ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ថៃ​ប្រកាស​ទទួល​យក​ពលករ​ខ្មែរ​វិញ​បើ​ស្របច្បាប់

  • គង់ សុឋានរិទ្ធ

ពលករ​ចំណាក​ស្រុក​កម្ពុជា រង់ចាំ​ដំណើរការ​ឯកសារ​នៅ​ស្ថានីយ៍​ប៉ូលិស​ក្នុង​ក្រុង​អារញ្ញ​ប្រថេត ខេត្តស្រះកែវ​នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៤ គ្រាដែល​ពួកគេ​ត្រៀម​ខ្លួន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។
ប្រទេស​ថៃ​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារនេះ​ថា​ ខ្លួន​នឹង​ទទួល​យក​ពលករ​កម្ពុជា​ដែល​ត្រូវ​បញ្ជូន​ចេញ​នៅ​ក្នុង​ពេល​នេះ​ឲ្យ​មក​ធ្វើ​ការវិញ​នៅ​ក្នុង​ពេល​ខាង​មុខ។ ក៏ប៉ុន្តែ​ប្រទេសថៃ​បាន​ដាក់​លក្ខខណ្ឌ​ថា​ពលករ​ទាំង​នោះ​ត្រូវតែ​ត្រឡប់​មកធ្វើ​ការវិញដោយ​ភាព​ស្រប​ច្បាប់។

​លោក​កុយ គួង ​អនុ​រដ្ឋ​លេខាធិការ​និងជាអ្នក​នាំពាក្យក្រសួង​ការបរទេស​កម្ពុជា​បានឲ្យ​ដឹង​ថា​ ឯក​អគ្គ​រាជទូត​កម្ពុជាប្រចាំ​ក្រុង​បាងកក​លោកស្រី​អ៊ាត សុភា ​បានជួប​ជាមួយ​រដ្ឋ​មន្ត្រី​ការបរទេសថៃ​ស្តី​ទី​កាល​ពីព្រឹក​ថ្ងៃ​អង្គារ​នេះ​ហើយ​ភាគី​ថៃ​បាន​សន្យា​ថា​នឹង​ទទួល​យក​ពលករខុស​ច្បាប់​កម្ពុជា​ដែល​ត្រូវបញ្ជូន​ចេញទៅ​ស្រុក​កំណើត​ពួក​គេនៅពេល​ដែល​ពលករ​ទាំងនេះ​មក​ធ្វើ​ការ​វិញ​ដោយ​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ។

«ភាគី​ថៃ​បាន​សំណូម​ពរ​ដល់ពលករ​ខ្មែរ​មិន​ស្រប​ច្បាប់​ដែល​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​ហើយ​នោះ​បើ​មាន​បំណង​មក​ធ្វើ​ការនៅ​ប្រទេសថៃ​វិញ​សូម​មកជា​ពលករ​ស្រប​ច្បាប់។​គេ​នៅ​តែ​ទទួល។​គេ​ចង់​ឲ្យ​ស្រប​ច្បាប់​ទាំង​អស់​គ្នា​ដើម្បី​ចៀសវាង​ការ​ជួញ​ដូរ​មនុស្ស​និង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពល​កម្ម»។

​ពលករ​កម្ពុជា​ទាំង​ស្រប​ច្បាប់​និង​ខុស​ច្បាប់​ត្រូវ​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន​ជាង​៤០​ម៉ឺននាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ។

ប៉ុន្តែ​ជាច្រើន​សប្តាហ៍​មក​នេះ ប្រទេស​ថៃ​បាន​បញ្ជូន​ពលករ​កម្ពុជា​ខុស​ច្បាប់​មក​កម្ពុជា​វិញ​ជាបន្ត​បន្ទាប់​រៀង​រាល់ថ្ងៃ។​ ពលករ​ដែល​ត្រូវ​បញ្ជូន​ត្រឡប់​មក​វិញ​នោះ​បាន​កើន​ដល់​ជិត១៩​ម៉ឺននាក់​រហូត​មក​ទល់​នឹង​ថ្ងៃ​អង្គារ​នេះ។

លោកកុយ គួង ​ឲ្យ​ដឹង​បន្ថែម​ថា​ក្នុង​កិច្ច​ប្រជុំ​រវាង​ឯកអគ្គ​រាជទូត​កម្ពុជា​ជាមួយ​រដ្ឋមន្ត្រី​ស្តី​ទី​ក្រសួង​ការបរទេស​ថៃ​ ភាគី​ទាំងសងខាង​បាន​ឯកភាព​គ្នា​បង្កើត​ខ្សែទូរស័ព្ទ​hot line មួយ​ដើម្បី​ភ្ជាប់​ការ​ទាក់​ទង​រវាង​ក្រសួង​ការបរទេសថៃ​និង​ស្ថានទូត​កម្ពុជា​ដើម្បី​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​និង​ដោះ​ស្រាយ​បញ្ហា​កម្មករ​កម្ពុជា​នៅ​ក្នុង​ប្រទេស​ថៃ។

​មន្ត្រី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ដដែល​បញ្ជាក់​ថា​ប្រទេស​ថៃ​កំពុង​ពិនិត្យ​បន្ថែម​ទៀត​អំពី​លទ្ធភាព​ធ្វើ​ឲ្យ​ពលករ​កម្ពុជា​ខុស​ច្បាប់​ឲ្យ​ទៅ​ជា​ពលករ​ស្រប​ច្បាប់​វិញ។

រហូត​មកទល់​ពេលនេះ​មាន​កម្មករ​កម្ពុជា​ខុស​ច្បាប់​ក្នុង​ប្រទេស​ថៃ​ជិត​៥​ម៉ឺន​នាក់​ត្រូវ​បាន​ធ្វើ​ឲ្យ​ទៅ​ជា​កម្មករ​ស្រប​ច្បាប់​វិញ​។

អ្នកស្រី​ឆន សុគន្ធា ​ប្រធាន​ផ្នែក​ស្រ្តី​និង​កុមារ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ដែល​កំពុង​ធ្វើ​ការ​ពិនិត្យ​ផ្ទាល់​លើ​ការ​បញ្ជូន​ពលករ​កម្ពុជា​ខុសច្បាប់​ពីប្រទេស​ថៃ​នេះ​មាន​ប្រសាសន៍​ថាអ្នក​ស្រី​ទទួល​បាន​ព័ត៌មាន​ពី​ការរំលោភ​បំពាន​មួយ​ចំនួន​លើ​ពលករ​កម្ពុជា។​ប៉ុន្តែ​អ្នក​ស្រី​មិន​ទាន់​មាន​ភស្តុតាង​រឹងមាំ​សម្រាប់​បង្ហាញ​ពី​អំពើ​ហិង្សា​ទាំង​នោះ​នៅ​ឡើយ។

កាល​ពី​ថ្ងៃ​ច័ន្ទ​លោក​Joe Lowry ​អ្នក​នាំពាក្យ​របស់​អង្គការ​អន្តរជាតិ​សម្រាប់​ទេសន្តរ​ប្រវេសន៍​(IOM)​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីភិក ​ជឿថា​កត្តាទាំង​នោះអាចជាពាក្យ​ចចាម​អារ៉ាម។

​លោកកុយ គួង ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេសកម្ពុជា​បញ្ជាក់ថាមាន​ការស្វែង​រក​ការ​ផ្ទៀង​ផ្ទាត់​ប៉ុន្តែ​មិន​មានភស្តុតាង​ពី​ការរំលោភ​បំពាន​ធ្ងន់​ធ្ងរ​លើ​ពលករខុស​ច្បាប់​កម្ពុជា​នោះទ។

ប្រទេសថៃត្រូវ​គេដឹងថា​មាន​ពលករ​ខុស​ច្បាប់មក​ពី​ប្រទេសក្រី​ក្រ​នៅជុំវិញ​ខ្លួន​ជាច្រើន​ដូចជា​ពលករ​មក​ពី​ប្រទេស​កម្ពុជា ​មកពី​ភូមា​និង​មក​ពី​ប្រទេសឡាវ​ជាដើម។

លោកJoe Lowry ​និយាយ​ថា​ពលករ​កម្ពុជា​ហាក់​ដូចជា​ទទួល​រង​ការបញ្ជូនចេញ​យ៉ាង​គំហុក។

«​យើង​មិន​បាន​ទទួល​ព័ត៌មាន​អំពីការ​នាំ​ចេញពលករ​ទេសន្តរ​ប្រវេសន៍ក្នុង​ទ្រង់​ទ្រាយ​ធំ ​ឬទ្រង់​ទ្រាយ​តូចដែលមក​ពីប្រទេស​ភូមាឬមក​ពី​ប្រទេស​ឡាវ។ នៅក្នុងពេល​នេះ​ចលនា​គំហុក​នៃ​ការ​នាំពលករ​ខុស​ច្បាប់​ចេញ​ពី​ប្រទេស​ថៃ​នោះ​ហាក់​ដូចជាស្ថិត​ក្នុង​ចំណោម​ពលករ​កម្ពុជា»។

​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក​និង​មន្ត្រី​ក្រសួង​ការបរទេស​របស់​ថៃ​មិនអាចទាក់ទង​បាន​ទេ​នៅថ្ងៃ​នេះ៕
XS
SM
MD
LG