ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​តាម​សង្កេត​មើល​ពលករ​ខ្មែរ​ចំណាក​ស្រុក​មក​ពី​ប្រទេស​ថៃ​វិញ


ពលករ​ចំណាក​ស្រុក​កម្ពុជា រង់ចាំ​ដំណើរការ​ឯកសារ​នៅ​ស្ថានីយ៍​ប៉ូលិស​ក្នុង​ក្រុង​អារញ្ញ​ប្រថេត ខេត្តស្រះកែវ​នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៤ គ្រាដែល​ពួកគេ​ត្រៀម​ខ្លួន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។
ពលករ​ចំណាក​ស្រុក​កម្ពុជា រង់ចាំ​ដំណើរការ​ឯកសារ​នៅ​ស្ថានីយ៍​ប៉ូលិស​ក្នុង​ក្រុង​អារញ្ញ​ប្រថេត ខេត្តស្រះកែវ​នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៤ គ្រាដែល​ពួកគេ​ត្រៀម​ខ្លួន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។
ស្ថានទូត​សហរដ្ឋ​អាមេរិក​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ដំណើរការ​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ពី​ប្រទេស​ថៃ​វិញ។​ នេះ​បើ​យោង​តាម​មន្រ្តី​ផ្លូវការ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ​ ដែល​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

លោក​ សន ម៉ាគិនតូស្ស​ (Sean McIntosh) ​អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​បញ្ជាក់​ថា ​សហរដ្ឋ​អាមេរិកបាន​តាម​ឃ្លាំ​មើល​ចលនា​បញ្ជូន​ពលករ​កម្ពុជា​នេះ ​ជាពិសេស​ដោយសារ​ក្រោយ​ពី​ព្រឹត្តិការណ៍​នៃ​រដ្ឋ​ប្រហារ​នៅ​ប្រទេស​ថៃ។​

«ស្ថានទូត​សហ​រដ្ឋ​អាមេរិក​កំពុង​ពិនិត្យ​មើល​យ៉ាង​ប្រកិត​នូវ​ស្ថានភាព​នៃ​ការ​វិល​ត្រឡប់​មក​វិញ​របស់​ពលករ​កម្ពុជា​ពី​ប្រទេស​ថៃ។​ ​យើងបាន​ទាក់​ទង​ទៅ​ស្ថានទូត​របស់​យើង​ប្រចាំ​ទី​ក្រុង​បាងកក​ ដែល​កំពុង​ស្ថិត​ក្នុង​សភាពការណ៍​នេះ។ ​ហើយ​យើង​ក៏​បាន​ពិភាក្សា​ជាមួយ​សង្គម​ស៊ីវិល និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ផ្សេង​ទៀត​ ដែល​កំពុង​ធ្វើ​កិច្ច​ការ​នេះ។ ​ជា​ទូទៅ​យើង​កំពុង​ពិនិត្យ​លើ​បញ្ហា​នេះ»។​

រលក​នៃ​ការ​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ពី​ប្រទេស​ថៃ​បាន​ចាប់​ផ្តើម​ជា​ច្រើន​សប្តាហ៍​មក​ហើយ​ ក្រោយ​ពី​រដ្ឋ​ប្រហារ​យោធា​ទម្លាក់​លោកស្រី​នាយក​រដ្ឋមន្ត្រី​យីងឡាក់ ស៊ីណាវ៉ាត់​កាលពី​ខែ​មុន។​

រហូត​មក​ទល់ពេល​នេះ​ ពលករ​កម្ពុជា​ដែល​ត្រូវ​បញ្ជូន​ពី​ប្រទេស​ថៃ​មក​វិញ​កើន​ដល់​ចំនួន​ជាង​២០​ម៉ឺន​នាក់​ហើយ ​នេះបើផ្អែក​តាម​ប្រភព​ផ្សេងៗ។​

លោក ​Joe Lowry ​អ្នក​នាំពាក្យ​អង្គការ​អន្តរជាតិ​សម្រាប់​ទេសន្តរប្រវេសន៍​(IOM)​ ប្រចាំ​តំបន់​អាស៊ី​មាន​ប្រសាន៍​ថា​ ពលករ​ទាំង​អស់បាន​ឆ្លង​កាត់​ព្រំដែន​ដោយ​សុវត្ថិភាព​ បើ​ទោះ​បីជា​មាន​សេចក្តី​រាយ​ការណ៍​មួយ​ចំនួន​ដែល​ថា ​មាន​អំពើ​ហិង្សា​កើត​ឡើង​ក៏​ដោយ។

«ពួក​គេ​មាន​ចំនួន​ប្រមាណ​ជា​២០​ម៉ឺន​នាក់​មក​ទល់​នឹង​ថ្ងៃ​នេះ​ ដែល​បាន​ឆ្លង​ព្រំដែន​ចូល​ប្រទេស​កម្ពុជា​តាម​ច្រក​ផ្សេងៗ។​ ពួក​គេ​ទាំង​អស់​ទទួល​បាន​ស្បៀង​ និង​ទឹក​គ្រប់​គ្រាន់​ ហើយ​ពួកគេ​ឆ្លង​កាត់​ព្រំដែន​ដោយ​សុវត្ថិភាព»។​

ក្រុម​អាជ្ញាធរ ​និង​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​មើល​ឃើញ​ថា ​រលក​នៃ​ការ​បញ្ជូន​ពលករ​កម្ពុជា​ខុស​ច្បាប់​ពី​ប្រទេស​ថៃ​មានចំនួន​ចុះ​ថយ​ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ។​

លោក​គោស៊ុម សារឿត ​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​ដែល​ពលករ​ភាគ​ច្រើន​ត្រូវ​បញ្ជូន​តាម​ច្រក​ក្រុង​ប៉ោយប៉ែត​ក្នុង​ខេត្ត​នេះ​ មាន​ប្រសាសន៍​ថា ​ពលករ​បញ្ជូន​ពី​ប្រទេស​ថៃ​អាចមាន​ចំនួន​ជាង​៦០០០​នាក់​ប៉ុណ្ណោះ​តាម​ច្រក​ប៉ោយប៉ែត។​

«ត្រឹម​ម៉ោង​២​ល្ងាច​នេះ​ឃើញ​ថា​ មាន​ចំនួន​ជាង​៣ពាន់នាក់។ ​ហើយ​តាម​ធម្មតា​មាន​ខ្សែ​រថភ្លើង​ពីរខ្សែ​ទៀត។ ​អញ្ចឹង​អាច​មាន​ចំនួន​ប្រហែល​៣០០០​នាក់​ទៀត។ ​អញ្ចឹង​ខ្ទង់​ប្រហែល​សរុប​៦០០០​នាក់​អី​ទេ​ក្នុង​ថ្ងៃ​នេះ។ ​ម្សិល​មិញ​មាន​ចំនួន​៨០០០​នាក់។​ ​ដូច្នេះ​ឃើញ​ថា ​មាន​ចំនួន​ថយ​ចុះ»។​

លោក​ស៊ុំ ចាន់គា ​អ្នក​សម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ មើល​ឃើញ​ថា​ មាន​ចំនួន​កម្មករ​ថយ​ចុះ​ដូច្នេះ​មែន ដោយ​លោក​ផ្តោត​ចំនួន​ពលករ​ចូល​តាម​ច្រក​ប៉ោយប៉ែត។​

«ឥឡូវ​នេះ​យើង​ឃើញ​ថា​ ចំនួន​ពលករ​កាន់​តែ​តិច​ទៅៗ​ គឺ​មាន​ចន្លោះ​ពី​៥០០០​ដល់​៧០០០​នាក់​ក្នុង​មួយ​ថ្ងៃ»។​

ដំណាល​គ្នា​នឹង​ការ​បញ្ជូន​ពលករ​កម្ពុជា​ពី​ប្រទេសថៃ​នេះ ​លោក​កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​ចុះ​ទៅ​មើល​ និង​សួរ​សុខទុក្ខ​ពលករ​ទាំង​នោះ​ជាមួយ​នឹង​ប្រតិភូ​បក្ស​ជំទាស់​មួយ​ក្រុម​ ក៏​ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​នោះ​បាន​ជួប​ប្រទះ​នឹង​ការ​រំខាន​ពី​សកម្ម​ជន​ដែល​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា។​

ពលករ​កម្ពុជា​ត្រូវ​ប៉ាន់​ប្រមាណ​ថា ​មាន​ចំនួន​ជាង​៤០​ម៉ឺននាក់ដោយ​រាប់​ទាំង​ពលករ​ស្រប​ច្បាប់ ​និង​ខុស​ច្បាប់។​

អង្គការ ​IOM ​និង​អ្នក​សេដ្ឋកិច្ច​កម្ពុជា​មួយ​ចំនួន​បារម្ភថា ​កម្ពុជា​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ផ្តល់​ការងារ​ដល់​ពលករ​ដែល​ត្រូវ​បញ្ជូន​ត្រឡប់​មក​វិញ​នេះ។​

ដោយ​ឡែក​ ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​គ្រោង​នឹង​ផ្តល់​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​រយៈ​ពេល​ខ្លី​ដល់​ពលករ​ទាំង​នេះ​ នៅ​តាម​មជ្ឈដ្ឋាន​រស់​នៅរបស់​ពួក​គេ៕
XS
SM
MD
LG