នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានព្រមានចាត់វិធានការចំពោះស្ត្រីរូបណាដែលផ្សព្វផ្សាយលក់ផលិតផលលើកសម្ផស្ស ដោយមានការស្លៀកពាក់បែប«ស៊ិចស៊ីជ្រុលនិយម»នៅតាមគេហទំព័រ ឬបណ្តាញសង្គមហ្វេសប៊ុក។
ការផ្សព្វផ្សាយលក់ផលិតផលលើកសម្ផស្ស ជាពិសេសការលក់ផលិតផលធ្វើឲ្យស្បែកសជាដើមនោះ ត្រូវបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ហើយអ្នកប្រើប្រាស់បណ្តាញនេះប្រទះឃើញជាញឹកញាប់ ដោយស្ត្រីជាអ្នកផ្សាយលក់ផលិតផលទាំងនោះស្លៀកពាក់ស៊ិចស៊ី ជាមួយរ៉ូបក្រណាត់ស្តើងៗ និងបង្ហាញដើមទ្រូង។
ថ្លែងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នាឱកាសប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់«ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» លោក ហ៊ុន សែន បានស្នើឲ្យក្រសួងមហាផ្ទៃធ្វើការងារក្នុងបទល្មើសបច្ចេកវិទ្យាដើម្បីពិនិត្យមើល និងចាត់វិធានការប្រឆាំងរាល់វីដេអូអាសអាភាសរបស់ស្ត្រីខ្មែរមួយចំនួន ដែលបានថត និងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវេបសាយមួយចំនួន។
លោក ហ៊ុន សែន ថា ការណ៍នេះបានប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសីលធម៌របស់ស្ត្រីខ្មែរ ហើយកម្ពុជាក៏គ្មានច្បាប់ឲ្យធ្វើបែបនោះឡើយ។
ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន បានសរសេរក្នុងន័យដើមថា៖ «ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានព្រមានចាត់វិធានការអ្នកដែលផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញមួយចំនួន ដែលមានការស្លៀកពាក់ស៊ិចស៊ី ជ្រុលនិយម ហើយធ្វើការផ្សព្វផ្សាយ (Live) លក់ផលិតផលរបស់ខ្លួនលើបណ្តាញសង្គមផ្សេងៗ ដែលនេះក៏ជាការប៉ះពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសស្ត្រីខ្មែរយើងផងដែរ»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេ នៅថ្ងៃចន្ទនេះ។
អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ប្រាប់ VOA ថា ក្រសួងនឹងមានវិធានការបឋម ដែលនឹងអញ្ជើញស្ត្រីដែលមានស្លៀកសម្លៀកបំពាក់ស៊ិចស៊ីទាំងនោះមកអប់រំ ដោយមិនមានទាន់មានវិធានការពិន័យជាប្រាក់ ឬក៏ការដាក់ទោសទណ្ឌនោះទេ ព្រោះកម្ពុជាគ្មានច្បាប់តម្រូវឲ្យដាក់ទោសទណ្ឌនោះឡើយ។
អ្នកស្រីថា វិធានការដែលចាំបាច់បំផុតនោះ គឺការបិទគណនីហ្វេសប៊ុករបស់អ្នកដែលមិនធ្វើតាមការណែនាំរបស់រដ្ឋាភិបាលតែម្តង។
«វិធានការដូចខ្ញុំថា អីចឹង អប់រំគឺជាបញ្ហាទីមួយដែលយើងត្រូវប្រើប្រាស់ បន្ទាប់មកទៀតយើងនឹងសហការ បើគាត់នៅតែប្រើដដែលៗចឹង អាហ្នឹងយើងសហការជាមួយនឹងខាងមហាផ្ទៃ ជាមួយនឹងខាងប៉ូលីស គឺធ្វើការបិទនៅអាស្អីគេ media social media ហ្នឹងច៎ា ពេលគាត់ផ្សព្វផ្សាយហ្នឹងទៅ ហើយខ្ញុំគិតថា បើសិនជាគាត់បិទហ្នឹងទៅ គាត់ទៅបើកមួយទៀត គាត់ធ្វើចឹងទៀត យើងឃើញយើងបិទទៀតទៅ យើងហៅអប់រំទៀតមកច៎ា»។
ចំណែកអ្នកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជាយល់ថា ការផ្សាយលក់ផលិតផលតាមបណ្តាញអ៊ិនធឺណិត ក្នុងនោះគឺតាមបណ្តាញសង្គមហ្វេសប៊ុកដោយស្ត្រីមានស្លៀកពាក់ស៊ិចស៊ីនោះ គឺជាសិទ្ធិរបស់ស្រ្តីទាំងនោះ។ អ្នកស្រីពន្យល់ថា ប្រសិនបើរដ្ឋាភិបាលពិចារណាលើវិធានការ វិធានការនោះគឺត្រូវធ្វើឡើងដោយស្របតាមការគោរពសិទ្ធិមនុស្ស។
«អីចឹងតាមសីលធម៌ ក្រមសីលធម៌ បើយើងអនុវត្ត យើងមើលថា តើក្រមសីលធម៌ណាដែលវា យើងហៅថា វាគាំទ្រដល់សិទ្ធិមនុស្ស និងសិទ្ធិបុគ្គល និងក្រមសីលធម៌ណាដែលវាប្រឆាំងនឹងសិទ្ធិមនុស្សអ៊ីចឹងណ៎ា! អីចឹងការធ្វើការងារនេះ វាត្រូវការអ្នកចូលរួមជាមួយនឹងអ្នកពាក់ព័ន្ធច្រើន ហើយយើងពិបាកនឹងនិយាយថា ទៅដល់អ្នកដែលកងកម្លាំងប្រដាប់អាវុធភ្លាមៗចឹងវា វាមិនអាចដោះស្រាយបាន វាទៅជាធ្វើឲ្យ វាទៅជាធ្លាក់ទៅដល់ការធ្វើឲ្យប្រជាជនគាត់ភ័យខ្លាច អីចឹង»។
VOA មិនទាន់អាចទាក់ទងនារីដែលស្លៀកពាក់ស៊ិចស៊ីផ្សាយលក់ផលិតផលតាមបណ្តាញសង្គមហ្វេសប៊ុកបានទេ ដោយទូរស័ព្ទរោទិ៍ តែគ្មានអ្នកទទួល។ ក៏ប៉ុន្តែម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Fanta Skincare បានថ្លែងគាំទ្រដល់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក គីម ផារ៉ា ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Fanta Skincare ដែលមាននារីស្រស់ស្អាតមួយរូបតែងតែ live ឬផ្សព្វផ្សាយបន្តផ្ទាល់លក់ផលិតផលសម្រកទម្ងន់នោះ និយាយថា លោកសង្កេតឃើញមានការផ្សព្វផ្សាយលក់ផលិតផលស្លៀកពាក់ស៊ិចស៊ីហួសហេតុមែន ដែលគួរមានវិធានការឆ្លើយតប។
«ត្រូវតែធ្វើហើយបង ព្រោះគាត់ថ្នាក់ដឹកនាំធំអីចឹងហ្ហា៎។ ប៉ុន្តែយើងមើលដែរ ព្រោះ ព្រោះខាងខ្ញុំគឺគាត់ live ដូចមែនថាខ្ញុំថា ខ្ញុំត្រូវទេ ព្រោះពេលគាត់ live គឺគាត់មែនស្លៀកពាក់ចេញមកគឺដូចគេទូទៅទេ ព្រោះគេទូទៅ ភាគច្រើនគេពាក់ គឺចេញមកគឺមិនមែនថា វាអាចថាជាអាវទ្រនាប់ ក៏ម៉េចខ្ញុំអត់ច្បាស់ ប៉ុន្តែគ្រាន់តែមើលទៅវាវាលខ្លាំងមែនទែនហ្មង តែដល់ពេលខាង ខាងខ្ញុំ live នេះគឺមើលទៅពាក់រ៉ូបដូចធម្មតា សាមញ្ញធម្មតា តែគ្រាន់តែវារាងស៊ិចស៊ី វាមែនថាទៅដល់អីទាំងអស់អីណាស់ណាអីចឹង»។
បណ្តាញសង្គមហ្វេសប៊ុកត្រូវគេសង្កេតឃើញថា បានក្លាយជាទីកន្លែងបង្ហោះរូបភាព បញ្ចេញមតិស្របនិងផ្ទុយរដ្ឋាភិបាល និងជាកន្លែងលក់ផ្សព្វផ្សាយផលិតផលដ៏ពេញនិយមផងដែរ៕