ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលករ​ចំណាកស្រុក​កម្ពុជា​នៅ​តែ​នាំ​គ្នា​ចេញពី​ប្រទេស​ថៃ

  • Steve Herman

ពលករ​ខ្មែរ​ចុះ​ពី​រថភ្លើង​នៅ​ស្ថានីយ​អារញ្ញប្រទេស (Aranyaprathet) ខេត្ត​ស្រះកែវ (Sa Kaew) ​ខណៈ​ដែល​ពួក​គេ​ប្រុងប្រៀប​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​មិថុនា​ឆ្នាំ​២០១៤។
អង្គការ​ជំនួយ​ក្នុង​ប្រទេស​ថៃ​និយាយ​ថា​ ពលករ​ចំណាក​ស្រុក​កម្ពុជា​រាប់​ម៉ឺន​នាក់ ​និង​កូន​ចៅ​របស់​ពួកគេ​ នៅ​តែ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ឆែកឆេរ​ទល់​ដែន​មួយ​នៅ​ក្នុង​ប្រទេស​ថៃ ​ជា​បន្ត​បន្ទាប់។ ​ពួក​គេ​នៅ​តែ​មិន​ជឿ​ទុក​ចិត្ត​ចំពោះ​ការ​ធានា​រ៉ាប់​រង​ពី​សំណាក់​រដ្ឋាភិបាល​យោធា​ថៃ​ដែល​ថា​ ពួកគេ​មិន​ត្រូវ​គេ​រក​មុខ​ដើម្បី​បង្ក្រាប​ក្នុង​គោល​បំណង​បណ្តេញ​ពលករ​ចំណាក​ស្រុក​ខុស​ច្បាប់​ចេញ​ពី​ប្រទេស​ថៃ​នោះ​ទេ។

អង្គការ​អន្តោ​ប្រវេសន៍​អន្តរជាតិ ​និង​អ្នក​តំណាង​នៃ​បណ្តា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​មាន​ការ​ព្រួយ​បារម្ម ​បាន​ប្រាប់​វីអូអេ​ថា ​ជន​ជាតិ​កម្ពុជា​រាប់​ពាន់​នាក់​នៅ​តែ​នាំ​គ្នា​ធ្វើ​ដំណើរ​សំដៅ​ទៅ​ប៉ុស្តិ៍​ឆែក​ឆេរ​ទល់​ដែន​ប៉ោយប៉ែត។​

ចំនួន​មនុស្ស​នៅ​ថ្ងៃ​ពុធ​នេះ​មិន​ច្រើន​ដូច​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ទេ ​ក៏​ប៉ុន្តែ​នៅ​តែ​ច្រើន ​នេះ​បើ​តាម​សម្តី​របស់​ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នៅ​តាម​បណ្តោយ​ទល់​ដែន​កម្ពុជា​ ថៃ។​

គេ​កាក់​ស្មាន​ថា ​ពល​រដ្ឋ​ខ្មែរ​យ៉ាង​ហោច​ណាស់​២​សែន​នាក់​បាន​រត់​ពី​ប្រទេស​ថៃ​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ខែ​នេះ។​

អង្គការ​ទាំង​១០​ដែល​មាន​ការ​ព្រួយ​បារម្ភ ​រួម​មាន​អង្គការ​សង្គម​ជំនួយ​កិច្ច​ការ​ផ្លូវ​ច្បាប់​ Catholic ​បណ្តាញ​ក្រុម​ពលករ​ចំណាក​ស្រុក​នៅ​ក្នុង​ប្រទេស​ថៃ ​និង​អង្គការ​សង្គ្រោះ​កុមារ ​Save the Children ​បាន​ផ្ញើរ​ញត្តិ​មួយ​ទៅ​ក្រុម​មេ​ដឹកនាំ​យោធា​នៃ​ប្រទេស​ថៃ​ ដោយ​សុំ​ឲ្យឈប់​ធ្វើ​ការ​គាប​សង្កត់​ទៅលើ​ពលករ។​

«សង្គម​ថៃ​ឥឡូវ​នេះ ​ជា​ពិសេស​ពួក​អ្នក​ជំនួញ ​កំពុង​តែ​រង​គ្រោះ​ដោយ​សារ​គោល​នយោបាយ​ខ្វះ​ការ​មើល​ឃើញ​វែង​ឆ្ងាយ ​ដែល​ផ្តោត​ទៅ​លើ​សន្តិសុខ​ជាតិ ​និង​ការ​ចាប់​ខ្លួន ​និង​ការ​បណ្តេញ​មនុស្ស​ចេញ​ពី​ប្រទេស។ ​អ្វី​ដែល​ពួក​យើង​ចង់​បាន​ជា​បន្ទាន់​ភ្លាមៗ​គឺឲ្យ​យោធា​ឈប់​បង្ក្រាប ​ឈប់​ចាប់​ខ្លួន ​និង​ឈប់​គាប​សង្កត់​ពលករ​ចំណាក​ស្រុក។​
ពលករ​ខ្មែរ​ចុះ​ពី​រថយន្ត​ថៃ​ក្រោយ​ពី​ពួក​គេ​ត្រឡប់​មក​ដល់​ច្រក​ព្រំដែន​ក្រុង​ប៉ោយប៉ែត​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មិថុនា​ឆ្នាំ​២០១៤។
ពលករ​ខ្មែរ​ចុះ​ពី​រថយន្ត​ថៃ​ក្រោយ​ពី​ពួក​គេ​ត្រឡប់​មក​ដល់​ច្រក​ព្រំដែន​ក្រុង​ប៉ោយប៉ែត​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មិថុនា​ឆ្នាំ​២០១៤។
Roisai ​ថ្លែង​ពី​ទីក្រុង​ឈៀងម៉ៃ​មក​ថា​ មាន​ភាគី​ដែល​មិន​ស្គាល់​មុខ​កំពុង​តែ​ឆ្លៀត​យក​ផល​ចំណេញ​ពី​ស្ថានការណ៍នៅ​ទី​នោះ​ និង​នៅ​ Mae Sot ​ដែល​ស្ថិត​នៅ​ជាប់​ទល់​ដែន​ថៃ​និង​ភូមា។​

«យើង​បាន​ទទួល​សេចក្តី​រាយការណ៍​អំពី​មនុស្ស​ដែល​ស្លៀក​ពាក់​ដូច​មន្ត្រី​ពង្រឹង​ច្បាប់ ​ហើយ​ចូល​ក្នុង​សហគមន៍​ ហើយ​បង្ក​ឲ្យ​មាន​ស្ថានភាព​ជម្រិតយក​ប្រាក់​ ដោយ​ធ្វើ​ដូច​ជា​ពួក​គេ​ចូល​មក​សហគមន៍ដើម្បី​ចាប់​មនុស្ស។ ​ហើយ​អ្នក​ខ្លះ​ក៏​បង់​ប្រាក់​ឲ្យ​ពួក​គេ។ ​ហើយ​ការណ៍​នេះ​ក៏​បង្កើត​ឲ្យ​មាន​បរិយាកាស​ភិតភ័យ​នៅ​ក្នុង​សហគមន៍ដែរ»។​

ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​និយោជក​ខ្លះ ​ដែល​ប្រើ​ប្រាស់​ពលករ​គ្មាន​សំបុត្រ​ស្នាម ​កាត់​បន្ថយ​សកម្មភាព​ជំនួញ​របស់​ពួកគេ ​ដោយ​មាន​រួម​ទាំង​ការ​ផលិត​កម្មរោង​ចក្រ​ផង​ដែរ។​

ទោះ​ជា​ពលករ​កម្ពុជា​ភាគច្រើន​បាន​ចាក​ចេញ​ពី​ប្រទេស​ថៃ​ហើយ​ក៏​ដោយ ​ក៏​ក្រុម​សកម្មជន​និយាយ​ថា ​ពល​ករ​ភូមា​ភាគច្រើន​នាំ​គ្នា​រត់​ពួន ​ជាជាង​ឆ្លង​ដែន​ទៅ​ភូមា​វិញ។​

គេកាក់​ស្មាន​ថា​ មាន​ពលករ​ភូមា​ប្រមាណ​២​លាន​នាក់នៅ​ក្នុង​ប្រទេស​ថៃ ​ហើយ​ថា​ ពួក​គេ​ជា​កម្លាំង​ពលកម្ម​សំខាន់​ចាំ​បាច់​ និង​ថោក​សម្រាប់​ឧស្សាហកម្ម​សំណង់ ​និង​ឧស្សាហកម្ម​មួយ​ចំនួន​ទៀត។​

កាល​ពី​ថ្ងៃ​អង្គារ​ ក្រុម​អ្នក​គាំ​ទ្រ​ពលករ​បាន​ជួប​ជា​មួយ​ក្រុម​មន្ត្រី​យោធា​ថៃ​នៅ​ Mae Sot។​

Roisai ​ថ្លែង​ថា​ ទាហាន​ថៃ​បាន​យល់​ព្រម​មិន​សំដៅ​ទៅ​លើ​ពលករ​ចំណាក​ស្រុក​ទេ​រហូត​ដល់​ពេល​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ពី​ថ្នាក់​ដឹក​នាំ​យោធា។​

ប៉ុន្តែ​លោកស្រី ​Roisai ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ។​

«យើង​និយាយ​អំពី​ស្ថានការណ៍​ទូទាំង​ប្រទេស។ ​មាន​ទីភ្នាក់​ងារ​ពង្រឹង​ច្បាប់​ជា​ច្រើន​ ក្រៅ​ពី​យោធា។ ​ដូច្នេះ​ខ្ញុំ​គិត​ថា​ គ្មាន​ការ​ធានា​ថា ​ពួកយោធា​នឹង​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​យើង​ទេ»។​

កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ​ មេដឹកនាំ​យោធា​ថៃ​បាន​ចេញ​ក្រឹត្យ​ទាក់​ទង​គ្នា​២។ ​មួយ​ចែង​ថា​ គ្មាន​គោលនយោបាយ​ដើម្បី​បង្ក្រាប​លើ​ពលករ​ចំណាក​ស្រុក​នៅ​ឡើយ​ទេ​ ទោះ​ជា​មាន​របាយ​ការណ៍​ជា​ច្រើន​ថា ​មាន​នយោបាយ​បែប​នេះ​ក៏​ដោយ។ ​ក្រឹត្យ​នេះ​ទទួល​ស្គាល់​ថា ​មាន​ការ​តម្រូវ​ឲ្យ​និយោជក​ប្រគល់​បញ្ជី​កម្មករ​របស់​ខ្លួន​សម្រាប់​ការ​ត្រួត​ពិនិត្យ។​

សេចក្តី​ប្រកាស​ទី២​ចែង​ថា ​មន្ត្រី​រដ្ឋាភិបាល​ណា​ដែល​ត្រូវ​រក​ឃើញ​ថា ​ជាប់​ពាក់​ព័ន្ធ​ក្នុង​រឿង​ជួញ​ដូរ​មនុស្ស ​ជា​ពិសេស​ទាក់​ទង​នឹង​ពល​ករ​ចំណាក​ស្រុក ​នឹង​ត្រូវទទួល​ទោស​តាម​ការ​ដាក់​វិន័យ ​និង​ទោស​ឧក្រិដ្ឋ។​

ការ​ប្រព្រឹត្ត​របស់​ប្រទេស​ថៃ​ទៅ​លើ​ពលករ​បរទេស​ត្រូវ​គេ​ពិនិត្យ​មើល​យ៉ាង​ដិត​ដល់។​

នៅ​សប្តាហ៍​នេះ ​ប្រទេស​ថៃ​កំពុង​ប្រឈម​មុខ​នឹង​ការ​ដាក់​ចូល​បញ្ជី​ខ្មៅ​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ចំពោះ​បរាជ័យ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជួញ​ដូរ​មនុស្ស។​

តារាង​ទាសករ​ពិភពលោក ​ដែល​រៀបចំ​ឡើង​ដោយ​មូលនិធិ​ដើរ​ដោយ​សេរី ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ​ចាត់ទុក​ប្រទេស​ថៃ​ ថា​ជា​កន្លែង​កេង​ប្រវ័ញ្ច ​ដោយ​មាន​ជន​រងគ្រោះ​ជា​ទាសករ ក្នុង​ប្រទេស​ និង​មក​ពី​ក្រៅ​ប្រទេស។

ប្រែសម្រួល​ដោយ ​ប៉ូច រាសី
XS
SM
MD
LG