សាលាដំបូងរាជធានីភ្នំពេញកាលពីសប្តាហ៍មុនបានបដិសេធមិនប្រគល់អត្តសញ្ញាណប័ណ្ណនិងលិខិតឆ្លងដែនដល់អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីតាមការស្នើសុំរបស់មេធាវីការពារក្តីដោយលើកហេតុផលថា « វត្ថុចាប់យកនៅតែមានភាពចាំបាច់ក្នុងដំណាក់កាលស៊ើបសួរ»។
យោងតាមដីកាសម្រេចរបស់តុលាការដែលចេញកាលពីថ្ងៃទី២៨ ខែមករាកន្លងមកនេះ លោក សំ ចំរើន ដែលជាមេធាវីការពារក្តីឲ្យលោក យាង សុធារិន្ទនិងលោក អ៊ួន ឈិន បានស្នើសុំឲ្យតុលាការប្រគល់ឯកសារទាំងនេះដល់កូនក្តីរបស់លោកទាំងពីរកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។
អ្នកទាំងពីរ ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ហើយត្រូវបានចោទប្រកាន់ពីបទ«ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ» តាមមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌកម្ពុជា។ តុលាការក៏បានដកហូតលិខិតឆ្លងដែននិងអត្តសញ្ញាណប័ណ្ណរបស់ពួកគេផងដែរ។ ក្រោយមកអ្នកទាំងពីរត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបន្ទាប់ពីជាប់ឃុំនៅក្នុងពន្ធនាគារអស់រយៈពេលជិត១០ខែ។
ការណ៍ដែលគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួននេះបានធ្វើឲ្យលោក សុធារិន្ទ មិនអាចធ្វើដំណើរទៅកម្ពុជាក្រោមដើម្បីជួបឪពុកម្តាយរបស់លោក ចាប់តាំងពីឆ្នាំ២០១៧មកម៉្លេះ។ លោកថា លោកត្រូវការលិខិតឆ្លងដែនដើម្បីទៅពិនិត្យសុខភាពនៅបរទេសនិងចូលរួមសិក្ខាសាលាឬការបណ្តុះបណ្តាលផ្សេងៗនៅបរទេសផងដែរ។
លោក យាង សុធារិន្ទ បានប្រាប់វីអូអេតាមសារអេឡិចត្រូនិកថា លោកចង់បានឯកសារទាំងនេះមកវិញ។
លោកបានថ្លែងថា៖ «ខ្ញុំយល់ថា លិខិតឆ្លងដែនហើយនិងអត្តសញ្ញាណប័ណ្ណហ្នឹង វាមិនមែនវត្ថុតាងអីដែលត្រូវតុលាការយកទៅបម្រើនៅក្នុងការស៊ើបអង្កេតអីទេ»៕