ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ត្រី​ជាប់​ពន្ធនាគារ​ជាមួយ​កូន​ត្រូវ​បាន​ដោះលែង​ក្រោយ​ពី​​កូន​ស្លាប់


រូបឯកសារ៖ ស្រ្តីជាអ្នកទោសនិងកូនរបស់ពួកគេ ចូលរួមកម្មវិធីមួយនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ឲ្យដឹង​ថា​ ម្តាយ​របស់​ទារក​អាយុ​៥​ខែ​ម្នាក់​ដែល​រស់​ក្នុង​ពន្ធនាគារ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​នៅ​ថ្ងៃ​សុក្រ​នេះ​ ក្រោយពី​ឬ​ទារក​របស់​អ្នកស្រី​បាន​ស្លាប់​កាលពី​ចុង​ខែ​មករា​កន្លង​ទៅ។

សេចក្តី​ថ្លែង​ការណ៍​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​ចេញ​នៅ​ថ្ងៃ​ទី​១៨​ខែ​កុម្ភៈ​បាន​ឲ្យ​ដឹង​ថា​ ទារក​អាយុ​៥ខែ​ម្នាក់​ដែល​រស់​នៅ​ជាមួយ​ម្តាយ​កំពុង​ជាប់​ឃុំ​នៅ​ក្នុងមណ្ឌល​អប់រំ​កែប្រែ​ទីពីរ​ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ កាលពី​ថ្ងៃទី​២៦មករា​ ដោយ​សារ​ជំងឺ​រលាក​សួត​ និង​កង្វះ​អាហារូបត្ថម្ភ។​

ការ​ដោះលែង​ស្ត្រី​ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ​កើត​ឡើង​១០​ថ្ងៃ​បន្ទាប់​ពី​ការ​ចេញ​ផ្សាយ​របាយការណ៍របស់​អង្គការលីកាដូ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​ដែល​ចេញ​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ក្រោម​ជំនួយ​ផ្នែក​ច្បាប់​របស់​ក្រុម​មេធាវី​សិទ្ធិ​មនុស្ស​របស់​គណៈកម្មាធិការ​នេះ​ ​តុលាការ​បាន​បើក​សវនាការ​លើ​សំណុំ​រឿង​របស់​ស្ត្រី​ជា​ម្តាយ។ ហើយ​តុលាការ​បាន​ប្រកាស​សាលក្រម​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី២៥ ​ខែ​កុម្ភៈ​នេះដោយ​សម្រេច​ផ្តន្ទាទោស​ស្ត្រី​ជា​ម្តាយ​ដាក់​ពន្ធនាគារ​កំណត់​រយៈ​ពេល​២​ឆ្នាំ។​ ទោះ​បី​ជា​យ៉ាង​ណា ​តុលាការ​តម្រូវ​ឱ្យ​ស្ត្រី​រូប​នេះ «អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រយៈ​ពេល​៨​ខែ​១០ថ្ងៃ​ ហើយ​ទោស​ដែល​នៅ​សល់​ត្រូវ​អនុវត្ត​ទោស​ព្យួរ​ធម្មតា​ពី​បទ​ជួញ​ដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ និង​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុញៀន»។

លោក ​អំ ​សំអាត​ នាយករង​កម្មវិធី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លីកាដូ ​ប្រាប់ ​VOA ​ថា​ លោក​ស្វាគមន៍​និង​អបអរ​ចំពោះ​ការ​ដោះ​លែង​ស្ត្រី​ជា​ម្តាយ។​

ប៉ុន្តែ​លោក​ថា៖ «ក៏​ប៉ន្តែ​ទោះ​ជា​យ៉ាងណា​ ​នៅ​តែ​មាន​ការ​សោក​ស្តាយ​ដោយសារ​កូន​របស់​គាត់​បាន​បាត់បង់​ជីវិត​ទៅ​ហើយ»។​

លោក​ថា​ នៅ​ថ្ងៃ​មុខ​ អាជ្ញាធរ​គួរ​តែ​គិត​គូរ​ឲ្យ​បាន​ច្បាស់​លាស់​មុន​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ ស្ត្រី​ដែល​មាន​កូន​តូច​ ឬ​អនីតិជន​ដែល​ងាយ​រង​គ្រោះ។​

លោក​បន្ត​ថា៖ ​«ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​គួរ​តែ​ជា​ជម្រើស​ចុង​ក្រោយ។​ បើ​សិន​ជា​អាច​គឺ​យើង​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ទៅ​ជា​ការ​ល្អ។​ ហើយ​បើ​នៅ​ក្នុងឃុំអាហ្នឹង​គឺ​ត្រូវ​តែ​ជំរុញ​នីតិវិធី​ក្នុង​ការ​ស៊ើប​អង្កេត​និង​ការ​ជំនុំជម្រះ​ហ្នឹង​ឲ្យ​បាន​ឆាប់ដល់​ពួក​គាត់​ដើម្បី​កុំ​ឲ្យ​ស្ត្រី​ហ្នឹង​គាត់​អាច​នឹង​រង​ទុក្ខ​ទោស​យូរ»។

លោក​ជិន ​ម៉ាលីន ​អនុប្រធាន ​និង​ជា​អ្នក​នាំពាក្យគណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ថា ​អាជ្ញាធរ​បាន​ខិតខំ​ប្រឹងប្រែង​ ​ប៉ុន្តែ​ការណ៍នេះ​នៅ​តែ​មាន​ចន្លោះ​ប្រហោង។​

លោក​ប្រាប់ ​VOA ​ថា៖​ «យើង​នឹង​ព្យាយាម​បំពេញ​បន្ថែម​តទៅ​មុខ​ទៀត»។​

ទារក​ដែល​មាន​អាយុ​៥​ខែ​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខ្មែរ-សូវៀតកាលពី​ថ្ងៃទី​១៨​ ខែ​មករា​ ហើយ​ត្រូវ​បាន​រកឃើញ​ថា ​បាក់​ឆ្អឹងភ្លៅនិង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ បន្ទាប់​ពី​មន្ទីរពេទ្យ​ខ្មែរ-សូវៀត​បដិសេធ​មិន​ទទួល​ព្យាបាល។ ​ប៉ុន្តែ​មន្ទីរពេទ្យ​កុមារ​ជាតិ​មិន​អនុញ្ញាត​ឲ្យ​ទារក​នេះ​ស្នាក់​នៅ​មួយ​យប់​នោះ​ទេ ​ដោយអះ​អាង​ថា​ គ្មាន​បន្ទប់។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្សលីកាដូ៕

រាយការណ៍​បន្ថែម​ដោយ ទុំ ម្លិះ។

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG