ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន​ សែន​ ថាកម្ពុជា​នឹង​មិន​លះបង់​អធិបតេយ្យ​ភាព​របស់​ខ្លួន​ព្រោះ​តែ ​EBA ​នោះ​ទេ


រូប​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​មើល​កម្មកររោងចក្រ​កាត់ដេរ​ម្នាក់​ធ្វើការ​​នៅ​ក្នុង​រោងចក្រ​មួយ​នៅ​ជាយរាជធានី​ភ្នំពេញ ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៧។
រូប​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​មើល​កម្មកររោងចក្រ​កាត់ដេរ​ម្នាក់​ធ្វើការ​​នៅ​ក្នុង​រោងចក្រ​មួយ​នៅ​ជាយរាជធានី​ភ្នំពេញ ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៧។

ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឬ​EBAមួយ​ផ្នែក​ពី​សហភាព​អឺរ៉ុប និង​ផល​ប៉ះពាល់​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ COVID-19 ពី​ប្រទេស​ចិន លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​បង្ហាញ​ពី​វិធានការ​ទប់ទល់​នឹង​បញ្ហា​ប្រឈម​ដោយសារ​បញ្ហា​ទាំងពីរ​នេះ។

នៅ​ថ្ងៃ​ច័ន្ទ​នេះ លោកនាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ បាន​ប្រកាស​ថា កម្ពុជា​នឹងមិន​យក​អធិបតេយ្យភាព​របស់​ខ្លួនទៅ​ដោះដូរ​នឹង​តម្លៃនៃ​ការអនុគ្រោះពន្ធEBAនោះទេ ដោយលោក​បានបង្ហាញ​ពី​វិធានការ​ ​«ស្រោច​ស្រង់»​ សេដ្ឋកិច្ច​ជាតិ​ ស្របពេល​ដែល​កម្ពុជា​ទទួល​រង​ផលប៉ះ​ពាល់​ដោយសារ​ការរីករាល​ដាល​នៃជំងឺ​ ​COVID-19 ​ពី​ប្រទេស​ចិន​ និង​ផលប៉ះពាល់​ពី​ការ​ដក​មួយ​ផ្នែក​នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ពី​សហភាព​អឺរ៉ុប។

សហភាព​អឺរ៉ុប​បាន​សម្រេច​ព្យួរ​EBA បណ្តោះអាសន្ន​ទៅ​លើ​ទំនិញ​ខ្លះ​ ដោយ​សារ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្សធ្ងន់ធ្ងរ​ និង​ជា​ប្រព័ន្ធ​នៅ​កម្ពុជា។ ការ​សម្រេច​ចិត្ត​របស់​អឺរ៉ុប​នឹង​ប៉ះពាល់​ដល់​ការ​នាំចេញ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១១០០​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ ​ដែល​ស្មើ​នឹង​ប្រមាណ​២០​ភាគរយ​នៃ​ទំហំ​ទឹកប្រាក់​នៃ​ការ​នាំ​ចេញ​សរុប​ពី​កម្ពុជា។ ទំនិញ​ជា​សម្លៀក​បំពាក់​ត្រូវ​បាន​សម្រេច​ព្យួរ​មួយ​ចំនួន និង​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ​និង​ស្ករ​ត្រូវ​បាន​សម្រេច​ព្យួរ​ទាំង​ស្រុង។

លោក ហ៊ុន សែន ​និយាយ​ថា៖ «មិន​ត្រឹម​តែ​២០ភាគរយ​ទេ​ បើ​គេ​ចង់​យក​១០០ភាគរយ​គឺ​ជា​រឿង​របស់​គេ​ ព្រោះ​យើង​មិន​អាច​យក​ច្បាប់​របស់​យើង អធិបតេយ្យ​ជាតិ​របស់​យើង​ទៅ​ដោះ​ដូរ​ជាមួយ​នឹង​ភាព​អនុគ្រោះ​ណា​ទាំង​អស់»។

លោក​បាន​បន្ថែម​ថា៖«ហើយ​យើង​អត់​ទៅ​មាន​ចលនា​ស្នើ​សូម ដើម្បី​ឲ្យ​ផ្តល់​ត្រឡប់​មក​វិញ​នៅថ្ងៃ​ទី១២​ ខែ​សីហា​ដែល​ជា​ថ្ងៃ​នៃ​ការ​អនុវត្ត​ការ​ព្យួរ​នោះ​ទេ»។

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​និយាយ​ថា​ រោងចក្រ​សហគ្រាស​ ដែល​រងផល​ប៉ះពាល់​ពី​ការ​ខ្វះ​វត្ថុធាតុ​ដើម​ពី​ប្រទេស​ចិន​ដោយសារ​មេរោគ​កូរ៉ូណាវីរុស​ថ្មី ​និង​ការ​ដក​ចេញ​នៃ​ការអនុគ្រោះ​ពន្ធ​ទៅ​លើ​ផលិតផល​មួយ​ចំនួន រដ្ឋាភិបាល​នឹង​ជួយ​ចេញ​ថ្លៃ​ប្រាក់​បៀវត្សរ៍​កម្មករ​ ២០% នៃ​ប្រាក់ខែ​គោល​ ហើយ​ថៅ​កែ​រោងចក្រនឹង​ចេញ​ ៤០%​នៃ​ប្រាក់​ខែ​គោល​របស់​ពួកគេ។ មាន​ន័យ​ថា​ កម្មករ​រោងចក្រ​នឹង​ទទួល​បាន​៦០% នៃ​ប្រាក់​ខែ​គោល​របស់​ពួក​គេ​ នៅ​ពេល​រោងចក្រ​ប្រឈម​នឹង​ការ​រគ្មាន​ដំណើរ​ការ។

លោក​បន្ថែម​ថា ​រោងចក្រ​ដែល​រង​ផល​ប៉ះពាល់​ទាំង​នោះនឹង​ត្រូវ​រដ្ឋាភិបាល​អនុគ្រោះ​ពន្ធ​ពី​៦ខែ ទៅ១ឆ្នាំ។ ​

លោក ហ៊ុន សែន​ ថ្លែង​ថា៖ «ហើយ​បើយោង​ទៅ​លើ​ការ​គិតគូរ​ [...] ចំនួន​ដែល​យើង​ត្រូវ​បង់​ពន្ធ​គឺ​ប្រហាក់​ប្រហែល​ ១០០ លាន​ដុល្លារ​ ឬ​ជុំវិញ១០០​ លាន​ដុល្លារ​ ប៉ុណ្ណោះ​ ដែល​យើង​ត្រូវ​បង់​ពន្ធ​។ ដូច្នេះ​គ្មានរឿង​ទៅយកអធិបតេយ្យ​[ភាព] ទៅដោះ​ដូរជា​មួយ​អា ១០០​ លាន​ដុល្លារ​ហ្នឹងទេ។ ត្រូវចាំ​ឲ្យច្បាស់​អំពី​ចំណុច​នេះ»។

លោក​ថា​ រដ្ឋាភិបាល​មាន​ថវិកា​យ៉ាង​ហោច​ណាស់​មួយ​ខែ ​៥០០​លាន​ដុល្លារ​ពី​ចំណូល​សារ​ពើពន្ធ​ ដែល​អាច​យក​មក​ប្រើ​ដើម្បី​ស្រោច​ស្រង់​បញ្ហា​ប្រឈម​ផ្សេងៗ រួមទាំង​ប្រាក់​ខែ​កម្មករ។​

ហើយ​លោក​ថា​ នេះ​ជា​ឱកាស​សម្រាប់​កម្ពុជា​អភិវឌ្ឍ​ខ្លួន។

រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរនាំ​គ្នា​ជិះ​ឡាន​ឈ្នួល​មក​ធ្វើការ​នៅ​រោងចក្រ​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤។
រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរនាំ​គ្នា​ជិះ​ឡាន​ឈ្នួល​មក​ធ្វើការ​នៅ​រោងចក្រ​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤។

លោក​ ប៉ុន ហេង​ អាយុ​ ២៨ ឆ្នាំ​ ​ជា​កម្មករ​ធ្វើ​ផ្នែក​ពិនិត្យ​គុណ​ភាព​សម្លៀកបំពាក់​ នៅ​រោងចក្រ​កាត់​ដេរ​ Rushing បាន​ឲ្យ​ដឹង​ថា​ លោក​និង​កម្មករ​ដទៃ​ទៀត​ «មិនទុកចិត្ត»​ ទៅលើ​ស្ថាន​ការណ៍​បច្ចុប្បន្ន​និង​បារម្ភ​អំពី​ផល​ប៉ះ​ពាល់​ដល់​ជីវភាព​របស់​ពួកគេ​ក្នុង​រយៈពេលវែង។​

លោក​និយាយ​ថា បញ្ហា​កង្វះវត្ថុ​ធាតុ​ដើម​ជា​បញ្ហា​បណ្តោះ​អាសន្ន​ដែល​អាច​ដោះ​ស្រាយ​បាន​ក្នុង​រយៈពេល​ខ្លី ហើយ​រដ្ឋាភិបាលអាច​គិត​គូរ​អំពី​ការ​យក​វត្ថុ​ធាតុដើម​ពី​ប្រទេស​ដទៃ​ផ្សេង​ទៀត។

លោក​ថ្លែង​ថា៖ «កន្លែង​ខ្ញុំ​ បើ​តាម​ខ្ញុំ​ដឹង​កន្លង​មក​ មិន​មែន​ខ្វះ​ក្រណាត់​ទេ គឺ​ភ្ញៀវ​គេ​ដក​ហ្មង។ គេ​ដកភាគរយ​នៃ​ការ​បញ្ជារទិញ​ ឬការកុម្ម៉ង់ហ្មង»។​

លោក​ ប៉ុន ហេង ក៏ជាលេខា​នៃ​សហជីព​មូលដ្ឋានរបស់​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជាហៅ​កាត់ថា​ CCAWDU។ លោក​និងក្រុម​សហជីព​មូលដ្ឋាន​បាន​ទទួល​ព័ត៌មាន​ក្រៅ​ផ្លូវការ ពីរដ្ឋបាល​ក្រុមហ៊ុនថា​ ប្រសិន​បើមាន​ការ​ផ្អាក​ដំណើរ​ការ​មួយរយៈ​ រោង​ចក្រ​ គ្រោងយក​ប្រាក់​បំណាច់ប្រចាំឆ្នាំ​ ដែល​មាន​១៨ ថ្ងៃ​ មក​បើក​ឲ្យកម្មករ​ ហើយ​កម្មករ​ត្រូវ​ឈប់​សម្រាក​ដោយ​ទទួល​បាន​ប្រាក់នោះ​។

លោក​និយាយថា៖ «គាត់​ជូនដំណឹងមក​ថា​ បើផ្នែក​ណា​មួយ​ខ្វះការងារ​ ឬអត់សូវ​មាន​ការងារ​អីហ្នឹង គេហ្នឹង​រៀបចំ​ឲ្យគាត់​ឈប់​ដោយប្រើបំណាច់​ឆ្នាំ​»។

លោក​បន្តថា ​កម្មករ​មួយ​ចំនួន​បាន​ដឹង​និង​មិន​ពេញ​ចិត្ត​ទេ​ចំពោះ​ចំណាត់ការ​យ៉ាង​ដូច្នេះ៖«គាត់ថា​ប្រសិនឲ្យគាត់​ឈប់នៅ​ថ្ងៃ​គាត់​មានធុរៈ គាត់ត្រូវ​សុំខ្លួន​ឯង។ គាត់​ពេញចិត្ត​ តែបើថា​ថ្ងៃ​គាត់​មិនចង់​ឈប់​ ហើយ​ឲ្យ​គាត់​ឈប់ គាត់ថា​គាត់​មិនសប្បាយចិត្ត»។

លោក​ ប៉ុន ហេង​ បារម្ភ​ថា​ ការ​ប៉ះពាល់​នេះ​ នឹង​ជា​បន្ទុក​របស់​កម្មករដែលជា​ស្ត្រី។ ​

លោក​និយាយ​ថា៖ «អ្នកគ្រូ​ឯង​ដឹង​ហើយ​ អ្នកធ្វើការ​រោងចក្រ​មាន​ស្ត្រី​ច្រើន​។ ស្ត្រី​ខ្លះ​អាយុ​ ៤០ជាង​ឬ៥០​ អញ្ចឹង​បើ​គាត់​ទៅកន្លែង​ផ្សេង​ៗ​ក្រៅ​ពី​រោងចក្រ​ គេ​អាច​អត់​យក​គាត់ទេ​។ គាត់​មាន​កង្វល់ថាបិទពីហ្នឹង​ទៅ​ គេ​អត់​យក​គាត់​ អាហ្នឹង​គឺបញ្ហា»។

វីអូ​អេ​ពុំ​អាចទាក់​ទង​ លោក​ ខេន​ លូ និង​លោក​ កាំង ម៉ូនី​កា​ នៃ​សមាគម​រោងចក្រកាត់ដេរ​កម្ពុជា ហៅកាត់ថា​ GMAC បានទេ​។

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បញ្ជាក់ថា​ ដើម្បី​កម្មករ​ទទួល​បាន​ប្រាក់ខែនេះ​ ពួកគេ​ត្រូវ​ចូលរួម​វគ្គ​សិក្សាបណ្តុះបណ្តាល ដែល​មាន​ជំនាញ​ទន់​ និង​ជំនាញ​វិជ្ជាជីវៈផ្សេងៗទៀត​ក្រោម​ការ​រៀបចំ​របស់​ក្រសួងការងារ។​

អ្នកស្រី​ សាម​ ហ៊ាង អាយុ​ ៥១ឆ្នាំ ជា​កម្មករបម្រើ​ការ​នៅ​រោង​ចក្រកាត់​ដេរ​ជាង​ ២០ឆ្នាំ​មកហើយ​។​ អ្នកស្រី​ ដែល​ជាស្រ្តី​ម៉េម៉ាយ​ បាន​ឲ្យដឹង​ថា​ អ្នកស្រី​ ផ្គត់ផ្គង់​ការសិក្សា​កូនៗ ផ្គត់ផ្គង់​បង់​ថ្លៃ​ព្យាបាល​ជំងឺ​ម្តាយឪពុកចាស់ជរា​ ពី​មុន​មកតាម​មុខ​របរ​នេះ​ ​។ បច្ចុប្បន្ន​ អ្នកស្រី​មាន​កូន​៤​ និង​ចៅ​៤ ហើយ​បន្ត​ធ្វើការ​ងារ​រោងចក្រនេះ ដើម្បី​ជួយ​ចិញ្ចឹមចៅ ដោយសារកូនៗរបស់​អ្នកស្រី​ នៅ​ជួបជីវភាព​ខ្វះខាត។ ពួកគេ​ជា​អ្នករត់ម៉ូតូឌុប​ ជាសន្តិសុខ​រោងចក្រ​ និង​អ្នកលក់​ដូរ​ចំណីអាហារ​ក្បែរ​រោងចក្រ។ អ្នកស្រីថា​ អ្នកស្រី​បារម្ភ​ថា​ការបន្ថយ​ប្រាក់បៀរវត្សរ៍ក្នុងអំឡុង​ពេល​គ្មានការងារ​ធ្វើ នឹង​ប៉ះពាល់ជីវភាពរបស់អ្នកស្រី​ ដោយសារ​បច្ចុប្បន្ន​ អ្នកស្រី​ត្រូវបែង​ចែក​ប្រាក់​ខែ​ជាច្រើន​ផ្នែក​រួច​ទៅហើយ​ ទម្រាំនៅ​សល់ប្រាក់​សម្រាប់​ចំណាយលើ​ម្ហូបអាហារ​រាល់ថ្ងៃ។

អ្នកស្រី​បារម្ភ​ថា អ្នកស្រី​នឹង​អាច​ជួបការ​លំបាក​ក្នុងការ​ប្តូរ​ទៅជំនាញថ្មី។ អ្នកស្រី​និយាយថា៖«ដល់ពេល​លឺ​អញ្ចេះ​ លឺ​អញ្ចុះ​ទៅ​ពិបាក​ដែរ។​ បារម្ភថា​ពេល​ឈប់​រោងចក្រ​ទៅ​ យើង​មិន​ដឹង​មានការងារ​ធ្វើ​អី​ហ្នឹង​គេណា​ យើង​ចាស់​ហើយ»។

អ្នក​ស្រី​និយាយ​ថា៖ «ជំនាញ​ មិនដឹង[រៀន]ជំនាញ​អី​ ពិបាក​ដែរ​ ព្រោះ​អី​យើង​ចាស់​ទៅមិនសូវ​ដឹងដែរ​ ព្រោះ​យើងអត់​ដូចក្មេងៗ»។

ក្នុង​ឆ្នាំ​២០១៨ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប មាន​ទំហំ​ប្រមាណ​៥៨០០លាន​ដុល្លារ​អាមេរិក។ ក្នុង​នោះ​ផលិតផល​សម្លៀកបំពាក់​មាន​ជាង ៧៣,៤ភាគរយ​នៃ​ការ​នាំចេញ ស្បែកជើង​ប្រមាណ​១២,៧ភាគរយ កង់ ៥,៧ភាគរយ​និង​អង្ករ​៣ភាគរយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG