ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ក្រៅ​រដ្ឋាភិបាល​​បង្កើត​យន្តការ​ថ្មី​ជួយ​ដល់​ពលករ​មក​ពី​ថៃ​វិញ


ពលករ​ខ្មែរ​និង​​ក្រុមគ្រួសារ​មើល​ចេញ​ក្រៅ​ពី​រថយន្ត​​ទ្រង់​ខណៈ​ដែល​ពួក​គេ​រង់​ចាំ​ឆ្លង​កាត់​ព្រំដែន​ថៃ-កម្ពុជា​នៅ​ត្រង់​អារញ្ញប្រទេស (Aranyaprathet) ខេត្ត​ស្រះកែវ (Sa Kaew) កាល​ពី​​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៤។
ពលករ​ខ្មែរ​និង​​ក្រុមគ្រួសារ​មើល​ចេញ​ក្រៅ​ពី​រថយន្ត​​ទ្រង់​ខណៈ​ដែល​ពួក​គេ​រង់​ចាំ​ឆ្លង​កាត់​ព្រំដែន​ថៃ-កម្ពុជា​នៅ​ត្រង់​អារញ្ញប្រទេស (Aranyaprathet) ខេត្ត​ស្រះកែវ (Sa Kaew) កាល​ពី​​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៤។
នៅ​ពេល​ដែល​ពលករ​ខុស​ច្បាប់​កាន់​តែ​ច្រើន​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​អង្គការ​ខារ៉ាម​កម្ពុជានៅ​ថ្ងៃ​ពុធ​នេះ​ចាប់​ផ្តើម​រៃ​អង្គាស​មូលនិធិ​សប្បុរសធម៌​សម្រាប់​ផ្តល់​ជំនួយ​ដល់​ពលករ​ទាំងនេះ​និង​បង្កើត​ជា​បណ្តាញ​ទូរស័ព្ទ ​Hotline ​សម្រាប់​ការ​ផ្តល់​ព័ត៌មាន​ផ្សេងៗ​ទាក់ទង​នឹង​ពលករ​ចំណាក​ស្រុក​នេះ។​

លោក​យ៉ា ​ណាវុធ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខារ៉ាម​កម្ពុជាឲ្យ​ដឹងថា​មូលនិធិ​ទាំង​នេះ​នឹង​ត្រូវ​ប្រើ​សម្រាប់​ជា​ការ​ផ្តល់​ចំណី​អាហារ​ហើយ​អាច​នឹង​មាន​ឱកាស​ក្នុង​ការ​ជួយ​ដល់​សហគមន៍​នៃ​ពលករ​ទាំងនេះ។

«យើង​ចាប់​ផ្តើម​ដំណើរ​ការ​ពី​ពេល​នេះ​ទៅហើយ។​ យើង​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​បងប្អូន​ដែល​មាន​សមាន​ចិត្ត​ចង់ជួយ​ពលករ​យើង​ ពួក​គាត់​អាចបរិច្ចាគ​ដោយសារ​យើង​មានភ្នាក់ងារ​ទៅ​ដល់​ក្រុង​ប៉ោយ​ប៉ែត​ហើយ​ដើម្បី​ចែក​ចាយ​ស្បៀង​អាហារ​ខ្លះៗ​ទៅ​តាម​លទ្ធភាព»។

​ពលករ​កម្ពុជា​ដែល​ត្រូវ​បញ្ជូន​ត្រឡប់​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ​បាន​កើន​ដល់​ជិត​១៩​ម៉ឺននាក់​កាល​ពី​ល្ងាចថ្ងៃ​អង្គារ។ ​តួលេខ​នេះ​ត្រូវ​រាប់​បញ្ចូល​ទាំង​ពលករ​ដែលត្រូវ​ត្រឡប់​មក​វិញតាម​ច្រក​ក្រុង​ប៉ោយ​ប៉ែត ​តាម​ច្រក​ខេត្តប៉ៃលិន ​ខេត្តឧត្តរមានជ័យ​និង​ខេត្ត​បាត់ដំបង។
ពលករខ្មែរ​បន្តចាក​ចេញ​ពីថៃ​ ព្រោះភ័យ​ខ្លាច
សូម​រង់ចាំ

No media source currently available

0:00 0:03:33 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

យោង​តាម​លោក​ គោស៊ុំ​ សារឿត ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ឲ្យដឹង​ថា​សព្វថ្ងៃ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ប្រាំមួយ​ដែល​កំពុង​ជួយ​គាំពារជាពិសេស​ផ្នែក​ស្បៀង​អាហារ​និង​សម្ភារៈ​ដល់​ពលករ​ដែល​ត្រឡប់​មកកាន់​ស្រុក​កំណើត​វិញ។​ក្នុងនោះ​មាន​ដូចជា​អង្គការ​ World Vision ​និង​អង្គការ​ IOM​ ជា​ដើម។

លោក​យ៉ា ណាវុធ ​ឲ្យ​ដឹង​ថា​អង្គការ​របស់​លោក​ក៏​បាន​បង្កើត​ខ្សែ​ទូរស័ព្ទ​ hotline ​ចំនួន​ពីរ​ខ្សែ​ផងដែរ​ដើម្បី​អាច​ឲ្យ​ក្រុម​គ្រួសារ​ ឬ​ពលករ​កម្ពុជា​ផ្តល់​ព័ត៌មាន​ដោយ​ផ្ទាល់​ដល់​អង្គការ​របស់​លោក​អំពី​បញ្ហា​ដែល​ទាក់ទង​នឹង​ការ​បញ្ជូន​ពលករ​កម្ពុជា​ពី​ប្រទេស​ថៃ។

«យើង​បង្កើត ​hotline ​ពីរ​ខ្សែ​គឺ​០១០ ៩៤៩ ៩១៤។​ រីឯ​មួយខ្សែ​ទៀត​គឺ​០១០​៩៦ ១៤ ២៧»។

​លោកបន្ថែម​ថា​មាន​ពលករ​និង​សមាជិក​គ្រួសារ​របស់​ពួក​គេប្រមាណ​ជា​២០​នាក់​បាន​ទូរស័ព្ទ​មក​ផ្តល់​ព័ត៌មាន​មក​កាន់​អង្គការ​លោកចាប់តាំង​ពី​ថ្ងៃ​ម្សិល​មិញ​រហូត​មក​ទល់​ថ្ងៃ​នេះ។

លោក​គោស៊ុំ ​សារឿត ​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​មាន​ប្រសាសន៍​ថា​ការ​ផ្គត់​ផ្គង់​ស្បៀង​អាហារ​ផ្សេងៗ​បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​រួច​ហើយ។​ ប៉ុន្តែ​កង្វះ​បង្គន់​អនាម័យ​នៅ​តែ​ជា​បញ្ហា​ចំណោទ​មួយ​ចំនួន។

«ឥឡូវ​នេះ​ដូចជា​រលូន​ហើយ។​ ម្ហូប​អាហារ​ទឹក​សម្រាប់​ញ៉ាំ ​មធ្យោបាយ​ដឹកជញ្ជូន ​អី​ផ្សេងៗ​យើង​ដោះ​ស្រាយ​បាន​ជា​បន្ត។ ការណ៍​ដែល​ប្រឈម​កន្លង​មក​គឺ​បង្គន់​អនាម័យ»។

​សូម​បញ្ជាក់​ថា​ពលករ​កម្ពុជា​ទាំង​ខុស​ច្បាប់​និង​ស្រប​ច្បាប់​មាន​ចំនួន​ប្រមាណ​ជាង​៤០ម៉ឺន​នាក់​នៅ​ប្រទេស​ថៃ។

រដ្ឋាភិបាល​យោធា​ថៃ​ដែល​កើត​ចេញ​ពី​រដ្ឋ​ប្រហារ​បាន​បញ្ជូន​ពលករ​ខុស​ច្បាប់​កម្ពុជា​ត្រឡប់​មកវិញ​ជាច្រើន​សប្តាហ៍​មក​ហើយ។

កាល​ពីម្សិលមិញ​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក​បាន​ព្រមព្រៀង​គ្នា​ជាមួយ​ក្រសួង​ការបរទេស​ថៃ​ថានឹង​បង្កើត​ខ្សែ​ទូរស័ព្ទ ​hotline ​ដើម្បី​ប្រាស្រ័យ​ទាក់ទង​ព័ត៌មាន​អំពីបញ្ហា​ពលករ​កម្ពុជា។​ ហើយ​ប្រទេស​ថៃ​បាន​សន្យា​ថា​នឹង​ទទួល​យក​ពលករ​កម្ពុជា​ដែល​ត្រូវ​បញ្ជូន​ត្រឡប់​មក​វិញ​នេះ​ទៅ​ធ្វើការ​វិញ​ក្នុង​ករណី​ដែល​ពួកគេ​ចូល​ទៅ​ធ្វើការ​ដោយ​ស្រប​ច្បាប់៕
XS
SM
MD
LG