ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប​សុំ​ឱ្យ​កម្ពុជា​ថៃ​ស៊ើបអង្កេត​ពលករ​ចំណាកស្រុក​ខ្មែរ


ពលករ​ចំណាក​ស្រុក​កម្ពុជា ជិះ​ក្នុង​រថយន្ត​ទ្រុង នៅ​ពេល​​ដែល​ពួកគេ​ត្រូវ​ដឹក​ចេញ​ពី​ប្រទេស​ថៃ មក​ប្រទេស​​កម្ពុជា​វិញ​នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៤។
ពលករ​ចំណាក​ស្រុក​កម្ពុជា ជិះ​ក្នុង​រថយន្ត​ទ្រុង នៅ​ពេល​​ដែល​ពួកគេ​ត្រូវ​ដឹក​ចេញ​ពី​ប្រទេស​ថៃ មក​ប្រទេស​​កម្ពុជា​វិញ​នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៤។
អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឱ្យ​កម្ពុជា​និង​ថៃ​ស៊ើប​អង្កេត​ករណី​ស្លាប់​ពលករ​ចំណាកស្រុក​កម្ពុជា​យ៉ាង​ហោច​ណាស់​ចំនួន​១១​នាក់​ក្នុង​ពេល​ចាក​ចេញ​ពី​ប្រទេស​ថៃ​ដោយ​គំហុក​កាលពី​ដើម​ខែ​នេះ។ ​

លោក​ សុរិយា ប្រាសាទ​ស៊ូប៊ែឌី​ អ្នក​រាយការណ៍​ពិសេសអង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ប្រាប់​ក្រុម​អ្នកកាសែត​នៅ​ពេល​ដែល​លោក​បញ្ចប់​ដំណើរ​ទស្សនកិច្ច​លើក​ទី​១១​របស់​លោក​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថាលោក​នឹង​ដាក់​របាយការណ៍​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ខែកញ្ញា​ខាង​មុខ​នេះ។​

លោក​មាន​ប្រសាសន៍​ថា​ការ​វិល​ត្រឡប់​របស់​ពលករ​ចំណាកស្រុក​កម្ពុជា​និង​គ្រួសារ​របស់​គេ​ជាង​២២​៥.០០០​នាក់​មក​ពី​ប្រទេស​ថៃ​ក្នុង​នោះ​រួម​មាន​ស្ត្រី​ជាង​៧៤.០០០​នាក់​និង​កុមារ​ជាង​១៥.០០០​នាក់​នៅ​ក្នុង​អំឡុង​ពេល​មិន​ដល់​២​សប្តាហ៍​ ហើយ​មាន​របាយការណ៍​ពី​ការ​ស្លាប់​ជាច្រើន​នៅ​ក្នុង​ដំណើរ​ការ​បញ្ជូន​ចេញ​ហើយនេះ​ជាបញ្ហា​កង្វល់​ផ្នែក​សិទ្ធិ​មនុស្ស។​

លោក​បាន​បញ្ជាក់​ថា​លោកបាន​ពិភាក្សា​បញ្ហា​នេះ​ជាច្រើន​ដង​ក្នុង​អំឡុង​ពេល​បេសកកម្ម​នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ និង​ អ្នក​ផ្សេង​ទៀត​ដែល​លោក​បាន​កោត​សរសើរ​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដឹក​ជញ្ជូន​ពល​ករ​ពី​ព្រំ​ដែន​មក​សហគមន៍​របស់​ពួក​គេ​រស់​នៅ។​

លោក​និយាយ​ថា៖​«ខ្ញុំ​អំពាវ​នាវ​ឱ្យបើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ស្លាប់​បាត់​បង់​ជីវិត​របស់​ពលករ​ខ្មែរ។​តើពួកគេ​ស្លាប់​យ៉ាង​ដូច​ម្តេច​និង​នៅ​ពេល​ណា?»។​

បើ​តាម​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍​ (IOM)​ បាន​ប៉ាន់ប្រមាណ​ថា​ យ៉ាងតិចមាន​ពលករ​ខ្មែរ​ជាង​២​សែន​នាក់​បាន​ត្រូវ​បញ្ជូន​ត្រឡប់មក​ស្រុក​កំណើត​វិញ។​

ប្រទេស​ថៃបច្ចុប្បន្ន​នេះដែល​គ្រប់​គ្រង​ដោយ​របប​យោធា​ បន្ទាប់ពី​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​លោកស្រី​នាយក​រដ្ឋមន្ត្រី​យីងឡាក់​ ស៊ីណាវ៉ាត្រ​កាល​ពី​ខែ​មុនបាន​ចាប់​ផ្តើម​ចាប់​បញ្ជូន​ កម្មករ​ខុស​ច្បាប់​មក​ពី​កម្ពុជា ​ឡាវ​និង​ភូមា​ ជាច្រើនសែន​នាក់​មកកាន់ប្រទេស​របស់​ខ្លួនរៀងៗ​ខ្លួន។​

លោក​ ណៃ វ៉ង់ដា​ អនុ​ប្រធាន​ផ្នែក​អង្កេត​សិទ្ធិមនុស្ស​ និង​ ជំនួយ​ការ​ផ្នែក​ច្បាប់​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​មាន​ប្រសាសន៍​ថា​គណៈកម្មការ​ស៊ើប​អង្កេត​ដោយ​ឯក​រាជ្យ​គួរ​តែ​ត្រូវ​រក​ឱ្យ​ឃើញ​ថា​ការ​ស្លាប់​ពលករ​ខ្មែរ​នោះ​ដោយ​សារ​មូល​ហេតុ​អ្វី​ពិត​ប្រាកដ។​

លោក​បាន​បន្ថែម​ថា៖​«ខ្ញុំ​គិត​ថា​គណៈកម្មការ​នេះ​គួរ​តែ​មាន​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​ថៃ​ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស​ សិទ្ធិ​ពលករ​ចំណាក​ស្រុក​ក៏​ដូច​ជា​ខាង​អង្គការ​សហ​ប្រជាជាតិ​ដែល​មាន​ស្តង់​ដា​ក្នុង​ការ​ស៊ើប​អង្កេតក៏មាន​ការ​ចូលរួម​ពី​រដ្ឋាភិបាល​យើង​ផង​ដែរ»។​

លោក​ គោ ស៊ុំសារឿត​ អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​មាន​ប្រសាសន៍​ថា​អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ជុំវិញ​ករណី​ស្លាប់​របស់​ពលរដ្ឋ​ខ្មែរ។​លោក​បាន​បញ្ជាក់​ថា​បើ​តាម​របាយការណ៍​បាន​ឱ្យដឹង​ថា​ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​១១​នាក់​បាន​ស្លាប់។​ក្នុង​នោះ​មាន​២​នាក់​បាន​ស្លាប់​ដោយ​សារ​គាំង​បេះដូង​ ៧​នាក់​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ និង២​នាក់​ទៀត​បាន​ស្លាប់​នៅ​ដោយ​សារ​ការ​បង្ក្រាប​ជួញ​ដូរ​ថ្នាំ​ញៀន​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​បាញ់​បំបែក​កង់​រថយន្ត ​បណ្តាល​ឱ្យរថយន្ត​ក្រឡាប់​ស្លាប់​ពលករ​ខ្មែរ។​

លោក​បាន​និយាយ​ថា៖«កិច្ចការ​នេះ​គឺ​ខាង​កុង​ស៊ុល​ជាមួយ​នឹង​ស្ថានទូត​យើងដូច​ក្តាប់​បាន​ ​កំពុង​ធ្វើ​ការ​ជាមួយ​ភាគី​ថៃ​ហើយ​បាន​ន័យ​ថា​គេ​សហ​ការ​គ្នា​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម»។​

មាន​ពលករ​កម្ពុជា​ទាំង​ខុស​ច្បាប់​ និង​ស្រប​ច្បាប់​មាន​ចំនួន​ប្រមាណ​ជាង​៤០​ម៉ឺន​នាក់​បាន​រស់​នៅនិង​ធ្វើ​ការ​ជា ​ជាង​សំណង់​ កម្មករ​រោង​ចក្រ ​និង​ បុគ្គលិក​ជំនួយ​ការ​លក់​ដូរ​ក្នុងប្រទេស​ថៃ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​សុក្រសប្តាហ៍​មុន​ របស់​អង្គការ ​Human Rights Watch​ បាន​ឱ្យដឹងថា ពលករ​ចំណាក​ស្រុក​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​រំលោភ​បំពាន​ជា​លក្ខណៈ​ ប្រព័ន្ធ​ ហើយ​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ជា​និច្ចកាល​ បាន​ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ និង​ការ​ប្រើ​អំពើ​ហិង្សា​ភ្លាមៗ​ពី​សំណាក់​ប៉ូលិស ​អាជ្ញាធរ​និង​និយោជក​របស់​ខ្លួន។ ​ដោយ​ឡែក​ការ​បង្កើត​សហជីព​ និង​សមាគម​របស់​កម្មករ​ចំណាកស្រុក​និង​សិទ្ធិ​បញ្ចេញ​មតិ​របស់​កម្មករ​ ត្រូវ​បាន​រឹត​ត្បិត​យ៉ាង​តឹង​តែង​បំផុត៕
XS
SM
MD
LG