ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Zelenskyy ​ថ្លែង​ទៅកាន់​សភា​សហភាព​អឺរ៉ុប​ ដោយ​និយាយ​ថា​ អ៊ុយក្រែន​នឹងមាន​ជ័យជម្នះ និង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សហភាព​អឺរ៉ុប


ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy​ (កណ្តាល) លើក​ដៃ​អបអរ នៅ​ក្បែរ​ប្រធាន​សភា​អឺរ៉ុប​លោកស្រី​ Roberta Metsola ដែល​ទះដៃ ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​មួយ​នៅ​សភា​អឺរ៉ុប​នៅ​ក្រុង​ព្រុចសែល​ ប្រទេស​បែលហ្ស៊ិក កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣។
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy​ (កណ្តាល) លើក​ដៃ​អបអរ នៅ​ក្បែរ​ប្រធាន​សភា​អឺរ៉ុប​លោកស្រី​ Roberta Metsola ដែល​ទះដៃ ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​មួយ​នៅ​សភា​អឺរ៉ុប​នៅ​ក្រុង​ព្រុចសែល​ ប្រទេស​បែលហ្ស៊ិក កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣។

មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​ស្វាគមន៍​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy​ ដោយ​ការក្រោក​ឈរ​យ៉ាង​អធិកអធម​ ខណៈដែល​លោក​បាន​លើក​ករណី​របស់​លោក​ដើម្បី​ជំរុញ​ឱ្យ​មាន​អាវុធ​បន្ថែម​ទៀត​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​ និង​ចាប់ផ្តើម​ការពិភាក្សា​ស្តីពី​សមាជិកភាព​សហភាព​អឺរ៉ុប​សម្រាប់​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្រ្គាម។

ថ្លែង​ទៅកាន់​សភា​អឺរ៉ុប​នៅ​ទីក្រុង​ព្រុចសែល​ លោក Zelenskyy​ បាន​ថ្លែង​អំណរគុណ​ដល់​មេដឹកនាំ​សហភាព​អឺរ៉ុប​សម្រាប់​ការបន្ត​ផ្តល់​ជំនួយ​ដល់​ប្រទេស​របស់​លោក ​ហើយ​បាន​និយាយ​ថា​ អ៊ុយក្រែន​នឹង​មាន​ជ័យជម្នះ​ក្នុង​សង្គ្រាម​នេះ​ ហើយ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សហភាព​អឺរ៉ុប។

ប្រធាន​សភា​អឺរ៉ុប​លោកស្រី​ Roberta Metsola ​បាន​និយាយ​ថា ​លោកស្រី​គាំទ្រ​ការអំពាវនាវ​របស់​ លោក ​Zelenskyy ​សម្រាប់​ការគាំទ្រ​បន្ថែមទៀត។

លោក​ស្រី​ Metsola ​បាន​និយាយ​ថា៖​ «យើង​ដឹង​ពីការលះបង់​ដែល​ប្រជាជន​របស់​លោក​បាន​ស៊ូទ្រាំ​សម្រាប់​អឺរ៉ុប ​ហើយ​យើង​ត្រូវតែ​គោរព​ មិនត្រឹមតែ​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​តាម​រយៈ​សកម្មភាព​ផងដែរ។ យន្តហោះ​ដែល​លោកត្រូវ​ការ​ដើម្បី​ការពារ​សេរីភាព​ គឺ​មាន​ប្រទេស​ជា​ច្រើន​ហាក់​នៅ​ព្រងើយ​កន្តើយ»។

លោកស្រី​ Metsola ​បាន​អំពាវនាវ​ឱ្យ​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ចាត់​វិធានការ។

លោក​ Zelenskyy ​បាន​ថ្លែង​ថា ​ដោយ​មាន​ការគាំទ្រ​ពី​សម្ព័ន្ធមិត្ត ​ប្រជាជន​អ៊ុយក្រែន​ «កំពុង​ការពារខ្លួន​យើង​ប្រឆាំង​នឹង​កម្លាំង​ប្រឆាំង​អឺរ៉ុប​ដ៏​ធំ​បំផុត​នៃ​ពិភពលោក​សម័យ​ទំនើប»។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ព្រុចសែល ប្រទេស​ប៊ែលហ្សិក ​នេះ​ដើម្បី​ស្នើ​សុំ​សព្វាវុធ​បន្ថែម​សម្រាប់​ទប់ទល់​ជាមួយ​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី ហើយ​នឹង​ចាប់ផ្ដើម​ពិភាក្សា​អំពី​សមាជិកភាព​របស់​អ៊ុយក្រែន​នៅ​ក្នុង​សហភាព​អឺរ៉ុប។

លោក Zelenskyy ​អម​ដំណើរ​ដោយ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ខុទ្ទកាល័យ​លោក Macron។

លោក Zelenskyy កំពុង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចំនួន ៣ ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​នានា​នៅ​ទ្វីប​អឺរ៉ុប នៅ​ពេល​ដែល​ខួប​មួយ​ឆ្នាំ​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ជិត​ចូល​មក​ដល់។ មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា ពួកគេ​រំពឹង​ថា​រុស្ស៊ី​នឹង​ដាក់​ពេល​វាយលុក​ថ្មី​លើ​តំបន់​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​នៅ​ជុំវិញ​ខួប​មួយ​ឆ្នាំ​នៃ​ការ​ឈ្លានពាន​របស់​ខ្លួន​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ។

លោក Zelenskyy បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ពុធ​ដើម្បី​ថ្លែង​អំណរគុណ​ដល់​ប្រជាពលរដ្ឋ​ចក្រភព​អង់គ្លេស​សម្រាប់​ការ​គាំទ្រ​របស់​ពួកគេ​នៅ​ក្នុង​ការ​តតាំង​នឹង​ការ​ឈ្លានពាន​ជិត​មួយ​ឆ្នាំ​កន្លង​មក​នេះ​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន ហើយ​លោក​បាន​ព្យាករណ៍​ថា អ៊ុយក្រែន​នឹង​ឈ្នះ​សង្គ្រាម​នេះ។

លោក Zelenskyy ក៏​បាន​ចូល​គាល់​ព្រះមហាក្សត្រ Charles នៅ​ព្រះ​រាជវាំង Buckingham ផង​ដែរ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​លោក​ទៅ​បរទេស​នេះ​តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​មក។ កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន លោក Zelenskyy បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ដើម្បី​ជួប​ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​ថ្លែង​ទៅ​កាន់​សភា​អាមេរិក។

នៅ​ពេល​ក្រោយ​មក​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក Zelenskyy បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​បារាំង​លោក Macron និង​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, Reuters និង​ AFP។

XS
SM
MD
LG