ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​អំពាវនាវ​រក​ប្រាក់​៥,៦​ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន​ក្នុង​ឆ្នាំ​២០២៣


រូបឯកសារ៖ លោក Martin Griffiths ប្រធាន​ជំនួយ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ និយាយ​​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​​ក្នុង​បរិវេណ​អង្គការ​សហ​ប្រជាជាតិ ក្នុង​ទី​ក្រុង​កាប៊ុល កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។
រូបឯកសារ៖ លោក Martin Griffiths ប្រធាន​ជំនួយ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ និយាយ​​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​​ក្នុង​បរិវេណ​អង្គការ​សហ​ប្រជាជាតិ ក្នុង​ទី​ក្រុង​កាប៊ុល កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

អង្គការ​សហប្រជាជាតិ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​គេ​ត្រូវការ​ប្រាក់៥,៦ពាន់​លាន​ដុល្លារដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​និង​មនុស្ស​រាប់​លាន​នាក់​ទៀត​ដែល​បាន​រត់គេចខ្លួន​ចេញពី​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម។

អស់​រយៈពេល​ជិត១ឆ្នាំ​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ចាប់ផ្តើម​ការឈ្លានពាន​ដ៏​ពេញទំហឹង​របស់​ខ្លួន​លើ​អ៊ុយក្រែន​មក អង្គការ​សហប្រជាជាតិ​បាន​ប៉ាន់ស្មាន​ថា ​ពលរដ្ឋ​អ៊ុយក្រែន​ចំនួន២១,៨​លាន​នាក់​ឥឡូវនេះ​កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌។

ប្រធាន​ជំនួយ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ​លោក Martin Griffiths បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា «ការបន្ត​សង្គ្រាម​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ បំផ្លិច​បំផ្លាញ​និង​គ្មាន​ទីកន្លែង​រស់នៅ​ជារៀងរាល់​ថ្ងៃ ហើយ​ស្ថិត​ក្នុង​ស្ថានភាព​ថមថយដ៏​ខ្លាំង»។

លោក​បាន​និយាយ​ទៀត​ថា «យើង​ត្រូវតែ​ធ្វើ​អ្វីៗដែល​យើង​អាច​ដើម្បី​ទៅដល់​សហគមន៍​នានា​ដែល​រងផលប៉ះពាល់​ដ៏​ខ្លាំង​បំផុត រួមទាំង​សហគមន៍​នានា​ដែល​នៅ​ជិត​សមរភូមិ​ផង»។

ការត្រូវការ​ជំនួយ​នោះ​មាន​ភាពធំធេង​ណាស់​ដែល​អង្គការ​ផ្តល់​ជំនួយ​មិន​អាច​ទៅដល់​មនុស្ស​គ្រប់​គ្នា ក៏ប៉ុន្តែ អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា ប្រាក់​ចំនួន៥,៦​ពាន់លាន​ដែល​បាន​ស្នើឡើង​នឹង​អនុញ្ញាត​ឱ្យ​ជំនួយ​នោះ​បាន​ទៅដល់​មនុស្ស១៥,៣​លាន​នាក់​ដែល​កំពុង​ត្រូវការ​ជំនួយ​នេះ​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​នេះ។

សេចក្តីថ្លែងការណ៍​នោះ​បាន​បញ្ជាក់​ទៀត​ថា ប្រាក់​ទាំង​អស់​ចំនួន១,៧​ពាន់​លាន​ដុល្លារ​ដែល​គេ​ត្រូវការ​សម្រាប់​ជនភៀសខ្លួន​អ៊ុយក្រែន​ជាង៤លាន​នាក់​ដែលស្ថិត​នៅ​ទូទាំង​តំបន់​អឺរ៉ុប​ខាង​កើត។

ជំនួយ​នោះ​ភាគច្រើន​នឹង​ទៅ​ប្រទេស​ប៉ូឡូញ​ដែល​កំពុង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ជនភៀសខ្លួន​អ៊ុយក្រែន​ជាង១,៥លាន​នាក់ ហើយ​នឹង​ប្រទេស Moldova ដែល​ជា​ប្រទេស​ឆ្លង​កាត់​ដ៏​សំខាន់​មួយ​សម្រាប់​ពលរដ្ឋ​អ៊ុយក្រែន​ដែល​ធ្វើ​ដំណើរ​ចូលក្នុង​តំបន់​អឺរ៉ុប។

តាម​អង្គការ​សហប្រជាជាតិ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ មាន​ស្ត្រី​និង​កុមារប្រហែល៨៦ភាគរយ​នៃ​ចំនួន​ជនភៀសខ្លួន​ទាំង​អស់។

ចាប់តាំង​ពី​សង្គ្រាម​បាន​ចាប់ផ្តើម​មក អង្គការ​មនុស្សធម៌​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន​ធ្វើការ​ដើម្បី​ឱ្យ​បាន​ទៅដល់​មនុស្ស​នៅ​ទូទាំង​ប្រទេស ដោយ​មាន​មនុស្ស​ជិត១៦លាន​នាក់​បាន​ទទួល​ជំនួយ​និង​សេវាកម្ម​ការពារ​នៅឆ្នាំ២០២២ រួមទាំង​នៅ​ក្នុង​តំបន់​នានា​នៅ​ខាងក្រៅ​ការត្រួតត្រា​របស់​រដ្ឋាភិបាល​អ៊ុយក្រែន​ផង។

សេចក្តី​អំពាវនាវ​បាន​បញ្ជាក់​ថា​ នៅ​ខាង​ក្នុង​ប្រទេស​អ៊ុយក្រែន សង្គ្រាម​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវិត​រស់នៅ​និង​បង្អាក់​ដល់​ស្ថិរភាព​ទីផ្សារ ជាពិសេស​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​និង​ខាង​កើត​ត្រូវការ​ជំនួយ​យ៉ាង​ខ្លាំង៕

XS
SM
MD
LG