ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការតាមដាននុយក្លេអ៊ែរបាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់នៅខែក្រោយដោយសង្ឃឹមថានឹងអាចស្ដារឡើងវិញនូវកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដែលមានបំណងរារាំងសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានថ្លែងនៅពីមុខអនុគណៈកម្មាធិការសន្តិសុខនិងការពារនៃសភាអឺរ៉ុបនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកកាលពីថ្ងៃអង្គារថា ប្រទេសអ៊ីរ៉ង់បានប្រមូលបាននូវសារធាតុអ៊ុយរ៉ាញ៉ូមចំនួន ៧០ គីឡូក្រាមដែលបានចម្រាញ់ឱ្យសុទ្ធកម្រិត ៦០% ហើយសារធាតុនេះចំនួន ១.០០០ គីឡូក្រាមទៀតត្រូវបានចម្រាញ់ឱ្យសុទ្ធកម្រិត ២០% ដែលជា«វត្ថុធាតុដើមនុយក្លេអ៊ែរគ្រប់គ្រាន់សម្រាប់ផលិតអាវុធនុយក្លេអ៊ែរមួយចំនួន មិនមែនតែមួយទេនៅពេលនេះ»។
កម្រិតភាពសុទ្ធនៃសារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់ផលិតអាវុធនុយក្លេអ៊ែរគឺមានកម្រិត ៩០%។ ប៉ុន្តែ លោក Grossi បានប្រាប់អនុគណៈកម្មាធិការនេះថា បរិមាណដ៏ច្រើននៃសារធាតុអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់ហើយរបស់ប្រទេសអ៊ីរ៉ង់នេះមិនមែនមានន័យថាប្រទេសអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះទេ។
លោក Grossi ក៏បាននិយាយផងដែរថា ទីភ្នាក់ងារ IAEA ឈប់តាមដានកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ហើយ ដោយសារតែរបបដឹកនាំរបស់អ៊ីរ៉ង់បានកាត់ផ្ដាច់កាមេរ៉ាចំនួន ២៧ របស់ទីភ្នាក់ងារ IAEA ដែលបានដំឡើងនៅឯទីតាំងនុយក្លេអ៊ែរនានាដែលអ៊ីរ៉ង់បានប្រកាស។
កាលពីឆ្នាំ ២០១៥ អ៊ីរ៉ង់និងប្រទេសមហាអំណាចចំនួន ៦ ដូចជាចក្រភពអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (Joint Comprehensive Plan of Action) ដែលរារាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការលើកលែងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងអន្តរជាតិលើអ៊ីរ៉ង់។
សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះនៅក្នុងឆ្នាំ ២០១៨ នៅក្រោមការដឹកនាំរបស់លោកអតីតប្រធានាធិបតី Donald Trump។ នៅពេលនោះ លោក Trump បានអះអាងថា កិច្ចព្រមព្រៀងនេះគ្មានប្រសិទ្ធភាពនិងបានដាក់ «សម្ពាធជាអតិបរមា» លើអ៊ីរ៉ង់ ដែលរារាំងលទ្ធភាពរបស់អ៊ីរ៉ង់នៅក្នុងការលក់ប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ។
តាំងពីឆ្នាំ ២០២១ មក ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះបានធ្វើការចរចាអស់ជាច្រើនដងក្នុងគោលបំណងដើម្បីស្ដារកិច្ចព្រមព្រៀងដើមនេះឡើងវិញ៕
ព័ត៌មានខ្លះនៃសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន Reuters និងទីភ្នាក់ងារសារព័ត៌មាន AFP។