំ​បក្សជំទាស់ បាន​ចាកចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី​សវនាការថ្ងៃទីពីរ លើសំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស»​បាន​បញ្ចប់កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)
រូបឯកសារ៖ លោក កឹម សុខា ​មេដឹកនាំ​បក្សជំទាស់ បាន​ចាកចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី​សវនាការថ្ងៃទីពីរ លើសំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស»​បាន​បញ្ចប់កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)

នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ​ ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​ និង​អង្គការ​អន្តរ​ជាតិ​ដទៃ​ទៀត​នៅ​ទីក្រុង​ហ្សឺណែវ​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​គាំទ្រ​ការ​ថ្លែង​របស់​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ផង​ដែរ។​

អ្នកស្រី ​ចក់ សុភាព ​នាយិកាប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR)​ ប្រាប់ ​VOA​ ថា​ ​ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក​ ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជាបាន​ដើរ​ថយ​ក្រោយ​តាម​រយៈ​ការ​គំរាម​កំហែង​តាម​ផ្លូវ​ច្បាប់ ​និង​តុលាការ។ ​អ្នក​ស្រី​បន្ថែម​ថា​ ​រដ្ឋាភិបាល​កម្ពុជា​គួរ​ពង្រឹង​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ដើម្បី​រក្សា​ទុក​អត្ថ​ប្រយោជន៍​ផ្សេងៗ​ពី​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ ដែល​ជា​ទី​ផ្សារ​នាំ​ចេញ​ធំ​របស់​កម្ពុជា​ ​ខណៈ​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​សេដ្ឋ​កិច្ចដោយ​សារ​មេរោគ​កូរ៉ូណា ​និង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​២០​ភាគ​រយ។​

អ្នកស្រី ​ចក់ សុភាព​បញ្ជាក់​ថា៖ «រដ្ឋាភិបាល​លោក​គួរ​តែ​ពិចារណាក្នុង​ការ​ទទួល​បាន​នូវ​ផល​ប្រយោជន៍ជា​ជាង​ដែល​យើង​បោះ​បង់​នូវ​អត្ថ​ប្រយោជន៍​ដែល​ប្រទេស​យើង​គួរ​តែ​ទទួល​បាន​ ហើយ​ដែល​កិច្ច​ការ​ដែល​យើង​ធ្វើ​នោះ​ ​វា​អត់​មាន​អី​ដែល​លំបាក​ថែម​ទៀត​គឺ​ជា​កិច្ច​ការ​ដែល​រដ្ឋ​មាន​កាតព្វកិច្ច​ក្នុង​ការ​ធានា ​និង​ការពារ​សិទ្ធិ​មនុស្ស​ថែម​ទៀត»។​

ស្រដៀង​គ្នា​នេះ​ ​លោក​ អំ សំអាត ​មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​លើក​ឡើង​ថា​ ទាំង​អង្គការ​សហ​ប្រជាជាតិ ​និង​សហ​ភាព​អឺរ៉ុប​សុទ្ធ​តែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​គោល​ការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​បាន​ពេញ​លេញ ​ខណៈ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ស្ថិត​ក្នុង​ភាព​គួរ​ឲ្យ​ព្រួយ​បារម្ភ។​

«រដ្ឋាភិបាល​អាច​នឹងធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា ​ ​បើ​សិន​ជា​មាន​ឆន្ទៈ​ ​ដោយ​គិត​លើ​ឧត្តម​ប្រយោជន៍​ជាតិ ​ឧត្តម​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ជា​ធំ ​ មិន​គិត​លើ​ផលប្រយោជន៍​នយោបាយជា​ធំ​នោះ។ ​ ហើយ​បើ​សិន​ជា​កម្ពុជា​យើង​មិន​ស្តារ​បន្ថែម​ ឬ​ក៏​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ឲ្យ​មាន​ស្ថាន​ភាព​ប្រសើរ​ឡើង​វិញ​ទេ​ ​យើង​នឹង​អាច​ប្រឈម​ជា​ច្រើន​ទៀត»។​

កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​ ​សហភាព​អឺរ៉ុប​បាន​សម្រេច​បន្ថយ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ«គ្រប់​មុខ​ទំនិញ​ទាំងអស់​លើក​លែង​សព្វាវុធ» ​ឬ​ហៅ​កាត់​ថា​ EBA ​ចំនួន​២០​ភាគ​រយ​ ទៅ​លើ​មុខ​ទំនិញ​មួយ​ចំនួន ​ដែល​មានទឹក​ប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិកនៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ទៅ​សហគមន៍​អឺរ៉ុប។​ ការ​សម្រេច​នេះ​ធ្វើ​ឡើង​បន្ទាប់​ពីសហភាព​អឺរ៉ុប​រក​ឃើញ​ថា​ ​រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​លទ្ធិ​ប្រជា​ធិបតេយ្យ។​ ការ​រក​ឃើញ​នោះ​មាន​ដូចជា​ការ​គាប​សង្កត់​ ការ​រំលាយ​គណបក្ស​ប្រឆាំង ​ការ​បង្ក្រាប​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល​ និង​ការ​បង្ក្រាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ដែលមិន​មាន​និន្នាការ​ស្រប​តាម​រដ្ឋា​ភិបាល​ជាដើម។​

លោក​ ជិន ម៉ាលីន ​អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ​លើក​ឡើង​ថា​ ​ការ​ថ្លែង​របស់​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កើត​ឡើង​ដោយ​សារ​តែ​ទទួល​បាន​របាយ​ការណ៍​តែ​ម្ខាងរបស់​ក្រុម​សង្គម​ស៊ីវិល​មួយ​ចំនួន​តូច​ ដែល​លោក​ថា ​ជា​ក្រុម​សង្គម​ស៊ីវិល​មិន​សប្បាយ​ចិត្ត​នឹង​រដ្ឋាភិបាល។​

«សម្រាប់​កម្ពុជា​មិន​មាន​ការ​រឹត​ត្បិត ​ឃ្លាំ​មើល​អី​នោះ​ទេ ​សំខាន់​ឲ្យ​តែ​គាត់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​បញ្ញត្តិច្បាប់​ដែល​មាន​ជា​ធរមាន​នៅ​កម្ពុជា​ ជាពិសេសគឺ​ច្បាប់​ស្តី​ពីអង្គការ​សមាគមក្រៅ​រដ្ឋាភិបាល​ហ្នឹង​ឯង។ ​ហើយ​តែ​កាល​ណា​ប្រព្រឹត្ត​ខុស​ អាហ្នឹង​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់»។​

សិទ្ធិ​សេរីភាព​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​ខ្លាំង​ ដោយ​នៅ​ឆ្នាំ​២០១៩​នេះ​ ​កម្ពុជា​ទទួល​បាន​ពិន្ទុ​ត្រឹម​តែ​២៦​ក្នុង​ការ​វាយ​តម្លៃ​របស់​អង្គការ ​Freedom House ​ដែល​ជា​អង្គការ​ឃ្លាំមើល​ស្ថានភាព​សិទ្ធិ​សេរីភាព​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​ជន​ស៊ីវិល​ជា​លក្ខណៈ​សកល។ ​ប្រទេស​ដែល​ទទួល​បាន​ពិន្ទុ​១០០​ពី​អង្គការ​ Freedom House ​ត្រូវ​ចាត់​ទុក​ថា​ ​ជា​ប្រទេស​ដែល​មាន​សេរីភាព​ខ្លាំង​បំផុត ​ហើយ​សូន្យ​គឺជា​ប្រទេស​គ្មាន​សេរីភាព៕

អត្ថបទ​ទាក់ទង

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG