ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រមុខ​អង្គការ​អូតង់​ថា អ៊ុយក្រែន​ត្រូវការ​គ្រាប់​រំសេវ​បន្ថែម​នៅ​ចំ​ពេល​នៃ​«សង្គ្រាម​ពង្រេចពង្រឹល»


ទាហាន​អ៊ុយក្រែន​ម្នាក់​ឈរ​នៅ​តាម​ថ្នល់​មួយ​កន្លែង​នៅ​សមរភូមិ​ជួរ​មុខ​នៃ​ក្រុង Bakhmut តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ខណៈ​រុស្ស៊ី​បន្ត​វាយលុក​តំបន់​នេះ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣។
ទាហាន​អ៊ុយក្រែន​ម្នាក់​ឈរ​នៅ​តាម​ថ្នល់​មួយ​កន្លែង​នៅ​សមរភូមិ​ជួរ​មុខ​នៃ​ក្រុង Bakhmut តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ខណៈ​រុស្ស៊ី​បន្ត​វាយលុក​តំបន់​នេះ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣។

អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) លោក Jens Stoltenberg បាន​សង្កត់ធ្ងន់​អំពី​ភាព​ចាំបាច់​នៅ​ក្នុង​ការ​ផ្ដល់​ដល់​ប្រទេស​អ៊ុយក្រែន​នូវ​គ្រាប់​រំសេវ​បន្ថែម​ទៀត និង​បំពេញ​ឱ្យ​បាន​រួចរាល់​នូវ​ការ​បញ្ជូន​រថក្រោះ​និង​សព្វាវុធ​ធុន​ធ្ងន់​ផ្សេង​ទៀត​ដល់​អ៊ុយក្រែន។ ការ​លើកឡើង​របស់​លោក Stoltenberg នេះ​បាន​ធ្វើ​ឡើង នៅ​ពេល​ដែល​បណ្ដា​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់​និង​មន្ត្រី​ការពារ​ជាតិ​មកពី​ក្រុម​សម្ព័ន្ធមិត្ត​អ៊ុយក្រែន​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។

លោក Stoltenberg បាន​ប្រាប់​អ្នក​កាសែត​ថា ការ​ពិភាក្សា​នេះ​ធ្វើ​ឡើង​នៅ​ចំ​ដំណាក់កាល​សំខាន់ និង​ថា នៅ​ថ្ងៃ​អង្គារ​នេះ​សម្ព័ន្ធមិត្ត​នឹង​«ដោះស្រាយ​តម្រូវការ​បន្ទាន់​សម្រាប់​ការ​បង្កើន​ការ​គាំទ្រ​ចំពោះ​អ៊ុយក្រែន»។

លោក Stoltenberg បាន​និយាយ​ថា៖ «នៅ​សប្ដាហ៍​ក្រោយ សង្គ្រាម​ដ៏​អាក្រក់​នៅ​អ៊ុយក្រែន​ដែល​ជា​ការ​ឈ្លានពាន​ពេញ​ទំហឹង​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នឹង​មាន​រយៈពេល​មួយ​ឆ្នាំ​ហើយ។ យើង​មិន​ឃើញ​មាន​សញ្ញា​ណា​មួយ​ដែល​បង្ហាញ​ថា​ប្រធានាធិបតី​[រុស្ស៊ី​លោក Vladimir] Putin ត្រៀម​លក្ខណៈ​សម្រាប់​សន្តិភាព​នោះ​ទេ។ អ្វី​ដែល​យើង​ឃើញ​គឺ​ផ្ទុយ​ពី​នេះ ដែល​នោះ​គឺ​លោក​ត្រៀម​លក្ខណៈ​សម្រាប់​សង្គ្រាម​បន្ថែម​ទៀត សម្រាប់​ការ​លុកលុយ​ថ្មី​និង​ការ​វាយ​ប្រហារ​ថ្មី»។

លោក Stoltenberg បាន​បញ្ជាក់​ថា ក្ដី​រំពឹង​ដែល​ចង់​ឱ្យ​សម្ព័ន្ធមិត្ត​ផ្ដល់​យន្តហោះ​ចម្បាំង​ដល់​អ៊ុយក្រែន «គឺ​មិន​មែន​ជា​បញ្ហា​បន្ទាន់​បំផុត​នៅ​ពេល​ឥឡូវ​នេះ​ទេ ប៉ុន្តែ​ជា​ការ​ពិភាក្សា​កំពុង​បន្ត»។

លោក​ក៏​បាន​លើកឡើង​ផង​ដែរ​ថា ការ​ពិភាក្សា​អំពី​ជំនួយ​យោធា​គឺ​មិន​ត្រឹមតែ​អំពី​ការ​ផ្ដល់​ដល់​អ៊ុយក្រែន​នូវ​ប្រព័ន្ធ​ដែល​អ៊ុយក្រែន​មិន​ទាន់​មាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អំពី​ការ​ធានា​ថា ​ប្រព័ន្ធ​ដែល​អ៊ុយក្រែន​មាន​រួច​ហើយ​គឺ​មាន​ដំណើរការ​ល្អ។

នៅ​ពេល​ចាប់ផ្ដើម​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​អង្គារ​នេះ​របស់​ក្រុម​ទំនាក់ទំនង​ផ្នែក​ការពារ​អ៊ុយក្រែន​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​និយាយ​ថា អ៊ុយក្រែន​មាន «តម្រូវការ​បន្ទាន់​ដើម្បី​ជួយ​ឱ្យ​ប្រទេស​នេះ​ឆ្លងផុត​ដំណាក់កាល​ដ៏​សំខាន់​នេះ​នៅ​ក្នុង​រយៈពេល​នៃ​សង្គ្រាម» និង​បាន​អំពាវនាវ​ឱ្យ​ក្រុម​ទំនាក់ទំនង​នេះ​បង្កើន​ការ​ផ្ដោត​របស់​ខ្លួន​លើ​រឿង​នេះ៕

XS
SM
MD
LG